វិស័យលក់រាយ

CP នឹងទិញយកអាជីវកម្មហាងលក់រាយ Tesco នៅថៃ និងម៉ាឡេស៊ីក្នុងតម្លៃជាង ១០ពាន់លានដុល្លារ


ក្រុមហ៊ុនយក្សរបស់ថៃ ដែលវិនិយោគក្នុងពហុវិស័យទាំងនៅក្នុង និងក្រៅប្រទេស គឺ Charoen Pokphand Group ដែលគេស្គាល់ថា ក្រុមហ៊ុន CP នោះ បានកំណត់ពីពេលវេលាក្នុងការរៀបចំឯកសារ សម្រាប់កិច្ចព្រមព្រៀងទិញយកប្រតិបត្តិការអាជីវកម្មរបស់ហាងលក់រាយយីហោរបស់ចក្រភពអង់គ្លេស Tesco ដែលមានប្រតិបត្តិការនៅក្នុងប្រទេសថៃ និងម៉ាឡេស៊ី។ នេះបើតាមការចុះផ្សាយពីកាសែតបាងកកប៉ុស្ដិ៍។
CP នឹងទិញយកអាជីវកម្មហាងលក់រាយ Tesco នៅថៃ និងម៉ាឡេស៊ីក្នុងតម្លៃជាង ១០ពាន់លានដុល្លារ (រូបភាព៖ https://asia.nikkei.com)
ដោយ

បើតាម​ប្រភពព័ត៌មាន​បាន​ឲ្យដឹងថា  ក្រុមហ៊ុន CP របស់ថៃនេះ បាន​រៀបចំ​ឯកសារ​ដើម្បី​ទិញយក​ប្រតិបត្តិការ​អាជីវកម្ម​ហាងលក់​រាយ​ Tesco នៅក្នុង​ប្រទេសថៃ ចំនួន ៨៦,៩% និង​ទិញយក​១០០% ចំពោះ​អាជីវកម្ម​ហាងលក់រាយនេះ នៅឯប្រទេស​ម៉ាឡេស៊ី​ ដោយ​តម្លៃនៃកិច្ចព្រមព្រៀង​ទិញលក់នេះ គឺ ១០,៦ ពាន់លាន​ដុល្លារអាមេរិក ហើយវា​កំពុងស្ថិត​នៅក្នុង​ការសម្រេចចិត្ត​ពីសំណាក់​ការិយាល័យ​គណៈកម្មការ​ប្រកួតប្រជែង​ពាណិជ្ជកម្ម​ (OTCC) នៅសប្ដាហ៍នេះ ឬសប្ដាហ៍ក្រោយ។

លោក Sakon Varunyuwatana ប្រធានក្រុមប្រឹក្សាភិបាល​OTCC បាន​ឲ្យដឹងថា ការ​ដាក់​បំពេញ​សំណុំបែបបទនេះ គឺ​មានទាក់ទង​នឹងព័ត៌មាន​អំពី​ការ​ច្របាច់​បញ្ចូលគ្នា​នៃចំណែកទីផ្សារ, ការលក់, ដើមទុន, ចំនួន​ភាគហ៊ុន និងទ្រព្យសកម្ម, រចនាសម្ព័ន្ធ​អាជីវកម្ម និង​ឥទ្ធិពល​ជារួម​ទៅលើ​អតិថិជន។

បន្ទាប់ពី​ទទួលបាន​ឯកសារ គណៈកម្មការ OTCC នឹង​ធ្វើការ​សម្រេចថា តើ​ការទិញយកនេះ អាចនាំឲ្យមាន​ការគ្រប់គ្រង​ផ្ដាច់មុខ (Monopoly) ឬឥទ្ធិពល​ទីផ្សារ​មិនត្រឹមត្រូវ​ប្រឆាំង​នឹង​ផលប្រយោជន៍ និងសុខុមាលភាព​អតិថិជន ក្រោមច្បាប់​ប្រកួតប្រជែងពាណិជ្ជកម្ម​​ឆ្នាំ២០១៧ ដែរឬយ៉ាងណា។ ការសម្រេចនេះ អាចនឹង​ត្រូវការ​ពេល​៩០ថ្ងៃ និងអាចបន្ថែម​រហូតដល់ ១៥ថ្ងៃទៀត។

លោក Sakon បាន​បញ្ជាក់ថា ការ​ពិចារណា​ចំពោះ​ឥទ្ធិពល​ទីផ្សារ​ដូចដែលបាន​រៀបរាប់ខាងលើនេះ គឺដោយសារតែ​ក្រុមហ៊ុន CP កំពុងមាន​ហាង​លក់រាយ​របស់ខ្លួន​ជាច្រើន​រួចទៅហើយ ដូចជា​ គ្រប់គ្រងលើ​ហាង 7-Eleven និង​ផ្សារ​លក់រាយ Makro ជាដើម

កាលពីដើមែ​មីនា ក្រុមហ៊ុន CP Group ត្រូវបានគេ​ដឹងថា​បាន​ផ្ដួល​ក្រុមហ៊ុន​ TCC Group Co របស់​មហាសេដ្ឋីស្រាបៀថៃ Charoen Sirivadhanabhakdi និង Central Group របស់​ត្រកូលគ្រួសារ Chirathivat ដែលជា​ក្រុមហ៊ុន​លក់រាយ​ធំបំផុត​នៅប្រទេសថៃ នៅក្នុងសង្គ្រាម​ដណ្ដើមទិញយក​ អាជីវកម្ម​របស់​ហាងលក់រាយ Tesco ដែលជាយីហោ​របស់ចក្រភពអង់គ្លេស ដែលមានប្រតិបត្តិការអាជីវកម្ម​នៅតំបន់អាស៊ី។

បន្ទាប់ពីបញ្ចប់​ប្រតិបត្តិការ​ទិញយក និង​វិនិយោគ​ក្នុង Tesco Asia Group ក្រុមហ៊ុន CP នឹង​កាន់កាប់​ចំណែកគ្រប់គ្រង​ហាង​ Tesco ចំនួន ៨៦,៩% នៅក្នុងប្រទេសថៃ និង​គ្រប់គ្រង​ ១០០% ចំពោះហាង Tesco នៅប្រទេស​ម៉ាឡេស៊ី៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន​យក្សមួយ​របស់​វៀតណាម​សម្លឹង​មើល​ទីផ្សារ​អាមេរិក សម្រាប់​ការនាំចេញ​រថយន្ត​​និង​ទូរស័ព្ទ​ស្មាតហ្វូន

ព័ត៌មាន
ក្រុមហ៊ុនធំជាងគេបំផុតមួយ នៅវៀតណាម គឺក្រុមហ៊ុន Vingroup បាន​ដាក់​ចេញ​នូវ​ផែនការ​ដ៏មហិច្ឆតា​និង​ដ៏លំបាក​មួយ​ ដើម្បី​នាំចេញ​រថយន្ត​ន…

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល៖ ខេត្តព្រះសីហនុ នឹងក្លាយជាច្រមុះសេដ្ឋកិច្ចថ្មីរបស់កម្ពុជា

ព័ត៌មាន
នៅរយៈពេល ២ ទៅ៣ ឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ បានប្រែក្លាយនូវមុខមាត់យ៉ាងលឿនរហ័ស ពីខេត្តជាប់មាត់សមុទ្រដ៏ស្ងៀមស្ងាត់ មកជាការអភិវឌ្ឍនូវអគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ