អភិវឌ្ឍខេត្តមណ្ឌលគិរី

អ្នកជំនាញបារម្ភ ផែនការមេអភិវឌ្ឍខេត្តមណ្ឌលគិរីអាចនឹងត្រូវរំខានដោយសារបញ្ហាដីឯកជន


កម្ពុជារំពឹងថា តាមរយៈផែនការមេអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី ក្លាយជាតំបន់អេកូទេសចរណ៍ និងប៉ូលសេដ្ឋកិច្ចភូមិភាគឦសាន នឹងអាចទាក់ទាញភ្ញៀវទេសចរបានជាង២លាននាក់ និងផ្តល់ចំណូលជូនរដ្ឋប្រមាណ៥00លានដុល្លារនៅត្រឹមឆ្នាំ២០៣៥។ ប៉ុន្ដែ អ្នកជំនាញបារម្ភថាបញ្ហាដីឯកជនអាចនឹងបង្កផលរំខានចំពោះការអភិវឌ្ឍផែនការមេនេះ។
ទេសភាពខេត្តមណ្ឌលគិរី រូបភាព៖ goplacescambodia.com
ដោយ

ផែនការមេ​អភិវឌ្ឍន៍​ខេត្តមណ្ឌលគិរី​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ក្លាយជា​តំបន់​ប៉ូ​ល​សេដ្ឋកិច្ច​ទី​៤​ប្រចាំ​ភូមិភាគ​ឦសាន បន្ទាប់​ពី​រាជធានី​ភ្នំពេញ តំបន់ឆ្នេរ​សមុទ្រ និង​ខេត្តសៀមរាប​។ លើស​ពី​នេះ​កម្ពុជា​នឹង​ធ្វើ​សមាហរណកម្ម​ខេត្តមណ្ឌលគិរី​ជាមួយ​តំបន់​ផ្សេង​ៗ​ក្នុង​ប្រទេស និង​ក្នុង​តំបន់​ផង​ដែរ​។​ជុំវិញ​ទៅ​នឹង​ផែនការមេ​អភិវឌ្ឍន៍​ខេត្តមណ្ឌលគិរី​នេះ អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​សុទ្ធតែ​បាន​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​រឿង​នេះ ប៉ុន្ដែ អ្នកជំនាញ​ទេសចរណ៍​បារម្ភ​ថា ផែនការ​មេនេះ អាច​នឹង​ត្រូវ​បាន​រាំងស្ទះ​ដោយសារ នៅ​តំបន់​មួយ​ចំនួន​ដី​ត្រូវ​បាន​កាន់កាប់​ដោយ​បុគ្គល​ឯកជន​។

លោក ធួន ស៊ី​ណា​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​កម្ពុជា​កត់សម្គាល់​ឃើញ​ថា ក្រោយ​រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាស​ពី​ផែនការអភិវឌ្ឍន៍​ខេត្តមណ្ឌលគិរី មាន​អ្នកមាន​លុយ​និង​ឈ្មួញ​ធំ​ៗ​ជា​ច្រើន​បាន​សម្រុក​នាំ​គ្នា​ទៅ​ទិញ​អចលនទ្រព្យ​នៅ​តំបន់​នោះ ដែល​ធ្វើ​សម្រស់​ធម្មជាតិ​របស់​ខេត្ត​ភាគ​ឦសាន​មួយ​នេះ​ត្រូវ​បាន​កែប្រែ​។ លើស​ពី​នេះ​តំបន់​មួយ​ចំនួន ដែល​មិន​ត្រូវ​អភិវឌ្ឍន៍ ត្រូវ​បាន​គេ​អភិវឌ្ឍន៍ ដែល​ធ្វើ​ឲ្យ​តំបន់​ទេសចរណ៍​សក្តានុពល​មួយ​ចំនួន​ត្រូវ​បាន​បាក់​សម្រស់​។ 

កត្តា​ទាំងនេះ​បាន​បង្កក្តី​កង្វល់​ដល់​អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​រូប​នេះ ដោយ​លោក​បារម្ភ​ថា ផែនការមេ​អភិវឌ្ឍន៍​ខេត្តមណ្ឌលគិរី ពី​ឆ្នាំ​២០២១-២០៣៥ អាច​ត្រូវ​រំខាន​ដោយសារ​ការ​អភិវឌ្ឍ​គ្មាន​ច្បាប់ទម្លាប់​ពី​វិស័យ​ឯកជន និង​ការ​កាន់កាប់​ដី​ពី​អ្នកមាន​លុយ និង​មាន​អំណាច​មួយ​ចំនួន​។ លោក ធួន ស៊ី​ណា​ន បាន​ចោទ​ជា​សំណួរ​ថា តើ​រាជរដ្ឋាភិបាល​មាន​យន្តការ​គ្រប់គ្រាន់​ក្នុង​ការ​អភិវឌ្ឍ​ផែនការមេ​ដែរ ឬទេ ប្រសិនបើ​ដី​មួយ​ចំនួន​ត្រូវ​បាន​កាន់កាប់​ដោយ​វិស័យ​ឯកជន យ៉ាង​ដូច្នេះ?

ជុំវិញ​ផែនការមេ​អភិវឌ្ឍន៍​ខេត្តមណ្ឌលគិរី​នេះ​ដែរ លោក​ជំទាវ ឆាយ ស៊ី​វលី​ន បាន​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​គម្រោង​មួយ​នេះ ដ្បិត​ផែនការ​នេះ​វា​នឹង​ធ្វើ​ឲ្យ​ខេត្ត​នៅ​ភាគ​ឦសាន​មួយ​នេះ​ផ្លាស់​ប្តូរ​មុខមាត់​ថ្មី​ទាំង​លើ​វិស័យសេដ្ឋកិច្ច និង​ទេសចរណ៍​។ លោក​ជំទាវ​ជឿជាក់​ថា តាម​រយៈ​ផែនការ​មេនេះ វា​នឹង​ជួយ​ប្រែក្លាយ​ខេត្ត​នេះ ឲ្យ​ក្លាយជា​តំបន់​អេកូ​ទេសចរណ៍​ដ៏​សម្បូរ​បែប ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​។ ជា​ពិសេស​វា​នឹង​ក្លាយជា​ផលិតផល​ទេសចរណ៍​មួយ​បន្ថែម​ទៀត បន្ទាប់​ពី​តំបន់​ទេសចរណ៍​ឆ្នេរសមុទ្រ និង​ប្រវត្តិសាស្ត្រ ដែល​អាច​ឲ្យ​ធ្វើ​កម្ពុជា​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ផ្តល់​សេវាកម្ម​ទេសចរណ៍ ដោយ​មិន​ចាំបាច់​ពឹងផ្អែក​លើ​ប្រទេស​ជិតខាង​។

បើ​តាម​សេចក្តី​ព្រាង​ផែនការមេ​អភិវឌ្ឍន៍​ខេត្តមណ្ឌលគិរី ឆ្នាំ​២០២១-២០៣៥ ខេត្តមណ្ឌលគិរី​ត្រូវ​កំណត់​ជា​គោលដៅ​អេកូ​ទេសចរណ៍​លំដាប់​អន្តរជាតិ ដែល​រំពឹង​ថា នៅ​ឆ្នាំ​២០៣៥ ខេត្ត​នៅ​ភូមិភាគ​ឦសាន​មួយ​នេះ​នឹង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ​៩០​ម៉ឺន​នាក់ និង​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​បាន​ប្រមាណ​២​លាន​នាក់​។ តាម​រយៈ​កំណើន​ភ្ញៀវ​ទេសចរ​នេះ កម្ពុជា​រំពឹង​អាច​រកបាន​ចំណូល​ចូល​រដ្ឋ​ដោយ​ផ្ទាល់​ប្រមាណ​៥០០​លាន​ដុល្លារ និង​ប្រយោល​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​បង្កើត​ការងារ​ជូន​ពលរដ្ឋ​បាន​ប្រមាណ​៨​ម៉ឺន​កន្លែង​។

តាម​រយៈ​ផែនការ​មេនេះ ខេត្តមណ្ឌលគិរី​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ក្លាយជា​តំបន់​ប៉ូ​ល​សេដ្ឋកិច្ច​ទី​៤​ប្រចាំ​ភូមិភាគ​ឦសាន បន្ទាប់​ពី​រាជធានី​ភ្នំពេញ តំបន់ឆ្នេរ​សមុទ្រ និង​ខេត្តសៀមរាប​។ លើស​ពី​នេះ​កម្ពុជា​នឹង​ធ្វើ​សមាហរណកម្ម​ខេត្តមណ្ឌលគិរី​ជាមួយ​តំបន់​ផ្សេង​ៗ​ក្នុង​ប្រទេស និង​ក្នុង​តំបន់​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ភាគីខាងថៃបានបដិសេធថា ខ្លួនមិនបានចម្លងរចនាប័ទ្មរបស់ប្រាសាទអង្គរវត្តទេ

ព័ត៌មាន
ព្រះចៅអធិការវត្តភូម៉ានហ្វាបញ្ជាក់ថា ខ្លួនមិនបានលួចចម្លងនូវប្លង់រចនាប័ទ្មរបស់ប្រាសាទអង្គរ​វត្តរបស់ប្រទេសកម្ពុជានោះទេ។ នេះបើយោងតាមសេចក្ដីប្រក…

អាមេរិកបង្កើនការចាក់វាក់សាំងទ្វេដង ក្រោយពីបរាជ័យសម្រេចគោលដៅចាក់វ៉ាក់សាំងឲ្យបានដល់៧០%

ព័ត៌មាន
រដ្ឋបាលលោក ចូ បៃឌិន កំពុងបង្កើនកិច្ចប្រឹងប្រែងកាន់តែខ្លាំងថែមទៀត ដើម្បីជំរុញឲ្យពលរដ្ឋអាមេរិចទទួលបានវ៉ាក់សាំងកូវីដ-១៩ បន្ទាប់ពីផែនការចា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ