កម្លាំងពលកម្ម​ក្នុងវិស័យសំណង់កម្ពុជា

អ្នកជំនាញ៖ វិស័យសំណង់​ត្រូវការ​ពង្រឹង​សមត្ថភាព​កម្លាំងពលកម្ម​ជំនាញ​ប្រកបដោយ​គុណភាព​បន្ថែមទៀត


បើទោះបីជា កម្លាំងពលកម្មជំនាញក្នុងវិស័យសំណង់កម្ពុជាមានការរីកចម្រើនជាងមុនក្ដី ប៉ុន្ដែបើតាមអ្នកជំនាញក្នុងវិស័យនេះ អះអាងថា កម្លាំងពលកម្មដែលមានជំនាញប្រកបដោយគុណភាព នៅតែមិនទាន់អាចឆ្លើយតបបានគ្រប់គ្រាន់តាមតម្រូវការដែលកំពុងកើនឡើងយ៉ាងគំហុកនៅឡើយទេ។
គណៈអធិបតី និងអ្នកចូលរួម​​ពីធី បើកការប្រកួតប្រជែងជំនាញសំណង់ប្រចាំឆ្នាំ លើកទី២ របស់​ក្រុមហ៊ុន SCG
ដោយ

ថ្លែងក្នុង​ពីធី បើក​ការប្រកួតប្រជែង​ជំនាញ​សំណង់​ប្រចាំ​ឆ្នាំ​ លើកទី២ របស់ក្រុមហ៊ុន SCG សហការជាមួយក្រសួង​ការងារ នាពេល​ថ្មីៗនេះ ឯកឧត្តម ឡៅ ហ៊ីម អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​លើកឡើងថា កម្លាំងពលកម្ម​ជំនាញ​ប្រកបដោយ​គុណភាព គឺជា​ឆ្អឹងខ្នង​ដ៏សំខាន់​សម្រាប់​ការអភិវឌ្ឍវិស័យសំណង់​នៅកម្ពុជា ហើយក្នុងនោះ ក្រសួង​ការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ កំពុង​យកចិត្ត​ទុកដាក់​យ៉ាងខ្លាំង ពីការអភិវឌ្ឍ​គុណភាព ធនធានមនុស្ស ឲ្យស្របទៅតាម​ទីផ្សារការងារ។ ក្នុងនោះ ការចូលរួមចំណែក​ពិវិស័យឯកជន គឺជារឿងមួយ​មិនអាចខ្វះបានឡើយ ក្នុងការ​អភិវឌ្ឍ​ជំនាញ​នៅកម្ពុជា។

លោក ទាង សាក់​ប្រធាន​នាយកដ្ឋាន​ស្ដង់ដារ និងកម្មវិធីសិក្សា​នៃក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​គូសបញ្ជាក់ដែរ​ថា តាមទិសដៅ​របស់​ក្រសួង​ការងារ គឺ​នឹងខិតខំ​ធ្វើយ៉ាងណា​ជំរុញ​ឲ្យយុវជន​ម្នាក់​មានជំនាញមួយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ ដោយសារតែ​បច្ចុប្បន្ន​មានការវិវឌ្ឍ​នៃវិស័យ​បច្ចេកវិទ្យា​កាន់តែជឿនលឿន ដូច្នេះ វា​បានធ្វើ​ឲ្យតម្រូវការ​ជំនាញ​ស្របទៅតាម​និន្នាការនេះ ក៏មានកាន់តែ​ច្រើនឡើង​ផងដែរ ដែលវា​ទាមទារឲ្យវិស័យរដ្ឋ និងឯកជនពួតដៃគ្នា​ដើម្បីអភិវឌ្ឍបន្ថែមទៀត។

លោក ទាង សាក់ប្រធាននាយកដ្ឋានស្ដង់ដារ និងកម្មវិធីសិក្សានៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

លោក វីរុត ផានិតភុតចាម៉ាន នាយកគ្រប់គ្រង​ផ្នែកទីផ្សារ​និងការលក់​របស់ SCG នៅកម្ពុជា បានលើកឡើងដែរថា ដើម្បីរួមចំណែក​ដល់​ការអភិវឌ្ឍន៍​វិស័យសំណង់​នៅកម្ពុជា ក្រុមហ៊ុន SCG ក៏បាន​បង្កើតឡើងនូវ​វគ្គ​បណ្ដុះបណ្ដាល​ដល់​កម្មករក្នុងវិស័យសំណង់​ជាបន្តបន្ទាប់។ តួយ៉ាង កាលពីឆ្នាំមុន ក្រុមហ៊ុន​SCG បានបណ្ដុះបណ្ដាល​មេជាងសំណង់​ជំនាញ​បាន​២០០នាក់ ហើយនៅឆ្នាំនេះ នឹងបន្ដបណ្ដុះបណ្ដាល​មាន​មេជាងសំណង់​២០០នាក់បន្ថែមទៀត ដើម្បីជាការ​រួមចំណែក​ ជួយ​លើកកម្ពស់​ជំនាញ​របស់មេជាង​សំណង់កម្ពុជា ក៏ដូចជា គុណភាពវិស័យសំណង់​នៅកម្ពុជាផងដែរ។

ជាក់ស្ដែង នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្រុមហ៊ុន SCG ដែលជាសាជីវកម្ម​ឈានមុខ​គេ​មួយ​នៅក្នុងតំបន់​​អាស៊ាន បានបើក​ការប្រកួតប្រជែង​ជំនាញ​សំណង់​ប្រចាំ​ឆ្នាំ​ លើកទី២ ដោយ
សហការជាមួយ​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់​ប្រទេស​កម្ពុជា ដើម្បី​ពង្រឹង​សមត្ថភាពជាងសំណង់​នៅកម្ពុជា ខណៈដែលវិស័យ​សំណង់​នៃ​ប្រទេសនេះ កំពុង​រីកលូតលាស់​យ៉ាង​ឆាប់រហ័ស ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ។ 

លោក វីរុត ផានិតភុតចាម៉ាន នាយកគ្រប់គ្រងផ្នែកទីផ្សារនិងការលក់របស់ SCG នៅកម្ពុជា

ក្នុងនោះ មាន​មេជាងសំណង់​ ៤០រូប ដែលចម្រាញ់ចេញពី​មេជាងសំណង់ជាង ២០០នាក់ ដែលបានចូលរួម​នៅក្នុង​ការប្រកួតប្រជែង​ជំនាញនៅតាមបណ្ដា​ខេត្ត ដែលរៀបចំដោយ SCG និងដៃគូ​របស់ខ្លួន បាន​ចូលរួម​នៅក្នុង​ការប្រកួត​ប្រចាំឆ្នាំ​លើកទី២នេះ។ បេក្ខជន​មេជាង​សំណង់ ប្រកួត​ប្រជែង​គ្នា​លើ​ ៣មុខជំនាញ គឺ ជំនាញបូក, ជំនាញ​ប្រក់​ដំបូល និងជំនាញ​ដំឡើង​ស្មាតបត។

របាយការណ៍ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​បាន​ឲ្យដឹងថា វិស័យសំណង់បានផ្ដល់​ការងារ ជិត​៣ម៉ឺននាក់ក្នុងមួយថ្ងៃ ក្នុងនោះ តម្លៃពលកម្ម សម្រាប់កម្មករ​គ្មានជំនាញ ទទួលបាន ៣ម៉ឺនរៀល និងកម្មករ​មានជំនាញ​ទទួលបាន ៦ម៉ឺនរៀលក្នុងមួយថ្ងៃ។ រីឯ វិស្វករ ស្ថាបត្យករ និងអ្នកជំនាញ​ផ្សេងទៀត ទទួលបានប្រាក់ឈ្នួល​ពី ៤០០ដុល្លារ ទៅ ២ ៥០០ដុល្លារ ក្នុងមួយខែផងដែរ។ 

ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន SCG នៅកម្ពុជា ក្នុងឱកាស​ពីធី បើកការប្រកួតប្រជែងជំនាញសំណង់ប្រចាំឆ្នាំ លើកទី២

របាយការណ៍ដដែលនេះ បានឲ្យដឹងទៀតថា គិតចាប់តាំងពីឆ្នាំ២០០០ មកដល់ត្រឹមខែកញ្ញាឆ្នាំ២០១៩ នេះ រាជរដ្ឋាភិបាល​កម្ពុជាបានផ្តល់លិខិត​អនុញ្ញាតសាងសង់​ទូទាំងប្រទេសសរុបជាង ៤ម៉ឺន៦ពាន់​គម្រោង ដែលគិតជាទឹក​ប្រាក់ជាង ៤៨​ពាន់លាន​ដុល្លារ ដែលក្នុងនោះ មានអគារខ្ពស់ៗ ចាប់ពី​៥ជាន់ឡើងទៅជាង ១ពាន់៥០០អគារ និងគម្រោង​អគារបុរីលំនៅដ្ឋាន និងបណ្តុំលំនៅដ្ឋាន​លក្ខណៈបុរី​មាន២៦៨ គម្រោង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ ត្រៀមនឹងដាក់ឱ្យដំណើរការបណ្តាញបច្ចេកវិទ្យា 5G នៅពាក់កណ្តាលឆ្នាំ ២០២០

ព័ត៌មាន
ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលថៃ បានប្រកាសឲ្យដឹងថា ថៃ នឹងដាក់ចេញឱ្យដំណើរការបណ្តាញបច្ចេកវិទ្យា 5G នៅពាក់កណ្តាល ឆ្នាំ ២០២០ខាងមុខ ដើ…

ការកំណត់កែសម្រួលថ្លៃទឹកស្អាតថ្មី មិនបង្ហាញពីឥទ្ធិពលប៉ះពាល់ដល់ទីផ្សារភាគហ៊ុនកម្ពុជាឡើយ

ព័ត៌មាន
កាលពីពេលថ្មីៗនេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានចេញសេចក្តីសម្រេចកែសម្រួលថ្លៃទឹកស្អាត ដែលផលិត និងផ្គត់ផ្គង់ដោយ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ