អេស៊ីលីដាឡើងផ្សារហ៊ុន

Covid-19 មិនអាចធ្វើឲ្យរាំងស្ទះដល់ការបោះផ្សាយលក់ភាគហ៊ុនរបស់អេស៊ីលីដាឡើយ


ទាំងអគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា ជានិយ័តករ និងប្រធាននាយកប្រតិបត្តិអេស៊ីលីដា បានអះអាងស្រដៀងគ្នាថា ការផ្ទុះឡើងនៃ វីរុស Covid-19 មិនបានធ្វើឲ្យ មានផលប៉ះពាល់ធ្ងន់ធ្ងរការជួញដូរភាគហ៊ុន ឬក៏ដំណើរការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ធនាគារ អេស៊ីដា នៅក្នុងផ្សារមូលបត្រកម្ពុជានាពេលបច្ចុប្បន្ននេះទេ។
ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា (ឆ្វេង) និង លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា (ស្ដាំ)

ថ្លែង​នៅ​ក្នុង​កម្មវិធី          ​Roadshow ស្តី​ពី “​ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​របស់​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី នា​ពេល​ថ្មី​ៗ​នេះ  ឯកឧត្តម ស៊ូ សុ​ជាតិ អគ្គនាយក​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បាន​លើក​ឡើង​ថា សម្រាប់​ឆ្នាំ​២០១៩ ផ្សា​រមូល​ប​ត្រ​កម្ពុជា​មាន​សន្ទុះ​នៃ​ការ​ជួញដូរ​ច្រើន ហើយ​មក​ដល់​ឆ្នាំ​២០២០​នេះ សន្ទុះ​នៅ​តែ​មាន ប៉ុន្ដែ​វា​ហាក់​ថមថយ​ខ្លះ ខណៈ​ដែល​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​មួយ​ចំនួន ក៏​មានការ​ថមថយ​ដែរ​។ ប៉ុន្ដែ លោក​ថា ការ​ថយ​ចុះ​នេះ វា​គឺជា​កត្តា​ចិត្តសាស្ត្រ​របស់​អ្នក​វិនិយោគ ស្រប​ទៅ​តាម​និន្នាការ​សកលលោក ហើយ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា មើលឃើញ​ថា វា​ជា​រឿង​វិជ្ជមាន​ទៅ​វិញ​ទេ សម្រាប់​ផ្សារ​ហ៊ុន​កម្ពុជា ដែល​មាន​វិនិយោគិន​យល់​ដឹង​កាន់តែ​ច្រើន​ឡើង ពី​និន្នាការ​វិនិយោគ​សកល​បែប​នេះ​។

ឯកឧត្តម​មាន​ប្រសាសន៍​ថា «​គ្រប់​គ្នា​ដឹង​ហើយ​ថា ភាព​ប្រឈម​នោះ​ជា​អ្វី គ្រប់​គ្នា​បាន​តាមដាន​! អ្វី​ដែល​ពួក​យើងខ្ញុំ​សប្បាយចិត្ត​ថ្វី​ត្បិត​តែ ការ​ជួញដូរ​មានការ​ថមថយ​ខ្លះ​ដោយសារ​ភាព​ប្រឈម តម្លៃ​ភាគហ៊ុន​មានការ​ថយ​ចុះ​មួយ​ចំនួន ដោយសារ​តែ​មាន​ភាព​ប្រឈម ប៉ុន្តែ​ខ្ញុំ​សប្បាយចិត្ត​ទៅ​វិញ បើសិនជា​ក្នុង​ដំណាក់កាល​នេះ តម្លៃ​ភាគហ៊ុន​ឡើង អាហ្នឹង​បាន​ខ្ញុំ​ពិបាកចិត្ត ហេតុ​អី ព្រោះ​យើង​អត់​ទៅ​តាម​ព្រឹ​ត្ត​ការណ៍​សកល វា​អាស្រ័យ​ទៅ​លើ​ប្រជាជន​យើង អ​ញ្ចឹ​ង​ប្រជាជន​យើង​អត់​ពិនិត្យ​មើល ដូច​ថា​ចិត្ត​របស់​យើង​ខុស​ពី​គេ អ​ញ្ចឹ​ង​ធ្វើ​ឲ្យ​ទីផ្សារ​យើង​អត់​ដើរ​តាម​ទីផ្សារ​ក្នុង​តំបន់ ឬ​ទីផ្សារ​ក្នុង​សកលលោក អ​ញ្ចឹ​ង​យើង​មាន​បញ្ហា​វិញ​ទេ​»​។

ក្នុងពិធី Roadshow ស្តីពី “ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នាពេលថ្មីៗនេះ (រូបភាព៖ ខេបូណូមីស)

បើ​តាម​ឯកឧត្តម ស៊ូ សុ​ជាតិ ក្នុង​កាលៈទេសៈ ភាគហ៊ុន​មាន​តម្លៃ​ថយ​ចុះ​នេះ វា​ក៏​អាច​ជា​ឱកាស​មួយ​សម្រាប់​វិនិយោគិន ប្រមូល​ទិញ​ទុក ហើយ​ពេល​ណា​បញ្ហា​នេះ រំលង​ផុត​ទៅ គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​រំពឹង​ថា នឹង​ទទួល​បាន​សក្ដានុពល​កាន់តែ​ធំ ក៏​ដូច​ជា​ទទួល​បាន​វិនិយោគិន​ដែល​នៅ​ជាប់​ជាមួយ​ទីផ្សារ ហើយ​ក៏​ជា​វិនិយោគិន ដែល​អាច​ទាក់ទាញ​វិនិយោគិន​ពី​ក្រៅ​ផ្សេង​ទៀត ឲ្យ​ចូល​មក​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា​កាន់តែ​ច្រើន​ផង​ដែរ​។

ជុំវិញ​កត្តា​ប្រឈម​ជាមួយនឹង​បញ្ហា​វីរុស Covid-19 នេះ​ដែរ ត្រូវ​បាន​លោក​បណ្ឌិត អ៊ិ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា បញ្ជាក់​ថា ការ​ប្រែប្រួល​លើ​ផ្សារ​ហ៊ុន​នេះ មិនមែន​មក​ពី​ការ អនុវត្ត​ការងារ​របស់​ក្រុមហ៊ុន​នោះ​ទេ តែ​ជា​បញ្ហា​ចិត្តសាស្ត្រ​របស់​អ្នកទិញ​លក់​ហ៊ុន​នោះ​ទៅ​វិញ​ទេ​។ 

ក្នុងពិធី Roadshow ស្តីពី “ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នាពេលថ្មីៗនេះ (រូបភាព៖ ខេមបូណូមីស)

លោក​បណ្ឌិត​ថា​« ការ​ដែល​យើង​រៀបចំ​ឲ្យ​មាន​ដំណាក់កាល​បង្ហាញ​លំអិត និង​ត្រៀម​ដើម្បី​ធ្វើ Book building  ដំណាក់​ឥឡូវនេះ ហើយ​និង​ដំណាក់កាល​បន្ទាប់ ហើយនឹង IPO នៅ​ក្នុង​ខែ​៤ ហេតុ​អី​យើង​ដាក់​ចំ​នៅ​ពេល​ណុ​ង ? យើង​ដាក់​មក​ហ្នឹង​គឺ​មិន​គិត​ថា​មាន​ជំងឺឆ្លង​នៅ​ក្នុង​ពេល​ហ្នឹង​ទេ ប៉ុន្តែ​រាល់​អាជីវកម្ម យើង​គិត​ថា បើ​ហានិភ័យ​កើតឡើង ថា​តើ​ការ​លូតលាស់​របស់​យើង​ផ្តោត​ទៅ​លើ​អី​!​។​»

 លោក​បណ្ឌិត អ៊ិន ចាន់នី ​បាន​បន្ថែម​ថា​« ខ្ញុំ​និយាយ​ពី​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ធនាគារ​វិញ បើ​ទៅ​ជួប​អតិថិជន​ដោយ​ផ្ទាល់ អតិថិជន​គាត់​អាច Concern (​ព្រួយបារម្ភ​) ថា ពេល​មាន​ជំងឺ​អាច​ឆ្លង អ​ញ្ចឹ​ង​ឲ្យ​អតិថិជន​មាន​មធ្យោបាយ​ប្រើ​សម្រាប់​ទូទាត់​ទំនិញ សម្រាប់​ដាក់​ពាក្យសុំ​ខ្ចីប្រាក់ សម្រាប់​បង្វែរ​មូលនិធិ​របស់​គាត់​សល់​ពី​ការ​ប្រើប្រាស់ អោយទៅ​ជា​គណនី​មាន​កាលកំណត់​ឬ​សន្សំ​អី គឺ​ប្រើ​មធ្យោបាយ​ហ្នឹង នោះ​ឯង​គឺជា​ត្រៀម​បម្រុង​ទុក​មុន នេះ​ជា​ចំណុច​សំខាន់​ទី​មួយ​។ ទី​ពីរ​យើង​មើល​ហេដ្ឋារចនាសម្ព័ន្ធ​របស់​យើង ដែល​យើង​ចាប់ផ្តើម​រៀបចំ​ថ្មី​ហ្នឹង​មិន​មាន​សាខា ដែល​មាន​បុគ្គលិក​បម្រើ​ច្រើន​ទេ រៀបចំ​ការិយាល័យ​មួយ​ដែ​យើង​ហៅ​ថា Self service center(​មជ្ឈមណ្ឌល​ប្រើប្រាស់​សេវាកម្ម​ដោយ​ខ្លួនឯង​)  អ​ថិ​ជន​មក​ប្រើ​ពេល​ណា​ក៏​បាន​ដែរ ដោយ​មិន​ចាំបាច់​ជួប​បុគ្គលិក​យើង​ទេ នោះ​ឯង​ដើម្បី​ជំនះ​នូវ​ការ​ព្រួយបារម្ភ​»​។

លោក សែ​ម វិសាល ដែល​បាន​ធ្វើ​ដំណើរ​មក​តាំងពី​ខេត្តកំពង់ស្ពឺ ចូលរួម​កម្មវិធី រ៉ូ​ដ​សូ របស់​ធនាគារ​អេ​ស៊ី​លី​ដា បាន​អះអាង​ថា តាម​រយៈ​ព័ត៌មាន​ដែល​លោក​ទទួល​បាន​ពី​គេហទំព័រ​របស់​ធនាគារ​អេ​ស៊ី​លី​ដា បាន​ជំរុញ​ឲ្យ​លោក​សម្រេចចិត្ត​ត្រូវ​តែ​មក​ចូលរួម​ក្នុង​កម្មវិធី​ដ៏​មាន​សារៈសំខាន់​មួយ​នេះ​។ ក្នុង​នាម​ជា​អ្នកគ្រប់គ្រង​ផ្នែក​លក់​នៃ​ក្រុមហ៊ុន​ឯកជន​មួយ លោក​បាន​អះអាង​ថា « ខ្ញុំ​មិន​ខ្វល់​ពី​ប្រឈម​អ្វី​ទេ ព្រោះ​ខ្ញុំ​ជឿ​ទុកចិត្ត​លើ​ធនាគារ​អេ​ស៊ី​លី​ដា ហើយ​ចង់​ក្លាយជា Shareholder (​ភាគ​ហ៊ុ​និក​) មួយ​នៃ ធនាគារ​នេះ អ​ញ្ជឹ​ង​ខ្ញុំ​នឹង​ទិញ​វា​»​។

នេះ​គឺជា​លើក​ដំបូង​ហើយ​ធនាគារ​អេ​ស៊ី​លី​ដា បាន​រៀបចំ​កម្មវិធី​បង្ហាញ​ព័ត៌មាន​លំអិត​(Roadshow) ដល់​សាធារណជន​ប្រមាណ​ជា​៥០០​នាក់ បន្ទាប់​ពី​មាន​សិក្ខាសាលា​ជា​ច្រើន​លើក​រួច​មក​ហើយ​ស្តី​ពី​ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​របស់​ខ្លួន​។

នៅក្នុងពិធី Roadshow ស្តីពី “ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នាពេលថ្មីៗនេះ

សូម​បញ្ជាក់​ថា នៅ​ដើមឆ្នាំ ២០២០​នេះ គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បាន​សម្រេច​អនុម័ត​ជា​គោលការណ៍​លើ​សំណើរ​សុំ​បោះផ្សាយ​លក់​មូល​ប​ត្រ ទៅ​ឲ្យ​ស្ថាប័នហិរញ្ញវត្ថុ និង​ក្រុមហ៊ុន ចំនួន ៤ ដែល​ក្នុង​នោះ ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​ជា ប្រភេទ​មូល​ប​ត្រ​កម្មសិទ្ធិ ឬ​ហៅ​ថា​ភាគហ៊ុន មាន​ចំនួន​១ ស្ថាប័ន គឺ​ធនាគារ​អេ​ស៊ី​លី​ដា និង​ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​ជា​ប្រភេទ​សញ្ញា​បណ្ណ ឬ​ហៅ​ថា​មូល​ប​ត្រ​បំណុល មាន​ចំនួន ៣​ស្ថាប័ន​។

មក​ទល់​ពេល​នេះ ធនាគារ​អេ​ស៊ី​លី​ដា បាន​និង​កំពុង​ដំណើរការ ប៊ុ​ក​បៀ​ល​ឌី​ង សម្រាប់​ការ​លក់​មូល​ប​ត្រ​របស់​ខ្លួន ដោយ​ការ​កំណត់​ថ្លៃ​នេះ មាន​ចន្លោះ​ពី ១៥ ០០០ រៀល ទៅ ១៧ ៤០០ រៀល និង​ត្រៀម​ឈាន​ដល់​ដំណាក់កាល​បរិវិសកម្ម (Subscription) ដែល​ជា​ដំណាក់កាល​បន្ទាប់​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ ហើយ​អាច​ឈាន​ទៅ​បោះផ្សាយ​លក់​មូល​ប​ត្រ​ផ្លូវការ​នៅ​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា នៅ​ចុង​ខែមេសា​ខាង​មុខ​នេះ​។

បើ​តាម​ការ​គូសបញ្ជាក់​របស់​ធនាគារ​អេ​ស៊ី​លី​ដា ការ​បោះផ្សាយ​លក់​ភាគហ៊ុន​ថ្មី​របស់​ធនាគារ​នេះ មាន​ចំនួន​ភាគហ៊ុន ជាង ៨,៧ លានហ៊ុន និង​ភាគហ៊ុន​ដែល​មាន​ស្រាប់​ចំនួន ជាង ១៣​លាន​ហ៊ុន ពោល​គឺ សរុប​ទាំង​ភាគហ៊ុន​បោះផ្សាយ​ថ្មី និង​ភាគហ៊ុន​មាន​ស្រាប់ ការ​បោះផ្សាយ​លក់​នេះ មាន​រហូត​ដល់ ជាង ២១ លាន​ហ៊ុន ស្មើនឹង ៥% នៃ​ភាគហ៊ុន​សរុប​របស់​ធនាគារ​នេះ​។ ធនាគារ អេ​ស៊ី​លី​ដា ក៏​ជា​ធនាគារ ពាណិជ្ជ ទី​១ ដែល​ទទួល​បាន​បានការ​អនុញ្ញាត​បោះផ្សាយ​លក់​ភាគហ៊ុន នៅ​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ផង​ដែរ​។

បើ​តាម​លោក​បណ្ឌិត អ៊ិ​ន ចាន់​នី ការ​បោះផ្សាយ​មូល​ប​ត្រ​កម្មសិទ្ធិ ជាង ៨,៧ លាន​ហ៊ុន គ្រាន់តែ​ជា​ចំណែក​តូច​មួយ​ប៉ុណ្ណោះ ដោយ​លោក​បាន​បញ្ជាក់​ថា វិនិយោគិន​សាធារណៈ​អាច​មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​គិតគូរ​ថា គួរ​វិនិយោគ​ឬ​អត់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំចេញអង្ករកម្ពុជា រំពឹងកើនឡើងដល់ ៨០ម៉ឺនតោន នៅឆ្នាំនេះ ខណៈ២ខែដំបូងកើនជាង ២២%

ព័ត៌មាន
សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញពីក្ដីរំពឹងខ្ពស់ចំពោះការនាំចេញអង្កររបស់កម្ពុជា នៅឆ្នាំ២០២០នេះ ថា អាចនឹងមានការកើនឡើងដល់ ៨០ម៉ឺនតោន ខណៈ…

ក្រុមហ៊ុន Vietnam Airlines កាត់ប្រាក់ខែបុគ្គលិក ៤០% ព្រោះបញ្ហា Covid-19

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines ដែលបាននិងកំពុងទទួលរងនូវផលប៉ះពាល់ខ្លាំងលើប្រាក់ចំណូលរបស់ខ្លួន ដោយសារតែឥទ្ធិពលនៃមេរោគ Cov…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ