អ្នក​ដាំត្រសក់​ត្អូញ​រឿងតម្លៃធ្លាក់ចុះខ្លាំង

កសិករ​អាច​នឹង​បោះបង់​ការ​ដាំ​ត្រសក់​ប្រសិន​បើ​តម្លៃ​នៅតែ​បន្ត​ធ្លាក់ចុះ


កសិករ​នៅ​បណ្ដា​ខេត្ត​មួយ​ចំនួន​ព្រួយ​បារម្ភ​អំពី​ជីវភាព​របស់​ពួកគេ ខណៈ​ដែល​ដំណាំ​ត្រសក់​មាន​តម្លៃ​ថោក ហើយ​ថា ពួកគេ​អាច​នឹង​បោះបង់​មុខ​របរ​មួយ​នេះ​ដោយសារ​មិន​អាច​ផ្គត់ផ្គង់​ជីវភាព​គ្រប់គ្រាន់ ។
កសិករ​ដាំត្រសក់​នៅ​ស្រុក​មុខ​កំពូល ខេត្ត​កណ្ដាល ។
ដោយ និង

លោក ហ៊ឹម ប៊ុនថន កសិករ​នៅ​ស្រុក​មុខកំពូល ខេត្ត​កណ្តាល បាន​ប្រាប់ Newsroom Cambodia កាលពីថ្ងៃ​អាទិត្យ​ថា លោក​បាន​ដាំ​ត្រសក់​អស់​រយៈពេល​៣ ទៅ ៤ឆ្នាំ ហើយ ។ លោក​ថា កាលពី​ប៉ុន្មាន​ខែ​មុន ត្រសក់​មាន​តម្លៃ​ប្រហែល ១៣០០រៀល​ក្នុង​មួយ​គីឡូ ប៉ុន្តែ​លោកថា ចាប់ពី​ដើម​ខែ​ធ្នូ​នេះ តម្លៃ​ត្រសក់​បាន​ត្រឹមតែ ៥០០​រៀល ក្នុង​មួយ​គីឡូ ។

លោក​បាន​បន្ត​ថា «ប្រសិន​បើ​នៅ​ថ្ងៃខាងមុខ បាន​តម្លៃ​ប៉ុណ្ណឹង​ទៀត  ខ្ញុំនឹង​ឈប់​ដាំ​ត្រសក់ ពីព្រោះ​តម្លៃ​ហ្នឹង​មិន​អាច​រួច​ថ្លៃ​ដើម​ផង» ។

ចំណែកអ្នកស្រី ម៉ៅ រ៉ា អាយុ ២៩ឆ្នាំ ដែលជា​កសិករនៅក្នុង​ស្រុក​មុខកំពូលដែរ បាន​និយាយ​ថា អ្នកស្រី​​បាន​​ប្រកប​​របរ​​ដាំត្រសក់​ជិត​មួយ​ឆ្នាំ​ហើយ ។ កាលពី​មុន​ តម្លៃ​ត្រសក់​មាន​តម្លៃ ១៥០០ ដល់ ២០០០រៀល ក្នុង​មួយ​គីឡូ បន្ទាប់​មក​ធ្លាក់ចុះ​សល់​ត្រឹម ៥០០​រៀល ក្នុង​មួយ​គីឡូ ។

អ្នកស្រី​បន្ថែម​ថា៖ «ខ្ញុំ​និយាយ​តាម​ត្រង់ ខ្ញុំ​លក់​ម៉ូតូ​ខ្លួន​ឯង​ដើម្បី​ធ្វើ​សោហ៊ុយ​ហ្នឹង ខ្ញុំ​កំពុងតែ​ពិបាក​ចិត្ត​ជាមួយ​ប្ដី ថា​ ខំ​លក់​ម៉ូតូ​មួយ​ធ្វើ​សោហ៊ុយ ក្រែងលោ​បាន​ម៉ូតូ​មកវិញ ហើយ​សល់​លុយ​តិចតួច​បន្ថែម​ដើមទុន​រកស៊ី តែ​ឥលូវ​មិនដឹង​ថា​បាន​ម៉ូតូ​វិញ​អត់​ទេ បើ​តម្លៃ​ចុះ​យ៉ាង​ហ្នឹង»។

លោក ឆន ឈៀន អាយុ ៤៦ឆ្នាំ ជាកសិករ និង​ឈ្មួញ​ត្រសក់​នៅ​ស្រុក​មុខកំពូល ខេត្តកណ្ដាល​ដែរនោះ បាន​និយាយ​ថា ត្រសក់​ដែល​លោក​ទិញ​ពី​អ្នកភូមិ​យក​ទៅ​លក់​នៅ​ផ្សារ​ក្នុង​ខេត្ត​នោះ បានត្រឹម​តែ ៥០០ ទៅ ៦០០​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម ។ លោក​បាន​បន្តថា អំឡុងខែ​វិច្ឆិកា​មុន​នេះ ត្រសក់​មាន​តម្លៃ​សមរម្យ​អាច​ឲ្យពួកគាត់​ចំណេញ​បាន​ខ្លះ ។ 

លោក ប៊ុន ពិសិដ្ឋ អាយុ ២៨ឆ្នាំ កសិករ​នៅ​ស្រុក​ចម្ការលើ ខេត្ត​កំពង់ចាម លើកឡើង​ថា ឈ្មួញ​កណ្តាល​ដែល​ទិញ​យក​ទៅ​លក់​បន្ត ឲ្យ​តម្លៃ​ត្រសក់​របស់​លោក​ត្រឹម​មួយ​គីឡូ ២០០រៀល​ប៉ុណ្ណោះ ចំណែក​អ្នកដាំ​ផ្សេងទៀត ខ្លះ​ភ្ជួរ​ចោល លែងថែ​ទាំ ព្រោះ​តម្លៃ​ថោក​ពេក មិន​សម​ជាមួយនឹង​តម្លៃ​ពលកម្ម ។

លោក​ថា៖ «ឈ្មួញ​កណ្តាល​ឲ្យ​តម្លៃ​ថោក ឈ្មួញ​គេ​ចុះ​មក​ទិញ​នៅ​កន្លែង ហើយ​គេ​យក​ទៅ​លក់​ត ហើយ​គេ​ឲ្យ​ថោក មួយ​គីឡូ ២០០[រៀល] ។ មាន​អ្នកដាំ​ច្រើន អ្នកខ្លះ​ភ្ជួរ​ចោល អ្នកខ្លះ​លែង​ថែទាំ​លែង​អី គេបេះ​តែ​បង្ហើយៗ ឈប់​ថែទាំ​វា ថោក​ពេក អត់​សម​តម្លៃ​ពលកម្ម» ។

លោក ប៊ុន ពិសិដ្ឋ បន្ថែមថា តម្លៃ​ត្រសក់​ចុះ​ថ្លៃ​បែប​នេះ ព្រោះ​អំឡុង​ពេល​មាន​ជំងឺ​កូវីដ១៩ មិនសូវ​មាន​កម្មវិធី​​ជួបជុំ និង​ការនាំចូល​បន្លែ​ច្រើន​ពី​បរទេស ។ លោក ពិសិដ្ឋ និយាយ​ដូច្នេះថា ៖ «ខ្ញុំយល់ថា ដោយសារ​ឥឡូវ​គេ​ជួប​បញ្ហា​ ហើយ​ណាមួយ វាអត់សូវ​មាន​ពិធីការ ពិធី​អីចឹង អាហ្នឹង​គឺ​យើងអត់ដឹង ហើយ​ក្រែងលោ​បន្លែ​នាំចូល​មក​ច្រើន​ចឹង អាហ្នឹង​វា​ជា​បញ្ហាប្រឈម​មួយដែរ »។

លោក ហុង រដ្ឋា ជាមន្ត្រី​អនុវត្ត​គម្រោង​របស់​អង្គការ​ក្រុម​អភិវឌ្ឍន៍ជនបទ​កម្ពុជា នៅខេត្តតាកែវ ប្រាប់ Newsroom Cambodia តាមរយៈទូរស័ព្ទ​ថា លោកក៏ធ្លាប់​បាន​សិក្សា​ពី​បញ្ហា​នេះដែរ។ លោកបានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ក្នុងខែ ១១-១២ កសិករតែងតែ​ត្អូញត្អែរ​អំពី​តម្លៃ​ធ្លាក់​នៃ​បន្លែ​សឹ្លក និង​ត្រសក់ ដោយសារតែ​អាកាសធាតុ​ខែនេះ​សមស្រប​ដែល​អាច​ប្រមូលផល​បាន​ច្រើន។ លោកថា នៅពេល​ដែល​លើស​តម្រូវការ​ នោះតម្លៃ​ប្រាកដ​ជា​ធ្លាក់ចុះ​ ។ 

លោក ហុង រដ្ឋា បន្ត​ថា ៖ «កសិករ​មិនទាន់​ស្វែងយល់​ពី​ទីផ្សារ​ទេ ពួកគាត់​តែងតែ​ដាំ​អ្វី​តាម​ចិត្តចង់ ។ មួយវិញទៀត កសិករ​ដែល​ដាំ​បន្លែ​តែមួយ​មុខ ពួកគាត់​តែងតែ​ជួប​បញ្ហា​ខ្វះ​ទីផ្សារ និង​តម្លៃ​ចុះថោក។ នៅពេល​ដែល​ពួក​ឈ្មួញ​កណ្ដាល​ចុះទិញ ពួកគេ​ចង់​បាន​បន្លែ​ច្រើន​មុខ ដូច្នេះ​ពួកគេ​ទៅ​រក​អ្នក​ដែលដាំ​បន្លែ​ដែល​មាន​គ្រប់ មុខហើយ អីចឹង​ហើយ​អ្នក​ដាំបន្លែ​ច្រើន​មុខ​មិន​សូវ​ជួប​បញ្ហាទេ» ។

រដ្ឋមន្ត្រីក្រសួង​កសិកម្ម លោក វេង សាខុន បាន​ប្រាប់​តាមរយៈ​ទូរសព្ទ​ថា នៅក្នុង​ខែ​​នេះ ជារដូវ​​ដែល​ប្រមូលផល​បាន​ច្រើន ទាំង​បន្លែ ទាំង​​ការនេសាទ​ជាដើម ដូច្នេះ​ហើយ​ទើប​ក្រសួង​បានណែនាំ​ឲ្យ​ចង​ជាបណ្តុំកសិករ​ដើម្បី​កំណត់​ចំនួន​ជាក់លាក់​នៃ​ការដាំ និងការដាំ​បណ្តាក់​គ្នា​កុំ​ឲ្យ​ប្រមូលផល​ស្របគ្នា ​ព្រមទាំង​​មាន​​កិច្ច​សន្យា​ច្បាស់​លាស់ ។ 

លោករដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ៖ « ឮ​ក្រសួង​បាន​ណែនាំ​ទៅ​ដល់​កសិករ​ទាំងអស់ ឲ្យ​ចង​ជា​បណ្តុំ​កសិករ ថា គួរយើង​ធ្វើ​អីមួយ កសិករ​ណាដាំ​ត្រសក់​មុន​ប៉ុន្មានថ្ងៃ ហើយ​កសិករ​បន្ទាប់​ទៀត ចង់​ដាំ​ប៉ុន្មានថ្ងៃ ដើម្បី​ឲ្យ​ការផ្គត់ផ្គង់​ហ្នឹង​គឺថេរ ហើយ​មាន​កិច្ចសន្យា​ច្បាស់លាស់» ។

លោករដ្ឋមន្ត្រី​កសិកម្ម​បន្តថា ក្រសួង​បាន​ណែនាំ​ទៅដល់​កសិករ​ពីរបី​ឆ្នាំ​ហើយ ប៉ុន្តែ កសិករ​ហាក់​មិន​ស្តាប់ ៖ «យើង​បាន​ណែនាំ​ពីរ​បី​ឆ្នាំ​ហើយ ប៉ុន្តែ កសិករ​មិន​ស្តាប់ »។

លោក​ថា បើសិនជា​កសិករ​ណា​បាន​ចង​គ្នា​ជា​បណ្ដុំ​ហើយ ការដោះស្រាយ​មិន​បាន​ទូលំទូលាយ លោក​នឹង​ចាត់ការ​ទៅ​លើ​រឿង​នោះ ៖ «បើសិនជាកសិករណា វាមានបណ្តុំ ចូលក្នុងបណ្តុំ ហើយ​បើការដោះស្រាយ​របស់​បណ្តុំហ្នឹង​មិន​បាន​ទូលំទូលាយ គឺ​ខ្ញុំ​នឹង​ចាត់ការ​រឿងហ្នឹង» ៕

សោម ពេជ្រច័ន្ទរស្មី  និង កេត អ៊ីយាន គឺជា​សិក្ខាកាម​កម្មវិធីបណ្ដុះបណ្ដាល​សារព័ត៌មាន​ Newsroom Cambodia




អត្ថបទបន្ទាប់


វីឡាទោល​ម៉ូតថ្មី ក្នុង​បុរី​អាម៉ូរី​៧មករា ចាប់​បើក​លក់​ជាផ្លូវការ

ព័ត៌មាន
ដើម្បីជាការស្វាគមន៏ឆ្នាំថ្មី ឆ្នាំ២០២១ ក៏ដូចជាឆ្លើយតបទៅនឹងការគាំទ្រ និងទំនុកចិត្ត យ៉ាងច្រើនលើសលប់ ពីសំណាក់អតិថិជន ដែលចង់បានគេហដ្ឋានបែប…

កញ្ចប់ប្រូម៉ូសិន​ដ៏​សម្បើម​ទាំង៥ ផ្ដល់​ជូន​ក្នុង​ពេលតែមួយ​សម្រាប់​ចុង​ឆ្នាំ​ពីបុរី ប៉េង ហួត

ព័ត៌មាន
ដើម្បីជាការថ្លែងអំណរគុណទៅដល់អតិថិជន និងអបអរសាទរឱកាសឆ្លងឆ្នាំសាកល២០២០ ឈានចូលឆ្នាំ២០២១ខាងមុខនេះ បុរី ប៉េង ហួត បានរៀបចំកញ្ចប់កាដូពិសេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ