ប្រាក់​បៀវត្សរ៍​មន្ត្រី​រាជការ

មន្រ្តី​រាជការ​សាទរ​ការ​ដំឡើង​បៀវត្សរ៍​​ឆ្នាំ​២០១៨ តែ​ស្នើ​ឲ្យ​ទប់​ស្កាត់​ទំនិញ​ឡើង​ថ្លៃ


រដ្ឋាភិបាល​បាន​អនុម័ត​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​២០១៨ មាន​ចំនួន ២៣.៤២៨.២៩៨​លាន​រៀល។ ហើយនៅ​ឆ្នាំ​២០១៨​នេះ មន្រ្តី​រាជការ​នឹង​ត្រូវ​បាន​ដំឡើង​ប្រាក់​ខែ​ចំនួន ៩១៤.៤៥០​រៀល នៅ​ខែ​មករា ឆ្នាំ​២០១៨ និង​ឡើង​ដល់១.០១៤.​៤៥០​រៀល​ក្នុង​ខែ​មេសា ឆ្នាំ​២០១៨។
មន្ត្រី​រាជការ​ចូលរួមប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា នៅ​វិមានឯករាជ្យ រាជធានី​ភ្នំពេញ។
ដោយ

ចំណែក​គ្រូ​បង្រៀន​និង​គ្រូ​ពេទ្យ ចាប់​ពី​ខែ​មករា ឆ្នាំ​២០១៨ នឹង​ទទួល​បាន ១.០១៤.​៤៥០​រៀល និង​ចាប់​ពី​មេសា ឆ្នាំ​២០១៨ នឹង​ឡើង​ដល់ ១.១១៤.៤៥០​រៀល។ ដោយ​ឡែក បៀវត្សរ៍​នគរបាល (សម្រាប់​ពលបាលត្រី) ៩៩៨ ៩២៧ រៀល នៅ​ខែ​មករា ឆ្នាំ​២០១៨ ហើយ​ចាប់​ពី​ខែ​មេសា ឆ្នាំ​២០១៨ នឹង​ឡើង​ដល់ ១ ០៩៨ ៩២៧​រៀល។ ឯបៀវត្សរ៍​យោធិន​សម្រាប់​ឆ្នាំ​២០១៨ នឹង​ទទួល​បាន ៨៧៦ ៥៥០ដុល្លារ ហើយ​នៅ​ខែ​មេសា ឆ្នាំ​២០១៨ នឹង​ឡើង​ដល់ ៩៧៦ ៥៥០​រៀល។

នេះ​បើ​តាម​សេចក្តី​ព្រាង​ច្បាប់​ស្តីពី៖ «ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៨» របស់​ក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ ដែល​បាន​ផ្សព្វផ្សាយ​កាល​ពី​ចុង​ខែ​តុលា ឆ្នាំ​២០១៧។

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់​ខែ​ជូន​មន្រ្តី​រាជការ​ជា​បន្ត​បន្ទាប់។ ក្រៅ​ពី​ប្រាក់​ខែ រដ្ឋាភិបាល​បាន​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ​ទៀត​ជា​ច្រើន ដើម្បី​លើក​កម្ពស់​ជីវភាព​មន្រ្តី​រាជការ។

បើ​តាម​សេចក្តី​ប្រកាស​ខាង​លើ នៅ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ រដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់​មាតុភាព​សម្រាប់​មន្រ្តី​រាជការ ដោយ​សម្រាល​កូន​បាន​ម្នាក់​ នឹង​ទទួល​បាន ៨០​ម៉ឺន​រៀល ២នាក់ បាន ១​លាន​៦០​ម៉ឺន​រៀល ៣នាក់ ទទួល​បាន ២​លាន​២៤​ម៉ឺន​រៀល ព្រមទាំង​ដំឡើង​ប្រាក់​មរណភាព​សម្រាប់​មន្រ្តី​រាជការ​ដោយ​ជំងឺ​ពី ១​លាន ២​សែន ដល់ ២​លាន​រៀល និង​មរណភាព​ដោយ​ការ​បំពេញ​បេសកកម្ម​ពី ១​លាន​៥​សែន ទៅ ៤​លាន​រៀល។

ទាក់ទង​នឹង​ការ​ដំឡើង​ប្រាក់​ខែ​នេះ កញ្ញា នេត ស្រីរ័ត្ន គ្រូ​ប​ង្រៀន​នៅ​សាលា​បឋម​សិក្សា​ត្បែង​ខ្ពស់ ស្ថិត​​ក្នុង​ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង បាន​សម្តែង​ការ​សាទរ​និង​រីករាយ​ចំពោះ​ការ​ដំឡើង​ប្រាក់​ខែ​ជូន​គ្រូ​បង្រៀន។ 

បើ​តាម​​កញ្ញា ស្រីរ័ត្ន ការ​ដំឡើង​នេះ​នឹង​ធ្វើ​ឲ្យ​ជីវភាព​កញ្ញា​មាន​ភាព​ល្អ​ប្រសើរ​ជាមុន។ យ៉ាង​ណា​ក៏​ដោយ ស្រីរ័ត្ន ថា ការ​ដំឡើង​ប្រាក់​ខែ​នឹង​ធ្វើ​ឲ្យ​មន្រ្តី​រាជការ​មាន​ជីវភាព​ប្រសើរ​ឡើងបាន លុះត្រា​តែ​ទំនិញ​នៅ​លើ​ទីផ្សារ​មិន​ឡើង​ថ្លៃ ប្រដេញ​តាម​ការ​ដំឡើង​ប្រាក់​ខែ។

កញ្ញា នេត ស្រីរ័ត្ន បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «បើ​ឡើង​ប្រាក់​ខែ ហើយ​ទំនិញ​មិន​ឡើង​ថ្លៃ ១​លាន​ហ្នឹង គឺ​ធូរធារ​ហើយ ប៉ុន្តែ បើ​ទំនិញ​នៅ​តែ​ឡើង​ថ្លៃ​ដែរ​នោះ ដូច​អត់​ដំឡើង​អីចឹង»។

ស្រដៀង​គ្នា​ដែរ លោក មាន សារុំ មន្រ្តី​រាជការ​ម្នាក់​ទៀត បាន​ឲ្យ​ដឹង​ថា លោក​សប្បាយ​ចិត្ត​ពេល​ឮ​ដំណឹង​នៃ​ការ​ដំឡើង​ប្រាក់​ខែ​នៅ​ឆ្នាំ​២០១៨។ លោក​អត្ថាធិប្បាយ​ថា៖ «ដំឡើង​ល្អ​តើ វា​គ្រាន់​ជាង​អត់​ដែរ។ តែ​សម្រាប់​ពូ ពូ​មិន​សូវ​ពឹង​លើ​ប្រាក់​ខែ​ប៉ុន្មាន​ទេ បើ​មិន​ខំ​ធ្វើការ​នៅ​ក្រៅ​ទេ ចិញ្ចឹម​កូន​មិន​រស់​ទេ។ បើ​នាំ​គ្នា​ទប់​ស្កាត់​ថ្លៃ​ទំនិញ ប្រាក់​ខែ​ប៉ុណ្ណឹង នឹង​អាច​ចាយ​គ្រប់​ហើយ តែ​ឥឡូវ ទំនិញ​ថ្លៃ​គ្រប់​មុខ ចាយ​យ៉ាង​ម៉េច​សល់?»។

ដោយឡែក កញ្ញា ចេន ចន្ទ្រា មន្រ្តីរដ្ឋបាលនៃរោងចក្រកាត់ដេរមួយក្នុងរាជធានីភ្នំពេញ បានអបអរសាទរ និងរីករាយជាមួយមន្រ្តីរាជការ ដែលទទួលបានការដំឡើងប្រាក់ខែ និងអត្ថប្រយោជន៍ផ្សេងៗ។ កញ្ញា ចេន ចន្ទ្រា ដែលធ្វើការងារក្នុងវិស័យឯកជន បញ្ជាក់យ៉ាងដូច្នេះថា៖ «បើការងារឯកជន មានការដំឡើងប្រាក់ខែ និងផ្តល់ប្រាក់មាតុភាពដូចមន្រ្តីរាជការដែរ ក៏ល្អដែរ ព្រោះ ប្រាក់នេះ អាចជួយសម្រួលបានមួយចំនួនផងដែរ»។

អ្នកជំនាញ​សេដ្ឋកិច្ច លោក ង៉ែត ជូ បាន​អត្ថាធិប្បាយ​ថា ការ​ដំឡើង​ប្រាក់​ខែ​ដល់​មន្រ្តី​រាជការ បើ​ទោះ​ដំឡើង​ញឹក​ញាប់ មាន​ច្រើន​ភាគរយ​ពិត​មែន ប៉ុន្តែ ប្រាក់​ខែ​មន្រ្តី​រាជការ​នៅ​តែ​តិច​នៅ​ឡើយ។ 

បើ​តាម​លោក ង៉ែត ជូ ប្រាក់​ខែ​ដែល​សមរម្យ​សម្រាប់​មន្រ្តី​រាជការ​នៅ​កម្ពុជា គឺ​ជា​មធ្យម​​គួរតែ​ប្រមាណ ៥០០ដុល្លារ​សហរដ្ឋ​អាមេរិក។ លោក​ពន្យល់​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​អត់​មាន​ទិន្នន័យ​ជាក់​លាក់​ទេ ប៉ុន្តែ មន្រ្តី​រាជការ គួរតែ​ទទួល​បាន​ប្រាក់​ខែ​អប្បបរមា ៥០០​ដុល្លារ​ក្នុង​មួយ​ខែ ដោយ​យោង​លើ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ។ គ្រួសារ​ខ្មែរ ចាយ​ក្នុង​មួយ​ថ្ងៃ​ជា​មធ្យម ១០​ដុល្លារ ស្មើ ៣០០​ដុល្លារ​ក្នុង​មួយ​ខែ នេះ​សម្រាប់​តែ​អាហារ ប៉ុន្តែ មិន​គិត​ចូល​លើ​ការ​ចំណាយ​សម្រាប់​សេវា​សុខភាព កូន​រៀន ទំនាក់​ទំនង​សង្គម ដូចជា កម្មវិធី​ការ ឬ​បុណ្យ​ផ្សេងៗ​ជាដើម»។

យ៉ាង​ក៏​ដោយ លោក ង៉ែត ជូ បាន​ចូលរួម​អបអរ​ចំពោះ​ការ​ដំឡើង​នេះ ពីព្រោះ ប្រាក់​ទាំង​នេះ​អាច​ជួយ​លើក​ទឹក​ចិត្ត​មន្រ្តី​រាជការ និង​ធ្វើ​ឲ្យ​ជីវភាព​ពួកគាត់​បាន​ប្រសើរ​ជាង​មុន។ ទន្ទឹម​នឹង​ដំឡើង​ប្រាក់​ខែ និង​ប្រាក់​អត្ថប្រយោជន៍ លោក ង៉ែត ជូ លើក​ឡើង​ថា រដ្ឋាភិបាល​គួរតែ​ពង្រឹង​កិច្ចការ​របស់​មន្រ្តី ដើម្បី​ធ្វើ​ឲ្យ​ការងារ​របស់​រដ្ឋ​មាន​ប្រសិទ្ធភាព ខណៈ​លោក​សង្កេត​ឃើញ​ថា មន្រ្តី​រាជការ​ខ្លះ ខ្វះ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការងារ រីឯ​មន្រ្តី​រាជការ​ខ្លះ​ទៀត យក​ម៉ោង​ការងារ​ទៅ​ធ្វើ​ការងារ​គណបក្ស​នយោបាយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​ការងារ​រាជការ៕




អត្ថបទបន្ទាប់


អគារ Gold Tower 42 ជាន់ ប្រកាស​សាងសង់​បន្ត​ទៀត​ហើយ! លើក​​នេះ​ហាក់​​មាន​​ពន្លឺ​ជាង​រាល់​ដង!

ព័ត៌មាន
អគារ Gold Tower 42 ដែល​ជាប់​ឈ្មោះ​ជា​អគារ​សាង់សង់​យូរ​ជាង​គេ​នៅ​កម្ពុជា និង​ធ្លាប់​បាន​ប្រកាស​សាងសង់​បន្ត​ម្ដង​ហើយ​ម្ដង​ទៀត តែមិន​ឃ…

"មីក្រហម" ត្រៀម​រួចស្រេច​ដើម្បី​ប្រជែង​នឹង​អាហារ​​បរទេស​ក្នុង​វិស័យ​ភោជនីយដ្ឋាន​និង​ហាង​កាហ្វេ​

ព័ត៌មាន
ខណៈ​ដែល​ភោជនីយដ្ឋាន​និង​កាហ្វេ​ក្នុង​ស្រុក​ក្ដី ឬ​ Franchise ក្ដី កំពុង​តែ​ពេញ​និយម​ក្នុងការ​នាំ​ចូល​អាហារ​យីហោ​បរទេស​មក​ក្នុង​ទីផ្សា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ