បរិស្ថាន

សត្វ​ត្រដក់​ធំ​ជិត​ផុត​ពូជ​លើ​លោក ញាស់​កូន​បាន​១៧៥​សំបុក​​នៅ​កម្ពុជា


នេះ​ជា​ដំណឹង​ល្អ​សម្រាប់​អ្នក​អភិរក្ស​និង​អ្នក​ស្រលាញ់​សត្វ​ស្លាប​! សត្វ​ត្រដក់​ធំ​ដែល​ជា​សត្វ​ស្លាប​រង​គ្រោះ​ជិត​ផុត​ពូជ​នៅ​លើ​សកល​លោក ឥឡូវ​នេះ បាន​ញាស់​កូន​ចំនួន ១៧៥​សំបុក នៅ​ក្នុង​តំបន់​រ៉ាមសារ ព្រែក​ទាល់ និង​បាន​ចាក​ចេញ​ពី​សំបុក​ ទៅ​កាន់​ទីជម្រក​ធម្មជាតិ​នានា​ នៅ​ក្នុង​ប្រទេស​កម្ពុជា។
សត្វ​ត្រដក់​ធំ​ដ៏​កម្រ ដែលថត​បាន​នៅ​តំបន់​ព្រែកទាល់ ប្រទេស​កម្ពុជា។ រូបភាព៖ អង្គការ WCS
ដោយ

បើ​​តាម​អង្គការ សមាគម​​អភិរក្ស​សត្វ​ព្រៃ​នៅ​កម្ពុជា (WCS) មុន​នឹង​ញាស់ សំបុក​សត្វ​ត្រដក់​ធំ​ដ៏​កម្រ​នេះ​ ត្រូវ​បាន​ការពារ​និង​ថែ​រក្សា​យ៉ាង​ល្អ ពី​មន្ត្រី​ឧទ្យានុរក្ស​ក្រសួង​បរិស្ថាន ប្រជាជន​មូលដ្ឋាន​នៅ​ព្រែក​ទាល់ និង​មន្ត្រី​អង្គការ WCS។ 

លោក ឈន ឈូម គឺ​ជា​អតីត​អ្នក​ប្រមូល​ពង​កូន​សត្វ​ស្លាប​ទឹក ប៉ុន្តែ បច្ចុប្បន្ន លោក​ជា​អ្នក​អភិរក្ស​សំបុក​សត្វ​ស្លាប​នៅ​តំបន់ រ៉ាមសារ ព្រែកទាល់។ 

លោក​ថ្លែង​ថា ៖ «ខ្ញុំមានមោទនភាព​ដែល​បាន​ធ្វើការ​ជាមួយ​ក្រុម​អ្នក​អភិរក្ស​ដើម្បី​ការពារ​សត្វ​ស្លាប​ដ៏​កម្រ​នេះ។ ខ្ញុំ​ពិត​ជា​រីករាយ​ខ្លាំង​ណាស់​ដែល​ឃើញ​សត្វ​ត្រដក់​ធំ និង​សត្វ​ស្លាប​ទឹក​ដទៃ​ទៀត រស់នៅ​និង​ពង​កូន​​នៅ​ទីនេះ​ដោយ​សុវត្ថិភាព»។

សត្វ​ត្រដក់​ធំ​ ដែល​ថត​បាន​នៅ​តំបន់​អភិរក្ស​ព្រែក​ទាល់​ កម្ពុជា។ រូបភាព៖ អង្គការ WCS

សត្វ​ត្រដក់​ធំ គឺ​ជា​ប្រភេទ​ត្រដក់​មាន​មាឌ​ធំ​ជាងគេ​បំផុត និង​មាន​កម្ពស់ដល់ទៅ ១ម៉ែត្រ​កន្លះ។ សត្វ​ស្លាប​ប្រភេទ​នេះ ស្ថិត​ក្នុង​បញ្ជី​អង្គការ IUCN ជា​ប្រភេទ​រងគ្រោះ​ជិត​ផុត​ពូជ​នៅ​លើ​សកល​លោក។ 

សព្វ​ថ្ងៃ នៅ​ទូទាំង​ពិភព​លោក មាន​សត្វ​ត្រដក់​ពេញវ័យ​តែ ៨០០ ទៅ ១០០០​ក្បាល​ប៉ុណ្ណោះ កំពុងរស់នៅ ហើយ​ក្នុង​នោះ នៅ​តំបន់​រ៉ាមសារ ព្រែក​ទាល់ របស់​កម្ពុជា​ ដែល​ជា​បន្ទាយ​ពង​កូន​ចុង​ក្រោយ​គេ​បង្អស់​នៅ​អាស៊ី​អាគ្នេយ៍ មាន​សត្វ​ត្រដក់​ធំ​ចំនួន ១៥០ ទៅ ២០០​គូ កំពុង​រស់នៅ។ 

សត្វ​ត្រដក់​ធំ​ ដែល​ថត​បាន​នៅ​តំបន់​អភិរក្ស​ព្រែក​ទាល់​ កម្ពុជា។ រូបភាព៖ អង្គការ WCS

លោក ស៊ុន វិសាល មន្ត្រី​អង្កេត​តាមដាន​និងស្រាវជ្រាវ​សត្វ​ស្លាប​ទឹក​នៃ​ក្រសួង​បរិស្ថាន និង​អង្គការ WCS ថ្លែងថា ៖ ព្រែក​ទាល់​គឺ​ជា​ជម្រក​សត្វ​ស្លាប​ទឹក​ដ៏​សំខាន់​បំផុត​នៅ​កម្ពុជា។ សត្វ​ស្លាប​ទឹក​ជាង ១៣០​ប្រភេទ​ កំពុង​រស់នៅ​និង​ពងកូន​នៅ​តំបន់​រ៉ាមសារ ព្រែកទាល់​នេះ។

មន្ត្រី​បរិស្ថាន​ដដែល​នេះ អំពាវនាវ​ដល់ប្រជាសហគមន៍ និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ពិសេស ម្ចាស់​ជំនួយ សូម​បន្ត​ការគាំទ្រ​ដល់​សកម្មភាព​អភិរក្ស​តំបន់​ព្រែកទាល់​នេះ ដើម្បី​ការពារ​សត្វ​ស្លាប​ទឹក​សំខាន់ៗ​និង​កម្រៗ ព្រមទាំង​ជម្រក​ពួក​វា​កុំ​ឲ្យ​បាត់​ប​ង់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា​លើក​«ទឹក​ជំនួស​ស្រា​»​សន្យា​​ការពារ​វិនិយោគ​ទៅ​មក​​ជាមួយ​​អារ៉ាប់​អេមីរ៉ាត

ព័ត៌មាន
បន្ទាប់​ពី​ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​ធំ​មួយ​របស់​អារ៉ាប់ Emirates បាន​ពង្រីក​ជើង​ហោះហើរ​របស់​ខ្លួន​ទៅ​មក​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​នេះ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ