ប្រទេសរងគ្រោះដោយសារកូរ៉ូណាវីរុស

បន្ទាប់ពីចិន តើប្រទេសមួយណានៅអាស៊ីរងផលប៉ះពាល់ខ្លាំងជាងគេបំផុត ដោយសារតែវីរុសកូរ៉ូណា?


បញ្ហាជំងឺរលាកផ្លូវដង្ហើម ដែលបង្កឡើងដោយវីរុសកូរ៉ូណា មិនត្រឹមតែបានសម្លាប់មនុស្សដោយផ្ទាល់នោះទេ វាបានបំភ័យមនុស្សទូទាំងសកលលោក នឹងជះឥទ្ធិពលដោយប្រយោលទៅកាន់សេដ្ឋកិច្ចរបស់ប្រទេសចិន ក៏ដូចជាបណ្តាសេដ្ឋកិច្ចក្នុងតំបន់ ដែលមានទំនាក់ទំនងស្អិតល្មួតជាមួយនឹងចិនដែរ។ សួរថា តើប្រទេសមួយណា ក្នុងតំបន់អាស៊ី ដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដោយសារតែមេរោគកូរ៉ូណានេះ?
បន្ទាប់ពីចិន តើប្រទេសមួយណានៅអាស៊ីរងផលប៉ះពាល់ខ្លាំងជាងគេបំផុត ដោយសារតែវីរុសកូរ៉ូណា?

តាម​ការ​វិភាគ និង​ស្រាវជ្រាវ​របស់ អ្នកជំនាញ និង​សេដ្ឋកិច្ចវិទូ​ជា​ច្រើន​រូប បាន​ចាត់​ទុក​ប្រទេស​ថៃ ជា ជន​រង​គ្រោះ​ធ្ងន់​ជាងគេ ក្នុង​ចំណោម​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី ដោយ​ផ្អែក​ទៅ​លើ ទំនាក់ទំនង​ពាណិជ្ជកម្ម ទេសចរណ៍ និង​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម ដោយសារ​តែ ចិន​មាន​ទំនាក់ទំនង​ស្អិត​ល្មួត ជាមួយ​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី ជា​យូរណាស់​មក​ហើយ​។

សេដ្ឋកិច្ចវិទូ​ជាន់ខ្ពស់​មក​ពី ក្រុម​អ្នក​ស្រាវជ្រាវ​មីក្រូសេដ្ឋកិច្ច​ឯករាជ្យ Capital Economics បាន​គូសបញ្ជាក់​ថា ការ​ធ្លាក់​ចុះ​នូវ​លំហូរ​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន ជា​ផល​ប៉ះពាល់​ដំបូង​បំផុត ដែល​គេ​អាច​មើលឃើញ​ភ្លាម​ៗ ហើយ​ការ​បិទ​រោងចក្រ សហគ្រាស​នៅ​ក្នុង​ប្រទេស​ចិន ក៏​បាន​ប៉ះពាល់​ដល់ ខ្សែ​ច្រ​វ៉ា​ក់​ផ្គត់ផ្គង់​ក្នុង​តំបន់​ដែរ​។

បើ​តាម​របាយការណ៍​ពី រាជរដ្ឋាភិបាល​ថៃ បាន​បញ្ជាក់​ថា កាលពី​ឆ្នាំ ២០១៩ ភ្ញៀវ​ទេសចរ​ចិន បាន​ចំណាយ​ប្រាក់​ជាង ១៨​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក លើ​ការ​កម្សាន្ត​នៅ​ក្នុង​ប្រទេស​ថៃ ហើយ​វិធានការ​ហាមឃាត់​ភ្ញៀវ​ទេសចរ​ចិន មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស ពិត​ណាស់ នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ថៃ បើសិនជា បញ្ហា​ជំងឺ​រលាក​ផ្លូវដង្ហើម​នេះ​អូស​បន្លាយ​កាន់តែ​យូរ  ផល​អវិជ្ជមាន​ដែល​ប៉ះពាល់​ដល់ វិស័យ​ទេសចរណ៍​ថៃ នឹង​រីក​កាន់តែ​ធំ​។

សាកលវិទ្យាល័យ​សភាពាណិជ្ជកម្ម​ថៃ បាន​បង្ហាញ​ពី​ការ​ព្យាករ​របស់​ខ្លួន​ថា ថៃ នឹង​ខាតបង់​ប្រមាណ ៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​ឆ្នាំ ២០២០​នេះ ដោយសារ​តែ​ឥទ្ធិពល​នៃ​មេរោគ​កូ​រ៉ូ​ណា ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់ វិស័យ​ទេសចរណ៍ ការ​នាំ​ចេញ​ទំនិញ និង​តម្រូវការ​ប្រើប្រាស់​ទំនិញ​ថៃ​។

បើសិនជា បញ្ហា​នេះ ត្រូវ​បាន​បញ្ចប់​ក្នុង​ត្រីមាស​ទី ១​នេះ ការ​នាំ​ចេញ​ទំនិញ​របស់​ថៃ ទៅ​កាន់​ប្រទេស​ចិន អាច​នឹង​ខាតបង់​ប្រមាណ ៣០០​លាន​ដុល្លារ​អា​មេ​រិ​ក តែ​បើសិនជា បញ្ហា​មេរោគ​កូ​រ៉ូ​ណា អូស​បន្លាយ​លើស​ពី ៣​ខែ​នោះ ថៃ នឹង​ខាតបង់​ប្រមាណ ៦០០​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​ការ​នាំ​ចេញ​ទំនិញ​ទៅ​កាន់​ចិន​។

សាកលវិទ្យាល័យ​សភាពាណិជ្ជកម្ម​ថៃ បន្ថែម​ថា បើសិនជា​បញ្ហា​មេរោគ​កូ​រ៉ូ​ណា ត្រូវ​បាន​បញ្ចប់​ក្នុង​ខែមីនា ឆ្នាំ ២០២០ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស ចូល​មក​កម្សាន្ត​នៅ​ប្រទេស​ថៃ នឹង​ថយ​ចុះ​ប្រមាណ ២,៤​លាន​នាក់ ក្នុង​នោះ ជនជាតិ​ចិន មាន​ជាង ១,៨ លាន​នាក់ ហើយ​ថៃ នឹង​ខាតបង់​ចំណូល​ប្រមាណ ៣,៧ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

ប្រធាន​សមាគម​សណ្ឋាគារ​ថៃ បាន​បញ្ជាក់​ដែរ​ថា សណ្ឋាគារ​មួយ​ចំនួន នៅ​ទីក្រុង​បាងកក និង​ប៉ា​តា​យ៉ា អាច​នឹង​ចាប់ផ្តើម​កាត់​បន្ថយ​បុគ្គលិក នៅ​ខែមីនា ខាង​មុខ​នេះ ដោយសារ​តែ ចំនួន​ភ្ញៀវ​ទេសចរ​ចិន​នឹង​កាន់តែ​ថមថយ​ចុះ ខណៈ​បច្ចុប្បន្ន​នៅ​សល់​ភ្ញៀវ​ទេសចរ​ចិន​មួយ​ចំនួន ដែល​មិន​ទាន់​ត្រលប់​ទៅ​វិញ​។

លើស​ពី​នេះ​ទៅ​ទៀត អាជីវកម្ម​លក់​គ្រឿង​បង្គុំ និង​គ្រឿងបន្លាស់​រថយន្ត​នៅ​ក្នុង​ប្រទេស​ថៃ ក៏​រង​គ្រោះ​ដោយសារ​តែ ការ​បិទ​រោងចក្រ​ផលិត​នៅ​ក្នុង​ទីក្រុង​វូ​ហាន ប្រទេស​ចិន ដែល​បាន​ជះ​ឥទ្ធិពល​កាន់តែ​អាក្រក់ ដល់​វិស័យ​ឧស្សាហកម្ម​ផលិត​រថយន្ត​ថៃ ដែល​កំពុង​តែ​លក់​មិនសូវ​ដាច់​ផង និង​ចំណូល​ធ្លាក់​ចុះ​ផង​។

រោងចក្រ សហគ្រាស​មួយ​ចំនួន​ធំ នៅ​ក្នុង​ប្រទេស​ចិន ចាប់ផ្តើម​បើក​ដំណើរការ​ឡើង​វិញ​ហើយ ក៏​ប៉ុន្តែ​អ្នក​ផ្គត់ផ្គង់ និង​ផលិត​គ្រឿង​បង្គុំ​រថយន្ត​ធំ​ៗ​ដូច​ជា ក្រុមហ៊ុន HONDA និង TOYOTA នៅ​តែ​បន្ត​ផ្អាក​ដំណើរការ​របស់​ពួក​គេ នឹង​រង់ចាំ​សម្រេចចិត្ត​នៅ​ពេល​ក្រោយ ដោយសារ​តែ ការ​ភ័យ​ខ្លាច​នៃ​មេរោគ​កូ​រ៉ូ​ណា​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ឧបនាយករដ្ឋមន្ត្រី​ថៃ ក្នុង​នាម​រាជរដ្ឋាភិបាល​ថៃ បាន​ស្នើ​ឲ្យ​សាធារណជន​ទាំងអស់ កុំ​មានការ​ភ័យ​ស្លន់ស្លោ នឹង​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​រ៉ូ​ណា ឬ​បញ្ហា​សេដ្ឋកិច្ច​ប្រទេស​ខ្លាំង​ពេក ដ្បិត រាជរដ្ឋាភិបាល​ថៃ ធានា​ថា ប្រទេស​ថៃ នឹង​អាច​គ្រប់គ្រង​ស្ថានភាព​ដ៏​លំបាក​នេះ​បាន​។

សូម​ជម្រាប​ដែរ​ថា បើសិនជា វីរុស​កូ​រ៉ូ​ណា កាន់តែ​រីក​រាលដាល​ខ្លាំង​ក្នុង​តំបន់​អាស៊ី ពិត​ណាស់ ផល​ប៉ះពាល់​អាក្រក់ នឹង​រីក​កាន់តែ​ធំ​ឡើង​ៗ ព្រោះ​ដោយសារ​តែ​ការ​ភ័យ​ខ្លាច ភ្ញៀវ​ទេសចរ​លែង​ហ៊ាន​ដើរ​កម្សាន្ត ប្រជាជន​ក្នុងស្រុក​លែង​ហ៊ាន​ទៅ ហាង​ទំនិញ ឬ​ភោជនីយដ្ឋាន កម្មករនិយោជិត លែង​ហ៊ាន​ទៅ​ធ្វើការ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ ចរន្ត​សេដ្ឋកិច្ច​តំបន់ និង​ពិភពលោក​តែ​ម្តង​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សាំងហ្គាពួរបាត់ភ្ញៀវទេសចរប្រមាណ ២ម៉ឺននាក់ក្នុងមួយថ្ងៃ ដោយសារតែឥទ្ធិពលវីរុសកូរ៉ូណា

ព័ត៌មាន
ឥទ្ធិពលរីករាលដាលនៃវីរុសកូរ៉ូណា បាននិងកំពុងធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍របស់ប្រទេសសាំងហ្គាពួរយ៉ាងខ្លាំង ខណៈដែលក្នុងមួយថ្ងៃ ប្រទេសនេះបា…

ឥទ្ធិពល​កូរ៉ូណាវីរុស នឹងធ្វើឲ្យ​ចិនប៉ះពាល់ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិយ៉ាងណាខ្លះ?

ព័ត៌មាន
ក្រសួងពាណិជ្ជកម្មចិន នៅតែបន្តតាមដានយ៉ាងដិតដល់ពី ផលប៉ះពាល់នៃមេរោគកូរ៉ូណា ទៅលើ ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ ហើយបេ្តជ្ញាជួយគាំទ្រដល់ ក្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ