ពាណិជ្ជកម្ម​អឺរ៉ុប-វៀតណាម

សហភាពអឺរ៉ុបបិទព្រំដែន កំពុងធ្វើឲ្យការនាំចេញរបស់វៀតណាមរងទុក្ខ!


គិតមកទល់ពេលនេះ គឺមានរយៈពេល ៧ថ្ងៃហើយ ដែលសហភាពអឺរ៉ុបបានដាក់វិធានការបិទព្រំដែន អំឡុងពេលមានករណីឆ្លងខ្លាំងនៃមេរោគ Covid-19 នៅក្នុងប្រទេសជាសមាជិក ខណៈដែលការបិទព្រំដែននេះ គឺនឹងមានរយៈពេល ៣០ថ្ងៃ។ វិធានការបិទព្រំដែនរបស់ហភាពនេះ កំពុងធ្វើឲ្យប៉ះពាល់ដល់ការនាំចេញរបស់ប្រទេសមួយចំនួន ដែលនាំទំនិញទៅអឺរ៉ុប តួយ៉ាង ការនាំចេញវៀតណាម នឹងត្រូវបានកាត់បន្ថយប្រមាណ ៨%។
វៀតណាម នាំចេញស្បែកជើង ប្រមាណ ១ពាន់លានគូ ក្នុងមួយឆ្នាំៗ ពិសេសទៅអឺរ៉ុប (https://en.vietnamplus.vn)
ដោយ

ក្រសួង​ឧស្សាហកម្ម និងពាណិជ្ជកម្ម​វៀតណាម បាន​បញ្ជាក់​នៅក្នុងសារព័ត៌មាន Vietnam Express ថា ការសម្រេចចិត្តបិទ​ព្រំដែន​រយៈពេល ៣០ថ្ងៃ ចាប់​តាំងតែពីថ្ងៃទី ១៧ មីនា កន្លងមក របស់​សហភាពអឺរ៉ុបនេះ គឺនឹងធ្វើឲ្យ​ប៉ះពាល់ដល់ការនាំចេញ​វៀតណាម​ថយចុះជាងមុន ៨%។

បើទោះបីជា​ការបិទព្រំដែនរបស់អឺរ៉ុបនេះ មិនបាន​កំណត់លើ​ទំនិញក៏ដោយ ប៉ុន្ដែ ក្រសួង​ឧស្សាហកម្ម និងពាណិជ្ជកម្ម​វៀតណាម រំពឹងថា វិធានការ​សុវត្ថិភាព​របស់សហភាព​អឺរ៉ុប ដែលជាទីផ្សារ​ធំបំផុតទី២ របស់វៀតណាម បន្ទាប់ពី​អាមេរិកនេះ នឹងធ្វើឲ្យ​ពាណិជ្ជកម្ម​ និងការប្រើប្រាស់​មានការធ្លាក់ចុះអន់ថយ។

ការដឹកជញ្ជូនទំនិញ​តាម​យន្ដហោះ នឹងត្រូវប្រឈម​នឹងបញ្ហា ដោយសារតែការរឹតត្បឹត​លើការហោះហើរ ខណៈដែលតម្រូវការ​នៃផលិតផលនាំចេញ​តម្លៃរាប់ពាន់លាន​ដុល្លារ​របស់វៀតណាម ដូចជា​វាយនភណ្ឌ ស្បែកជើង កុំព្យូទ័រ និងទូរស័ព្ទ​ស្មាតហ្វូនជាដើម នឹងមាន​ការថមថយ​ចុះជាងមុន។ នេះបើតាម​ការគូសបញ្ជាក់​របស់ ក្រសួង​ឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម។

ជាមួយគ្នានេះដែរ អ្នកនាំចេញ​វៀតណាម​​ក៏បាន​បង្ហាញពីការព្រួយបារម្ភ​ចំពោះ​ការរឹតត្បិត​នេះដែរ។

លោក ផាម សៀន ហុង ប្រធាន​សមាគមកាត់ដេរ​សម្លៀកបំពាក់ និងវាយនភណ្ឌ ទីក្រុង​ហូជីមិញ បាន​និយាយថា ដោយសារតែ​សហភាពអឺរ៉ុប​បញ្ជាទិញជាង ១១% នៃ​ផលិតផល​វាយនភណ្ឌ​នាំចេញ​របស់វៀតណាម ដូច្នេះ ឧស្សាហកម្មនេះ អាចនឹង​ជួបផលប៉ះពាល់ ប្រសិនបើ​អ្នកបញ្ជា​ទិញអឺរ៉ុប ផ្អាកការ​បញ្ជាទិញ។

ការនាំចេញ​សរុប​ទៅអឺរ៉ុប របស់ប្រទេសវៀតណាម កាលពីឆ្នាំមុន មានតម្លៃជាង ៤១ ពាន់លាន​ដុល្លារអាមេរិក ធ្លាក់ចុះ ១% ធៀបនឹង​ឆ្នាំ២០១៨ ក្នុងនោះ ផលិតផល​សំខាន់ៗមានដូចជា វាយនភណ្ឌ ស្បែកជើង គ្រឿងម៉ាស៊ីន និងផលិតផល​កសិកម្ម ហើយក្នុងនោះ ប្រទេស​អាល្លឺម៉ង់ គឺជាទីផ្សារធំបំផុត​ក្នុងចំណោម​ប្រទេសជាសមាជិក​សហភាពអឺរ៉ុប​ផ្សេងទៀត។

មិនមែនមាន​តែ​ការនាំចេញ​វាយនភណ្ឌ និងស្បែកជើង របស់​វៀតណាម ដែលត្រូវ​ជួបបញ្ហា​ដោយសារតែ​អឺរ៉ុប​កំពុងរឹតត្បិត​ព្រំដែននោះទេ។ បើយើងក្រឡេក​មកមើល​ប្រទេស​កម្ពុជាយើងឯណោះវិញ ការនាំចេញ​ផលិតផល​សម្លៀកបំពាក់ និងស្បែកជើង ក៏​កំពុង​មានបញ្ហាប្រឈមដែរ។

ជាក់ស្ដែង បើតាម​ប្រធាន​សមាគម​រោងចក្រ​ កាត់ដេរ​កម្ពុជា លោកឧកញ៉ា វ៉ាន់ ស៊ូអៀង កាលពីពេល​ថ្មីៗនេះ បាន​ថ្លែងប្រាប់​ភីអិនអិនថា ដោយសារតែ​បញ្ហា​Covid-19 នេះ អ្នកបញ្ជាទិញអឺរ៉ុប រួមទាំង​អ្នកបញ្ជាទិញ​ពីអាមេរិកផងដែរ បាន​ប្រាប់​ឲ្យ​រោងចក្រ​កាត់ដេរ​មួយចំនួន​នៅកម្ពុជា ត្រូវបន្ដ​ផ្អាក​ប្រតិបត្តិការ​ផលិត​របស់ខ្លួន​បន្ដទៀត។ ការស្នើឲ្យ​មានការផ្អាក​ប្រតិបត្តិការ​ផលិតនេះ គឺធ្វើឡើង​បន្ទាប់ពីរោងចក្រ​កាត់ដេរ​ទាំងនោះ ទើបតែ​ទទួល​បាន​វត្ថុធាតុដើម​ពីប្រទេសចិន ដើម្បី​ផលិតបន្ដ ប៉ុន្ដែ ក៏ត្រូវតម្រូវ​ឲ្យផ្អាក​សកម្មភាព​ផលិត​បន្ដទៀត ព្រោះតែមាន​ការស្នើ​ពីប្រទេស​អ្នកបញ្ជាទិញ។

របាយការណ៍ពីក្រសួងពាណិជ្ជកម្ម​កម្ពុជា បង្ហាញថា សម្រាប់ខែ​មីនា ឆ្នាំ២០២០នេះ ការនាំចេញទៅអឺរ៉ុប​មានប្រមាណតែជាង ២៥៥ លាន​ដុល្លារអាមេរិកប៉ុណ្ណោះ ធ្លាក់ចុះប្រមាណ ២៧៤ លាន​ដុល្លារអាមេរិក កាលពីខែ​កុម្ភៈ គិតជាអត្រាភាគរយ គឺមានមានការថយចុះ ៧%៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្នុងខែកុម្ភៈ ថៃធ្លាក់ចុះចំនួនទេសចរអន្តរជាតិជិត ៤៣%

ព័ត៌មាន
ចំនួនទេសចរបរទេសដែលធ្វើដំណើរចូលប្រទេសថៃ បានធ្លាក់ចុះជិត ៤៣% គិតក្នុងខែកុម្ភៈកន្លងទៅនេះ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន បន្ទាប់ពីបា…

ILO៖ មនុស្សជាង ២៥​​លាននាក់ នឹង​​ត្រូវ​​បាត់​បង់​ការងារ​ធ្វើ ដោយសារ​វីរុស​កូវីដ១៩

ព័ត៌មាន
អង្គការ​ពលកម្ម​អន្តរជាតិ ហៅកាត់ថា ILO បាន​ធ្វើការ​វាយតម្លៃ​ជាបឋម​ទៅ​លើ​ផល​ប៉ះពាល់​នៃ​វីរុស​កូវីដ១៩ មក​លើ​ការងារ​ជុំវិញ​សកលលោក និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ