អត្ថបទ​ស៊ីជម្រៅ-វិស័យ​សំណង់​គិត​ត្រឹម​ខែ​ឧសភា ២០១៩

ទុន​វិនិយោគ​វិស័យ​សំណង់​កើន​បញ្ច្រាស​ទិស​គ្នា​នឹងធនាគារពិភពលោកដែល​ប្រាប់​ឲ្យ​ប្រយ័ត្ន​ពីហានិភ័យ?


ទុនវិនិយោគ​នៅ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ បាន​កើន​ឡើង បញ្ច្រាស​ទិស​គ្នា​ជាមួយ​នឹង​របាយការណ៍​ធនាគារ​ពិភពលោក ដែល​បាន​លើក​ឡើង​ថា វិស័យ​សំណង់​និង​អចលនទ្រព្យ​នៅ​កម្ពុជា កំពុង​ឆ្ពោះ​ទៅរក​ស្ថានភាព​ប៉ោង​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​អាច​នឹង​ងាយ​​ផ្ទុះ​ដូច​ប៉េតប៉ោង នៅថ្ងៃ​ណា​មួយ​ជាក់​ជា​មិន​ខាន​ឡើយ។
ទិដ្ឋភាព​សំណង់អគារ​ខ្ពស់ៗ នៅ​កណ្ដាល​រាជធានី​ភ្នំពេញ។ រូបភាព៖ ហេង ភារម្យ
ដោយ

ចុះ​ហេតុអ្វី​បាន​ជា​ធនាគារ​ពិភពលោក​​អះអាង​យ៉ាង​ដូច្នេះ គឺ​ដោយសារតែ​វិស័យ​សំណង់​និង​អចលនទ្រព្យ​នេះ បាន​បន្ត​កំណើន​ខ្ពស់​របស់​ខ្លួន​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ពិសេស​ជាង​នេះ​ទៅ​ទៀត ថ្មីៗនេះ លំហូរ​វិនិយោគ​ពី​ក្រៅប្រទេស​កាន់​តែ​ច្រើន គួប​ផ្សំ​នឹង​ការ​ផ្ដល់​ឥណទាន​ពី​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ចាក់​បញ្ចូល​ទៅ​ក្នុង​វិស័យ​សំណង់​និង​អចលនទ្រព្យ កាន់តែ​រីក​ធំ​ឡើងៗ​ និង​បាន​ចោទ​ជា​ហានិភ័យ​កាន់​តែ​ធ្ងន់ធ្ងរ និង​គួរ​ឲ្យ​ព្រួយ​បារម្ភ​ផងដែរ។

ក៏ប៉ុន្តែ​បើ​ក្រឡេក​ទៅ​មើល​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​ទើប​តែ​បញ្ចេញ​ថ្មីៗ​នេះ គឺ​មិន​បាន​បង្ហាញ​ពីការ​ធ្លាក់​ចុះ​ទេ វា​ហាក់​បី​ដូច​ជា​បញ្ច្រាស​ទិសគ្នា​ទៅវិញ ជាមួយ​នឹង របាយការណ៍​ធនាគារ​ពិភព​លោក។ ហេតុអ្វី? ដោយសារ​តែ​នៅក្នុង​រយៈពេល​បី​ខែ​ដើម​ឆ្នាំ​២០១៩​នេះ វិស័យ​សំណង់​កម្ពុជា​បាន​បង្ហាញ​ពី​កំណើន​ខ្ពស់​គួរ​ឲ្យ​កត់​សម្គាល់​ដដែល ជាក់ស្តែង បើ​យើង​ក្រឡេក​ទៅ​មើល របាយការណ៍​ក្រសួង​រៀបចំ​ដែនដី​ ថា សម្រាប់​ត្រីមាស​ដំបូង​នៃ​ឆ្នាំ​នេះ តម្លៃ​ទុន​វិនិយោគ​វិស័យ​សំណង់​កើន​ឡើង​ជាង ២០០​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០១៨។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ថា ចាប់​ពី​ខែ​មករា ដល់​ខែ​មីនា ឆ្នាំ​២០១៩​នេះ ក្រសួង​រៀបចំ​ដែនដី​បាន​ផ្ដល់​លិខិត​អនុញ្ញាត​សាងសង់ ​ចំនួន​ប្រមាណ​ជាង ១​ពាន់​គម្រោង ដែល​មាន​តម្លៃ​ទុន​វិនិយោគ​ជាង ១​ពាន់​៧០០​លាន​ដុល្លារ ធៀបនឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៨ បាន​កើន​ឡើង ២៣៦​ភាគរយ។

ទិដ្ឋភាពនៃ​ការផុសឡើងនូវសំណង់អគារ​ខ្ពស់ៗ នៅខេត្ត​ព្រះសីហនុ។ រូបភាព៖ ហេង ភារម្យ

ងាក​ត្រឡប់​ទៅ​មើល​អ្នក​ជំនាញ​សេដ្ឋកិច្ច​ធនាគារ​ពិភពលោក និង​អ្នក​វិនិយោគ​សំណង់​អគារ​ពាណិជ្ជកម្ម លំនៅដ្ឋាន​ធំៗ​ ខ្ពស់ៗ នៅ​កម្ពុជា​វិញ​ម្តង!

លោក លី សូដេត សេដ្ឋ​វិទូ​ជាន់​ខ្ពស់​នៃ​ធនាគារ​ពិភព​លោក​ប្រចាំ​ប្រទេស​កម្ពុជា បាន​លើក​ឡើង​ថា វិស័យ​សំណង់​និង​អចលនទ្រព្យ​នៅ​កម្ពុជា បាន​ងើប​ឡើង​វិញ​បន្ទាប់​ពី​វិបត្តិ​តាំង​ពី​ឆ្នាំ​២០០៩-​២០១០​មក និង​បន្ត​កំណើន​មក​ជាប់​ជានិច្ច​ក្នុង​រយៈពេល​ប្រមាណ ១០​ឆ្នាំ​មក​នេះ ខណៈ​ដែល​វិស័យ​នេះ​តែងតែ​មាន​ខួប​របស់​វា ដែល​កើន​ប៉ោង​ខ្លាំង និង​ត្រូវ​ផ្ទុះ​បែក​ធ្លាក់​ចុះ​មក​វិញ។

លោក លី សូដេត កត់​សម្គាល់​ឃើញ​ទៀត​ថា អ្វី​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ គឺ​កំណើន​នៃ​លំហូរ​វិនិយោគ​ផ្ទាល់​ពី​ក្រៅ​ប្រទេស (FDI) ក្នុង​វិស័យ​សំណង់​និង​អចលនទ្រព្យ នៅតែ​បន្ដ​កើន​ឡើង​ខ្លាំង ខណៈ​ដែល​ការ​ផ្ដល់​ឥណទាន​ពី​វិស័យ​ធនាគារ​សម្រាប់​វិស័យ​សំណង់ ក៏​បន្ដ​កើន​ឡើង​ដូច​គ្នា​ដែរ ដែល​នេះ​វា​បង្ហាញ​ឲ្យ​ឃើញ​ពី​ហានិភ័យ​កាន់តែ​ខ្លាំង​នៅ​ក្នុង​វិស័យ​នេះ។

ទោះបីយ៉ាង​នេះ​ក៏​ពិត​មែន​ក៏​អ្នក​ឧកញ៉ា ពុង ឃាវសែ ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ​ កាណាឌីយ៉ា និង​ជា​អ្នក​វិនិយោគ​គម្រោង​អចលនទ្រព្យ​ធំៗ​ជាច្រើន​នៅ​កម្ពុជា​នោះ ធ្លាប់​បាន​លើក​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា លោក​ឧកញ៉ា​នៅ​តែ​មាន​សុទិដ្ឋិនិយម ចំពោះ​ការ​វិនិយោគ​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ និង​ថា វិស័យ​នេះ នឹង​នៅតែ​បន្ត​កើន​ឡើង ហើយ​មិន​មាន​សញ្ញា​ណា​មួយ​ដែល​ធ្វើ​ឲ្យ​វិនិយោគិន​​ព្រួយ​បារម្ភ​នោះ​ឡើយ ជាក់ស្តែង នៅក្នុង​ឆ្នាំ​២០១៨​នេះ តាម​ការ​អង្កេត​ក៏​ដូចជា​ការ​វិនិយោគ​ផ្ទាល់​ពី​ក្រុមហ៊ុន​លោក បាន​ឃើញ​ថា សកម្មភាព​សាងសង់​នៅ​តែ​មាន​គ្រប់​ទីកន្លែង។

រូបភាព​គំនូស​ប្លង់​អគារ​ស្កឹមស្កៃ ដែល​ប្រកាស​បើក​សាងសង់​ នាខែឧសភា ២០១៩ វិនិយោគដោយចិន​ក្នុង​ទឹកប្រាក់​ជាង ២០០លានដុល្លារអាមេរិក នៅ​កណ្ដាល​ក្រុង​ភ្នំពេញ។

ដូចគ្នា​ទៅ​នឹង​អ្នក​ឧកញ៉ា ពុង ឃាវសែ ដែរ បើ​តាម​ការ​បញ្ជាក់​របស់​លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ បាន​គូស​បញ្ជាក់​ថា ការកើន​ឡើង​វិស័យ​សំណង់​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ ដោយសារតែ​មាន​ការ​ស្នើ​សុំ​វិនិយោគ​ពី​គម្រោង​ធំៗ មាន​ដូចជា អគារណិជ្ជកម្ម សណ្ឋាគារ រមណីយដ្ឋាន ផ្សារ​ទំនើប អគារ​ខ្ពស់ៗ ទីក្រុង​រណប បុរី​លំនៅដ្ឋាន សំណង់​ផ្ទះ​ល្វែង និង​ភូមិគ្រឹះ រោងចក្រ​ផលិត​គ្រឿង​អេឡិចត្រូនិក រោងចក្រ​កាត់ដេរ សម្លៀក​បំពាក់ និង​ស្បែកជើង រោងចក្រ​ម៉ាស៊ីន​កិនស្រូវ និង​ឡ​សម្ងួត តំបន់​ឧស្សាហកម្ម និង​តំបន់​សេដ្ឋកិច្ច​ពិសេស។

ប៉ុន្តែ យ៉ាងណា​ក៏​ដោយ​ចុះ លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុម​ប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ក្រុមហ៊ុន WorldBridge Group បាន​យល់​ផ្សេង​ពី​នេះ​បនិ្តច។ លោក​ឧកញ៉ា​បាន​លើក​ឡើង​ថា កំណើន​និរន្តភាព​នៃ​វិស័យ​អចលនទ្រព្យ ឆ្នាំ​២០១៨​កន្លង​ទៅ វា​អាច​នឹង​ជះ​ឥទ្ធិពល​ដល់​ឆ្នាំ២០១៩ និង​២០២០ ខាង​មុខ​ទៀត ដោយហេតុ​ថា នៅ​មាន​គម្រោង​អភិវឌ្ឍន៍​ជាច្រើន ដែល​មិន​ទាន់​បាន​បញ្ចប់ នៅក្នុង​ឆ្នាំ​២០១៨ នៅ​ឡើយ ដូចនេះ វា​នឹង​នៅ​តែ​បន្ត​ក្នុង​ឆ្នាំ​២០១៩​ទៀត។ បើតាម​ការ​ប្រមើល​មើល​របស់​លោក​ឧកញ៉ា សៀ ឫទ្ធី នៅ​ឆ្នាំ​២០១៩​នេះ កំណើន​នៅក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា អាច​នឹង​ថយ​ចុះ​ជាង​មុន ពោល​គឺ​អាច​នឹង​មិន​មាន​កំណើន​ខ្ពស់​ដូចឆ្នាំ​២០១៨ នោះ​ឡើយ។

ធនាគារ​ពិភពលោក​លើក​ហេតុផល​ពី​បញ្ហា​ប្រឈម​នានា ដែល​ជះ​ផល​ប៉ះពាល់​ដល់​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា!

ធនាគារ​ពិភពលោក​បាន​ធ្វើការ​លើក​ឡើង​ពី​ហេតុផល​មួយ​ចំនួន​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា វិស័យ​សំណង់​និង​អចលនទ្រព្យ​នៅតែ​មាន​បញ្ហា។ ធនាគារ​ពិភព​លោក​លើក​ឡើងថា ការផ្ដល់​កម្ចី​របស់​វិស័យ​ធនាគារ​ដល់​វិស័យ​សំណង់​និង​អចលនទ្រព្យ និង​សម្រាប់​ការ​ទិញ​ផ្ទះ​បង់​រំលោះ នៅតែបន្ដ​ជំរុញ​ធ្វើ​ឲ្យ​ឥណទាន​ក្នុង​ស្រុក​កាន់​តែ​រីក​ទំហំ ដោយ​រួម​ចំណែក​បាន​មួយ​ភាគ​បី​នៃ​កំណើន​ឥណទាន​សរុប។

អគារ​ភ្លោះ The Bridge ដែល​វិនិយោគដោយ​វិនិយោគិន​ខ្មែរ និង​សិង្ហ​បុរី ទើបបើក​សម្ពោធ​ដំណើរការ នាឆ្នាំ​២០១៩​នេះ នៅ​ចំបេះដូង​នៃ​រាជធានី​ភ្នំពេញ។ រូបភាព៖ ហេង ភារម្យ

របាយការណ៍​ធនាគារ​ពិភព​លោក បាន​អះអាង​ថា ការ​វិនិយោគ​ពី​ក្រៅ​ប្រទេស នៅ​ឆ្នាំ​២០១៨ មាន​ប្រមាណ​ជាង ១៣​ភាគរយ​នៃ​ទំហំ​ផលិតផល​ក្នុង​ស្រុក​សរុប (GDP)។  តម្លៃ​ទុន​លើ​គម្រោង​វិនិយោគ​ដែល​បាន​អនុម័ត បាន​កើន​ឡើង​ដល់ ៥​ពាន់​ ៨០០​លាន​ដុល្លារ​អាមេរិក ដែមាន ពីរភាគ​បី គឺ​ជា​ការ​វិនិយោគ​ផ្ទាល់​ពី​ក្រៅ​ប្រទេស។ លំហូរ​វិនិយោគ​ពី​ក្រៅ​ប្រទេស​បាន​កើន​ឡើង​ជិត ២៥% ដែល​ជា​កំណត់ត្រា​កំណើន​ខ្ពស់​ដែល​មាន​ជាង ៣​ពាន់​លាន​ដុល្លារ​អាមេរិក។

លើសពី​នេះ​ទៅ​ទៀត ក្រឡេក​ទៅ​មើល​លំហូរ​ទុន​ពី​ក្រៅ​ប្រទេស​បន្តិច ឃើញ​ថា មាន​ជាង​ពាក់​កណ្ដាល​នៃ​ការ​ហូរ​ចូល​ទុន​ពី​ក្រៅ មាន​ប្រភព​មក​ពី​ប្រទេស​ចិន ហើយ​បាន​តម្រង់​ទិស​វិនិយោគ​លើ​វិស័យ​សំណង់ ដូចជា ហេដ្ឋា​រចនាសម្ព័ន្ធ សំណង់​អគារ​ពាណិជ្ជកម្ម និង​លំនៅដ្ឋាន រួមទាំង​វិស័យ​ទេសចរណ៍ និង​មួយ​ផ្នែក​តូច​ទៀត ​គឺ​វិនិយោគ​លើ​វិស័យ​ផលិតកម្ម និង​កសិកម្ម។

ក្នុងនោះ ឃើញ​ថា គ្រាន់តែ​ខេត្ត​ព្រះសីហនុ ត្រូវ​គេ​រក​ឃើញ​ថា នៅតែ​បន្ដ​ជា​ចំណុច​ក្ដៅ​មួយ នៃ​កំណើន​គម្រោង​សាងសង់​តាមរយៈ​ការ​វិនិយោគ​ហិរញ្ញ​វត្ថុ​ផ្ទាល់​មួយ​ភាគ​ធំ​លើស​លុប ពី​ប្រទេស​ចិន។

សូម​រំឭក​បន្តិច​ត្រង់​នេះ ប្រទេស​ចិន នៅ​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០​នេះ នឹង​មាន​ការ​ថមថយ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​នៅ​ត្រឹម ៦,២​ភាគ​រយ ខណៈ​ឆ្នាំ​២០១៨ មាន​កំណើន ៦,៦​ភាគរយ។

ជុំវិញ​ទៅនឹង​ការ​ធ្លាក់​ចុះ​កំណើន​សេដ្ឋកិច្ច​ចិន​នេះ​ដែរ លោក លី សូដេត សេដ្ឋវិទូ​ជាន់​ខ្ពស់​ធនាគារ​ពិភពលោក បាន​បញ្ជាក់​អះអាង​ថា បើ​កាលណា​សេដ្ឋកិច្ច​ចិន​ធ្លាក់​ចុះ ពិតណាស់ វា​អាច​នឹង​ប៉ះពាល់​ដល់​វិស័យ​សំណង់​និង​អចលនទ្រព្យ​កម្ពុជា​ដែរ ព្រោះ​កម្ពុជា​ពឹង​ផ្អែក​លើ​ការ​វិនិយោគ​ច្រើន​ពី​ប្រទេស​ចិន។ ដូច្នេះ នៅពេល​ដែល​សេដ្ឋកិច្ច​ចិន​ជួប​បញ្ហា នោះ​ការ​នាំ​លំហូរ​វិនិយោគ​មក​កាន់​កម្ពុជា​នឹង​មាន​កាន់​តែ​តិច​ដែល​នេះ​វា​អាច​នឹង​ប៉ះពាល់​ដល់​វិស័យ​សំណង់​របស់​កម្ពុជា។

យ៉ាងណា​ក៏​ដោយ​ចុង​ក្រោយនេះ! ក្រសួង​រៀបចំ​ដែនដី​នៅ​តែ​អះអាង​ថា វិស័យ​សំណង់​នៅ​តែ​ខ្លាំង !

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅតែ​អះអាង​ទៅ​លើ​របាយការណ៍​របស់​ខ្លួន​ដដែល​ថា  វិស័យ​សំណង់​នៅតែ​ខ្លាំង​ដូច​ឆ្នាំ​មុនៗ។ ខ្លាំង​ដោយ​សារតែ​ក្រសួង​រៀបចំ​ដែនដី បី​ខែ​ឆ្នាំ​២០១៩​នេះ បាន​ផ្តល់​ការ​ចុះ​បញ្ជី​ដល់​ក្រុមហ៊ុន​សាងសង់ និង​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់​ដែល​មាន​សុពលភាព​ចំនួន ៩៧៩​ក្រុមហ៊ុន ក្នុងនោះ ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់​ចំនួន ៤២​ក្រុមហ៊ុន និង​ក្រុមហ៊ុន​សាងសង់​ជាង ៩០០​ក្រុមហ៊ុន។

លោក ឡៅ ទិព្វ សីហា រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នៅតែ​បញ្ជាក់​អះអាង​ថា ជា​រួម វិស័យ​សំណង់ គិត​រហូត​មក​ពេល​បច្ចុប្បន្ន នៅតែ​បង្ហាញ​ទស្សន​វិស័យ​មួយ​ប្រកប​ដោយ​សុទិដ្ឋិនិយម ដោយ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ភាព​វិជ្ជមាន នៃ​កត្តា​នយោបាយ សន្តិសុខ និង​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា ដែល​ជា​ការ​ទាក់ទាញ​ដ៏​សំខាន់​សម្រាប់​អ្នក​វិនិយោគ។ ហើយ​នៅ​ក្នុង​រយៈពេល​បី​ខែ​ឆ្នាំ​នេះ​ដែរ សំណង់​លំនៅដ្ឋាន​មាន​ចំនួន ៩៤២ គម្រោង ជាមួយ​នឹង​ទុន​វិនិយោគ ជាង ៩៧៥​លាន​ដុល្លារ ដែល​មាន​ខ្នង​ផ្ទះ​សរុប ៣​ពាន់​២៧៣​ខ្នង និង​បើ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០០ មក​ដល់​រយៈពេល​បី​ខែ​ ឆ្នាំ២០១៩ នេះ សំណង់​លំនៅដ្ឋាន​អនុវត្ត​បាន​ក្នុង​រង្វង់ ៥២​ភាគរយ​នៃ​តម្រូវការ​សរុប ១​លាន​១​សែន​ខ្នង​ផ្ទះ។

ដោយឡែក សម្រាប់​គម្រោង​អគារ​ខ្ពស់ៗ​វិញ នៅទូទាំង​ប្រទេស​ចាប់​ពី​៥​ជាន់​ឡើងទៅ គឺ​មាន​ចំនួន ១ពាន់ ២១៣​អគារ ក្នុងនោះ​ខេត្ត​ព្រះសីហនុ មាន ១៧២​អគារ។ តាម​ការ​ស្រាវជ្រាវ​កាល​ពី​ឆ្នាំ​២០១៨ កន្លង​មក​ ឃើញ​ថា មាន​ប្រជាពលរដ្ឋ​ដែល​ជា​ជន​បរទេស​ប្រមាណ​ពី ៧០​ភាគរយ ទៅ ៨០​ភាគរយ កំពុង​ស្នាក់នៅ​ក្នុង​បុរី​លំនៅដ្ឋាន អគារ​ស្នាក់នៅ​រួម និង​សំណង់​អគារ​ផ្សេង​ទៀត ដែល​បាន​សាងសង់​រួច​រាល់​ហើយ​នោះ។

របាយការណ៍​សំណង់​បាន​បង្ហាញ​ទៀត​ថា ទុន​វិនិយោគ​របស់​វិស័យ​ឯកជន​មក​ពី​បរទេស ចំនួន ២១​ប្រទេស គិត​ពី​ឆ្នាំ២០០០ រហូត​ដល់​រយៈពេល​បី​ខែ ឆ្នាំ​២០១៩​នេះ គឺ​មាន​គម្រោង​វិនិយោគ​សរុប​ប្រមាណ ៣៩០​គម្រោង ដែល​មាន​ទុន​វិនិយោគ​ជាង ៥​ពាន់​៦០០​លាន​ដុល្លារ។

សូម​បញ្ជាក់​ដែរ​ថា បើតាម​របាយការណ៍​ក្រសួង​រៀបចំ​ដែនដី បង្ហាញ​ថា នៅ​ឆ្នាំ​២០១៨ តម្លៃ​ទុន​វិនិយោគ​លើ​វិស័យ​សំណង់​មាន​ការ​ថយ​ចុះ​ប្រមាណ​ជាង ១៨​ភាគរយ ពោល​គឺ​មាន​តម្លៃ​ទុន​វិនិយោគ​ត្រឹម​ជាង ៥​ពាន់​លាន​ដុល្លារ ខណៈ​ឆ្នាំ​២០១៧ តម្លៃ​ទុន​វិនិយោគ​មាន​រហូត​ជាង ៦​ពាន់​លាន​ដុល្លារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រោងចក្រវេច​ខ្ចប់​ចេក នាំ​ចេញ​ទៅ​ចិន ដំបូង​គេ សម្ពោធ​បើក​ជា​ផ្លូវការ​ហើយ!

ព័ត៌មាន
រោងចក្រ វេចខ្ចប់ចេក ដ៏​ធំ​ដំបូង​គេ​នៅ​កម្ពុជា ដែល​ស្ថិត​នៅ​ស្រុក​ឈូក​ ខេត្តកំពត របស់​ក្រុមហ៊ុន​ដាំដុះ​និង​នាំចេញ​ចេក ទៅ​កាន់​ប្រទេសច…

ជួបជាមួយ​អ្នក​ផលិត​ហ្គេមខ្មែរដ៏ល្បី៖ តើ​វិស័យ​នេះ​ជួប​បញ្ហា​អ្វីខ្លះ?

ព័ត៌មាន
មេធំ​ក្រុមហ៊ុន​បង្កើត​ហ្គេម​នៅ​ស្រុក​ខ្មែរ បង្ហើប​ថា វិស័យ​ហ្គេម​នៅ​ស្រុក​ខ្មែរ​នៅ​ដើរ​ពី​ក្រោយ​ប្រទេស​នានា​ក្នុង​តំបន់​នៅ​ឡើយ ដែល​ជា​ហេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ