គ្រោះរាំងស្ងួត ប៉ះពាល់ដល់​កសិផលថៃ

គ្រោះរាំងស្ងួតធ្ងន់ធ្ងរ បណ្តាលឲ្យតម្លៃផលិតផលកសិកម្មទូទាំងប្រទេសថៃ កើនឡើងខ្ពស់


នៅក្នុងឆ្នាំ ២០២០នេះ ប្រទេសថៃ អាចជួបនឹងវិបត្តិគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ដែលនឹងប៉ះពាល់ដល់ ផលិតផលកសិកម្មជាច្រើនមុខ ដូចជា អង្ករ បន្លែ ផ្លែឈើ និងសាច់ជាច្រើនប្រភេទ ដែលកំពុងតែឡើងថ្លៃជាបណ្តើរៗហើយ ហើយគេក៏បានព្យាករដែរថា គ្រោះរាំងស្ងួតក្នុងឆ្នាំនេះ នឹងធ្វើឲ្យខូចខាត ទិន្នផលកសិកម្មជាង ៣៣០លានដុល្លារអាមេរិក។ នេះបើយោងតាមការសិក្សា និងវាយតម្លៃពីនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងនៃប្រទេសថៃ។
រដ្ឋថៃបង្ហាញពីយុទ្ធសាស្ត្រជំរុញទីផ្សារក្រៅប្រទេស សម្រាប់ផលិតផលផ្លែឈើ (រូបភាព៖ http://www.phuket.com/)
ដោយ

លោក វីឆៃ ផូឆាណាគីត នាយកប្រតិបត្តិ​នៃនាយកដ្ឋាន​ពាណិជ្ជកម្ម​ផ្ទៃក្នុងថៃ បានគូសបញ្ជាក់ថា​ បើតាមការសិក្សា តម្លៃនៃ​ផលិតផល​កសិកម្ម នឹងឡើងថ្លៃ ជាពិសេស អង្ករម្លិះ ដែលនឹងមាន​ស្ថិរភាពថ្លៃ​នៅកម្រិតមួយ​ខ្ពស់ ចន្លោះពី ៤៦០ដុល្លារ ទៅ ៥០០ដុល្លារអាមេរិក ក្នុងមួយតោន។

រីឯ អង្ករដំណើប វិញក៏មាន​តម្លៃប្រមាណ ៤៦០ដុល្លារ ក្នុងមួយតោន ដោយសារតែ​ផលិតកម្មអង្ករ​ស្រូវ​ប្រាំង​ត្រូវបានបំផ្លាញ​សឹងតែ​ពាក់កណ្តាល​ទៅហើយ ដែលពីមុនប្រមូលផល​ស្រូវបាន ៨លានតោន តែឥឡូវបាន​ត្រឹមតែ ៣លាន ទៅ ៤លានតោនប៉ុណ្ណោះ។

ដោយឡែក​ បន្លែស្រស់ជាច្រើន​ប្រភេទ ដែលត្រូវការ​ប្រើប្រាស់ ទឹកច្រើន នឹងឡើងថ្លៃ​ដូចគ្នាដែរ ហើយនាយកដ្ឋាន​ពាណិជ្ជកម្ម​ផ្ទៃក្នុងថៃ ក៏បានស្នើឲ្យ​មានការដាំដុះ ប្រភេទ​បន្លែផ្សេង ដែលប្រើប្រាស់​ទឹកតិច​ និងអាច​ជំនួសគ្នាបាន។

សូម្បីតែ តម្លៃសាច់ជ្រូកនៅ​ក្នុងប្រទេសថៃ ដែលទាបជាងគេ​ក្នុងតំបន់ ក៏អាចឡើងថ្លៃដែរ ដោយសារតែ អាកាសធាតុក្តៅ នឹងប៉ះពាល់ដល់​ការលូតលាស់​របស់សត្វជ្រូក គួបផ្សំនឹង​ការផ្ទុះជម្ងឺប៉េស្តជ្រូក​ក្នុងតំបន់ ដែលធ្វើឲ្យ​តម្លៃជ្រូករស់ ក្នុងប្រទេសចិន​កើនដល់ជាង ៦ដុល្លារ ក្នុងមួយ​គីឡូក្រាម នៅវៀតណាម​មានតម្លៃ​ជាង ៤ដុល្លារ ខណៈដែរ តម្លៃជ្រូករស់​នៅថៃ មិនលើសពី ៧៥បាត ឬជាង ២ដុល្លារ​អាមេរិក​នោះឡើយ។

នាយកដ្ឋានពាណិជ្ជកម្មផ្ទៃ​ក្នុងថៃ ក៏បានប្រឹក្សាយោបល់​ជាមួយ សមាគមចិញ្ចឹម​ជ្រូកថ្នាក់ជាតិ ដោយបានសម្រេចថា បើសិនតម្លៃ​ជ្រូករស់ លើសពី ៨០បាត ក្នុងមួយ​គីឡូក្រាម រាជរដ្ឋាភិបាល នឹងចាត់វិធានការ​កំណត់លើ​ការនាំចូល ដោយធានា​ឲ្យបានថា នឹងមានសាច់ជ្រូក​ប្រើប្រាស់​ក្នុងស្រុក បានគ្រប់គ្រាន់ ហើយតម្លៃ​មិនកើន​ឡើងខ្ពស់ពេក។

សូមជម្រាបដែរថា ដោយសារតែ​គ្រោះរាំងស្ងួតនេះ សូម្បីតែតម្លៃ​ទឹកបរិសុទ្ធ សម្រាប់ប្រើប្រាស់​ប្រចាំថ្ងៃ ក៏មានការកើន​ឡើងផងដែរ តែយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលថៃ ក៏មាន​វិធានការ​បង្ការទុកមុន​រួចជាស្រេច បើសិនជាមាន​បញ្ហាធ្ងន់ធ្ងរណា អាចកើតមានឡើង​ក្នុងចន្លោះពេលនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កិច្ចព្រមព្រៀងពាណិជ្ជកម្មដំបូងរវាងអាមេរិក និងចិន ត្រូវបានសម្រេច តែសង្គ្រាមមិនទាន់បញ្ចប់

ព័ត៌មាន
ក្រោយពីជម្លោះពាណិជ្ជកម្មរវាង អាមេរិក និងចិន អូសបន្លាយជិត ២ឆ្នាំមកហើយនោះ នៅចុងក្រោយនេះ កិច្ចព្រមព្រៀងដំណាក់កាលទី ១ ត្រូវបានសម្រេច និងចុះហ…

ជប៉ុន ចាត់ទុកវៀតណាមជាគោលដៅវិនិយោគដ៏ទាក់ទាញបំផុតក្នុងតំបន់អាស៊ានក្នុងឆ្នាំ ២០២០

ព័ត៌មាន
បន្ទាប់ពីទទួលបានការចាប់អារម្មណ៍ខ្លាំងពី សំណាក់វិនិយោគិនបរទេស ដោយសារតែ សក្តានុពលនៃភាពរីកចម្រើនទៅមុខនៃសេដ្ឋកិច្ចជាតិ និងកម្លាំងពលកម្មដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ