តំណក់ប្រេង​លើកដំបូង​របស់​កម្ពុជា

ទស្សនៈក្រុមអ្នកជំនាញ និងអ្នកជំនួញក្នុងស្រុក ជុំវិញតំណក់ប្រេងលើកដំបូងរបស់កម្ពុជា


ក្រុមអ្នកជំនួញនៅក្នុងវិស័យដឹកជញ្ជូន និងឧស្សាហកម្មផលិតក្នុងស្រុកបានសាទរ ចំពោះដំណឹងដែលកម្ពុជាចាប់ផ្តើមផលិតចេញតំណក់ប្រេងជាលើកដំបូង ដោយពួកគាត់បានអះអាងថា ផលិតកម្ម ក្នុង ស្រុក ក៏ដូចជាវិស័យដឹកជញ្ជូននឹងអាចទទួលបានផលប្រយោជន៍ពីការទាញបាននូវតំណក់ប្រេងនេះ ដែលរំពឹងថា តម្លៃដឹកជញ្ជូននឹងអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន ខណៈដែលបច្ចុប្បន្នតម្លៃដឹកជញ្ជូនខ្ពស់ក៏ដោយសារតែតម្លៃប្រេងនេះដែរ។
ទស្សនៈក្រុមអ្នកជំនាញ និងអ្នកជំនួញក្នុងស្រុកជុំវិញតំណក់ប្រេងលើកដំបូងរបស់កម្ពុជា!
ដោយ

ឧកញ៉ា ស៊ិន ចន្ធី ប្រធាន​សមាគម​ភស្តុភាកម្ម​កម្ពុជា​បានគូសបញ្ជាក់ថា នេះជា​ដំណឹង​មួយ​គួរឲ្យ​ត្រេកអរ​បំផុត​សម្រាប់​កម្ពុជា ហើយក៏​សង្ឃឹម​ទុកផងដែរថា នឹងដូចទៅ​នឹង​ប្រទេស​ជិតខាង​យើងដែរ ពិសេស​ក្នុងវិស័យ​ដឹកជញ្ជូន គឺមាន​តម្លៃធូរថ្លៃ​បាន​ក៏ដោយសារតែ​តម្លៃ​ប្រេងនេះឯង។

លោកឧកញ៉ាបន្តថា កាលណា​កម្ពុជា​កែច្នៃផលិត​ប្រេង​បាន តម្លៃប្រេង​ក្នុងស្រុក​ពិតណាស់​នឹងចុះថ្លៃ​ទៅតាម​នោះដែរ និងលើសពីនេះទៀត ការទាញ​យក​ប្រេង​បាននេះ វាពិត​ជាចំណេញ​ដល់​សេដ្ឋកិច្ច​ច្រើន​ដូចជា ជួលដល់​ផលិតកម្ម​កសិកម្ម ផលិតកម្ម​ឧស្សាហកម្ម​ផ្សេងៗ ក៏មាន​ផលរីកចម្រើន​ទៅតាម​នោះដែរ រួមទាំង​សេវា​សាធារណៈផង។

នៅក្នុងសាលិខិត​អបអរសាទរ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ក៏បានបញ្ជាក់​ផងដែរថា ការចាប់ផ្តើម​ផលិត​ចេញតំណក់​ប្រេង​ជាលើកដំបូង​នៅថ្ងៃ​ទី២៩ ខែធ្នូ ឆ្នាំ២០២០ គឺជា​ការទន្ទឹង​រង់ចាំ​អស់រយៈពេល​ជាច្រើន​ឆ្នាំ និងជាកាដូរ​សម្រាប់​រាជរដ្ឋាភិបាល​ទទួល​បាន​ថវិកា​បន្ថែម​ដើម្បីទ្រទ្រង់ និងលើក​ស្ទួយ​វិស័យ​អាទិភាព​នានា និងបោះ​ជំហាន​ទៅមុខ​ក្នុងការ​បង្កើត​បាន​នូវ​សមត្ថភាព​ជាតិ និងខឿន​ឧស្សាហកម្ម​ប្រេងកាត ឧស្ម័ន និង​ថាមពល។

ជាមួយគ្នានេះ លោកស្រី កែវ មុំ ម្ចាស់​សហគ្រាស​ផលិត​នំស្រួយ​លីលី បានគូស​បញ្ជាក់ថា ការទាញ​យក​ប្រេង​បាន​របស់​កម្ពុជា​នាពេលនេះ ជាជោគជ័យ​ថ្មី​មួយ​របស់​កម្ពុជា ប៉ុន្តែសួរថា ប្រេង​ដែលទាញ​យក​មកបាន នេះ យើងធ្វើការ​កែច្នៃ​ក្នុងស្រុក ឬក៏ត្រូវ​នាំចេញ​ទៅក្រៅជា​ប្រេងឆៅ ដូច្នេះ បើយើង​ផលិត​កែច្នៃ​ក្នុងស្រុក​បាន​ដោយខ្លួនឯង ពិតណាស់​នឹងផ្តល់​ផលចំណេញ​ផ្នែក​សេដ្ឋកិច្ច​បាន​កាន់តែច្រើន។

លោកស្រី​អះអាងទៀតថា ទៅថ្ងៃអនាគត បើយើង​អាចផលិត​ប្រេង​បាន​ក្នុងម្លៃ​មួយធូរ​ថ្លៃជាង​ថ្លៃ​អគ្គិសនី​ លោកស្រី​នឹងសម្រេចចិត្ត​ងាក​មកប្រើប្រាស់​ថាមពល​ប្រេង​ជំនួស​ឲ្យ​ថាមពល​អគ្គិសនី​នៅក្នុង​សហគ្រាស​ផលិត​នំ​លោកស្រី​វិញ។

លោកស្រីកែវ មុំ បានឲ្យដឹង​ទៀត​ថា ក្នុងរយៈពេល ១ឆ្នាំពេញ​ឆ្នាំ២០២០ ដំណើរការ​ផលិតកម្ម​ផលិត​នំ​របស់​សហគ្រាស​ផលិត​នំស្រួយ​លីលី មានការធ្លាក់ចុះ​បរិមាណ​ផលិត​ប្រមាណ​៣០ទៅ៤០ ភាគរយ ដោយសារតែ​ឥទ្ធិពល​នៃការរីករាលដាល​នៃ​ជំងឺ​កូវីដ ១៩ ដែលធ្វើឲ្យ​ទីផ្សារ​នំ​ក្នុងស្រុក​របស់​លោកស្រី​មានការធ្លាក់ចុះ​នូវ​តម្រូវការ​ទីផ្សារ​កុមារ ខណៈដែល​សាលា​សាធារណៈ និងឯកជន​នៅឆ្នាំ​២០២០នេះ​ ត្រូវផ្អាក​ការចូលរៀន​ជា​បណ្តោះអាសន្ន​ជាញឹកញាប់ ប៉ុន្តែ​សង្ឃឹមថា នៅឆ្នាំ២០២១ ទាំងការផលិត​ និងការលក់​ចេញ​អាចនឹង​មានភាព​ល្អ​ប្រសើរ​ឡើងវិញ។

ជុំវិញនឹងការទទួល​បាន​នូវតំណក់​ប្រេង​លើកដំបូង​របស់​កម្ពុជា​នេះដែរ លោក ច័ន្ទ សុផល អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ និងជា ​នាយកមជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ បានលើក​ឡើងថា វាគឺជា​ដំណឹង​ល្អ​សម្រាប់​កម្ពុជា ហើយស្ថិត​ក្នុងកាលៈទេសៈ ដែលមាន​មេរោគ​រាតត្បាតនេះ បើសិន​រាជរដ្ឋាភិបាល​អាច​ទទួល​បាន​ចំណូល​បន្ថែម សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច​វាគឺជា​រឿង​ដ៏ល្អណាស់។ ទោះយ៉ាងណា លោកច័ន្ទ សុផល បាន​គូសបញ្ជាក់ថា ជាទូទៅ ក្រុមហ៊ុន​រុករក​ប្រេង​បានចំណាយ​ទុន​ជាច្រើន​រយលាន​ដុល្លារ​មុននឹង​អាច​សម្រេច​ជោគជ័យ​អាចបូមប្រេង​បាន ដូច្នេះហើយ ក្រុមហ៊ុន​តែងតែ​ប្រមូល​យក​ចំណូល​ជាច្រើន​ត្រឡប់​ទៅវិញ មុននឹង​អាចផ្ដល់​ផល​ចំណេញ​ច្រើន​មកដល់​ប្រទេស​ដែល​ជាម្ចាស់​អណ្ដូង​ប្រេងនោះ។

កាលពីដើមឆ្នាំ ២០១៩ កន្លងទៅ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់​បាន​បញ្ជាក់​ឲ្យដឹងដែរថា ក្រោយពី​អាចទាញ​បាន​ធនធាន​ប្រេង​កាត​នៅប្លុក A នេះ នៅប្រមាណ ១០ឆ្នាំ​ក្រោយ កម្ពុជានឹង​ទទួលបាន​ចំណូល​ប្រមាណ​តែជាង ១ពាន់លានដុល្លារប៉ុណ្ណោះ ដែលវា​មិនជា​ច្រើនណាស់ណា​ឡើយ បើធៀប​នឹងការ​ចំណាយ​បច្ចុប្បន្ន​របស់​រាជរដ្ឋាភិបាល​កម្ពុជា។ ទោះយ៉ាងណា ​ឯកឧត្តមបាន​គូសបញ្ជាក់ថា ដ្បិតតែ​ចំណូល​ពីវិស័យនេះ មានតិចតួចក្ដី ក៏រាជរដ្ឋាភិបាល​នៅតែប្រមែរ​ប្រមូល​នូវចំណូល​នេះ ផ្សំផ្គុំគ្នា ដើម្បីយក​មកធ្វើការ​អភិវឌ្ឍ​ប្រទេសដែរ។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា បាន​ថ្លែង​កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២០ ថា ចំណូលដែល​កម្ពុជា​បាន​មកពីវិស័យ​ប្រេងនេះ អាចនឹង​ត្រូវប្រើប្រាស់​សម្រាប់​អភិវឌ្ឍ​វិស័យ​អប់រំ និងសុខាភិបាល។

យោងតាម ឯកឧត្តម ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត នៃ​ក្រសួងរ៉ែ និងថាមពល​បានបញ្ជាក់​ប្រាប់ភីអិនអិន​កាលពីពេល​ថ្មីៗ​នេះថា កាលពីឆ្នាំ២០១៩ កន្លងទៅ​កម្ពុជា​បាននាំចូល​ប្រេងពី​ក្រៅប្រទេស​ប្រមាណ ៣លានតោន ដោយបូកបញ្ចូល​ទាំងប្រេង​សាំង ប្រេងម៉ាស៊ូត និងឧស្ម័ន​អិលភីជី។ ទោះយ៉ាងណា នៅក្នុងឆ្នាំនេះ បរិមាណ​នាំចូល​ប្រេង​អាច​នឹង​ថមថយ​បន្តិច ខណៈរោងចក្រ​ក្នុងស្រុក​មួយ​ចំនួន​បានផ្អាក​សកម្មភាព​ផលិត ដោយសារតែ​បញ្ហាកូវីដ ១៩ ដូច្នេះបាន​ជាតម្រូវ​ការ​ប្រេង​មាន​ការថយចុះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជានាំចេញកៅស៊ូកើនឡើងទាំងបរិមាណ និងតម្លៃ ចំពេលមានវិបត្តិកូវីដ-១៩!

ព័ត៌មាន
នៅជិតពេញមួយឆ្នាំ២០២០នេះ ការនាំចេញជ័រកៅស៊ូរបស់កម្ពុជា ទៅកាន់ទីផ្សារក្រៅប្រទេសសម្រេចបានកំណើនល្អគួរឲ្យកត់សម្គាល់ទាំងបរិមាណ និងតម្លៃ បើទោះ…

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអង់គ្លេស-វៀតណាម ត្រូវបានចុះ ហត្ថលេខាមុន Brexit ត្រូវបញ្ចប់

ព័ត៌មាន
ប្រទេសវៀតណាម និងអង់គ្លេស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេភាគីជាផ្លូវការ ដើម្បីរក្សាទំនាក់ទំនងរបស់ពួកគេ នៅពេលដែលថេរវេលា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ