ទីក្រុងសៀងហៃ

ទីក្រុងស៊ាងហៃ ត្រៀមបើកឡើងវិញក្រោយការរាំងខ្ទប់ ប៉ុន្តែសេដ្ឋកិច្ចចិននៅតែស្ថិតក្នុងស្ថានភាពអាប់អួ


ទីក្រុងសៀងហៃ ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុធំមួយរបស់ប្រទេសចិន ដែលរងការវាយប្រហារដោយជំងឺរាតត្បាតកូវីត១៩ បានបង្ហាញផែនការបើកទីក្រុងឡើងវិញ ដើម្បីឆ្ពោះទៅរកភាពការដំណើរជាប្រក្រតី ក្រោយការបិទខ្ទប់ដ៏តឹងរ៉ឹងអស់មួយរយៈកន្លងមកនេះ ខណៈការងើបឡើងវិញនៃសេដ្ឋកិច្ចទូទាំងប្រទេសចិនមិនទាន់មានសន្ទុះខ្លាំងនៅឡើយទេ ពោលគឺនៅតែមានស្ថានភាពអាប់អួដដែល។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
ទីក្រុងស៊ាងហៃ ត្រៀមបើកឡើងវិញក្រោយការរាំងខ្ទប់

បើយោងតាមទិន្នន័យសេដ្ឋកិច្ច ទីក្រុងធំទីពីររបស់ប្រទេសចិននេះ បានទទួលរងឥទ្ធិពលយ៉ាងអាក្រក់ពីការរាំងខ្ទប់កាលពីដើមខែមេសាមកម្លេះ។ ប៉ុន្តែទីក្រុងមួយចំនួនផ្សេងទៀត រួមទាំងទីក្រុងប៉េកាំងផងដែរ មិនត្រូវបានរាំងខ្ទប់នោះទេ ប៉ុន្ដែនៅបន្តវិធានការទប់ស្កាត់ដ៏តឹងរ៉ឹងដដែល ដោយសាររលកថ្មីនៃកូវីដបំប្លែងខ្លួន Omicron នៅតែមានកម្រិតឆ្លងរាតត្បាតខ្លាំងនៅឡើយ។

ការណ៍នេះ បណ្តាលឲ្យរដ្ឋាភិបាលបដិសេធមិនឲ្យមានការន្ធូរបន្ថយជំហរ ចំពោះការអនុវត្តវិធានការកូវីដដ៏តឹងរ៉ឹង Zero-covid របស់ខ្លួននោះទេ ដែលបណ្តាលឲ្យរោងចក្រ និងអាជីវកម្មតូចធំ ត្រូវបានទទួលរងឥទ្ធិពលយ៉ាងដំណុំពីបរិយាកាសមិនអំណោយផលនេះ។

យ៉ាងណាក៏ដោយចុះ អាជ្ញាធរទីក្រុងស៊ាងហៃបានកំណត់ថា នឹងបើកក្រុងជាធម្មតាឡើងវិញនៅថ្ងៃទី ១ ខែមិថុនាខាងមុខនេះ បន្ទាប់ពីការឆ្លងថ្មីបានធ្លាក់ចុះយ៉ាងជាបន្ដបន្ទាប់នៅមួយរយៈចុងក្រោយនេះ។ ទោះយ៉ាងណា ទីក្រុងដ៏ធំមួយនេះ មានប្រជាជនចំនួន ២៥ លាននាក់ នៅតែត្រូវបានណែនាំឱ្យមានការប្រុងប្រយ័ត្នបន្ថែមទៀតក្នុងការពេលធ្វើដំណើរ និងមហាវិថីដែលធ្លាប់មានមនុស្សមមាញឹកច្រើន។

ខណៈដែលប្រទេសចិនកំពុងផ្តោតលើការងើបឡើងវិញនៃវិស័យសេដ្ឋកិច្ច នាយករដ្ឋមន្ត្រីនៃប្រទេសចិនលោក លី ខឺឈាង (Li Keqiang) កាលពីថ្ងៃពុធបានថ្លែងថា ប្រទេសចិនត្រូវបានវាយប្រហារជាលើកដំបូងដោយការផ្ទុះឡើងនៃជំងឺកូវីដ COVID-19 កាលពីឆ្នាំ ២០២០ កន្លងទៅ តែស្ថានភាពបច្ចុប្បន្ននេះវាយ៉ាប់យ៉ឺនជាងពេលមុនទៅទៀត។ លោក លី បានប្រាប់មន្ត្រីរដ្ឋាភិបាលរាប់ពាន់នាក់នៅទូទាំងប្រទេសក្នុងសន្និសីទអនឡាញមួយថា ប្រទេសចិននឹងខិតខំសម្រេចឲ្យបាននូវកំណើនផលិតផលក្នុងស្រុកសរុប ឲ្យមានភាពល្អប្រសើរវិញ នៅក្នុងត្រីមាសទីពីរនេះ។

យ៉ាងាណាមិញ ធនាគារកណ្តាលបាននិយាយកាលពីថ្ងៃទី២៦ឧសភាថា ខ្លួននឹងលើកកម្ពស់ប្រាក់ឥណទានបន្ថែមទៀតសម្រាប់ក្រុមហ៊ុនតូចៗ ហើយបានជំរុញឱ្យស្ថាប័នហិរញ្ញវត្ថុផ្តល់អាទិភាពដល់ការផ្តល់ប្រាក់កម្ចីដល់តំបន់ភាគកណ្តាល និងភាគខាងលិច ក៏ដូចជាតំបន់ផ្សេងៗទៀត និងវិស័យណាដែលរារាំងនិងរំខានដោយការផ្ទុះឡើងនៃមេរោគ COVID-19 ។

ក្រសួងហិរញ្ញវត្ថុចិនក៏បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដែរថា ខ្លួននឹងផ្តល់ការឧបត្ថម្ភធនបន្ថែម ដល់ក្រុមហ៊ុនអាកាសចរចិនចាប់ពីថ្ងៃទី ២១ ខែឧសភាដល់ថ្ងៃទី ២០ ខែកក្កដា ដើម្បីជួយពួកគេទប់ទល់នឹងការធ្លាក់ចុះយ៉ាងគំហុក ដែលបណ្តាលមកពីមេរោគឆ្លងកូវីដ១៩ និងតម្លៃប្រេងហក់ឡើងខ្ពស់ផងដែរ៕

អត្ថបទ៖ ហ៊ុន គន្ធថៃ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសចិន និងរុស្ស៊ី បោះឆ្នោតវេតូ ជំទាស់ការដាក់ទណ្ឌកម្មបន្ថែមរបស់ UN ទៅលើកូរ៉េខាងជើង

ព័ត៌មាន
ប្រទេសចិន និងរុស្ស៊ី បានបោះឆ្នោតជំទាស់ទៅនឹងការជំរុញរបស់សហរដ្ឋអាមេរិក ដែលស្នើឲ្យអង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្មបន្ថែមទៀត លើប្រទេសកូរ៉េខាង…

ក្រុមហ៊ុនដាណឺម៉ាកមួយអះអាងថា វ៉ាក់សាំងខ្លួនមានប្រសិទ្ធភាពទប់ទល់ជំងឺអុតស្វាបាន៨៥%

ព័ត៌មាន
ក្រុមហ៊ុន Bavarian Nordic របស់ប្រទេសដាណឺម៉ាក ដែលផលិតវ៉ាក់សាំង ជីនឺស (JYNNEOS) បានប្រកាសថា វ៉ាក់សាំងរបស់ខ្លួនមួយប្រភេទនេះ អាចបង្ការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ