អាជីវកម្ម-Start Up

Emerald Hub ជួយអ្នកជំនួញថ្មីថ្មោងនៅកម្ពុជា ឲ្យចំណាយតិចក្នុងការជួលការិយាល័យ


និន្នាការថ្មីរបស់យុវជនខ្មែរនាពេលបច្ចុប្បន្ន ពួកគេតែងតែចូលចិត្តចងក្រងគ្នាជាក្រុម ដើម្បីបង្កើតមុខជំនួញ។ ការកើនឡើងនៃនិន្នាការថ្មីនេះហើយ បានធ្វើឲ្យពួកគេពិបាករកការិយាល័យ (Office) ដែលចំណាយតិច ព្រោះ ពួកគេមិនទាន់មានដើមទុនច្រើនក្នុងការជួលការិយាល័យក្នុងតម្លៃថ្លៃ ដោយហេតុតែ អ្នកទើបចាប់ផ្តើមជំនួញ (Start Up) មួយចំនួនធំ ពួកគេមិនទាន់មានចំណូលនៅឡើយ។
នេះជាក្រុមហ៊ុនជាច្រើនដែលកំពុងជួលការិយាល័យធ្វើការនៅ Emerald Hub (ហេង ភារម្យ)
ដោយ

លោក នោ ពិសិដ្ឋ សមាជិកក្រុម Sky ដែលធ្វើការលើសេវាកម្មសុខភាព (Clinic System) បានឲ្យដឹងថា លោកបានជួលការិយាល័យ នៅ Emerald Hub បានរយៈពេល៦ខែមកហើយ។ នៅទីនេះ ធ្វើឲ្យក្រុមរបស់លោកអាចធ្វើការដោយងាយស្រួល ពីព្រោះ បរិយាកាសមានផាសុកភាព និង មានទំនាក់ទនងជាមួយអ្នក Start Up និង SME ផ្សេងទៀត។     

លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ធ្វើការនៅផ្ទះ យើងពិបាក តែមកទីនេះ ឃើញគេឃើញឯងធ្វើការងារសកម្ម យើងខំធ្វើការដូចគេដែរ»។  

លោកបន្តថា៖ «កាលមុន ខ្ញុំអត់ដឹង ទើបក្រុមរបស់ខ្ញុំជួលការិយាល័យអស់៦០០ទៅ៧០០ ដុល្លារក្នុងមួយខែ។ ឥឡូវ ខ្ញុំជួលអស់តែ១៥០ដុល្លារក្នុងមួយខែ យើងមានតុអង្គុយធ្វើការស្រួល។ យើងអ្នក Start Up ជួល Office ថ្លែមិនកើតទេ បើយើងដំណើរហើយ ជួយម៉ាបន្ទប់ដាច់ ក៏ល្អដែរ»។

នេះជាក្រុមហ៊ុន Startup និង SME ជាច្រើន ដែលបានជួលការិយាល័យ នៅ Emerald Hub។ (ហេង ភារម្យ)

ដូចគ្នាដែរ លោក ហាក់ គឹមថុង អ្នកជំនាញផ្នែក Digital Marketing ដែលជួលការិយាល័យនៅទីនេះជាង១មួយឆ្នាំហើយនោះ បានប្រាប់​ខេមបូណូមីស ថា  លោកមានអារម្មណ៍ធម្មតា ពីព្រោះ លោកធ្លាប់ទៅរៀនបរទេស ដែលគេរស់នៅជាលក្ខណៈក្រុម ឬ សហគមន៍។ 

លោកបន្តថា ទីនេះ មានលក្ខណៈជាសហគមន៍អ្នក Startup ឬ SME លើវិស័យបច្ចេកវិទ្យាច្រើន ដែលធ្វើឲ្យពួកយើងមានទំនាក់ទំនាក់គ្នា និង ចែករំលែក​បទពិសោធការងារគ្នាទៅវិញទៅមក។  

លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «វាអត់ឯកោ ព្រោះ នៅទីនេះ សម្បូរអ្នកធ្វើការច្រើន ជាពិសេស ផ្នែក Technology។ យើងធ្វើការជុំគ្នា ដូចជា​សហគមន៍មួយទៅហើយ។ ខ្ញុំអត់ចូលចិត្តធ្វើការម្នាក់ឯងទេ។ ម្យ៉ាង យើងជួបសុទ្ធតែមនុស្សមាន Positive ច្រើន។ ហេតុនេះ ធ្វើយើងឲ្យមានគំនិតវិជ្ជមានច្រើន។ ណាមួយ កន្លែងនេះ វាមានតម្លៃសមរម្យ»។

នេះជាក្រុមហ៊ុន Startup និង SME ជាច្រើន ដែលកំពុងជួលការិយាល័យនៅ Emerald Hub។ (ហេង ភារម្យ)

ជាមួយគ្នានេះដែរ លោក បេ ចន្រ្តា សហស្ថាបនិក Emerald Hub ដែលបានមើលឃើញពីបញ្ហាលំបាករបស់ Startup និង SME  នៅកម្ពុជា ទើបលោកបង្កើត Emerald Hub ដែលជាទីតាំងជួលការិយាល័យ ជួយ Startup ឲ្យមានកន្លែងអង្គុយធ្វើការប្រកបដោយផាសុកភាព និង ចំណាយតិចបំផុត។ 

Emerald Hub ដែលបច្ចុប្បន្ន មានពីរទីតាំង ស្ថិតនៅអាគារជាន់ទី ១១របស់សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) និង ទីតាំងមួយទៀត ស្ថិតនៅសង្កាត់បឹងកេងកង៣ កែងផ្លូវ១១៣ និងផ្លូវ៣៩០។ 

លោកបញ្ជាក់ប្រាប់ ខេមបូណូមីស យ៉ាងដូច្នេះថា៖ «ទស្សនវិស័យរបស់យើង គឺយើងផ្តល់កន្លែងធ្វើការល្អសម្រាប់ Startup និង SME ដោយបង្កើតឲ្យពួកគេមានទំនាក់ទំនងជាសហគមមួយ ដើម្បីជួយជំរុញ Startup កម្ពុជា ឲ្យកាន់តែមានច្រើនទៅថ្ងៃមុខ»។

លោកបន្ថែមថា ចាប់តាំងពីបើកដំណើរក្នុងឆ្នាំ២០១៦ Emerald Hub បានទទួលអតិថិជនជិត ១០០ក្រុម (Team)។ បច្ចុប្បន្ន មាន Startup និង SME ចំនួន៣៥ក្រុម កំពុងធ្វើការនៅទីនេះ និង មានមនុស្សជាង៤ពាន់នាក់ ដែលបានមកទស្សនកិច្ចសិក្សានៅទីនេះ។ លោកបន្តថា ទាំងពីរកន្លែងនេះ ៨៥ភាគរយ បានជួលរួច ដោយក្នុងនោះ មានបន្ទប់ឯកជន  តុឯកជន  និង តុធ្វើការរួមគ្នា ដោយមានតម្លៃចន្លោះពី៦០ដុល្លារ រហូតដល់៥០០ដុល្លារ។ ក្រៅពីនេះ លោកនៅមានជួលបន្ទប់ប្រជុំ បន្ទប់សិក្ខាសាលា និង សាលបណ្តុះបណ្តាលជាដើម។   

សម្រាប់ លោក បេ ចន្រ្តា Co-Working Space ដែលសំដៅលើកន្លែងធ្វើការរួមគ្នា មិនមែនជាគំនិតជំនួញថ្មីទេនៅប្រទេសជឿនលឿន តែកម្ពុជា គឺជានិន្នាការថ្មី។  លោកបន្តថា លោកបានធ្វើដំណើរច្រើនទៅក្រៅប្រទេស ដូចជា សិង្ហបុរី ថៃ ម៉ាឡេស៊ី វៀតណាម… ដោយបានឃើញពួកគេបង្កើត​ Co-Working Space ជាច្រើន ដើម្បីប្រមូលក្រុម Startup និង SME ឲ្យមកធ្វើការជាមួយគ្នា និង មានទំនាក់ទំនងគ្នា។

តាមពិតទៅ ការបើក Co-Working Space មិនជាជំនួញដែលធ្វើឲ្យអ្នកវិនិយោគក្លាយជាអ្នកមាននោះទេ ប៉ុន្តែ វាជាការជួយសង្គមទៅវិញទេ។ នេះបើតាម លោក បេ ចន្រ្តា។

លោក បេ ចន្រ្តា សហស្ថាបនិក Emerald Hub។ (ហេង ភារម្យ)

អតីតនិស្សិតផ្នែក IT និង គ្រប់គ្រងអាជីវកម្មរូបនេះ ពន្យល់ថា៖  «នៅស្រុកគេ Startup មកមួយៗ គេមានទីផ្សារគេធំ។ អ្នកវិនិយោគគេមានឱកាសច្រើន។ ដូច្នេះ ម្ចាស់ Co-Working Space គេមាន ដោយសារតែការវិនិយោគលើ Startup មិនមែនមានបាន ដោយសារ បើកទីតាំងនេះទេ។ ចឹងពួកខ្ញុំបើក ខ្ញុំមិនបើកស្វែងរកប្រាក់ចំណេញពីទីកន្លែងនេះទេ ព្រោះ វាអត់ធ្វើឲ្យយើងក្លាយជាអ្នកមានកើតទេ វាគ្រាន់តែជាការជួយសង្គម។ តែវាជាស្ពានឲ្យយើងឈានជើងទៅជំនួញផ្សេងទៀត»។

នៅស្រុកគេ ម្ចាស់ Space បានផ្តល់ទីតាំងឲ្យ Startup ធ្វើការដំបូងដោយយកលុយតិច ឬ អត់យកលុយសោះ ដោយគាត់កាត់ជាភាគរយក្នុង Business របស់ Startup  នៅពេល Startup នោះ ដំណើរការ។ ក្រុមហ៊ុន Facebook, Google  ពួកគេចេញពី Co-Working Space បែបនេះដូចគ្នា។ ពីដំបូង គាត់អត់មានលុយច្រើន គាត់ទៅជួលកន្លែងណា ដែលគាត់ចំណាយតិចបំផុត ឬ ទៅណាដែលគេអាចជួយគាត់ និងប្រឹក្សាឲ្យគាត់។ នេះជាការពន្យល់បន្ថែមរបស់ លោក បេង ចិន្រ្តា។

នេះជាក្រុមហ៊ុន Startup និង SME ជាច្រើន ដែលកំពុងជួលការិយាល័យនៅ Emerald Hub។ (ហេង ភារម្យ)

លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ពីដើម យើងចង់ចាប់ផ្តើមជំនួញមួយ យើងត្រូវចំណាយច្រើន ដើម្បីមានការិយាល័យ គាត់ត្រូវមានអ្វីខ្លះ? ត្រូវ តុបតែង ធ្វើនេះធ្វើនោះ ចំណាយពេលប្រហែល១ខែ និងអស់លុយជាច្រើន ខណៈជំនួញហ្នឹង មិនដឹងថា អាចដើរយ៉ាងម៉េចផង។ វាមានហានីភ័យ ពេលដំបូងក្នុងការចាប់ផ្តើមអាជីវកម្ម បើដួលគាត់ត្រូវចំណាយច្រើន។  ដូច្នេះ ខ្ញុំចង់ប្តូរការគិតរបៀបហ្នឹង បើចង់ចាប់ផ្តើមអាជីវកម្ម មកកន្លែង​​ខ្ញុំអំឡុងពេលណាមួយ ព្រោះទីនេះ គាត់មានអ្វីៗគ្រប់យ៉ាង និងបណ្តាញ Startup ផ្សេងៗ។  យើងមិនបាច់ខ្វល់ខ្វាយលើការិយាល័យនោះទេ។ យើងយកចិត្តទុកដាក់តែលើសេវា និង ជំនួញទៅបានហើយ»។

បើតាមគម្រោង លោក បេ ចន្រ្តា គ្រោងពង្រីក Co-Working Space នេះ ទៅបណ្តាលខេត្តសក្តានុពល ដូចជា សៀមរាប និងខេត្តបាត់ដំបងជាដើម ដើម្បីជួយអ្នក Startup និង SME នៅកម្ពុជា ឲ្យបានកាន់តែច្រើន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពាក់​កណ្ដាល​ដើម​ឆ្នាំ​ក្រោយ​វិស័យ​កាត់ដេរ​នៅ​តែ​ល្អ តែ​បន្ទាប់​ពី​នោះ​​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ?

ព័ត៌មាន
ការវិវត្ត​នៃ​បរិយាកាស​នយោបាយ​នៅ​ចុង​ក្រោយ​នេះ បាន​ធ្វើ​ឲ្យ​វិស័យ​កាត់​ដេរ​កម្ពុជា បាន​ដើរ​មក​ដល់​ចំណុច​មួយ​​ដែល​អ្នក​តាមដាន​គ្រប់​គ្…

អគ្គនាយក​ក្រុមហ៊ុន SOMA ប្រាប់ពី​យុទ្ធសាស្រ្ត​ពីរ​ដើម្បី​ស្គាល់​មនុស្ស​ឲ្យ​បាន​ច្បាស់

ព័ត៌មាន
ការ​ស្គាល់​មនុស្ស​ឲ្យ​បាន​ច្បាស់​លាស់​នៅ​ក្នុង​ក្រុម​ការងារ គឺ​ជា​រឿង​ចាំបាច់​សម្រាប់​ប្រធាន​ក្រុមហ៊ុន ពីព្រោះ ពួកគេ​នឹង​ក្លាយ​ជា​អ្នក​ធ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ