Advertisement
បញ្ហា​ជន​បរទេស​រក​ស៊ី​របរ​កំប៉ិក​កំប៉ុក​នៅ​កម្ពុជា

ពលរដ្ឋ​រិះគន់​ការ​អនុញ្ញាត​ឡើង​វិញ​ឲ្យ​ជន​បរទេស​ប្រកប​មុខ​របរ​​រកស៊ី​កំប៉ិក​កំប៉ុក


ប្រជា​ពលរដ្ឋ​សាមញ្ញ និង​ប្រធាន​សមាគម​ការងារ​ក្រៅ​ប្រព័ន្ធ​ បាន​រិះគន់​ថា ការ​អនុញ្ញាត​ឡើងវិញ​ឲ្យ​ជន​បរទេស​ប្រកប​មុខ​របរ​ស្វ័យ​និយោជន៍ ឬ​ការ​រកស៊ី​របរ​កំប៉ិក​កំប៉ុក ជា​ការ​ដណ្តើម​ការងារ​ពី​ពលរដ្ឋ​របស់​ខ្លួន និង​អាច​បង្ខំ​ឲ្យ​ពួកគាត់​មួយ​ចំនួន ចំណាក​ស្រុក​ដើម្បី​រក​ការងារ​ថ្មី។
អាហារដ្ឋានចិន​នៅខាងក្រោយ​អគារភ្លោះ The Bridge ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ។
ដោយ
Advertisement

គួររំឭក​ថា រដ្ឋមន្រ្តី​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង កាល​ពី​ថ្ងៃទី​២៨ ខែ​សីហា បាន​ចេញ​សេចក្តី​ប្រកាស​ហាម​ជន​បរទេស មិន​ឲ្យ​រកស៊ី​មុខ​របរ​កំប៉ិក​កំប៉ុក ដូចជា អ្នក​បើក​ទោចក្រយាន​យន្ត, ត្រី​ចក្រយាន​យន្ត,  ទោចក្រ​យានយន្ត​សណ្តោងរ៉ឺម៉ក, បើក​ម៉ូតូ​កង់បួន, បើក​រថយន្ត​ដឹក​អ្នកដំណើរ និង​ដឹក​ទំនិញ។

មុខ​របរ​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ហាម មាន​ដូចជា អ្នក​លក់​ដូរ​ដោយ​មធ្យោបាយ​ថ្មើរ​ជើង ឬ​យាន​ជំនិះ​គ្រប់​ប្រភេទ​នៅ​ទីសារធារណៈ, អ្នក​ម៉ាស្សា ចាប់​សរសៃ, អ្នក​កាត់​សក់ អ៊ុតសក់ និង​ថែ​រក្សា​សម្ផស្ស, អ្នក​ផ្តល់​សេវាកម្ម​ដេរ និង​សម្អាត​ស្បែក​ជើង, អ្នក​កាត់ដេរ, អ្នក​ប៉ះកង់, ជាង​ជួសជុល​យានយន្ត, អ្នក​ផលិត​វត្ថុ​អនុស្សាវរីយ៍​ខ្មែរ, អ្នក​ផលិត​ឧបករណ៍​ភ្លេងខ្មែរ បាត្រ​លោក ព្រះពុទ្ធរូប, ជាងទង, ជាង​ច្នៃ​ត្បូង​ពេជ្រ។


ទស្សនាវីដេអូ ៖ កំណើនជនជាតិចិន ជំរុញឲ្យមានហាងចិនព្រោងព្រាតនៅក្បែរទីក្រុងកោះពេជ្រ

ក៏​ប៉ុន្តែ នៅថ្ងៃ​ទី៥ ខែ​តុលា លោក អ៊ិត សំហេង បាន​ចេញ​សេចក្តី​ជូន​ដំណឹង​អនុញ្ញាត​ឲ្យ​សហគ្រាស គ្រឹះស្ថាន និង​ជន​បរទេស ធ្វើ​សកម្មភាព​ស្វ័យ​និយោជន៍​ឡើង​វិញ​ ដោយ​អះអាង​ថា «យោង​តាម​តម្រូវការ​កំម្លាំង​ពលកម្ម​ជំនាញ​នៃ​ជន​បរទេស​ក្នុង​វិស័យ​សេវាកម្ម​និង​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ការ​វិនិយោគ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។»

លោក វ៉ន ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​និយាយ​ថា ការសម្រេច​នេះ​ហាក់​ដូចជា​បើក​ឲ្យ​ជន​បរទេស​ក្លាយ​ជា​អ្នក​ដណ្តើម​មុខរបរ​ប្រពៃណី​ទំនៀម​ទម្លាប់​របស់​ខ្មែរ។

លោក វ៉ន ពៅ បាន​និយាយ​ដូច្នេះ​ថា ៖ «ចំណុច​មួយ ធ្វើ​ឲ្យ​គាត់​បាត់បង់​ប្រាក់​ចំណូល បាត់បង់​អតិថិជន ហើយ​គាត់​ប្រឈមមុខ​នឹង​ការ​ប្រកួត​ប្រជែង​របស់​ជនជាតិ​បរទេស ដែល​ពួកគេ​មាន​ជំនាញ​ជាង​គាត់ គេ​មាន​ថវិកា​ច្រើន​ជាង​គាត់ អ៊ីចឹង​អាច​បាត់បង់​ប្រាក់​ចំណូល គាត់​អាច​បង្ខំ​ចិត្ត​ទៅ​ក្រៅ​ប្រទេស​ដោយ​ខុស​ច្បាប់​ទៀត​ផង។»

លោក វ៉ន ពៅ បាន​និយាយ​បន្ត​ថា ធម្មតា យើង​ជា​ម្ចាស់ស្រុក​នៅ​ប្រទេស​ណា​ក៏​ដោយ គឺ​គេ​តែងតែ​ទុក​មុខ​របរ​ស្វ័យ​និយោជន៍ ឲ្យ​ម្ចាស់​ស្រុក​រកស៊ី គេ​មិន​អនុញ្ញាត​​ឲ្យ​បរទេស​មក​ដណ្តើម​មុខ​របរ​អ៊ីចឹង​ទេ។

លោក វ៉ន ពៅ បាន​អះអាង​បន្ត​ថា «ខាង​ខេត្ត​ព្រះសីហនុ គាត់​បារម្ភ​ ជាពិសេស អ្នក​រត់​តាក់ស៊ី គាត់​ឃើញ​ជនជាតិ​ចិន​មក​រត់​តាក់ស៊ី​ជាមួយ​គាត់​វិញ​ដែរ អ៊ីចឹង​គាត់​ព្រួយ​បារម្ភ គាត់​អាច​បាត់​អតិថិជន បាត់បង់​ប្រាក់​ចំណូល ហើយ​គាត់​អាច​បាត់​មុខ​របរ​តែ​ម្តង។»

លោក ម៉ន ធូ អាយុ ៣៦ មកពី​ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង ហើយ​ប្រកប​មុខ​របរ​ជា​អ្នក​រត់​កង់បី​និង​ជា​សន្តិសុខ​ពេល​ចុង​សប្តាហ៍​ផង បាន​និយាយ​ថា គាត់​ព្រួយ​បារម្ភ​ពី​ចំណូល​និង​ការងារ​របស់​គាត់។

Advertisement

លោក ម៉ន ធូ បាន​​និយាយ​​ដូច្នេះ​ថា «បើ​សិន​ជា​បរទេស វា​រក​ដែរ ចុះ​ខ្មែរ​ទៅរក​ស៊ី​អី​ឥឡូវ? ចិន​វា​មក​ស្រុក​ខ្មែរ វា​ធ្វើ​ការដ្ឋាន​សាងសង់ ឯ​យើង​អត់​អ្នក​ម៉ៅការ​ទេ ជា​កម្មករ​របស់​ចិន​ទាំងអស់ ហើយ​ដល់​មក​ស្រុក​ខ្មែរ វា​ទិញ​កង់បី រត់​ខ្លួន​ឯង ឬ​មួយ​ក៏​បើក​ដឹក​កម្មករ​ខ្លួន​ឯង ខ្មែរ​ដឹក​អី​ឥឡូវ?»

លោក ម៉ន ធូ បាន​សំណូមពរ​ឲ្យ​រដ្ឋាភិបាល ជួយ​ថា​ធ្វើ​យ៉ាង​ណា លុប​បំបាត់​ជនបរទេស​កុំឲ្យ​បើកបរ​ដោយ​ខ្លួន​ឯង ហើយ​កុំ​ឲ្យ​រត់​តាក់ស៊ី​ឬក៏​កង់បី។

អ្នក​លក់​ផ្លែ​ឈើ​នៅ​ផ្សារ​បឹងត្របែក ក្នុង​ក្រុង​ភ្នំពេញ លោក ខែម លីណា អាយុ​៣៥ឆ្នាំ ហើយ​ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង បាន​និយាយ​ថា លោក​គ្មាន​ជម្រើស​ទេ ហើយ​មាន​តែ​ស៊ូទ្រាំ​រក​មុខរបរ​នេះ បើ​ទោះ​ជា​មិន​សូវ​រក​បាន​ច្រើន​ក្តី។

លោក ខែម លីណា បាន​និយាយ​ដូច្នេះ​ថា «ប្រជាជន​ខ្មែរ​រកស៊ី​កំប៉ិក​កំប៉ុក​អ៊ីចឹង ដល់​ពេល​ឲ្យ​បរទេស​មក​ប្រឡូក​ប្រឡាក់​ជាមួយ​ប្រជាជន​ខ្មែរ កំប៉ិក​កំប៉ុក​ហើយ​កំពុង់​តែក្រ ហើយ​ឲ្យ​គ្នា​រកស៊ី​របៀប​ម៉េច?»

លោក ខែម លីណា បាន​បន្ត​ថា «ដូច​រាល់​ដង វា​អត់ដែល​មក​រកស៊ី​កំប៉ិក​កំប៉ុក​ទេ វា​រក​របៀប​ថា គេ​មក​វិនិយោគ​ទុន​ធំៗ តែ​ឥឡូវ​មក​កំប៉ិក​កំប៉ុក​លក់​ដូច​អង្ករ​កំប៉ុង ដូច​ឯង​ដែរ ហើយ​ធ្វើ​ម៉េច​ទៅ? អ៊ីចឹង​ប្រជាជន​ខ្មែរ នឹង​ចំណាក​ស្រុក​គ្រប់​រូប​អស់​ហើយ។ សេដ្ឋកិច្ច​ឥឡូវ វា​ពិបាក​ជាង​មុន ហើយ​ចេះ​តែ​រកៗ​ទៅ បើ​យើង​មិនរក បាន​អី​ស៊ី ចិញ្ចឹម​ប្រពន្ធ​កូន។ បើ​ចំណាក​ស្រុក​ទៅ វា​ទៅ​ចោល​កូន»៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីក្រុង​រណប​ថ្មី​ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ បង្អួត​ខ្លួន​ក្លាយ​ជា​ពេជ្រ​កំពុង​ច្នៃ

ព័ត៌មាន
ក្នុងពេល​បច្ចុប្បន្ន​នេះ ការអភិវឌ្ឍអចលនទ្រព្យ កំពុងកើនឡើង​គួរ​ឲ្យ​កត់​សម្គាល់ ស្របពេលជាមួយនឹងគម្រោងផែនការអភិវឌ្ឍន៍​ទីក្រុង​របស់​សាលាក្រុ...

Grab បោះទុនវិនិយោគបន្ថែមលើការពង្រីកមហិច្ឆតាអភិវឌ្ឍន៍ខ្លួនទៅ Super App ផ្តល់សេវាកម្មលើគ្រប់វិស័យ

ព័ត៌មាន
បើនិយាយពីការវិនិយោគរបស់ក្រុមហ៊ុន Grab នៅកម្ពុជា គឺមានតែ សេវាកម្មដឹកជញ្ជូនប៉ុណ្ណោះទេ ក៏ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ បាននឹងកំពុ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ