អចលនទ្រព្យ

ក្រុម​អ្នក​ជំនាញ៖ មហា​សន្និបាត​អចលន​ទ្រព្យ​​នៅ​កម្ពុជា​នឹង​ជំរុញ​ឲ្យ​វិស័យ​ដី​ធ្លី​កាន់​តែ​រឹង​មាំ


មហា​សន្និបាត​និង​ពិព័រណ៍​អចលន​ទ្រព្យ​​នៅ​កម្ពុជា នឹង​អាច​ទាក់ទាញ​វិនិយោគិន​មក​ធ្វើការ​វិនិយោគ​នៅ​ក្នុង​វិស័យ​សំណង់ អចលន​ទ្រព្យ​កាន់​តែ​​កើន​ឡើង​បន្ថែម​ទៀត ខណៈ​មាន​ការ​ចូលរួម​ពីតំណាង​សមាគម​អ្នក​វាយ​តម្លៃ​អចលន​ទ្រព្យ មក​ពី​៨​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​អ្នក​អភិវឌ្ឍន៍​អចលន​ទ្រព្យ​ល្បីៗ​ជា​ច្រើន​មក​ពី​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ជា​ច្រើន​ទៀត ដូចជា អាមេរិក និង ចិន។
វិនិយោគិន​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ល្បីៗ​ចូលរួម​ក្នុង​សន្និបាត​និង​ពិព័រណ៍​អចលនវត្ថុ​កម្ពុជា​ឆ្នាំ​២០១៧។
ដោយ

ព្រឹត្តិការណ៍រយៈពេល​ពីរ​ថ្ងៃ ដែល​ចាប់​ផ្ដើម​នៅ​ថ្ងៃ​សៅរ៍ ទី​២៤ ខែ​មិថុនា​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ព្រឹត្តិការណ៍​អន្តរជាតិ​លើក​ទី​៣​ហើយ ដែល​រៀបចំ​ឡើង​ដោយ​សមាគម​អ្នក​វាយ​តម្លៃ​និង​ភ្នាក់ងារ​អចលន​វត្ថុ​​កម្ពុជា (CVEA)។

លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា បាន​លើក​ឡើង​ថា ការ​សហការ​ក៏ដូចជា​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​អន្តរជាតិ​នេះ​ឡើង គឺ​ជា​ការ​បង្ហាញ​នូវ​មុខមាត់​ទីផ្សារ​អចលន​វត្ថុ​នៅ​កម្ពុជា ទៅ​កាន់​បណ្ដា​ប្រទេស​ក្នុង​តំបន់​និង​ពិភពលោក ឲ្យ​បាន​ឃើញ​កាន់​តែ​ច្បាស់​ពី​សក្ដានុពល និង​ឱកាស​វិនិយោគ​ក្នុង​វិស័យ​នេះ ខណៈ​បច្ចុប្បន្ន​វិស័យ​អចលន​ទ្រព្យ​កម្ពុជា បាន​និង​កំពុង​បោះ​ជំហាន​ទៅ​មុខ​ឥត​ឈប់​ឈរ។

លោក​ឧកញ៉ា លី ហួរ ប្រធាន​ក្រុម​ប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ក្រុមហ៊ុន លី ហួរ គ្រុប បាន​លើក​ឡើង​ថា ជា​ការ​ពិត​ណាស់ ប្រទេស​កម្ពុជា​គឺ​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍ និង​មាន​ទីផ្សារ​សេរី ហើយ​កំពុងតែ​មាន​ការ​អភិវឌ្ឍ​ឥត​ឈប់ឈរ​លើ​វិស័យ​សំណង់​ អគារ​លំនៅដ្ឋាន សាលារៀន និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេងៗ។

លោកឧកញ៉ា​បាន​បន្ត​ថា ប្រទេស​កម្ពុជា​បច្ចុប្បន្ន វិស័យ​សំណង់ គឺ​ជា​វិស័យ​មួយ​ដែល​លេច​ធ្លោ និង​មាន​ភាព​រីក​ចំរើន​គួរ​ឲ្យ​កត់​សម្គាល់ ហើយ​អ្នក​វិនិយោគ​ទាំង​​ក្នុង​ប្រទេស​និង​បរទេស កំពុង​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​លើ​វិស័យ​នេះ។ បើប្រៀប​ធៀប​ទៅ​នឹង​ប្រទេស​ក្នុង​តំបន់​អាស៊ាន ប្រទេស​កម្ពុជា​​នៅ​មាន​ឱកាស​ក្នុង​ការ​វិនិយោគ​យ៉ាង​ទូលំ​ទូលាយ​លើ​វិស័យ​សំណង់ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា។

លោក​ឧកញ៉ា​សង្ឃឹម​ដែរ​ថា វិនិយោគិន​ក្នុង​និង​ក្រៅ​ប្រទេស​នឹង​បាន​មើល​ឃើញ​ឱកាស​កាន់តែ​ច្រើន​បន្ទាប់​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ។ 

ជាមួយគ្នានេះ លោក​ឧកញ៉ា ចេង ខេង ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អលន​វត្ថុ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន អចលន​ទ្រព្យ ស៊ីភីអិល បាន​ឲ្យ​ដឹង​ថា នេះ​ជា​មុខមាត់​របស់​កម្ពុជា​យើង​ដែរ បើ​ទោះ​បី​កន្លង​មក​យើង​មាន​ព្រឹត្តិការណ៍​ច្រើន​យ៉ាង​ណា​ក្តី តែ​ព្រឹត្តិការណ៍​ធំ​របស់​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា ​បង្ហាញ​ពី​សក្តានុពល​របស់​ប្រទេស​កម្ពុជា​យើង​ផង​ដែរ។

លោក​ជំទាវ ងួន សុខា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​លើក​ឡើង​ដែរ​ថា ព្រឹត្តិការណ៍​នេះ​ពិត​ជា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ជំរុញ​ដល់​សក្ដានុពល និង​ការ​ប្រកួត​ប្រជែង​របស់​កម្ពុជា ទាំង​នៅ​ក្នុង​ស្រុក និង​ថ្នាក់​តំបន់ ជាពិសេស កាលានុវត្តភាព​នៃ​ការ​ជួប​ប្រាស្រ័យ​ទាក់ទង​ដោយ​ផ្ទាល់ និង​ការ​ពង្រីក​ការ​ផ្សព្វ​ផ្សាយ​ទីផ្សារ ក្នុង​ភាព​ជា​ដៃគូ និង​ការ​ទាក់ទាញ​អតិថិជន​ជាតិ​និង​អន្តរជាតិ។ 

លោក​ជំទាវ​បាន​គូស​បញ្ជាក់​ដែរ​ថា វិស័យ​អចលន​ទ្រព្យ​និង​សំណង់​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​សេដ្ឋកិច្ច​ជាតិ និង​សង្គម តួយ៉ាង ក្នុង​មួយ​ថ្ងៃ​ វិស័យ​សំណង់​បាន​ស្រូប​យក​កម្លាំង​ពលកម្ម​ប្រមាណ​៤​ម៉ឺន​នាក់​នៅ​រាជ​ធានី​ភ្នំពេញ និង​កម្លាំង​ពលកម្ម​ប្រមាណ​៦​ម៉ឺន​នាក់​ក្នុង​១ថ្ងៃ នៅ​ទូទាំង​ប្រទេស​កម្ពុជា។

ដោយ​ឡែក លោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ KFA បាន​ចាត់​ទុក​ថា ការរៀបចំ​ព្រឹត្តិការណ៍​អចលន​ទ្រព្យ​ធំៗ​គឺ​ជា​ការ​ទាក់ទាញ​ចំណាប់​អារម្មណ៍​ដ៏សំខាន់​នៃ​អ្នក​វិនិយោគ​នៅ​ក្នុង​វិស័យ​អចលន​ទ្រព្យ ហើយ​សង្ឃឹម​ថា ការរៀបចំ​ព្រឹតិ្តការណ៍​នេះ​គឺ​ជា​ពេល​វេលា​ដ៏​ល្អ​នៅ​ក្នុង​វិស័យ​អចលន​វត្ថុ​ដែល​នឹង​មាន​ការ​ចែក​រំលែក​នូវ​ជំនាញ និង​គន្លឹះ​ជោគជ័យ​សម្រាប់​អ្នក​វិនិយោគ។

សូម​បញ្ជាក់​ដែរ​ថា គិត​ត្រឹម​៤​ខែ​ដើម​ឆ្នាំ​២០១៧​នេះ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​មាន​ប្រមាណ​ជាង​៤​ពាន់​លាន​ដុល្លារ មាន​ការ​កើន​ឡើង​ប្រមាណ​៤៣% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០១៦៕




អត្ថបទបន្ទាប់


ឧកញ៉ា លី ហួរ៖ ៩ ហេតុផល​ដែល​វិនិយោគិន​គួរ​វិនិយោគ​នៅកម្ពុជា

ព័ត៌មាន
ប្រទេស​កម្ពុជា ក្នុង​ពីរ​ទសវត្ស​ចុង​ក្រោយ​នេះ មាន​វិនិយោគិន​បរទេស​មក​រកស៊ី​យ៉ាង​គគ្រឹក​គគ្រេង ហើយ​វិនិយោគ​ទុន​បន្ត​កើនឡើង​ជា​លំដាប់។…

វៀតណាម​ក៏​មាន​បញ្ហា​កសិផល​លក់​មិន​ដាច់​​ដែរ! តើ​គេ​ជួយ​កសិករ​យ៉ាង​ដូចម្ដេច?

ព័ត៌មាន
កសិករ​នៅ​ប្រទេស​វៀតណាមជិតខាងកម្ពុជា ផលិត​ស្បៀង​អាហារ​បាន​ច្រើន​ជាង​តម្រូវការ​បរិភោគ​របស់​ប្រជាជន​​ក្នុង​ប្រទេស ដែល​ធ្វើ​ឲ្យ​កសិផល​ខ្លះ​…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ