ការនាំចេញអង្ករ

ដោយសារខ្វះស្បៀង ប្រទេសទីម័រខាងកើត ស្នើសុំឲ្យកម្ពុជានាំអង្ករចូល


ដោយសារតែបញ្ហា Covid-19 ប្រទេសទីម័រខាងកើត ដែលធ្លាប់តែទិញអង្ករពីវៀតណាមនោះ កំពុងជួបនូវបញ្ហាកង្វះស្បៀងអាហារ ក្រោយពីវៀតណាមបានបិទការនាំចេញអង្ករ។ ហើយថ្មីៗនេះដែរ ប្រទេសទីម័រខាងកើត ក៏បានជួបជាមួយនឹងភាគីកម្ពុជា ដើម្បីស្នើឲ្យកម្ពុជានាំអង្ករចូលទៅកាន់ប្រទេសរបស់ខ្លួន ដើម្បីបំពេញតម្រូវការស្បៀងអាហារដែលកំពុងខ្វះខាត។
ដោយសារខ្វះស្បៀង ប្រទេសទីម័រខាងកើត ស្នើសុំឲ្យកម្ពុជានាំអង្ករចូល (រូបភាព៖ ហ្វេសប៊ុក CRF)
ដោយ

ការស្នើ​ឲ្យកម្ពុជា​នាំអង្ករ​ចូលទៅកាន់ប្រទេស​ទីម័រ​ខាតកើតនេះ គឺធ្វើឡើង​នៅក្នុងជំនួប​មួយ​កាលពី​ថ្ងៃទី ១៧ ខែមេសា រវាង​​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា និង​ក្រុមហ៊ុន​ហ្រ្គីនត្រេដ ​ជាមួយនឹង​អគ្គរដ្ឋទូត​សាធារណរដ្ឋ​ទីម័រ​ខាងកើត​ប្រចាំ​ប្រទេស​កម្ពុជា ដោយជំនួបនេះ គឺពិភាក្សា​អំពីលទ្ធភាព​នៃការធ្វើពាណិជ្ជកម្ម ផ្គត់ផ្គង់​អង្ករកម្ពុជា​ឲ្យ​ទៅទីម័រ​ខាងកើត តបតាម​ការស្នើសុំ​ពីទីម័រ​ខាងកើត ដើម្បី​ទប់ស្កាត់​ការខ្វះខាត​អង្ករ ដោយសារ​ជំងឺកូវីដ-១៩។

លោក លន់ យ៉េង អគ្គ​លេខា​ធិការ នៃ​លេខា​ធិការ​ដ្ឋាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​បញ្ជាក់​ឲ្យដឹងថា មូលហេតុ ដែល​​ទីម័រ​ខាងកើត ចាប់អារម្មណ៍​ចំពោះអង្ករ​កម្ពុជា ព្រោះកាលពីពេល​កន្លង​ទៅ​ប្រទេសនេះ បាន​បញ្ជាទិញអង្ករ​ពី​ប្រទេសវៀតណាម ប៉ុន្ដែ ក្រោយពីវៀតណាម​បិទនាំចេញអង្ករ ទើបប្រទេស​ទីម័រខាងកើត បាន​ទាក់ទង​មកកាន់​កម្ពុជា។

លោក លន់ យ៉េង បន្ថែមថា បើពិនិត្យ​ទៅមើលលទ្ធភាព​ និងស្ដុកអង្ករ​របស់កម្ពុជា​យើង គឺកម្ពុជា​អាចមាន​លទ្ធភាព​ផ្គត់ផ្គង់អង្ករ​ទៅកាន់ប្រទេស​ទីម័រខាងកើតនេះ ក្នុងចំនួន ២ ទៅ៣ម៉ឺនតោន​ក្នុងមួយខែ។ ប៉ុន្ដែ លោកថា ខាង​ភាគីកម្ពុជា​បានស្នើសុំឲ្យ​ភាគីទីម័រ​ខាងកើត​បញ្ជូន​លិខិត​ជាផ្លូវការ​តាមរយៈ​ក្រសួង​ការបរទេស ដោយបញ្ជាក់​លើបរិមាណ រយៈពេលនៃការផ្គត់ផ្គង់ និងលក្ខខណ្ឌផ្សេងៗ​នៃការផ្គត់ផ្គង់ ដូចជាការវេចខ្ចប់ ការដឹកជញ្ជូន និងប្រភេទអង្ករ ដែលត្រូវ​ការជាដើម ហើយខាងភាគីកម្ពុជា​នឹងរង់ចាំសហការ និងអនុវត្ត​តាមគោលការណ៍​របស់​រាជរដ្ឋាភិបាល​ជានិច្ច។

លោក លន់ យ៉េង បាន​មានប្រសាសន៍ថា «លទ្ធភាព​ឥឡូវនេះ យើង​នៅចាំគាត់សិន ទី១យើងចាំ​លិខិត​ផ្លូវការ​របស់គាត់ ព្រោះការងារនេះ ធ្វើឡើង​រវាងរដ្ឋ​នឹងរដ្ឋ។ អញ្ចឹង​ចាំមើលលិខិត​ផ្លូវការ​របស់គាត់​ផ្ញើពីរដ្ឋាភិបាល​គាត់​មកខាង​រដ្ឋាភិបាល​យើងសិន ហើយទី២ ទាក់ទង​នឹងបរិមាណ​យើងមាន​ផ្គត់ផ្គង់​ឲ្យគាត់​២ ទៅ៣ម៉ឺនតោន​ក្នុងមួយខែ​ក៏បានដែរ អត់មានចំណុច​ជាបញ្ហាចោទទេ! ហើយទី៣ វាអាស្រ័យ​លើតម្លៃ»។

បើតាម​លោក​លន់ យ៉េង ចំពោះតម្លៃអង្ករ​ ដែលលក់ទៅឲ្យ​ខាង ទីម័រខាងកើតនោះ គឺនឹងត្រូវ​មាន​ការចរចាគ្នា​បន្ថែមទៀត ក្រោយពេលដែល​មានលិខិត​ផ្ញើជូនផ្លូវការ​រវាង​រដ្ឋាភិបាលប្រទេស​ទាំងពីរ​បើកភ្លើងខៀវ។

អគ្គ​លេខា​ធិការ នៃ​លេខា​ធិការ​ដ្ឋាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជារូបនេះ បានគូសបញ្ជាក់ទៀតថា ដំណើរការ​សម្រាប់​ឆ្ពោះទៅរក​ការនាំចេញ​អង្ករកម្ពុជា​ទៅទីម័រខាងកើតនេះ ទំនង​ជាមិនប្រើពេល​វេលា​យូរនោះទេ បើសិនជា​មានទទួល​បាន​ការ​អនុញ្ញាត​ពីរដ្ឋាភិបាល​នៃប្រទេសទាំងពីរ និងមានការត្រូវរូវតម្លៃគ្នាហើយនោះ ការនាំចេញ អាច​នឹងធ្វើឡើងនៅខែក្រោយនេះ​តទៅ។

បើតាម​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា នៅពាក់កណ្ដាលខែ​មេសានេះ កម្ពុជា​បាននាំចេញអង្ករ ជាង ៣,៥ម៉ឺន​តោន។ បើគិត​ក្នុងត្រីមាសទី ១ ឆ្នាំនេះ កម្ពុជា​បាននាំចេញអង្ករ​សរុប​មាន​ចំនួនប្រមាណ​២៣ ម៉ឺនតោន កើនឡើង​ជាង ៣៥%។​ ក្នុងនោះ ការនាំចេញទៅកាន់​ប្រទេសចិន មាន ៤៤% នៃការនាំចេញអង្ករ​សរុប ខណៈដែល​សហភាពអឺរ៉ុប មានជាង ៣០% និងអាស៊ាន​មានជាង ១២%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកបាត់បង់ការងារនៅប្រទេសថៃ កើនដល់៧០ម៉ឺននាក់ ខណៈរោងចក្រជាច្រើនបិទទ្វារ

ព័ត៌មាន
ចំនួនពលរដ្ឋចុះឈ្មោះ ដើម្បីទទួលបានអត្ថប្រយោជន៍ពីការបាត់បង់ការងារធ្វើនៅអំឡុងពេលវិបត្តិកូវដី-១៩ នៅក្នុងប្រទេសថៃ បានកើនឡើងជិតទ្វេដង ពោលគឺម…

ទាហាន​ខ្មែរ​ ៣នាក់ ឆ្លង​ជំងឺ​កូវីដ១៩ នៅ​រុស្ស៊ី​ ខណៈ​កំពុង​សិក្សា​នៅទីនោះ

ព័ត៌មាន
ទាហាន​ខ្មែរចំនួន ៣នាក់ បាន​ឆ្លង​ជំងឺ​រាតត្បាត​ដែលបង្ក​ដោយ​វីរុសកូវីដ១៩ នៅ​ប្រទេសរុស្ស៊ី ខណៈ​ដែល​ពួកគេ​បាន​និង​កំពុង​សិក្សា​នៅ​ទីនោះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ