អគារខ្ពស់ៗ

អគារ Exchange Square កម្ពស់១៦ជាន់ បើកសម្ពោធផ្លូវការហើយ ក្រោយពីដំណើរ​ការ​សាកល្បង​បានមួយរយៈ


អគារពាណិជ្ជកម្មទំនើបមួយដែលមានឈ្មោះថា EXCHANGE SQUARE កម្ពស់១៦ជាន់ ដែលស្ថិតនៅក្បែរអគារវឌ្ឍនៈ និងអគារកាណាឌីយ៉ានោះ បានសម្រេចបើកសម្ពោធជាផ្លូវការហើយ ក្រោយពីអគារនេះ បានបើកជួលសាកល្បង (Soft Opening) ការិយាល័យ និងហាងមួយចំនួន អស់មួយរយៈពេលកន្លងមកនេះ។ អគារមួយនេះ ត្រូវបានដឹងថា វិនិយោគដោយក្រុមហ៊ុនអចលនទ្រព្យហុងកុងលែន HONGKONG LAND (PREMIUM INVESTMENT) LIMITED ។
អគារ Exchange Square រូបខាងស្ដាំគេ (http://www.hkland.com)
ដោយ

នៅក្នុង​ពិធីសម្ពោធ ដែលមាន​វត្តមាន​ភ្ញៀវ​កិត្តិយស​ជាច្រើន​រូបដែល​សុទ្ធសឹង​ជាអ្នក​វិនិយោគ​គ្រាក់ៗ និងមន្ដ្រីជាន់​ខ្ពស់​ក្រសួង​រៀប​ចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ROBERT WONG នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ហុងកុង​លែន បានមាន​ប្រសាសន៍ថា ការវិនិយោគ​អគារ Exchange Square គឺបង្ហាញ​​ពីការ​ប្ដេជ្ញាចិត្ត និងទំនុក​ចិត្តរបស់​ក្រុមហ៊ុនមក​លើទីផ្សារ​អចលនទ្រព្យ​នៅរាជធានី​ភ្នំពេញ។ 

លោកមាន​ប្រសាសន៍​យ៉ាងដូច្នេះ​ថា៖ «អគារនេះ បានក្លាយ​ជាមជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដែល​រចនា​ដើម្បីបំពេញ​តម្រូវការ​សម្រាប់​អតិថិជន​ចម្រុះ​ជាតិសាសន៍ និងក្រុមហ៊ុន​ក្នុងស្រុក។ យើងបាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​បំពេញ​តម្រូវការ​នៃអាជីវកម្ម និងហាងទំនិញ​ដែលកំពុង​ស្វែងរកការ​ជំរុញ​ឲ្យមាន​ជំហរឹងមាំនៅក្នុង​តំបន់​អាស៊ី ។ យើងជឿជាក់ថា អគារ​ការិយាល័យ និងផ្សារ​ទំនើប EXCHANGE SQUARE មានទី​តាំង​នៅចំណុច​កណ្ដាល​នៃតំបន់​ហិរញ្ញវត្ថុ​មួយនៅ​ទីក្រុងភ្នំពេញ ហើយ​បានក្លាយជា​ការអភិវឌ្ឍន៍​គំរូនៅ​ក្នុងទីក្រុង និងបាន​ទាក់ទាញ​​ការិយាល័យ និងហាង​ទំនិញ​លក់​រាយ​នានា​ ចាប់តពីតាំង​ចាប់ផ្តើម​បើកសាកល្បង​នៅខែ​សីហា​កន្លង​មក»។   

លោកបន្តថា អគារ​ដែលមាន​ស្ដង់ដា​ពិភពលោក​មួយនេះ នឹងនាំមក​នូវគុណភាព​ខ្ពស់ផ្នែក​សំណង់ ការគ្រប់គ្រង​អគារ ប្រព័ន្ធ​សុវត្ថិភាព បរិស្ថានល្អ និងសេវា​បម្រើ​អតិថិជន ដែលជា​ការធ្វើឲ្យ​មានការផ្លាស់ប្ដូរ​យ៉ាងខ្លាំងក្លា និងមុខ​មាត់ថ្មី​របស់​រាជធានី​ភ្នំពេញ។

អគារដ៏ទំនើប​​មួយនេះ មាន​ហាង​​ទំនើប​​ជាង៤០ ដោយប្រើប្រាស់​ផ្ទៃក្រឡា​១៣,០០០ ម៉ែត្រការ៉េ និងប្រើប្រាស់​​អស់​ចំនួន ៤ជាន់​​ដំបូង។ អគារនេះ មានកម្ពស់ ១៦ជាន់ និងមាន​ក្រឡាផ្ទៃ​សរុប ៥៩,៨៤១ ម៉ែត្រការ៉េ ដោយ​មានចំណត​យានយន្ដ​ក្រោមដី​រហូតដល់ ៤ជាន់។   

អគារ Exchange Square បាន​ទាក់ទាញ​អ្នកជួល​​ការិយាល័យ និងហាងទំនិញ​លក់រាយ​ជាង ៦០កន្លែងចាប់តាំង​ពីបើក​ដំណើរ​ការ​សាកល្បង​កាលពីខែ​សីហាកន្លង​ទៅ។ ជាក់ស្ដែង មានក្រុមហ៊ុន និងស្ថាប័នអង្គការ​ ដែលមាន​ឈ្មោះបោះ​សំឡេង​ជាតិ និងអន្តរជាតិ​ដែលបាន​ចាប់យក​ការិយាល័យ​​នៅក្នុង​​អគារ EXCHANGE SQUARE ដូចជា ក្រុមហ៊ុន Panasonic Asia Pacific ក្រុមហ៊ុន Toyota Tsusho  Corporation និងធនាគារ​ពិភព​លោក(World Bank) ជាដើម។

ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួងរៀប​ចំដែនដី នគរូប​នីយកម្ម និង​សំណង់ បានថ្លែង​ក្នុង​ពិធីសម្ពោធ​អគារ Exchange Square ថា ការវិនិយោគ​អគារនេះ បានឆ្លុះ​បញ្ចាំង​ពីការ​ឈានឡើង​អំពី​សេដ្ឋកិច្ច​កម្ពុជា​ប្រកបដោយ​ស្ថិរភាព និងនិរន្ដរភាព ពិសេស ការរីកចម្រើន​ នៃវិស័យ​​អចលនទ្រព្យ ក៏ដូចជា ជាការបង្ហាញ​ពីការ​ជឿជាក់​របស់​អ្នកវិនិយោគ​លើរាជរដ្ឋាភិបាល​កម្ពុជា។ 

អគារ Exchange Square (http://www.hkland.com)

ឯកឧត្តម​មាន​ប្រសាសន៍ថា៖ «រាជរដ្ឋាភិបាល តែងចាត់​ទុកវិស័យ​ឯកជន​ជាដៃគូ និងបាន​លើក​កម្ពស់វិស័យ​ឯកជន​ក្នុងការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​​ ដែលធ្វើ​ឲ្យទីផ្សារ​អចលនទ្រព្យ​នៅកម្ពុជា​មាន​កំណើន​យ៉ាង​ឆាប់​រហ័ស។ ការដាក់​សម្ពោធ​ជាផ្លូវការ​អគារ Exchange Square  បាននាំ​មកនូវ​កម្លាំង​ចលករ​ថ្មីមួយទៀត ក្នុងការ​លើក​កម្ពស់​វិស័យ​អចលន​ទ្រព្យ​ឲ្យប្រសើរ​ឡើង ដែលជា​សសរស្ដម្ភ​ធំមួយ​ដែលទ្រទ្រង់​កំណើន​​សេដ្ឋកិច្ច​កម្ពុជា»។

បើតាម​ឯកឧត្តម ប៉ែន សុផល ទុនវិនិយោគ​ក្នុងវិស័យ​សំណង់​បានកើន​ឡើង​ដល់​ ៦,៧៩៨ លាន​ដុល្លារ​អាមេរិក​នៅឆ្នាំ​២០១៧ មានកំណើន ២១,៨៤ ភាគរយ បើធៀប​ឆ្នាំ២០១៦។ វិស័យនេះ បានផ្ដល់ការងារ​ដល់​កម្មករ និងអ្នក​ជំនាញ​នៅតាម​ការដ្ឋាន​សំណង់​ទូទាំង​ប្រទេស ២៥៥,០០០នាក់ទៅ២៦០,០០០នាក់​ក្នុងមួយ​ថ្ងៃ ក្នុងនោះ​រាជធានី​ភ្នំពេញ មាន​កម្មករ និង​អ្នកជំនាញ​សំណង់ជាង ១៣ម៉ឺននាក់​ក្នុងមួយថ្ងៃ។ លើសពីនេះ ក្រុមហ៊ុន​ធ្វើអាជីវកម្ម​សំណង់ ដែល​បាន​ចុះបញ្ជី​នៅក្រសួង​ដែនដី​បច្ចុប្បន្ន​ មាន​ចំនួន ១,០៤៣​ក្រុមហ៊ុន ក្នុងនោះ​ក្រុមហ៊ុន​មកពីក្រៅ​ប្រទេស​មានចំនួន​ ៣៣៩ក្រុមហ៊ុន មានប្រទេស​វៀត​ណាម ថៃ ចិន កូរ៉េ ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី អាមេរិក អង់គ្លេស បារាំង ឥណ្ឌូនេស៊ី កាណាដា អូស្ដ្រាលី ឥណ្ឌា អេស្បាញ និងហ្វីលីពីន៕     

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ ក្រើនរំឭកជាថ្មី ឲ្យមានការប្រុងប្រយ័ត្ន ចំពោះការទិញអចលនទ្រព្យតាមគ្នា

ព័ត៌មាន
អ្នកជំនាញ​អចលនទ្រព្យដែលមាន​ភាពចាស់ទុំ​ក្នុង​ទីផ្សារ បានលើក​ឡើងថា ការវិនិយោគ​លើ​អចលនទ្រព្យ ដោយមិន​មានការ​ទទួលបាន​ព័ត៌មាន​គ្រប់ជ្រុង​ជ្រ…

ពលរដ្ឋ៖ការ​រំដោះ​ចិញ្ចើម​ផ្លូវ​របស់​អាជ្ញាធរ​មិន​ខុស​ពី​ការ​វែក​ចក

ព័ត៌មាន
ការ​យក​ចិញ្ចើម​ផ្លូវ​មក​ធ្វើ​អាជីវកម្ម បាន​ក្លាយ​ជា​មូលហេតុ​មួយ​ក្នុង​ចំណោម​ហេតុផល​ផ្សេង​ទៀត ដែល​ធ្វើ​ឲ្យ​មាន​កក​ស្ទះ​ចរាចរណ៍ និង​ធ្វើ​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ