ទស្សនៈ

អត្ថបទវិភាគ៖ ចង្កៀង​ដែលខ្សោះប្រេង


ចង្កៀង​ផ្ទះ​អ្នក​ណា ភ្លឺ​ផ្ទះ​អ្នក​នោះ។ បញ្ហា​សេដ្ឋកិច្ច​ខ្មែរ​មាន​ជាប់​ពាក់ព័ន្ធ​និង​ពឹង​អាស្រ័យ​យ៉ាង​ខ្លាំង​លើ​វិស័យ​កសិកម្ម​ខ្មែរ។ ខ្មែរ​តាំង​ពី​ដូន​តា​មក គឺ​ពឹង​អាស្រ័យ​ផល​ទាំង​ស្រុង​លើ​វិស័យ​កសិកម្ម ទោះ​បី​ជា​កសិកម្ម តាម​បែប​បូរាណ ប្រើ​កម្លាំង ពឹង​មេឃ​ក៏​ដោយ។
ចង្កៀង​ប្រើ​ប្រេង​កាត​កាល​សម័យ​មុន។
ដោយ

ឱនភាព​វិស័យ​កសិកម្ម​នាំ​មក​នូវ​ឱន​ភាព​វិស័យ​សេដ្ឋកិច្ច។ ទោះ​បី​ជា​សន្ទុះ​នៃ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​មាន​កំណើន​ប្រមាណ ៧% ក្នុង​១​ឆ្នាំ​ក៏​ដោយ ក៏​មិន​ឆ្លុះ​បញ្ចាំង​ពី​ជីវភាព​ពលរដ្ឋ​ភាគ​ច្រើន​ដែរ។ បើ​និយាយ​ថា សេដ្ឋកិច្ច​ខ្មែរ​មាន​កំណើន ៧% ក្នុង​មួយ​ឆ្នាំ គឺ​គួរ​តែ​និយាយ​ថា មាន​តែ​មនុស្ស​ប្រមាណ ៧%​ប៉ុណ្ណោះ ដែល​បាន​ទទួល​ផល​ពី​កំណើន​សេដ្ឋកិច្ច​នេះ។

បើ​យើង​មើល​សសរ​ស្តម្ភ​សេដ្ឋកិច្ច​យើង សព្វថ្ងៃ ដែល​ថា​មាន​កំណើន​នោះ គឺ​សឹង​តែ​គ្មាន​ការ​ចូលរួម​សោះ​ពី​វិស័យ​កសិកម្ម។ ភាគ​ច្រើន សេដ្ឋកិច្ច​របស់​យើង​គឺ​ឈរ​លើ​វិស័យ​កាត់ដេរ ទេសចរណ៍ និង​សំណង់។ គ្រាន់​តែ​មើល​វិស័យ​នេះ យើង​ក៏​អាច​ដឹង​ដែរ​ថា គឺ​មិន​មែន​ជា​វិស័យ​សម្រាប់​ពលរដ្ឋ​កម្ពុជា ដែល​ភាគ​ច្រើន​ជា​កសិករ​នោះ​ទេ។ 

ពលរដ្ឋ​ជាង ៥០% ជា​កសិករ តែ​សសរ​ស្តម្ភ​សេដ្ឋកិច្ច មិនមែន​ជា​វិស័យ​កសិកម្ម នេះ​បញ្ជាក់​ឲ្យ​​ឃើញ​ថា សេដ្ឋកិច្ច​យើង​នៅ​ទ្រេត​ទ្រោត​នៅ​ឡើយ។ ឧទាហរណ៍ បើ​ថ្ងៃ​ណា​មួយ អឺរ៉ុប​បិទ​ការ​នាំចូល​សម្លៀក​បំពាក់ គឺ​យើង​ដួល​ដោយ​មិន​បាច់​រុញ​ឡើយ។

ឱនភាព​សេដ្ឋកិច្ច​ឆ្លុះ​បញ្ចាំង​ពី​ចំណាក​ស្រុក​របស់​ពលរដ្ឋ​ដោយ​ខុស​ច្បាប់ ជាង​១​លាន​នាក់​ទៅ​ក្រៅ​ប្រទេស និង​កំណើន​នៃ​ការ​សង​បំណុល​ត្រឡប់​មក​វិញ​មិន​ទាន់​ពេល កាន់​តែ​កើន​ឡើង​ពី​១​ខែ​ទៅ​១​ខែ។

បញ្ហា​បី​នៅ​ក្នុង​ឃឿន​សេដ្ឋកិច្ច​ខ្មែរ ដែល​កំពុង​ជួប​បញ្ហា​គឺ៖

  1. បំណុល​រុំកោះ ធ្វើ​ឲ្យ​វិស័យ​ហិរញ្ញ​វត្ថុ ទទួល​រង​នូវ​ការ​គំរាម​កំហែង។
  2. ចំណាក​ស្រុក​ខុស​ច្បាប់ ធ្វើឲ្យ​ខ្សោះ​កម្លាំង​ពលកម្ម កម្លាំង​ផលិតកម្ម​ក្នុង​ស្រុក។
  3. បញ្ហា​កសិកផល​គ្មាន​ទីផ្សារ​ច្បាស់​លាស់ ធ្វើឲ្យ​កសិករ​បោះបង់​មុខ​របរ​កសិកម្ម។

បញ្ហា​ទាំង​បី​នោះ​គឺ​រួម​មក​តែ​១ គឺ​បញ្ហា «កសិកផល​គ្មាន​ទីផ្សារ​​ច្បាស់​លាស់» ដែល​លោក​បណ្ឌិត​ខ្លះ​ថា៖ មក​ពី​កសិករ​ដាំ​មិន​មើល​ទីផ្សារ​និង​មិន​មើល​រដូវ។ បើ​កសិផល​មាន​ទីផ្សារ​​តម្លៃ​សមរម្យ កសិករ​នឹង​មាន​ចំណូល​សម្រាប់​ទូទាត់​បំណុល ហើយ​ការ​ចំណាក​ស្រុក​នឹង​ត្រូវ​កាត់​បន្ថយ​ជា​អតិបរិមា។

កសិផល​គ្មាន​ទីផ្សារ​ច្បាស់​លាស់ គឺ​មាន​ចំណុច​សំខាន់​ពីរ គឺ​កសិផល​ដែល​ជា​វត្ថុធាតុ​ដើម​ហូរ​ចេញ​ក្រៅ​ប្រទេស ជា​ជាង​នាំ​ចេញ​ផលិផល​សម្រេច។ ការ​នាំ​ចេញ​វត្ថុធាតុ​ដើម​ធ្វើ​ឲ្យ​​រោងចក្រ (ឧ. ម្សៅ​មី រោង​ម៉ាស៊ីន​កិនស្រូវ) ខ្វះ​វត្ថុធាតុ​ដើម​សម្រាប់​ផលិត​ជា​ផលិតផល​សម្រេច ដែល​ធ្វើ​ឲ្យ​​រោងចក្រ​ទាំង​នោះ​ប្រឈម​មុខ​នឹង​ការ​បិទ​ទ្វារ (ឧ. នៅ​ឆ្នាំ​២០១៥ រោង​ម៉ាស៊ីន​កិន​ស្រូវ​ជាង ៤០% ប្រឈម​មុខ​នឹង​ការ​បិទទ្វារ)។

បញ្ហាដែលពលរដ្ឋត្រូវលក់ អោយឈ្មូញកណ្តាល ទាំងប្រថុចញ៉ុច គឺដោយសារ កសិករគ្មានជំរើស និង គំនាបពីម្ចាស់បំណុល ក្នុងការសងត្រឡប់ទៅវិញ។

ការ​ដែល​ឈ្មូញ​កណ្តាល​ភាគ​ច្រើន​លក់​ទៅ​ឲ្យ​ឈ្មូញ​បរទេស ជា​ជាង​រោងចក្រ​ក្នុង​ស្រុក សម្រាប់​ការ​នាំ​ចេញ​វត្ថុ​ធាតុ​ដើម​នេះ គឺ​មាន​ជាប់​ពាក់ព័ន្ធ​យ៉ាង​ខ្លាំង​ជាមួយ​មន្រ្តី​រដ្ឋាភិបាល ដែល​មាន​អំណាច​មួយ​ចំនួន។

រួម​សេចក្តី​មក បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​មាន​៣​ចំណុច៖

  1. ដោះស្រាយ​បញ្ហា​ទីផ្សារ​កសិផល តាមរយៈ​ការ​លើក​កម្ពស់​សង្វាក់​ផលិតកម្ម ច្នៃ​កសិផល ទៅ​ជា​ផលិត​ផល​សម្រេច​ក្នុង​ស្រុក។
  2. បិទ​ការ​នាំ​ចេញ​កសិផល ដែល​ជា​វត្ថុ​ធាតុ​ដើម។
  3. សម្រប​សម្រួល​ប្រព័ន្ធ​សង​កម្ចី​ទៅ​តាម​សមត្ថភាព​និង​លទ្ធភាព​កសិករ។

ចង្កៀង​គ្មាន​ប្រេង ដូច​មនុស្ស​គ្មាន​ឈាម។ សេដ្ឋកិច្ច​គ្មាន​ឃឿន គឺ​ដូច​មនុស្ស​គ្មាន​ដង្ហើម៕

សម្គាល់៖ អត្ថបទ​វិភាគ​នេះ​ ជា​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​អ្នក​និពន្ធ និង​មិន​ឆ្លុះ​បញ្ចាំង​ទស្សនៈ​របស់​គេហ​ទំព័រ ខេមបូណូមីស ឡើយ។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការ​លំបាក​របស់​កសិករ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ និង​បំណុល​នៅ​ជនបទ

ព័ត៌មាន
បំណុល​ បច្ចុប្បន្ន គឺ​ជា​រឿង​ស្មុគស្មាញ​សម្រាប់​អ្នក​ខ្ចី (ដូចជា កសិករ) និង​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ (MFIs)។ វា​ជា​ការ​លំបាក​ដ៏​ខ្លាំង​…

វៀតណាម​ផឹក​ខ្លាំង​ជាងគេ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍

ព័ត៌មាន
បើ​និយាយ​ពី​រឿង​ផឹក​គ្រឿង​ស្រវឹង​ ពាន​រង្វាន់​ជើងឯក​អាស៊ី​អាគ្នេយ៍​​ខាង​ផឹក​ គឺ​បាន​ទៅ​លើ​ប្រជាជន​វៀតណាម ហើយ​បើ​គិត​ក្នុង​តំបន់​អា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ