សារព្រមាន​ពី​ឧបនាយករដ្ឋមន្ត្រី​ជុំវិញ​បញ្ហា​លាងលុយ​កខ្វក់!

សម្តេច ស ខេង៖ កម្ពុជា​នឹង​«ងាប់» បើ​សិន​ជា​មិន​បង្រ្កាប​ការ​លាង​លុយ​កខ្វក់


សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ​ (ទី១២ មិថុនា)នេះ ថា ប្រទេស​កម្ពុជា​នឹង​​«ងាប់» បើ​សិន​ជា​មិន​មាន​ការ​បង្រ្កាប​លើ​ការ​លាង​លុយ​កខ្វក់ ដែល​ហូរ​ចូល​ប្រទេស​ជា​​ច្រើន​លាន​ដុល្លារ​ដោយ​មិន​ដឹង​ប្រភព។
សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ រូបភាព៖ ហេង ភារម្យ
ដោយ

ថ្លែង​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ក្រុមប្រឹក្សា​រាជ​ធានី​ភ្នំពេញ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ សម្តេច ស ខេង បាន​មាន​ប្រសាសន៍​ថា វា​ជា​អំពើ​ឃុបឃិត​គ្នា ដែល​ផ្តល់​ផល​ប្រយោជន៍​ដល់​មនុស្ស​មួយ​ក្រុម​តែ​ប៉ុណ្ណោះ។

សម្តេច ស ខេង បាន​ថ្លែង​ដូច្នេះ​ថា ៖ «ខ្ញុំ​យល់​​ថា អ្នក​​ឃុបឃិតរកស៊ី​រឿង​នេះ​បាន​ផល​ប្រយោជន៍ ក៏​ប៉ុន្តែ បាន​តែ​មនុស្ស​មួយ​ក្រុម​ហ្នឹង​ទេ យក​មក​ទិញ​ដី​ទិញ​ធ្លី​អ៊ីចឹង​ទៅ បាន​អី​អ៊ីចឹង​ទៅ ឬ​ក៏​ទីផ្សា​ដី វា​អាច​ឡើង​ថ្លៃ។ ប៉ុន្តែ វា​ងាប់ ងាប់​នឹង​ប្រទេស​ហ្មង។»

សម្តេច ស ខេង បាន​បន្ត​ថា ៖ «ប៉ុន្តែ​វា​ងាប់ ងាប់​នឹង​ប្រទេស​ហ្មង។ ងាប់​ប្រទេស​ជាតិ​ត្រង់​ណា? ត្រង់​ថា បើ​ថ្ងៃ​ណា​មួយ​ដល់​កម្រិត​មួយ ចាត់​​ប្រទេស​​កម្ពុជា​ជា​ប្រទេស​ខ្មៅ ជា​ប្រទេស​លាង​លុយ ចប់។ ចរាចរណ៍​លុយ​កាក់​ពី​ធនាគារ​ណា​ទាំង​អស់ ខ្ញុំ​មិន​ហ៊ាន​ថា ១០០​ភាគរយ​ចប់​ទេ ប៉ុន្តែ វា​ពិត​ជា​ប្រឈម​នឹង​ការ​លំបាកដ៏​ធំ​ហើយ នោះ​ហានិភ័យ​ដ៏​ធំ​បំផុត។»

ប្រសាសន៍​​របស់​សម្តេច ស ខេង ធ្វើ​ឡើង​បន្ទាប់​ពី​អង្គការ​ឃ្លាំ​មើល​ការ​លាងលុយ​កខ្វក់​ពិភព​លោក កាល​ពី​ខែ​កុម្ភៈ បាន​ដាក់​ប្រទេស​កម្ពុជា​ក្នុង​បញ្ជី​ពណ៌​ប្រផេះ​ ដោយសារ​តែ​មាន​ការ​ព្រួយ​បារម្ភ​ថា មាន​ភាព​ងាយ​រងគ្រោះ​ដោយសារ​ការ​លាង​លុយ​កខ្វក់។

ជាទូទៅ កាលណា​ស្ថិត​ក្នុង​បញ្ជី​ពណ៌​ប្រផេះ​នេះ វា​អាច​មាន​ផល​លំបាក​មួយ​ចំនួន​សម្រាប់​ប្រទេស​ ដូចជា អាច​កាត់​បន្ថយ​លំហូរ​ហិរញ្ញវត្ថុ​នានា​នៃ​ការ​វិនិយោគ​និង​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​ផ្សេងៗ ជាដើម។

សម្តេច ស ខេង បាន​អះអាង​ថា បើ​សិន​ជា​មិន​មាន​ការ​បង្រ្កាប​ទេ អាច​ឈាន​ដល់​ការ​ដាក់​កម្ពុជា​ក្នុង​បញ្ជី​ខ្មៅ។

សម្តេច ស ខេង បាន​និយាយ​ដូច្នេះ​ថា ៖ «គេ​ចាត់​ទុក​ ឥឡូវ កម្ពុជា​យើង​វា​ស្ថិត​ក្នុង​ចំណាត់​ថា្នក់​ប្រទេស​ប្រផេះ។ អ៊ីចឹង គេ​ឃ្លាំ​មើល​ហើយ។ ម៉ា​ជំហាន​ទៀត​វា​ទៅ​ខ្មៅ​នោះ បើ​សិន​ណា​ជា​យើង​មិន​បាន​យក​ចិត្ត​ទុក​ដាក់​បង្រ្កាប។»

កាលពី​ចុង​ខែ​ឧសភា ជនជាតិ​ចិន​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​​ត្រូវ​បាន​គេ​រក​ឃើញ​កាន់​លុយ​សុទ្ធ​ចូល​កម្ពុជា​ចំនួន​ជាង ៨៥​ម៉ឺន​ដុល្លារ។ កាល​ពី​ខែ​មេសា ផង​ដែរ អាជ្ញាធរ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក៏​បាន​ចាប់​ខ្លួន​ជន​ជាតិ​ចិន​បី​នាក់​ផ្សេង​ទៀត ដែល​បាន​កាន់​លុយ​សុទ្ធ​ចូល​ប្រទេស​កម្ពុជា ចំនួន ៣,៥​​លាន​​ដុល្លារ​ ពី​ហុងកុង ដោយ​មិន​មាន​ប្រភព​ច្បាស់​លាស់។

នៅថ្ងៃ​ពុធ​នេះ​ដែរ សម្តេច ស ខេង ក៏​បាន​បញ្ជា​ឲ្យ​មាន​ការ​រាយការណ៍​មក​សម្តេច​ភ្លាមៗ បើ​សិន​ជា​មាន​ករណី​ដូចគ្នា​នេះ លើក​ក្រោយៗ​ទៀត ដើម្បី​ឲ្យ​ស៊ើប​អង្កេត​ពី​ប្រភព​លុយ​ទាំង​នេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្មវិធី​ទូរទស្សន៍​ The Grand Tour ដែល​មាន​​អ្នក​មើល​ជាង ២០០លាននាក់ នឹង​ថត«រដូវកាលទី៤» នៅកម្ពុជា

ព័ត៌មាន
នេះ​អាចចាត់ទុក​ជា​មោទនភាព​មួយ និងជាការជួយ​ផ្សព្វផ្សាយ​មុខមាត់​កម្ពុជា ទៅកាន់ពិភព​លោក ដែល​កម្មវិធីទូរទស្សន៍​ដ៏ល្បី​ល្បាញ​នៅ​អង់គ្លេស T…

Google និង Apple អះអាងថា ត្រៀមខ្លួនរួចហើយ ក្នុងការ​រើការផលិតចេញ​ពីចិន បើសិនចាំបាច់!

ព័ត៌មាន
ក្រុមហ៊ុន បច្ចេកវិទ្យាយក្សរបស់អាមេរិក គឺ Google និង Apple ដែលមានរោងចក្រផលិតគ្រឿងបង្គុំអេឡិចត្រូនិកនៅប្រទេសចិន បានបញ្ជាក់ឲ្យដឹងថា ពួកគេប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ