ហិរញ្ញវត្ថុ-​បំណុល

អ្នក​ជំនាញ៖ កម្ពុជា​នៅ​មាន​សមត្ថភាព​ខ្ចី​បុល​ពី​បរទេស​បាន​ច្រើន​ទៀត!


របាយការណ៍​ថ្មី​ស្ដីអំពី​ថវិកា​ឆ្នាំ​២០១៨ របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​បង្ហាញ​ថា បំណុល​សាធារណៈ​ក្រៅ​ប្រទេស​របស់​កម្ពុជា នឹង​កើន​ឡើង​ដល់​ជិត ៨​ពាន់​លាន​ដុល្លារ​អាមេរិក ខណៈ​ដែល​កាល​ពី​ឆ្នាំ​២០១៧ ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា មាន​ក្នុង​រង្វង់ ៧​ពាន់​លាន​ដុល្លារ​អាមេរិក។ យ៉ាង​ណា​ក៏​ដោយ អ្នក​ជំនាញ​សេដ្ឋកិច្ច បាន​អះអាង​ថា កម្ពុជា​អាច​មាន​សមត្ថភាព​ខ្ចី​បុល​ពី​បរទេស​ច្រើន​ជាង​នេះ​ទៅ​ទៀត។
ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ (រូប​ឆ្វេង) និង​លោក​ ច័ន្ទ សុផល អ្នក​សេដ្ឋកិច្ច​ឯករាជ្យ។
ដោយ

ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​លើក​ឡើង​ថា បច្ចុប្បន្ន ទំហំ​បំណុល​សាធារណៈ​ក្រៅ​ប្រទេស​របស់​កម្ពុជា​ហាក់​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ ពោល​គឺ​នៅ​រក្សា​បាន​ប្រមាណ​តែ ៣០% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ប៉ុណ្ណោះ ខណៈ​ដែល​សមត្ថភាព​សង​ត្រឡប់​របស់​កម្ពុជា គឺ​អាច​ខ្ចី​បាន​លើស​ពី​នេះ​ទៅ​ទៀត ពោល​គឺ​អាច​ខ្ចី​បាន​រហូត​ដល់​លើស ៤០% នៃ GDP។

ការ​អះអាង​បែប​នេះ គឺ​ដោយសារ​តែ​កម្ពុជា​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​សង​ត្រឡប់ តាមរយៈ​កំណើន​រឹងមាំ​នៃ​សេដ្ឋកិច្ច។ តួយ៉ាង តាម​របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​បង្ហាញ​ថា ទំហំ​ចំណូល​ចរន្ដ​ថវិកា​រដ្ឋ គិត​តាំង​ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៧ មាន​ការ​កើន​ឡើង​២​ដង ពោល​គឺ កើន​ពី​ជាង​២​ពាន់​លាន​ដុល្លារ ដល់​ជាង ៤​ពាន់​លាន​ដុល្លារ​អាមេរិក។ ក្នុងនោះ ចំណូល​ថវិកា​ជាតិ​ធៀប​នឹង GDP បាន​កើន​ឡើង​ដល់​កម្រិត​កណ្ដាល​ធៀប​នឹង​ប្រទេស​ក្នុង​តំបន់ ស្មើ​នឹង​ប្រមាណ​ជាង​១៨% នៃ GDP នៅ​ឆ្នាំ​២០១៧។ ដោយ​ឡែក ទំហំ​នៃ​ការ​ចំណាយ​ថវិកា​រដ្ឋ​សរុប ក៏​បាន​កើន​ឡើង​ជិត​២​ដង​ផង​ដែរ។ 

និន្នាការ​បំណុល​សាធារណៈ​ក្រៅ​ប្រទេស​កើន​ឡើង​នេះ គឺ​ដោយសារ​តែ​កម្ពុជា​កំពុង​ស្ថិត​នៅ​ក្នុង​និន្នាការ​មួយ​ដែល​នឹង​ត្រូវ​លែង​ទទួល​បាន​ជំនួយ​ឥត​សំណង​ត​ទៅ​ទៀត ខណៈ​ដែល​កម្ពុជា​បាន​វិវឌ្ឍ​ខ្លួន​ទៅ​មួយ​ជំហាន​ទៀត​ក្នុង​នាម​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ទាប និង​ត្រៀម​ឈាន​ទៅ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០។ ឯកឧត្តម វង្សី វិស្សុត ក៏​បាន​គូស​បញ្ជាក់​ទៀត​ថា ការ​ទទួល​បាន​ទំនុក​ចិត្ត​ពី​ប្រទេស​ម្ចាស់​បំណុល ក៏​ជា​ការ​ឆ្លុះ​បង្ហាញ​ឲ្យ​ឃើញ​ពី​សមត្ថភាព និង​ការ​លូត​លាស់​ផ្នែក​សេដ្ឋកិច្ច​របស់​កម្ពុជា​ផង​ដែរ។ 

សំណួរ​សួរ​ថា តើ​ហេតុ​អ្វី​បាន​ជា​កម្ពុជា​មិន​ពង្រីក​បំណុល​នេះ​ឲ្យ​ធំ​ច្រើន​ជាង​នេះ ខណៈ​ដែល​កម្ពុជា​មាន​សមត្ថភាព​បែប​នេះ? ឆ្លើយ​នឹង​សំណួរ​នេះ ឯកឧត្តម វង្សី វិស្សុត បាន​បញ្ជាក់​ដែរ​ថា កម្ពុជា​មិនទាន់​បន្ថែម​កម្រិតបំណុល​ឲ្យ​ធំ គឺ​ដោយសារ​តែ​រាជ​រដ្ឋាភិបាល​ចង់​រក្សា​ចន្លោះ​សមត្ថភាព​នេះ​ទុក សម្រាប់​ការពារ​ពេល​មាន​វិបត្តិ​កើត​ឡើង កាលណា​បំណុល​ច្រើន តែ​សេដ្ឋកិច្ច​ជួប​វិបត្តិ នោះ​វា​នឹង​លំបាក​ក្នុង​ការ​សង​ត្រឡប់​ទៅ​វិញ។ ទោះយ៉ាង​ណា ឯកឧត្តម​បាន​បង្ហើប​ដែរ​ថា ជា​រៀងរាល់​ឆ្នាំ កម្ពុជា​បាន​បំពេញ​នូវ​តួនាទី​ជា​កូន​បំណុល​បាន​ល្អ ដោយ​មាន​ការ​សង​ត្រឡប់​ទៅ​កាន់​ម្ចាស់​បំណុល​បាន​ខ្លះៗ​ហើយ​ដែរ។ 

លោក ច័ន្ទ សុផល អ្នក​សេដ្ឋកិច្ច​ឯករាជ្យ បាន​លើក​ឡើង​ដែរ​ថា លោក​​សាទរ ប្រសិន​បើ​រាជ​រដ្ឋាភិបាល​អាច​ពង្រីក​ការ​ខ្ចី​បំណុល​ពី​បរទេស​បាន​កាន់​តែ​ច្រើន ដើម្បី​យក​មក​ប្រើប្រាស់​សម្រាប់​ការ​អភិវឌ្ឍ ពិសេស វិស័យ​​ហេដ្ឋា​រចនា​សម្ព័ន្ធ នោះ​គឺ​ជា​រឿង​ដ៏​ល្អ​មួយ​សម្រាប់​កម្ពុជា ខណៈ​ដែល​ប្រទេស​កម្ពុជា មាន​លទ្ធភាព​ខ្ពស់​ក្នុង​សង​ត្រឡប់ ហើយ​កម្ពុជា​ក៏​កំពុង​ខ្វះ​ខាត​នូវ​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នេះ សម្រាប់​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​ឲ្យ​លូតលាស់​បាន​ឆាប់​រហ័យ និង​ប្រកប​ដោយ​ចីរភាព​ផងដែរ។ 

លោក​បន្ថែម​ថា វា​ជា​ឱកាស​ល្អ​ប្រសិន​បើ​កម្ពុជា​អាច​ទទួល​បាន​បំណុល​ច្រើន​ជាង​នេះ ដើម្បី​យើង​មក​ប្រើ​ក្នុង​ការ​អភិវឌ្ឍ ប៉ុន្ដែ វា​ក៏​អាច​មាន​ហានិភ័យ​ផង​ដែរ ប្រសិន​បើ​ការ​ប្រើប្រាស់​បំណុល​នោះ មិន​មាន​គណនេយ្យ​​ភាព តម្លាភាព និង​ប្រសិទ្ធភាព។ ឧទាហរណ៍៖ ខ្ចី​លុយ​យក​មក​ធ្វើ​ផ្លូវ តែ​ផ្លូវ​ធ្វើ​មិន​បាន​ប៉ុន្មាន​ផង​ខូច​វិញ ត្រូវ​ជួសជុល​ឡើង​វិញ​ដដែលៗ​ជា​ដើម។ល។

ទោះ​យ៉ាង​ណា ដើម្បី​គ្រប់គ្រង​បំណុល​សាធារណៈ ឲ្យ​មាន​ប្រសិទ្ធភាព​កាន់​តែ​ខ្ពស់ រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​សំខាន់ៗ​ចំនួន​៤ គឺ ទី១ គឺ​ត្រូវ​ខ្ចី​ឥណទាន ក្នុង​ទំហំ​សមស្រប ដែល​ស្ថានភាពថវិកា និង​សេដ្ឋកិច្ច​អាច​ទ្រាំទ្រ​បាន។ ទី២ គឺ​ត្រូវ​ខ្ចី​តែ​ឥណទាន​ដែល​មាន​កម្រិត​សម្បទាន ឬ​លក្ខខណ្ឌ​អនុគ្រោះ​ខ្ពស់។ ទី៣ ត្រូវ​ខ្ចី​សម្រាប់​តែ​វិស័យ​អាទិភាព​ទ្រទ្រង់​ចីរភាព​នៃ​កំណើន និង​វិស័យ​បង្កើន​ផលិត​ភាព​សេដ្ឋកិច្ច ឬ​ផលិតភាព​ផលិតកម្ម។ និង​ទី៤ ត្រូវ​ប្រើប្រាស់​ឥណទាន​ទាំង​នោះ ប្រកប​ដោយ​តម្លាភាព គណនេយ្យភាព និង​ប្រសិទ្ធភាព។

សូម​ជម្រាប​ដែរ​ថា ប្រទេស​ចិន​ត្រូវ​បាន​ស្គាល់​ថា ជា​ម្ចាស់​បំណុល​ដ៏​ធំ​ជាង​គេ​របស់​កម្ពុជា ដែល​មាន​ប្រមាណ​ជិត ៥០% នៃ​បំណុល​សរុប ឬ​ស្មើនឹង​ទឹក​ប្រាក់​ប្រមាណ ៣​ពាន់​លាន​ដុល្លារ បន្ទាប់​មក​គឺ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ និង​ប្រទេស​មួយ​ចំនួន​ទៀត ដូចជា ជប៉ុន កូរ៉េខាងត្បូង និង​ដៃគូ​ទ្វេភាគី​ផ្សេង​ទៀត។ 

ហើយ​នៅ​ឆ្នាំ​២០១៧​នេះ កំណើន​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​ជា​ច្រើន ប៉ាន់​ប្រមាណ​ថា នៅ​រក្សា​បាន ៦.៩% ខណៈ​ដែល​ឆ្នាំ​២០១៨​នេះ នឹង​នៅ​តែ​មាន​កំណើន​ល្អ​ដូច​ឆ្នាំ​មុនៗ​ដែរ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទើប​តែ​បើក​ផ្សារ​ម៉ាក្រូ​ក្ដៅៗ! អ្នក​ឧកញ៉ា លី យ៉ុងផាត់ ប្រកាស​បើក​គម្រោង​ធំៗ​២​ទៀត​ហើយ!

ព័ត៌មាន
បើ​និយាយ​ពី​តំបន់​ប៉ែក​ខាង​ជើង​ឈៀង​ខាង​លិច​នៃ​រាជ​ធានី​ភ្នំពេញ ពោល​គឺ​តំបន់​ភ្នំពេញ​ថ្មី បច្ចុប្បន្ន​នេះ បាន​និង​កំពុង​មាន​ការ​ប្រែ…

ដំណឹង​ល្អ​សម្រាប់​អ្នក​ចង់​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​ទីក្រុង​ឌូបៃ ជាមួយ​អាកាសចរណ៍ អ៊ែមមឺរឹត!

ព័ត៌មាន
ក្រុមហ៊ុន​អាកាសចរណ៍ អ៊ែមមឺរឹត កំពុង​ពន្យារ​ពេល​កម្មវិធី​ពេញនិយម My Emirates Pass ដល់​អតិថិជន​ដែល​មក​លេង​ទីក្រុង​ឌូបៃ នៅ​សិសិររដូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ