វិនិយោគ​នៅ​កម្ពុជា

ក្រុមហ៊ុន CP ត្អូញ​ត្អែរ​ពី​តម្លៃ​អគ្គិសនី​កម្ពុជា​​ខ្ពស់និង​ស្នើ​ឲ្យ​រដ្ឋ​បន្ធូរ​ពន្ធ​ខ្លះ


ថ្លែង​នៅ​ចំពោះ​មុខ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់​ក្រុមហ៊ុន CP កម្ពុជា បាន​លើក​ឡើង​ថា តម្លៃ​ថាមពល​អគ្គិសនី​របស់​កម្ពុជា​សម្រាប់​ផ្គត់ផ្គង់​ក្នុង​រោងចក្រ សហគ្រាស​នៅ​តែ​មាន​តម្លៃ​ខ្ពស់​ជាង​ប្រទេស​ជិត​ខាង ខណៈ​ដែល​ការ​ប្រមូល​ពន្ធ​ពី​រោងចក្រ​សហគ្រាស ពិសេស​ក្រុមហ៊ុន CP តែ​ម្ដង ហាក់​មាន​ច្រើន​ដំណាក់​កាល។
ក្រុមហ៊ុន CP ត្អូញ​ត្អែរ​ពី​តម្លៃ​អគ្គិសនី​កម្ពុជា​​ខ្ពស់ និង​ស្នើ​ឲ្យ​រដ្ឋ​បន្ធូរ​ពន្ធ​ខ្លះ។ រូបភាព៖ feedlivestock.com
ដោយ

អនុប្រធាន​ក្រុមហ៊ុន CP កម្ពុជា លោក Wittaya Kreangkriwit បាន​​លើក​ឡើង​​ថា ការ​បង្កើត​រោងចក្រ​កែច្នៃ ពិសេស​ កសិផល នៅ​កម្ពុជា នៅតែ​មាន​កត្តា​ប្រឈម​ច្រើន​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ជិត​ខាង ពិសេស​គឺ​តម្លៃ​សេវា​សាធារណៈ ដូចជា ទឹក និង​ថាមពល​អគ្គិសនី​នៅកម្ពុជា នៅ​តែ​មាន​តម្លៃ​ខ្ពស់​ជាង​ប្រទេស​ជិត​ខាង​នៅ​ឡើយ។ 

ជាក់ស្ដែង បច្ចុប្បន្ន តម្លៃ​អគ្គិសនី​ដែល​ប្រើ​នៅ​តាម​រោងចក្រ​នៅ​កម្ពុជា ដែល​រាជ​រដ្ឋាភិបាល​កំពុង​ជំរុញ​បន្ទាប​តម្លៃ​អគ្គិសនី​ឲ្យ​នៅ​ប្រមាណ ៤៨០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង ខណៈ​ដែល​ប្រទេស​ឡាវ មាន​តម្លៃ​ប្រមាណ ​៤០០​រៀល។ រីឯ នៅ​ប្រទេស​វៀតណាម មាន​បែងចែក​ជា​ដំណាក់កាល ពោល​គឺ​ចាប់​ពី​ម៉ោង​៤​ភ្លឺ​ដល់​៦​ល្ងាច តម្លៃ​អគ្គិសនី​ត្រឹម ២៩០រៀល ខណៈ​ម៉ោង​៦​ល្ងាច ដល់​ម៉ោង​១០​យប់ មាន​តម្លៃ​៥៣០​រៀល។ ដោយឡែក នៅ​ប្រទេស​ថៃ ចាប់​ពី​ម៉ោង​១០​យប់ ដល់​ម៉ោង​៩​ព្រឹក តម្លៃ​៣២០​រៀល និង​ម៉ោង ៩​ព្រឹក ដល់ ១០​យប់ តម្លៃ ៥២០​រៀល​ប៉ុណ្ណោះ។ 

ក្រៅពី​តម្លៃ​អគ្គិសនី​នេះ អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់​ក្រុមហ៊ុន CP រូបនេះ ក៏​បាន​ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា គួរតែ​គិតគូរ​លើ​ការ​បន្ធូរ​បន្ថយ​ពន្ធ​អាករ​មួយ​ចំនួន នៅ​ក្នុង​វិស័យ​កែច្នៃ​កសិកម្ម ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​​វិស័យ​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​កម្ពុជា។ 

លោក​ Wittaya Kreangkriwit បាន​​គូស​​បញ្ជាក់​​ថា ជាក់ស្ដែង នៅក្នុង​ក្រុមហ៊ុន CP ការ​អនុវត្តដក​ហូត​ពន្ធ​អាករ VAT នៅ​ក្នុង​អាជីវកម្ម​កែច្នៃ​កសិផល​នេះ នៅតែ​មាន​ច្រើន តួយ៉ាង តម្លៃ​ពន្ធ​អាករ​លើ​តម្លៃ​បន្ថែម (VAT) នៅ​ប្រទេស​ថៃ​មាន​តែ ៧% ខណៈ​ដែល​នៅ​កម្ពុជា​មាន ១០%។ ជា​ឧទាហរណ៍​ជាក់​ស្ដែង ការ​នាំចូល​វត្ថុ​ធាតុ​ដើម​ក្នុង​ការ​ផលិត ដូចជា ចំណី​​សត្វ ក៏​ត្រូវ​ជាប់ VAT ដែរ ការ​ដឹក​ជញ្ជូន​សត្វ​ឆ្លង​ខេត្ត ក៏​ត្រូវ​ជាប់​ពន្ធ ដូចជា ជ្រូក​១​ក្បាល​ត្រូវ​បង់ ១០០០​រៀល និង​មាន់​មួយ​ក្បាល​ត្រូវ​បង់​១០០​រៀល​ជា​ដើម។ មួយ​វិញ​ទៀត ទីសត្តឃាត​ក៏​ត្រូវ​ជាប់ VAT ៣% ដែរ រួមទាំង​ពន្ធ​អាករ​ផ្សេង​ទៀត។ ដោយឡែក ការ​យក​សាច់​ទៅ​កែច្នៃ ទៅ​ផលិត​ជា​ប្រហិត ឬ​សាច់​ក្រក ក៏​ត្រូវ​ជាប់​ពន្ធ​ម្ដង​ទៀត។

អនុប្រធាន​ក្រុមហ៊ុន CP កម្ពុជា រូបនេះ បាន​គូស​បញ្ជាក់​ទៀត​ថា នៅ​ប្រទេស​ថៃ សម្រាប់​ការ​ផលិត កែច្នៃ​ក្នុង​វិស័យ​កសិកម្ម ត្រូវ​បាន​រាជ​រដ្ឋាភិបាល​លើក​ទឹក​ចិត្ត​ខ្លាំង​ណាស់ ព្រម​ជាមួយ​នឹង​ការ​អនុគ្រោះ​ពន្ធ​ផ្សេងៗ​​ផង​ដែរ ហើយ​បើ​កម្ពុជា​ចង់​ប្រកួត​ប្រជែង​ជាមួយ​បណ្ដា​ប្រទេស​ជិត​ខាង រាជ​រដ្ឋាភិបាល​កម្ពុជា​គួរតែ​គិតគូរ​ដល់​បញ្ហា​ទាំង​អស់​នោះ ដើម្បី​ជំរុញ​ឲ្យ​ការ​ផលិត កែច្នៃ​ក្នុង​ស្រុក​មាន​ការ​រីក​ចម្រើន​កាន់​តែ​ខ្លាំង​ឡើង។

ឆ្លើយតប​ភ្លាមៗ​ទៅ​កាន់​ការ​លើក​ឡើង​នេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​លើក​ឡើង​ថា លោក​មិន​មាន​សិទ្ធិ​គ្រប់គ្រាន់​ដើម្បី​លុប​ពន្ធ​អាករ​នានា​នោះ​ទេ ប៉ុន្ដែ ក្រុមហ៊ុន CP អាច​ធ្វើ​ជា​របាយការណ៍​លាយ​លក្ខណ៍​អក្សរ​ឲ្យ​បាន​ច្បាស់​លាស់ ស្ដីពី​ការ​បង់​ពន្ធ​អាករ​ទាំង​អស់​នោះ ថា​ខ្លួន​បាន​ចំណាយ​លើ​ការ​បង់​ពន្ធ​នោះ​អស់​ក្នុង​ចំនួន​កម្រិត​ណា និង​លើក​ហេតុផល​ឲ្យ​បាន​ជាក់លាក់ ដើម្បី​ដាក់​ជា​សំណើ​ទៅ​កាន់​ប្រមុខ​រាជ​រដ្ឋាភិបាល សម្តេច​តេជោ ហ៊ុន សែន ធ្វើការ​ពិចារណា។ 

ឯកឧត្តម​បាន​គូស​បញ្ជាក់​ទៀត​ថា វិស័យ​ឯកជន​ត្រូវ​សម្ដែង​ភាព​ស្មោះត្រង់​ទៅ​វិញ​ទៅ​មក​ជាមួយ​រាជ​រដ្ឋាភិបាល នោះ​ទើប​អាច​ឈាន​ទៅ​រក​ការ​ដោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព។

ជុំវិញ​ការ​ជំរុញ​ការ​នាំចេញ​ទំនិញ​កែច្នៃ​កសិកម្ម​នេះ​ដែរ ឯកឧត្តម វេង សាខុន បាន​អះអាង​ថា ត្រូវ​បាន​រាជ​រដ្ឋាភិបាល​បាន​និង​កំពុង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង តួយ៉ាង​នៅ​ក្នុង​គោល​នយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​​កម្ពុជា ឆ្នាំ​២០១៥​-២០២៥ រាជ​រដ្ឋាភិបាល​រំពឹង​ថា ការ​​នាំ​ចេញ​​ទំនិញ​​កែច្នៃ​​កសិកម្ម​នេះ នឹង​កើន​ឡើង​រហូត​ដល់​១២% នៃ​ការ​នាំ​ចេញ​សរុប​របស់​ជាតិ។ 

ទោះយ៉ាងណា ឯកឧត្តម​ទទួល​ស្គាល់​ថា ការ​ជំរុញ​ឲ្យ​មាន​រោងចក្រ​កែច្នៃ​កសិកម្ម​នៅតែ​មាន​ភាព​មិន​ទាន់​រលូន​នៅ​ឡើយ​ទេ ហើយ​ក៏​វា​ទាមទារ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ចូលរួម​ជួយ​ឲ្យ​បាន​ខ្នះខ្នែង​ថែម​ទៀត មិនមែន​តែ​ក្រសួង​កសិកម្ម​មួយ​នោះ​ទេ។ 

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​គូស​បញ្ជាក់​ទៀត​ថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ការ​ផលិត​កសិកម្ម​របស់​កម្ពុជា ពឹង​ផ្អែក​ខ្លាំង​ទៅ​លើ​ការ​នាំ​ចេញ ហើយ​ដើម្បី​អាច​នាំ​ចេញ​បាន ចាំបាច់​បំផុត​ត្រូវ​មាន​​ការ​ជំរុញ​ឲ្យ​មាន​ការវិនិយោគ​រោងចក្រ​កែច្នៃ​ឲ្យ​បាន​ច្រើន ក៏​ដូចជា​ការ​ស្វះស្វែង​រក​ទីផ្សារ​ថ្មីៗ​ផង​ដែរ។

សូម​បញ្ជាក់​ថា នៅឆ្នាំ​​២០១៦ ការ​នាំចេញ​កសិផល​កែច្នៃ​មាន​ចំនួន​ប្រមាណ ៤,៦% ប៉ុណ្ណោះ​នៃ​ការ​នាំចេញ​សរុប ហើយ​នៅ​ឆ្នាំ​២០២៥​ខាង​មុខ រាជ​រដ្ឋាភិបាល​រំពឹង​ថា ការ​នាំចេញ​កសិផល​កែច្នៃ​របស់​កម្ពុជា​នឹង​កើន​​ឡើង​ដល់ ១២%​នៃ​ការ​នាំ​ចេញ​សរុប៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឆ្នាំ​២០១៧ គម្រោង​អភិវឌ្ឍន៍​បុរី​លំនៅដ្ឋាន​ថ្មី​៥២​ទីតាំង បាន​ស្នើ​សុំ​ច្បាប់​សាងសង់

ព័ត៌មាន
របាយការណ៍​ពី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និងសំណង់ដែលបានចេញផ្សាយ​ជាផ្លូវ​ការ​កាល​ពីថ្ងៃទី២៨ធ្នូ បង្ហាញថា ចំនួនគម្រោង​អភិវឌ្ឍន៍បុរី…

អ្នកជំនាញ៖ វិស័យ​ SME នៅតែ​ខ្វះការ​លើក​ទឹកចិត្តពី​រដ្ឋ

ព័ត៌មាន
វិស័យ​សហគ្រាស​ធុនតូច និងមធ្យម (SME) ត្រូវ​បានទទួល​ស្គាល់ថា ជាកម្លាំង​ស្នូល​ដ៏សំខាន់មួយ​ក្នុងការ​ជួយទ្រទ្រង់​ដល់ការ​លូតលាស់​ម៉ាក្រូសេដ្ឋ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ