តម្លៃស្រូវអង្ករ

អ្នកជំនាញស្រូវអង្ករ៖ ក្រោយទឹកជំនន់តម្លៃស្រូវអាចនឹងកើនខ្ពស់ជាងមុន


អ្នកជំនាញក្នុងវិស័យស្រូវអង្ករបានរំពឹងថា បន្ទាប់ពីទឹកជំនន់នេះទៅ តម្លៃស្រូវអង្ករ អាចនឹងឡើងថ្លៃខ្ពស់ជាងមុន ព្រោះថា បញ្ហាគ្រោះទឹកជំនន់នេះ មិនត្រឹមតែកម្ពុជាទេ ដែលប៉ះពាល់ នៅបណ្ដាប្រទេសជិតខាង ដូចជាប្រទេសវៀតណាម និងថៃ ក៏រងគ្រោះដោយសារទឹកជំនន់នេះដែរ ដែលវាអាចនឹងធ្វើឲ្យតម្រូវការស្រូវអង្ករកាន់តែមានការកើនឡើង។
នៅអំឡុងគ្រោះទឹកជំនន់នេះ សហព័ន្ធស្រូវអង្ករកម្ពុជាអំពាវនាវសមាជិកជួយទិញស្រូវពីកសិករក្នុងតម្លៃសមរម្យ
ដោយ

លោក លន់ យ៉េង អគ្គលេខាធិការ សហព័ន្ធស្រូវអង្ករកម្ពុជា បាន​លើកឡើងថា គិតមកទល់នឹង​ពេលនេះ បញ្ហាគ្រោះទឹកជំនន់​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ផ្ទៃដី​ដាំដុះស្រូវ​របស់​កម្ពុជា ប្រមាណ​ជាង ២០ម៉ឺន​ហិកតា​ហើយ ដោយភាគច្រើន បាន​ប៉ះពាល់​ទៅលើ​ខេត្ត​ផលិតស្រូវ​សំខាន់​ៗ​របស់​កម្ពុជា ដូចជា ខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យជាដើម ដោយ​ផលប៉ះពាល់​នេះ គឺស្មើនឹង​ប្រមាណជិត​ ១០% នៃផ្ទៃដីដាំដុះស្រូវសរុប​របស់​កម្ពុជា។

ទោះយ៉ាងណា លោក លន់ យ៉េង បញ្ជាក់ថា ផលប៉ះពាល់​កម្រិតប៉ុណ្ណេះ វាមិនទាន់​ជាកម្រិត​ប៉ះពាល់​​ខ្លាំងនោះទេ ព្រោះខេត្ត​ដែល​មានផលិតស្រូវជាច្រើន​​ដទៃទៀត មិនមានការ​ប៉ះពាល់នោះទេ។ លើសពីនេះ ខេត្តដែល ជាប់នឹង​ប្រភពទឹកធំៗ នៅពេល​ដែលទឹកស្រកទៅវិញ កសិករ​នឹង​បន្ដ​ធ្វើការ​ដាំដុះស្រូវបន្ដទៀត​ជាក់ជាមិនខាន ដូច្នេះ បើសួរថា តើ​គ្រោះទឹកជំនន់អាច​នឹងប៉ះពាល់​ដល់​ការនាំចេញ​អង្ករ​កម្ពុជាទេ? គឺវា​ដូចជា​មិនមាន​ការប៉ះពាល់​អ្វីធំដុំនោះទេ។ នេះបើតាម​ការបញ្ជាក់​របស់​អគ្គលេខាធិកា​រ​​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា។

អ្វីដែល​គួរឲ្យចាប់អារម្មណ៍នោះ លោក លន់ យ៉េង គូសបញ្ជាក់​ថា នៅក្រោយ​ពេល​ទឹកជំនន់នេះទៅ សម្រាប់កសិករ​ដែលមានស្រូវលក់​អាច​​នឹង​ទទួល​បាន​តម្លៃ​ខ្ពស់ជាងមុន ដោយសារតែ​​បញ្ហា​គ្រោះទឹកជំនន់នេះ វាមិនមែន​តែ​កើតមាន​នៅប្រទេស​កម្ពុជាប៉ុណ្ណោះទេ នៅប្រទេស​ថៃ និង​វៀតណាម ដែលជា​ទីផ្សារបញ្ជាទិញស្រូវ​ពី​កម្ពុជា​នោះ ក៏ជួបបញ្ជារងគ្រោះទឹកជំនន់ដែរ ដូច្នេះ ប្រទេស​ទាំងនេះ នឹងមានតម្រូវការ​ស្រូវ​ដើម្បី​ផ្គត់ផ្គង់ក្នុងស្រុក និងបំពេញ​​ខ្សែចង្វាក់​ផលិតកម្ម​នាំចេញ​របស់ខ្លួន​នៅពេល​ខាងមុខ។

​សូមបញ្ជាក់ថា នៅអំឡុងពេល​ដែលមាន​បញ្ហា​គ្រោះទឹកជំនន់នេះ​កើតឡើង សហព័ន្ធស្រូវអង្ករ​កម្ពុជា បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន រោងម៉ាស៊ីន ដែលជា​សមាជិក​របស់ខ្លួន​ឲ្យ​ជួយ​ប្រមូលទិញស្រូវសើម​ពីប្រជាកសិករ នៅខេត្ត​ដែល​រងគ្រោះដោយសារ​ទឹកជំនន់ ក្នុងតម្លៃ​សមរម្យ។ ហើយមកទល់ពេលនេះ​មានរោងម៉ាស៊ីន​ជាច្រើន បាន​និងកំពុង​បន្ដ​ទិញស្រូវសើម​ទាំងនេះ ពីកសិករ​ ដូចជា​នៅខេត្ត​កំពង់ធំ ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យជាដើម។ 

លោក ឃី ឆៃវ៉ាត់ ប្រធានគ្រប់គ្រង​ទូទៅនៃ​រោងម៉ាស៊ីន​កិនស្រូវ​របស់​ក្រុមហ៊ុន​ Amru Rice នៅខេត្ត​បាត់ដំបង​បាន​ឲ្យថា ក្នុងរយៈពេល ១សប្ដាហ៍មកនេះ លោកបាន​បញ្ជាទិញ​ស្រូវសើម​ ជាប្រភេទ​ស្រូវ​ដែលបាន​លិចទឹកពី​ប្រជាកសិករ ប្រមាណ ៨០០ តោនហើយ ប៉ុន្ដែ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ សន្ទុះ​នៃការ​យកស្រូវមកលក់​ ហាក់មាន​ការថយចុះ​ជាងមុនបន្ដិចហើយ។ លោកបន្ថែមថា ចំពោះ​ស្រូវសើមនេះ បើសិនជាគុណភាព​វា​មិនខូចខាតខ្លាំងទេ ក្រុមហ៊ុនបានបញ្ជាទិញពីកសិករ ក្នុងតម្លៃ ៩០០រៀល ទៅជាង ១.១០០រៀល​ក្នុងមួយគីឡូក្រាម ឬអាចថ្លៃជាងនេះទៀត បើ​គុណភាពស្រូវល្អ។

គួរបញ្ជាក់ថា តាម​ការរំពឹងទុក​របស់​សហព័ន្ធស្រូវអង្ករ សម្រាប់ឆ្នាំ២០២០នេះ ការនាំចេញអង្ករ​នៅតែ​រំពឹងថា នៅតែរក្សាបានកំណើនតាមផែនការ ដែលមានក្នុងចន្លោះ ២០% ទៅ៣០% ពោលគឺអាចនឹង​សម្រេចបាន​បរិមាណនាំចេញអង្ករក្នុងរង្វង់៧០ម៉ឺនតោន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឡាវ និងចិន ពង្រឹងចំណងកិច្ចសហប្រតិ្តការគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ កាន់តែខ្លាំង

ព័ត៌មាន
រដ្ឋាភិបាលចិន និងឡាវ បានបង្ហាញពីជំហរឹងមាំ និងរួចរាល់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ខណៈភាគីទាំងពី…

ផ្ទេរ​ប្រាក់​ទៅ​វិញ​ទៅ​មក​រវាង វីង និង​ស្ថាបនា ឈ្នះ​រង្វាន់​ទឹក​ប្រាក់​ជាច្រើន

ព័ត៌មាន
ធនាគារ ស្ថាបនា និង​ធនាគារ​ឯកទេសវីង បាន​និង​កំពុង​ផ្តល់​ជូន​អតិថិជន​របស់​ខ្លួន​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការរអនុញ្ញាត​ផ្ទេរ​ប្រាក់​ទៅ​វ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ