កសិកម្ម-​លាមក​គោ

អាចម៍គោ​កំពុង​ត្រូវ​ប៉ាន់ ខណៈ​កសិករ​ខ្មែរ​ជាង​៩០% ងាក​មក​ប្រើ​គ្រឿង​យន្ត​ជំនួស​គោក្របី


សត្វ​គោ​និង​ក្របី​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរប្រើ​ប្រាស់​សម្រាប់​ការ​ភ្ជួរ​ស្រែ​ចម្ការ និង​ដឹក​ជញ្ជូន​របស់​របរ​ផ្សេងៗ ដើម្បី​បម្រើ​ការងារ​នៅ​ក្នុង​វិស័យ​កសិកម្ម​តាំង​តែ​ពី​បុរាណ​កាល​មក។
អាចម៍​គោ​មាន​តម្លៃ​ខ្ពស់ ខណៈ​ដែល​កសិករ​លែង​ចិញ្ចឹម​និង​ប្រើ​គោ មក​ប្រើ​គោយន្ត​សម្រាប់​ការ​ភ្ជួររាស់​ធ្វើ​ស្រែ​ចម្ការ។ រូបភាព៖ សូរ ចាន់ណា
ដោយ

អត្ថប្រយោជន៍​នៃ​សត្វ​ពាហនៈ​ទាំង​ពីរ​នេះ គឺ​បាន​ជួយ​សម្រួល​កម្លាំង​ពលកម្ម​របស់​កសិករ​ខ្មែរ​យ៉ាង​ច្រើន ពោល គឺ​ពួកវា​ជា​អ្នក​មាន​គុណ​យ៉ាង​ធំ​ធេង​សម្រាប់​ពលរដ្ឋ​ខ្មែរ ខណៈ​ស្បៀង​អាហារ​ដែល​បាន​ផ្គត់ផ្គង់​ក្នុង​ស្រុក និង​ធ្វើ​ការ​នាំចេញ​នា​ពេល​កន្លង​មក រួមមាន៖ ស្រូវ ពោត ដំឡូង បន្លែ​ផ្លែ​ឈើ និង​ផល​ដំណាំ​ជា​ច្រើន​ទៀត សុទ្ធសឹង​មាន​ចំណែក​កម្លាំង​ពលកម្ម​យ៉ាង​សម្បើម​របស់​គោ​ក្របី។

ប៉ុន្តែ នៅ​ពេល​បច្ចុប្បន្ន ពលរដ្ឋ​ខ្មែរ ៩១,១៧​ភាគរយ​បាន​បោះបង់​ការ​ធ្វើ​ស្រែ​ចម្ការ​ដោយ​ប្រើ​កម្លាំង​សត្វ​គោ​ក្របី ជំនួស​មក​វិញ​ដោយ​ប្រើ​គ្រឿង​យន្ត ដែល​ធ្វើ​ឲ្យ​ទិន្នផល​កសិកម្ម​មាន​ការ​កើន​ឡើង។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​បាន​ផ្សព្វផ្សាយ​នា​ពេល​កន្លង​មក។

សារព័ត៌មាន ខេមបូណូមីស សូម​នាំ​អ្នក​អាន​ទៅ​ជួប​កសិករ ដែល​បាន​បោះបង់​គោ​ក្របី​ក្នុង​ការ​ធ្វើ​ស្រែ​ចម្ការ ស្ថិត​នៅ​ឃុំ​ត្បែង​ខ្ពស់ ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង ភាគ​ខាង​ជើង​រាជ​ធានី​ភ្នំពេញ ចម្ងាយ​៥០​គីឡូម៉ែត្រ។

អ្នកស្រី ឃុត ចំរើន អាយុ ៤៥​ឆ្នាំ ជា​កសិករ​ម្នាក់​ដែល​ងាក​មក​ប្រើ​គោយន្ត​​សម្រាប់​ធ្វើ​ស្រែ​ចម្ការ បាន​រៀបរាប់​ថា មូលហេតុ​ដែល​ក្រុម​គ្រួសារ​របស់​ខ្លួន​បោះបង់​សត្វ​គោ​ក្នុង​វិស័យ​កសិកម្ម ព្រោះ ការ​ភ្ជួរ​ស្រែ​ដោយ​គោយន្ត​មាន​ភាពងាយ​ស្រួល និង​លឿន​រហ័ស ដែល​ចំណេញ​ពេល​វេលា និង​សម្រួល​ដល់​កម្លាំង​ពលកម្ម​បាន​យ៉ាង​ច្រើន។

ភ្នែក​សំឡឹង​មើល​គោយន្ត​នៅ​ក្រោម​ផ្ទះ អ្នកស្រី ឃុត ចំរើន ដែល​មាន​រាង​ស្គម​បន្តិច​ផង បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ភ្ជួរ​គោយន្ត​វា​ធូរ​កម្លាំង អត់​ហត់​នឿយ ព្រោះ​ភ្ជួរ​ហើយ​មិន​បាច់​ទៅ​ឃ្វាល​វា ឬ រក​ស្មៅ​ឲ្យ  វា​ស៊ី​នោះ​ទេ។ ប្រសិន​បើ​យើង​ភ្ជួរ​គោយន្ត យើង​ប្រើ​ពេល​១​ថ្ងៃ តែ​បើ​ភ្ជួរ​ស្រែ​ប្រើ​គោ គឺ​៣​ថ្ងៃ​ឯ​ណោះ»។

កសិករ​ជាង ៩០% បោះបង់​ការភ្ជួររាស់​ស្រែ​ចម្ការ​ដោយ​គោ​ក្របី ជំនួស​មក​វិញ​ដោយ​ការ​ប្រើ​គ្រឿង​យន្ត។

សម្រាប់​អ្នក​ស្រី​ដែល​មាន​កូន​៤​នាក់​ក្នុង​បន្ទុក​រូប​នេះ គោយន្ត​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់ ព្រោះ​ក្រៅ​ពី​ធ្វើ​ស្រែ​របស់​ខ្លួន​ឯង អ្នកស្រី​បាន​យក​គោយន្ត​នេះ​ទៅ​ស៊ី​ឈ្នួល​ភ្ជួរ​ស្រែ​ចម្ការ​ឲ្យ​អ្នក​ដទៃ​ទៀត និង​ស៊ី​ឈ្នួល​ដឹក​អ្នក​ភូមិ​ទៅ​កម្មវិធី​បុណ្យ​ផ្សេងៗ ដើម្បី​រក​ចំណូល​បន្ថែម​ផង​ដែរ។

ដូចគ្នាដែរ លោក នេត ណុំ កសិករ​នៅ​ឃុំ​ត្បែង​ខ្ពស់ បាន​ឲ្យ​ដឹង​ថា ការ​បោះបង់​សត្វ​គោ​នេះ ពីព្រោះ​កូន​ទាំង​៣​របស់​លោក​សុទ្ធ​តែ​ជាប់​រវល់​រៀនសូត្រ គ្មាន​ពេល​សម្រាប់​ឃ្វាល​ពួកវា។ បើ​តាម​លោក នេត ណុំ នៅ​ភូមិ​នេះ ពលរដ្ឋ​ភាគ​ច្រើន​បានងាក​មក​ប្រើ​គោយន្ត។

បុរស​មាឌ​ធំ​វ័យ​៤៦​ឆ្នាំ​ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «នៅ​ភូមិ​នេះ គេ​ភ្ជួរ​ប្រវាស់​ដៃ​គ្នា បើ​មិន​ប្រើ​គោយន្ត គេ​មិន​ប្រវាស់​ដៃ​ជាមួយ​ទេ ព្រោះ ប្រើ​គោ​ភ្ជួរ វា​យឺត​ណាស់ មិន​ទាន់​អ្នក​ស្ទូង​ដែល​មាន​ចំនួន​ច្រើន​នោះ​ទេ»។

ផ្ទុយ​ទៅ​វិញ លោក តែម ទិន កសិករ​ម្នាក់​ដែល​នៅ​រក្សា​ការ​ធ្វើ​ស្រែ​ដោយ​ប្រើ​កម្លាំង​សត្វ​គោ បាន​បញ្ជាក់​ថា ថ្វី​ដ្បិត​ការ​ប្រើ​គោ​យឺត​ពិត​មែន ប៉ុន្តែ គោ​បាន​ផ្តល់​លាមក ដែល​ជា​ជី​ធម្មជាតិ​ដ៏​ល្អ​សម្រាប់​ដាក់​ស្រែ​ចម្ការ។

លោក​​បន្ត​​ថា ការ​​ប្រឈម​​ខ្លាំង​​ចំពោះ​គ្រួសារ​ដែល​ចិញ្ចឹម​គោ គឺខ្វះ​កន្លែង​ឃ្វាល ពីព្រោះ​កន្លង​មក​ នៅ​តំបន់​នេះ​សម្បូរ​ព្រៃ​និង​វាល​ស្មៅ ប៉ុន្តែ ១០​ឆ្នាំ​ចុង​ក្រោយ​នេះ តំបន់​ព្រៃ​របស់​រដ្ឋ​បាន​ប្រែក្លាយ​ជា​ចម្ការ​របស់​បុគ្គល​ឯកជន​អស់​ទៅ​ហើយ។ កង្វះ​អ្នក​ឃ្វាល​គោ និង​ការ​ពិបាក​រក​ស្មៅ​ឲ្យ​សត្វ​គោ ជំរុញ​ឲ្យមេ​គ្រួសារ​វ័យ​៥១​ឆ្នាំ​រូប​នេះ ក៏​ចង់​ងាក​មក​ប្រើ​គោយន្ត​ដូច​អ្នក​ភូមិ​ដទៃ​ទៀត​ដែរ។

ការប្រើ​គ្រឿង​យន្ត​បង្ក​ភាព​ងាយ​ស្រួល ប៉ុន្តែ ក៏​បង្ក​នូវ​ការ​ខ្វះ​ខាត​ជី​អាចម៍​គោ​ដាក់​ស្រែ​ដំណាំ​ផង​ដែរ ព្រោះ​កសិករ​ឈប់​ចិញ្ចឹម​គោ។

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖«ខ្ញុំ​ក៏​ចង់​ប្តូរ​មក​ប្រើ​គោយន្ត​ដែរ តែ​ជើង​ខ្ញុំ​ពិការ ពិបាក​ភ្ជួរ​គោយន្ត​ដូច​គេ គឺ​បាន​ត្រឹម​តែ​ប្រើ​គោ​ភ្ជួរ​ខ្លះ និង​ជួល​គោយន្ត​គេ​ឲ្យ​ភ្ជួរ​ខ្លះ។ ម្យ៉ាង ខ្ញុំ​មិន​ទាន់​មាន​លទ្ធភាព​ទិញ​វា​ផង»។

អាចម៍​គោ​ដែល​ជា​ជី​ធម្មជាតិ​ដ៏​ល្អ កំពុង​ត្រូវ​ប៉ាន់​ក្នុង​ទីផ្សារ​កសិកម្ម​នៅ​កម្ពុជា

និន្នាការ​នៃ​ការ​ផ្លាស់​ប្តូរ​ទម្លាប់​ធ្វើ​ស្រែ​ចម្ការ​របស់​ពលរដ្ឋ​ខ្មែរ​ពី​ការ​ប្រើ​សត្វ​ពាហនៈ​មក​ប្រើ​គ្រឿង​យន្ត បាន​ជួយ​សម្រួល​កម្លាំង​ពលកម្ម​យ៉ាង​ច្រើន​សម្រាប់​កសិករ​ខ្មែរ។ ប៉ុន្តែ ទន្ទឹម​នឹង​ភាព​ងាយ​ស្រួល មាន​កសិករ​ជា​ច្រើន កំពុង​ខ្វះ​ជី​ធម្មជាតិ​ដាក់​ដំណាំ​របស់​ខ្លួន ព្រោះ​វត្តមាន​គោ​ក្របី​កាន់​តែ​ថយ​ចុះ។

លោក សូ ផាត អ្នក​ធ្វើ​ចម្ការ​នៅ​ឃុំ​ត្បែង​ខ្ពស់ បាន​រអ៊ូ​រទាំ​ចំពោះ​កង្វះ​ខាត​ជី​អាចម៍​គោ នៅ​ពេល​ពលរដ្ឋ​ស្ទើរ​គ្រប់​ខ្នង​ផ្ទះ​ងាក​មក​ប្រើ​គោយន្ត។

លោក សូ ផាត ដែល​ជា​កសិករ​ដាំ​ឪឡឹក សណ្តែក​ដី និង​ដំណាំ​ជា​ច្រើន​ទៀត បាន​បញ្ជាក់​ថា៖ «ពូ​ទិញ​អាចម៍​គោ​មួយ​រទេះ​តម្លៃ ១៥០០០​រៀល និង​មួយ​គោយន្ត​តម្លៃ ២៥០០០​រៀល។ តែ​ឥឡូវ ពិបាក​ទិញ​ណាស់ ព្រោះ គេ​ទុក​ដាក់​ស្រែ​គេ​ដែរ។ បើ​ទិញ​ខែ​ប្រាំង គេ​សល់​អាចម៍​គោ​ច្រើន គេ​លក់​ឲ្យ ប៉ុន្តែ ភាគ​ច្រើន គេ​មិន​ចង់​លក់​ឲ្យ​យើង​ទេ»។    

កសិករ​ត្អូញត្អែរ​ថា កង្វះ​ទីវាល​ស្មៅ​សម្រាប់​ឃ្វាល​គោ​ក្របី និង​​កង្វះ​មនុស្ស​មើល​ថែទាំ​គោ​ក្របី ក៏​ជា​ហេតុ​​មួយ​នាំ​ឲ្យ​ពួកគេ​ងាក​ទៅ​ប្រើ​គោយន្តដែរ។

មិន​មែន​មាន​តែ​កសិករ​នៅ​ខេត្ត​កំពង់ឆ្នាំង​នោះ​ទេ ដែល​ត្រូវការ​ជី​លាមក​គោ​នោះ ខេមបូណូមីស សូម​នាំ​អាន​ទៅ​តំបន់​ដាំ​បន្លែ​ដ៏​ធំ​មួយ​ស្ថិត​នៅ​ឃុំ​ស្វាយ​ប្រទាល ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល ចម្ងាយ​ប្រហែល ៤០​គីឡូម៉ែត្រ ពី​រាជ​ធានី​ភ្នំពេញ ដែល​ជា​កន្លែង​ផ្គត់ផ្គង់​បន្លែ​ដ៏​ធំ​មួយ​សម្រាប់​ផ្សារ​ដើម គ និង​ផ្សារ​នាគមាស។

លោក​យាយ ជា ហឿន អាយុ ៦៧​ឆ្នាំ ជា​កសិករ​ដាំ​បន្លែ​ជាង​កន្លះ​សតវត្សរ៍​ទៅ​ហើយ បាន​អះអាង​ថា លោក​យាយ​បាន​ចំណាយ​លុយ​ទិញ​ជី​អាចម៍​គោ​អស់​១០០​ដុល្លារ​រៀង​រាល់​ខែ ដើម្បី​ដាក់​ដំណាំ​របស់​គាត់។ លោក​យាយ​បញ្ជាក់​បែប​នេះ​ថា៖ «បន្លែ​នឹង​មិន​ល្អ​ទេ បើ​អត់​ជី​អាចម៍​គោ​ដាក់ ប៉ុន្តែ បើ​មាន​អាចម៍​គោ​ដាក់ គឺ​វា​ល្អ នឹង​បាន​ផល​ច្រើន។ ពេល​ខ្លះ​អត់​លុយ​ទិញ​អាចម៍​គោ​ដាក់​ទេ ព្រោះ​ដាក់​អាចម៍​គោ​ម្តង ១០០​ដុល្លារ មួយ​កូន​រ៉ឺម៉ក​តិចៗ​ហ្នឹង មាន​តម្លៃ​៤​ម៉ឺន​រៀល។  យើង​រង់ចាំ​គេ​ដឹក​មក​លក់​ដល់​កន្លែង ពេល​ខ្លះ​ទិញ​មិន​ទាន់​គេ​ទេ ព្រោះ​អាចម៍​គោ​ឥឡូវ​ថ្លៃ​មែន»។

ទាក់ទង​នឹង​ទីផ្សារ​អាចម៍​គោ​នេះ​ដែរ លោក សម វិទូ ប្រធាន​អង្គការ សេដាក បាន​អត្ថាធិប្បាយ​ថា ជាទូទៅ សមាជិក​សេដាក​មួយ​គ្រួសារ ប្រើ​អាចម៍​គោ​ចន្លោះ​ពី ៤ ទៅ ៥​តោន ក្នុង​ការ​ដាំដុះ​មួយ​លើក ខណៈ អាចម៍​គោ ១​បាវ មាន​តម្លៃ ៥​ម៉ឺន​រៀល។

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «អាចម៍​គោ​សម្បូរ​ជាតិ​អាសូត ដែល​ធ្វើ​ឲ្យ​ស្លឹក​រុក្ខជាតិ​មាន​ពណ៌​បៃតង។ ការ​ប្រើ​ប្រាស់​អាចម៍​គោ​ដែល​មាន​ប្រសិទ្ធភាព គឺ​ត្រូវ​​លាយ​វា​ជាមួយ​ដី​ដំបូក និង​ស្លឹក​ឈើ…ដើម្បី​បំបែក​វា។ សូម​កុំ​ដាក់​អាចម៍​គោ​ដែល​មិន​ទាន់​បំបែក ព្រោះ​អាច​ធ្វើ​ឲ្យ​ដំណាំ​​មិន​សូវ​ល្អ»។ 

លោក​បន្ត​ថា បច្ចុប្បន្ន អង្គការ សេដាក បាន​ជំរុញ​កសិករ​ឲ្យ​មាន​ឡ​ជីវ​ឧស្ម័ន ដោយ​ឡ​ជីវ​ឧស្ម័ន​ទំហំ​៦​ម៉ែត្រ​គូប តម្រូវ​ឲ្យ​កសិករ​ចិញ្ចឹម​គោ​ពី ២ ទៅ ៣​ក្បាល។ លោក​បន្ថែម​ថា អាចម៍​គោ​ចេញ​ពី​ឡ​ជីវ​ឧស្ម័ន គឺ​ជា​ជី​ធម្មជាតិ​អាច​ជួយ​ដំ​ណាំ​ឲ្យ​លូត​លាស់​បាន​ល្អ។

បើ​តាម​អ្នក​ជំនាញ​កសិកម្ម​រូប​នេះ ការ​ផលិត​ជី​ធម្មជាតិ​តម្រូវ​ឲ្យ​កសិករ​មាន​អាចម៍​គោ​ច្រើន​បំផុត។ ក្រៅពី​អាចម៍​គោ គេ​ក៏​ដាក់​ទឹក​នោម ស្ករ​ត្នោត​រាវ និង​ផ្លែ​ឈើ​ប្រភេទ​ផ្អែមៗ ដើម្បី​ផលិត​ជា​ជី​ធម្មជាតិ។ ​

លោក សម វិទូ បន្ត​ថា កន្ទក់​និង​អង្កាម​ក៏​ជា​ជី​ដ៏​ល្អ និង​ជា​របស់​ងាយ​រក​បាន ព្រមទាំង​មាន​តម្លៃ​ថោក ដែល​គេ​អាច​យក​មក​ធ្វើ​ជី​កំប៉ុស្ត ដែល​ធ្វើ​ឲ្យ​ដី​ធូរ និង​មាន​ជី​ជាតិ​ល្អ។ លោក​សង្កត់​ធ្ងន់​ថា សូម​កសិករ​កុំ​បាញ់​ថ្នាំ​សម្លាប់​ស្មៅ ព្រោះ​ស្មៅ​ក៏​បង្កើត​ជា​ជី​ធម្មជាតិ​បាន​ ដោយ​គ្រាន់​តែ​ភ្ជួរ​លប់​ឲ្យ​វា​រលួយ​ប៉ុណ្ណោះ។

កង្វះ​អាចម៍​គោ​ក្នុង​ការ​ដាំ​ដុះ​នេះ​ហើយ ទើប​ជំរុញ​ឲ្យ​អ្នក​ស្រី ឃុត ចំរើន ចិញ្ចឹម​គោ​មេ​ចំនួន​៣​ក្បាល ដើម្បី​យក​លាមក​វា​ដាក់​ស្រែ  ខណៈ លោក នេត ណុំ ក្រៅ​ពី​យក​អាចម៍​​គោ​ដាក់​ស្រែ​ដែល​មាន​ទំហំ​ ២​ហិកតា បច្ចុប្បន្ន លោក​ចិញ្ចឹម​គោ​មេ​ជា​ច្រើន​ក្បាល សម្រាប់​យក​អាចម៍​វា​ដាក់​ឡ​ជីវ​ឧស្ម័ន ដែល​បម្រើ​ដល់​ការ​ចំអិន​ម្ហូប​អាហារ​ផង​ដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឯកឧត្តម ជា សុផារ៉ា៖ អ្នក​អត់​លុយ កុំ​ទិញ​ផ្ទះ តែ​គួរ​ទិញ​ដី បើ​សិន​ចង់​ក្លាយ​ជា​អ្នក​មាន!

ព័ត៌មាន
រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឯកឧត្តម ជា សុផារ៉ា បាន​ថ្លែង​ថា អ្នក​មិន​មាន​លុយ សូម​កុំ​ទិញ​ផ្ទះ តែ​បើ​ចង់​មាន…

វៀតណាម​បន្ត​ជំរុញ​ឲ្យ​កិច្ច​ព្រមព្រៀង TPP ចេញ​ជា​ផ្លែផ្កា ទោះ​បី​គ្មាន​វត្តមាន​អាមេរិក​ក្ដី

ព័ត៌មាន
ឆ្លៀត​ខាង​ក្រៅ​កិច្ច​ប្រជុំ APEC 2017 វៀតណាម​បាន​ចំណាយ​ពេល​ពីរ​ថ្ងៃ​បន្ថែម​ទៀត ក្នុង​ការ​ខិតខំ​ប្រមែ​ប្រមុម​មតិ​ពី​អ្នក​ដឹកនាំ​កំពូលៗ​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ