Advertisement
ដាច់ភ្លើងញឹក ម៉ាស៊ីភ្លើងឡើងថ្លៃ

តម្រូវការម៉ាស៊ីនភ្លើងហក់ឡើងទ្វេដងបន្ទាប់ពីដាច់ភ្លើងញឹកញាប់


តម្រូវការម៉ាស៊ីនកំពុងហក់ឡើងខ្ពស់នៅក្នុងរយៈពេល ២ខែចុងក្រោយនេះ បន្ទាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវទៅប្រជាពលរដ្ឋឲ្យទិញម៉ាស៊ីនភ្លើងផ្ទាល់ខ្លួន ខណៈដែលកម្ពុជាកំពុងប្រឈមមុខនឹងកង្វះចរន្តអគ្គិសនី និងមានការដាច់ភ្លើងជាញឹកញាប់។
តម្រូវការម៉ាស៊ីនភ្លើងហក់ឡើងទ្វេដងបន្ទាប់ពីដាច់ភ្លើងញឹកញាប់
ដោយ
Advertisement

សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីពេល​ថ្មីៗ​នេះថា កម្ពុជា​កំពុងប្រឈម​មុខ​នឹងកង្វះខាត​ថាមពលអគ្គិសនី​ដល់ទៅ ៤០០​មេហ្កាវ៉ាត់ ដោយលោក​បន្ទោសបញ្ហានេះ ទៅលើកម្រិត​ទឹកទាប​នៅតាម​ទំនប់វារីអគ្គិសនី​នានា ហើយលោក​បានអំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ឲ្យទិញម៉ាស៊ីន​ភ្លើង​ផ្ទាល់ខ្លួនប្រើប្រាស់ ដើម្បីឆ្លើយតប​នឹង​បញ្ហានេះ។ ​​អាជ្ញាធរ​អគ្គិសនី​កម្ពុជា (EDC) បាន​ជូន​ដំណឹង​ជា​បន្ត​បន្ទាប់​អំពី​ការ​កាត់​ផ្ដាច់​ចរន្ត​អគ្គិសនី​នៅ​តាម​តំបន់​នានា​ក្នុង​រាជ​ធានី​ភ្នំពេញ និង​នៅ​តាម​បណ្ដា​ខេត្ត​នានា។

ប្រតិបត្តិករ​ចែកចាយ និង​លក់​ម៉ាស៊ីន​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ អះ​អាង​ថា កង្វះ​ខាត​ថាមពល​អគ្គិសនី និង​ការ​អំពាវ​នាវ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី បាន​ជំរុញ​ឲ្យ​តម្លៃ​នៃ​ម៉ាស៊ីន​ភ្លើង​កើន​ឡើង ដោយសារ​តែ​តម្រូវការ​ដ៏​ខ្ពស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈ​ពេល ២​ខែ​កន្លង​មក​នេះ។

នាយក​ទីផ្សារ​នៃ​ក្រុមហ៊ុន​ ​ខាង ស៊ាងលី លោក ជូ លីយូ ដែល​ជា​អ្នក​​ចែក​ចាយ​​គ្រឿង​យន្តជាច្រើន​យីហោ​នាំ​ចូល​មក​ពី​ប្រទេស​ចិន​នោះ បាន​ឲ្យ​ដឹង​ថា ចំនួន​នៃ​ការ​ចែក​ចាយ​ម៉ាស៊ីន​ភ្លើង​គ្រប់​ប្រភេទ​របស់​ក្រុមហ៊ុន​លោក បាន​កើន​ឡើង​ទ្វេ​ដង​​នៅ​ក្នុង​ខែ​មីនា​កន្លង​មក បើធៀប​នឹង​​ចំនួនចែក​ចាយ ១៥០​គ្រឿង​នៅ​កាល​ពី​មួយ​ខែ​មុន ហើយ​ការ​ចែក​ចាយ​ម៉ាស៊ីន​ភ្លើង​នៃ​ក្រុមហ៊ុន​របស់​លោក​ ទទួល​បាន​កំណើន​ប្រហែល ៣០​ភាគរយ​បន្ថែម​ទៀត​ចន្លោះ​ពី​ថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី​២៥ ខែ​មេសា​នេះ បើធៀប​ទៅ​នឹង​តួលេខ​នៃ​ខែ​មីនា។

លោក ជូ លីយូ មាន​ប្រសាសន៍​ថា៖ «ប៉ុន្តែ គ្រាន់​តែ​ថា ដោយសារ​តែ​ទំនិញ​យើង​មាន​ចំនួន​កំណត់ ការលក់​ក៏​មាន​ការ​ដាច់​ស្តុក​ដែរ។ យើង​កំពុង​ដាច់​ស្តុក​រហូត​ដល់​រយៈ​ពេល​កន្លះ​ខែ​ក្រោយ​មក បាន​មាន ​[លក់​បន្ត​ទៀត]​ អញ្ចឹង​ទៅ។ មិន​មែន​តែ[ ក្រុមហ៊ុន​ខ្ញុំ​ទេ] ខ្ញុំ​ឃើញ​មាន​ក្រុមហ៊ុន​ជា​ច្រើន​ដែល​នាំ​ចូល​នូវ​ម៉ាស៊ីន​ហ្នឹង​ដែរ​អ្ហា ក៏​មាន​ការ​ដាច់​ស្តុក​ដែរ»។

នាយក​ទីផ្សារ​នៃ​ក្រុមហ៊ុន​បោះ​ដុំ​គ្រឿង​យន្ត​មួយ​នេះ បាន​អះ​អាង​ថា តម្លៃ​នៃ​ការ​ចែក​ចាយ​ម៉ាស៊ីន​ភ្លើង​របស់​ក្រុមហ៊ុន​លោក ត្រូវ​បាន​បង្កើត​បន្តិច​បន្តួច​ត្រឹម​តែ ៣​ភាគរយ​ប៉ុណ្ណោះ បើទោះបី​ជា​តម្រូវ​ការ​ម៉ាស៊ីន​ប្រភេទ​នេះ បាន​ហក់​ឡើង​ខ្ពស់​នៅ​ក្នុង​រយៈ​ពេល ២​ខែ​ចុង​ក្រោយ​នេះ​ក៏​ដោយ។

ប៉ុន្តែ លោក លីយូ ​អះ​អាង​​ថា តម្លៃ​នៃ​ម៉ាស៊ីន​ភ្លើង​ត្រូវ​បាន​ដាក់​លក់​រាយ​ក្នុង​តម្លៃ​ខ្ពស់ ខណៈ​ដែល​អាជីវករ​មួយចំនួន ទើប​តែ​ចាប់​ផ្ដើម​ងាក​មក​លក់​ម៉ាស៊ីន​ភ្លើង​ចំពេល​ដែល​មាន​តម្រូវការ​ខ្ពស់​នា​ពេល​ថ្មី​នេះ​ប៉ុណ្ណោះ។

​លោក ម៉ី ផល្គុន អ្នកលក់ម៉ាស៊ីនភ្លើង បាន​អះ​អាង​ថា លោក​ទើប​តែ​ចាប់​ផ្ដើម​​​ទទួល​យក​ម៉ាស៊ីន​ភ្លើង​ពី​មិត្តភក្តិ និង​យក​មក​លក់​រាយ​បន្ត​កាល​ពី​ដើម​ខែ​មីនា​កន្លង​មក​ប៉ុណ្ណោះ ក្រោយ​ពី​លោក ហ៊ុន សែន បាន​អំពាវ​នាវ​ទៅ​ពលរដ្ឋ​ឲ្យ​ទិញ​ម៉ាស៊ីន​ភ្លើង​យក​មក​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​នោះ។

Advertisement

អាជីវករ​រូប​នេះ បាន​ទទួល​ស្គាល់​ពី​ផល​ចំណេញ​ដ៏​ធំ​នៃ​ការ​លក់​ម៉ាស៊ីន​ភ្លើង​មួយ​គ្រឿងៗ​​នៅ​ក្នុង​រយៈ​ពេល​ចន្លោះ​ពី​ខែ​មីនា ដល់​ខែ​មេសា​នេះ បើទោះបី​ជា​លោក​បដិសេធ​ផ្ដល់​ទិន្នន័យ​លម្អិត​ក៏​ដោយ។

លោក ម៉ី ផល្គុន មាន​ប្រសាសន៍៖ «ខ្ញុំ​លក់​យក​ចំណេញ​តិចៗ​ទេ ហើយ​ការ​លក់​នេះ ព្រោះ​តែ​តម្រូវការ​ម៉ាស៊ីន​កើន​ឡើង​ វា​ជា​ឱកាស​មួយ​សម្រាប់​ការ​រក​ស៊ី»។

ការ​ប្រើ​ប្រាស់​ម៉ាស៊ីន​ភ្លើង​ផ្ទាល់​ខ្លួន​សម្រាប់​ផលិត​ថាមពល​អគ្គិសនី​ អាច​ជា​ដំណោះ​ស្រាយ​សម្រាប់​បញ្ហា​កង្វះ​ខាត​ថាមពល​អគ្គិសនី​នាពេល​បច្ចុប្បន្ន ប៉ុន្តែ វា​ជា​បន្ទុក​បន្ថែម​ទៅ​លើ​ទំហំ​នៃ​ចំណាយ​ប្រតិបត្តិការ​បន្ថែម​ទៀត។

លោក សេង វីរៈ ម្ចាស់​ហាង​កាហ្វេ​ចំការដូង ស្ថិត​នៅ​ជាយ​រាជ​ធានី​ភ្នំពេញ ជា​តំបន់​ដែល​ប្រឈម​មុខ​នឹង​ការ​ដាច់​ចរន្ត​អគ្គិសនី​ជាញឹក​ញាប់​នោះ បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​សម្រេច​ចិត្ត​ទិញ​ម៉ាស៊ីន​ភ្លើង​កម្លាំង ១០​KW មួយ​គ្រឿង​ ដែល​ថា ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ​ខ្ពស់​ជាង​តម្លៃ​ធម្មតា។

លោក សេង វីរៈ មាន​ប្រសាសន៍ថា៖ «ខ្ញុំ​ដឹង​ច្បាស់​ថា ​ម៉ាស៊ីន​ដែល​ខ្ញុំ​ទិញ​នេះ​ថ្លៃ​ជាង​តម្លៃ​ធម្មតា​ប្រមាណ ៣០០ដុល្លារ ប៉ុន្តែ ខ្ញុំ​នៅ​តែ​ទិញ​ព្រោះ​គ្មាន​ជម្រើស។​ អ្នករកស៊ីដូចយើង បើគ្មានលុយបង់ភ្លើងគេផ្តាច់។ ពេល​ទៅទិញម៉ាស៊ីន ឈ្មួញ​តំឡើងថ្លៃ ម៉ាស៊ីនឡើងថ្លៃ សាំងឡើងថ្លៃ មិន​ងាយ​ស្រួល​រក​ស៊ី​ឡើយ ​នឹកឃើញចង់​បិទហាង​ចោល តែបើបិទ បានលុយឯណាសងធនាគារ?»។

អ្នកស្រាវជ្រាវជាន់ខ្ពស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ប្រចាំនៅកម្ពុជា លោក ឌួង ប៉ូឡង់ បាន​អះ​អាង​ថា កង្វះ​ខាត​ថាម​ពល​អគ្គិសនី​ក្នុង​រយៈ​ពេល ២​ខែ​ចុង​ក្រោយ​នេះ ប្រាកដ​ជា​ប៉ះ​ពាល់​ទៅ​ដល់​ដំណើរការ​អាជីវកម្មរ​ខ្នាត​តូច ប៉ុន្តែ លោក​ថា បញ្ហា​នេះ នឹងមិនប៉ះពាល់​ធ្ងន់ធ្ងរទៅ​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ​នោះឡើយ។

លោក ប៉ូ ឡង់បញ្ជាក់ ៖ «យើងសង្កេតឃើញថា រដ្ឋាភិបាល​បានចាត់វិធានការណ៍​មួយចំនួន​រួចហើយ និងបានដឹងច្បាស់​ថា អ្វីជាបញ្ហា អ្វីជាដំណោះស្រាយ។ បើអ្វីដូចដែល​រដ្ឋាភិបាល​សន្យា​ថា ភ្លើងនឹង​ប្រើគ្រប់នៅ​រដូវវស្សារនេះ វាគឺជាការ​ប៉ះពាល់​រយៈពេលខ្លី​ប៉ុណ្ណោះ»។

ម៉ាស៊ីនភ្លើង ដែលបាន​ដាក់លក់​លើទីផ្សារ

ជាមួយគ្នានេះ ធនាគារ​ពិភព​លោក បាន​លើកឡើងដែរថា ប្រទេស​កម្ពុជា​មិន​មែន​ទើប​តែ​ជួប​ប្រទះ​បញ្ហា​ដាច់​ចរន្ត​អគ្គិសនី​ដែល​កើត​ចេញ​ពី​កង្វះ​ខាត​ថាមពល​នោះ​ឡើយ ប៉ុន្តែ បញ្ហា​នេះ​បាន​កើត​ឡើង​​ជាច្រើន​ឆ្នាំ​មក​ហើយ ដោយសារ​តែ​ប្រភព​ផ្គត់​ផ្គង់​ថាមពល​អគ្គិសនី ពុំ​អាច​ឆ្លើយ​តប​ទៅ​នឹង​កំណើន​ដ៏​ខ្ពស់​នៃ​តម្រូវការ​ថាមពលអគ្គិសនី​​ជិត ២០​ភាគរយ​នៅ​រៀង​រាល់​ឆ្នាំ។

ការ​ស្ទង់​មតិ​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ធនាគារ​ពិភព​លោក​ទៅ​លើ​​ក្រុមហ៊ុន​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៦​កន្លង​មក បាន​​រក​ឃើញ​ថា ចំនួន​នៃ​ការ​ដាច់​ថាមពល​​អគ្គិសនី​នៅ​កម្ពុជា បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ចំនួន ៦​ដង​ក្នុង​មួយ​ខែ​នៅ​ឆ្នាំ​២០១៣ មក​នៅ​ត្រឹម​ចំនួន​​ប្រហែល ២​ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ​នៅ​ក្នុង​ឆ្នាំ​២០១៦។

ម៉ាស៊ីនភ្លើង ដែលបាន​ដាក់លក់​លើទីផ្សារ

ធនាគារ​ពិភព​លោក បាន​រក​ឃើញ​ទៀត​ថា កង្វះ​ថាមពល​អគ្គិសនី​ដែល​កើត​ឡើង​នៅ​កម្ពុជា បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ខាត​បង់​ផលិត​ភាព​ប្រហែល ៣.៦​ភាគរយ​នៃ​ទំហំ​នៃ​ការ​លក់​របស់​ក្រុមហ៊ុន​ទាំង​មូល។

ធនាគារ​ពិភព​លោក បាន​រៀបរាប់​ថា​៖ «ការ​ផ្គត់​ផ្គង់​ថាមពល​អគ្គិសនី​មិន​បាន​គ្រប់​គ្រាន់ អាច​ជំរុញ​ឲ្យ​មាន​ការ​កើន​ឡើង​នៃ​ទំហំ​​ការ​ចំណាយ ផលិតកម្ម​រអាក់​រអួល និង​ធ្វើ​ឲ្យ​ប្រាក់​ចំណូល​ធ្លាក់​ចុះ»។

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការអភិវឌ្ឍព្រលានយន្តហោះ នៅភូមិភាគឦសាន នឹងបើកផ្លូវ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានបង្ហាញពី ផែនការមេអភិវឌ្ឍន៍ នៅភូមិភាគឦសាន ដោយបានជ្រើសរើសខេត្តចំនួន ៤ ជាអាទិភាព សម្រាប់ការអភិវឌ្ឍទៅលើ វ...

ក្រុមហ៊ុន CP របស់ថៃ គ្រោងវិនិយោគ ២០០ លានដុល្លារ នៅវៀតណាម បង្កើតមជ្ឈមណ្ឌលនាំចេញ

ព័ត៌មាន
ក្រុមហ៊ុនកសិកម្មចំណីអាហារដ៏ធំរបស់ថៃ គឺCP Food នឹងវិនិយោគ ២០០ លានដុល្លារអាមេរិក បង្កើតមជ្ឈមណ្ឌល នាំចេញធំមួយនៅក្នុងប្រទេសវៀតណាម ដើម្ប...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ