ដំណាំទុរេន

ឈ្មួញទុរេន៖ បច្ចុប្បន្នការដាំដុះទុរេនមានការកើនឡើង ប៉ុន្តែនៅតែមិនអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកបាន


«បច្ចុប្បន្នការដាំដុះទុរេនមានការកើនឡើង ប៉ុន្តែនៅតែមិនអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកបាន» នេះជាការលើកឡើងពីសំណាក់ម្ចាស់សហគមន៍ចម្ការស្តេចទុរេន លោក ឃឹម ប៊ុនឡែន ដែលបានប្រាប់ក្រុមការងារខេមបូណូមីសនៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយកាលពីពេលថ្មីៗនេះ។
ចម្ការទុរេនខេត្តកំពត
ដោយ

ក្នុងបទពិសោធន៍​ប្រមាណជាង​៣ឆ្នាំ ជាមួយនឹង​របរដាំ​ដុះ​និងលក់ទុរេន លោក ឃឹម​ ប៊ុនឡែន ម្ចាស់សហគមន៍​ចម្ការ​ស្តេចទុរេន បានប្រាប់ថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរ​ភាគច្រើន មានទំនោរ​នៃការហូប​ទុរេន​កើនឡើង។ ឈ្មួញទុរេន​រូបនេះបញ្ជាក់ថា « តម្រូវការទុរេន​មានការកើន​ឡើង​ហ្នឹង គឺទីមួយទុរេន​ក៏វាសម្បូរដែរ  ការដាំដុះ​កើនឡើង ចឹងកាល​ណាសម្បូរ​អ្នកហូប​ក៏គាត់​ហូប​កាន់តែ​ច្រើន​តាមហ្នឹងដែរ។ ទី២ជីវភាព​របស់ពលរដ្ឋ​មានការ​កើនឡើង ដល់ពេល​អញ្ចឹង​គាត់ហ៊ាន​ចំណាយ! ទុរេន​ជួនកាល​មួយ​ប្រអប់​២០ ទៅ ៣០ ដុល្លារក៏គាត់ហ៊ានទិញដែរ»។

លោកបានបន្ថែមថា «ទោះបីជា ការដាំដុះក្នុង​ស្រុកមានការ​កើនឡើង​គួរឲ្យកត់សម្គាល់​ តែបើ​និយាថា អាចផ្គត់ផ្គង់​តម្រូវការ​គ្រប់គ្រាន់ឬអត់ គឺអត់ទាន់ទេ។ អញ្ចឹងបាន​ជាជាក់ស្តែង​រាល់ថ្ងៃ​​មានការ​នាំចូលពី​ប្រទេស​ជិតខាង​នូវទុរេន​ស្រស់​ហ្នឹងណា ជាពិសេស​គឺពីវៀតណាម និងថៃតែម្តង ព្រោះប្រទេស​គេ គេដាំ​បានច្រើន ថាទៅ មិនមែន​តែទុរេនទេ ផលិតផល​កសិកម្ម​របស់ខ្មែរ​យើងស្ទើរ​គ្រប់មុខ​ហ្នឹង ត្រូវពឹងផ្អែក​លើប្រទេស​ជិតខាង ទាំងបន្លែ​ទាំងអីចឹងទៅ»។

បើតាមការឲ្យដឹងពីលោក ឃឹម​ ប៊ុនឡែន ក្នុងមួយឆ្នាំ ប្រទេសថៃ​អាចនាំចេញ​ទុរេន​បានក្នុង​ទំហំទឹក​ប្រាក់ ១ពាន់លានដុល្លារ ទៅកាន់ទីផ្សារ​ប្រទេសចិន ខណៈដែល​វៀតណាម មិនអាចនាំទៅ​បាន រីឯកម្ពុជា មិនអាច​ផ្គត់ផ្គង់​ឲ្យគេ ព្រោះគ្រាន់តែ​ក្នុងស្រុក​ក៏មិនបំពេញ​តម្រូវការ​បាន​គ្រប់គ្រាន់ផង។

តែយ៉ាងណាមិញ សហគ្រិនកសិកម្ម​វ័យក្មេងរូបនេះ មានគោលដៅ​នឹងដាំដុះ​ឲ្យបានច្រើន ដើម្បីអាច​បំពេញ​សេចក្តីត្រូវការ​នៅក្នុងស្រុកផង ហើយអាចឈាន​ទៅដល់ការ​នាំចេញ​បានផងដែរ ដោយក្នុង​រយៈពេល​៣ឆ្នាំមកនេះ លោកដាំទុរេន បាន៦ ទៅ៧ពាន់​ដើមហើយ ដោយមាន​ការវិនិយោគ​សហការ​ជាមួយដៃគូ​​​នៅសាំងហ្គារពួរ ហើយនិង​ដៃគូរនៅ​ស្រុកខ្មែរ។ ម្ចាស់ចម្ការរូបនេះ ក៏គ្រោង​នឹងពង្រីក​ផ្ទៃដីដាំដុះ​បន្ថែមទៀត​នាពេលខាងមុខ។

កន្លងទៅ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់​​និងនេសាទខេត្តកំពត ​លោក ចាន់រិទ្ធិ  ធ្លាប់បានប្រាប់​ខេមបូណូមីស​ថា កន្លងទៅធ្លាប់​វិនិយោគិនចិន បានចុះទៅ​ទស្សនកិច្ច​នៅចម្ការ​ទុរេនខេត្ត​កំពត និងមាន​គម្រោង​ចង់នាំទុរេន​ចេញទៅកាន់​ប្រទេសចិនដែរ តែក្រោយមក​ត្រូវបរាជ័យ​វិញ ដោយសារតែ​យើងមិន​អាចផ្គត់ផ្គង់​បានតាម​តម្រូវការ​ដែលគេចង់បាន។

នៅក្នុងសន្និសីទ​សារព័ត៌មាន​នាពេលថ្មីនេះ នាទីស្តីការក្រសួងកសិកម្ម ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី​ក្រសួងកសិកម្ម ធ្លាប់បានមាន​ប្រសាសន៍ថា ដំណាំទុរេន អាចជាដំណាំ​សក្តានុពល​មួយទៀត ដែលកម្ពុជា​អាចនាំចេញ​ទៅកាន់​ប្រទេសចិន បន្ទាប់ពីស្វាយ ចេក ប៉ុន្តែ​ដោយសារនៅ​ខ្វះការដាំដុះ​របស់កម្ពុជា​នៅខ្វះស្តង់ដា និងនៅមានតិចតួច ដែលមិនទាន់អាច​បំពេញ​តម្រូវការ​របស់ចិន​បាន​នៅឡើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេចហ៊ុន សែន អះអាងថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២០ អាចនឹងធ្លាក់ចុះ -១,៩%

ព័ត៌មាន
រលកព្យុះនៃវិបត្តិកូវីដ-១៩ បាននិងកំពុងបោកបក់មកលើសេដ្ឋកិច្ចបណ្ដាប្រទេសស្ទើរតែទាំងអស់នៅទូទាំងពិភពលោក ខណៈដែលនៅឆ្នាំនេះ នឹងមិនមានប្រទេសច្រើ…

ហេតុអ្វី​កម្ពុជា​ជំរុញ​ខ្លាំង​លើ​ការអភិវឌ្ឍ​សាងសង់​ព្រលាន​យន្តហោះ​ក្នុង​ស្រុក​ជាច្រើន?

ព័ត៌មាន
បច្ចុប្បន្ន កម្ពុជា​កំពុងតែ​អភិវឌ្ឍ​សាងសង់​ព្រលាន​យន្តហោះ​ថ្មីៗ​ក្នុង​ស្រុក​ជាច្រើន រួមទាំង​បាន​ធ្វើការ​កែ​លម្អ​ព្រលាន​យន្តហោះ​ដែល​មាន​ស្រាប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ