វិស័យទេសចរណ៍ឆ្នាំ២០២៣

អ្នកជំនាញ៖ វិស័យទេសចរណ៍ឆ្នាំ២០២៣ នៅតែមិនច្បាស់លាស់ ទោះបីប្រទេសចិនប្រកាសបន្ធូរបន្ថយការធ្វើដំណើរអន្តរជាតិក្ដី


អ្នកជំនាញនៅក្នុងវិស័យទេសចរណ៍កម្ពុជា បានអះអាងថា សម្រាប់ឆ្នាំ២០២៣ខាងមុខនេះ វិស័យទេសចរណ៍នៅតែបន្ដស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ដដែល បើទោះបីជា រដ្ឋាភិបាលចិនថ្មីៗនេះ បានប្រកាសនឹងបន្ថូរបន្ថយការធ្វើដំណើរអន្តរជាតិចូលក្នុងប្រទេសចិនចាប់ពីថ្ងៃទី ៨ខែមករាតទៅក្ដី។
អ្នកជំនាញ៖ វិស័យទេសចរណ៍ឆ្នាំ២០២៣ នៅតែមិនច្បាស់លាស់ ទោះបីប្រទេសចិនប្រកាសបន្ធូរបន្ថយការធ្វើដំណើរអន្តរជាតិក្ដី រូបភាព៖ Cambodia Airports

ទោះយ៉ាងណា អ្នកជំនាញគូសបញ្ជាក់ថា ចំពោះស្ថានភាពនៃវិស័យទេសចរណ៍កម្ពុជាឆ្នាំ២០២២ ហាក់មានភាពល្អប្រសើរច្រើន បើធៀបនារយៈពេល២ឆ្នាំកន្លងមក ដែលមានជាពេលមានកូវីដ១៩រាតត្បាតខ្លាំង ជាក់ស្ដែងនៅត្រឹម១១ខែឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ១លាន៩សែនឯណោះ កើនជាង១០០០% ធៀបនឹងឆ្នាំមុន។

តាមប្រភពព័ត៌មានអន្តរជាតិធំៗបានផ្សាយកាលពីថ្ងៃទី២៧ ខែធ្នូថា គណកម្មាធិការសុខាភិបាលចិន បានប្រកាសពីការបន្ធូរបន្ថយការធ្វើដំណើរពីបរទេសចូលមកកាន់ប្រទេសចិនចាប់ពីថ្ងៃទី ៨ខែមេសាឆ្នាំ២០២៣ ដោយលែងមានតម្រូវឲ្យធ្វើចត្តាឡីស័កតទៅទៀតហើយ ដោយគ្រាន់តែអ្នកដំណើរត្រូវបង្ហាញពីលទ្ធផលតេស្ដអវិជ្ជមានក្នុងរយៈពេល៤៨ម៉ោង មុនការធ្វើដំណើរមកកាន់ប្រទេសចិន។ ដំណឹងនេះ អាចចាត់ទុកថា គឺជាពន្លឺមួយសម្រាប់វិស័យឧស្សាហកម្មទេសចរណ៍ពិភពលោកដែលអាចនឹងបន្ដងើបឡើងវិញខ្លះ ដ្បិតថាប្រទេសជាច្រើនរួមទាំងកម្ពុជា គឺពឹងផ្អែកខ្លាំងណាស់លើភ្ញៀវទេសចរ និងអ្នកវិនិយោគជនជាតិចិន។

ជុំវិញស្ថានភាពវិស័យទេសចរនេះដែរ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក បានមើលឃើញថា ចាប់តាំងពីមានការរាតត្បាតខ្លាំងពីជំងឺកូវីដ១៩ រហូតមកដល់ពេលនេះ សន្ទុះនៃភ្ញៀវទេសចរអន្តរជាតិចូលមកប្រទេសកម្ពុជា បើធៀបនឹងកម្រិតនៅមុនពេលកូវីដ១៩រាតត្បាត គឺនៅតែមានកំណើនទាប និងមិនទាន់មានអ្វីគួរឲ្យកត់សម្គាល់នោះទេ ជាពិសេសទេសចរចិនតែម្ដង។ បើតាមលោក ធួន ស៊ីណាន ការអូសបន្លាយនូវវិធានការគ្មានកូវីដ១៩ របស់រាជរដ្ឋាភិបាលចិន នៅតែជិះឥទ្ធិពលដល់វិស័យទេសចរណ៍កម្ពុជា ឆ្នាំ២០២២ និងឆ្នាំ២០២៣។ អ្នកជំនាញរូបនេះ នៅតែយល់ឃើញថា ចរន្តភ្ញៀវទេសចរចិន ដែលចូលមកកម្ពុជា ក្នុងឆ្នាំ២០២៣ នៅតែមានភាពមិនទាន់ច្បាស់លាស់ បើទោះជាមានការប្រកាសថា រដ្ឋាភិបាលចិន នឹងបន្ធូរបន្ថយវិធានការកូវីដ១៩ ដល់ប្រជាជនរបស់ខ្លួននិងអ្នកដំណើរចេញ-ចូល ប្រទេសចិនឡើងវិញ ចាប់ពីដើមឆ្នាំ២០២៣ ក៏ដោយ។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានវាយតម្លៃថា វិស័យទេសចរណ៍ឆ្នាំ២០២២ កាន់តែបង្ហាញនូវសញ្ញាណវិជ្ជមាន តាមរយៈការស្ទុះងើបនៃចរន្តភ្ញៀវទេសចរក្រោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យមានការបើកប្រទេសសង្គម និងសេដ្ឋកិច្ចពេញលេញ។ បើតាមប្រធានសមាគមទេសចរណ៍រូបនេះ ការអនុវត្តផែនការស្ដារវិស័យទេសចរណ៍ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាការរួមចំណែកដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរទាំងទេសចរក្នុងស្រុក និងអន្តរជាតិ។ ជុំវិញស្ថានភាពទេសចរណ៍នៅឆ្នាំ២០២៣ លោកជំទាវ ឆាយ ស៊ីវលីន នៅតែបង្ហាញនូវសញ្ញាណវិជ្ជមាន តាមរយៈការបង្កើននូវសេវាកម្មទេសចរណ៍នានា ជាពិសេសការត្រឡប់មកវិញនៃវិស័យដឹកជញ្ជូន ដែលបង្កនូវភាពងាយសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។

សូមបញ្ជាក់ថា នៅរយៈពេល១១ខែ ក្នុងឆ្នាំ២០២២នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ១លាន៩សែននាក់ កើនឡើងជាង ១០០០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្នុងនោះ ភ្ញៀវទេសចរដែលបានចូលមកកម្សាន្តនៅកម្ពុជា ច្រើនជាងគេ គឺភ្ញៀវទេសចរមកពីប្រទេសថៃ ដែលមានចំនួនជាង ៧២ម៉ឺននាក់ បន្ទាប់មកគឺភ្ញៀវទេសចរវៀតណាម មានជាង៤០ម៉ឺននាក់ ខណៈភ្ញៀវទេសចរចិន មានប្រមាណ ៩ម៉ឺននាក់។ ដោយឡែក ពេញមួយឆ្នាំ ២០២២នេះ កម្ពុជារំពឹងថាទទួលបានទេសចរណ៍អន្តរជាតិប្រមាណ ២លាន២សែននាក់ និងភ្ញៀវទេសចរផ្ទៃក្នុងច្រើនជាង ១៣លាននាក់ ខណៈនៅឆ្នាំ២០២៣ កម្ពុជារំពឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិច្រើនជាង ៣លាននាក់ផងដែរ៕




អត្ថបទបន្ទាប់


ផ្ទះសំណាក់ និងសណ្ឋាគារ ៧០% នៅតាមខេត្តគោលដៅទេសចរណ៍ត្រូវបានកក់ សម្រាប់ឱកាសឆ្លងឆ្នាំសាកល

ព័ត៌មាន
ថ្នាក់ដឹកនាំនាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅ និងម្ហូបអាហារបានវាយតម្លៃថា មកទល់ពេលនេះមានបន្ទប់ផ្ទះសំណាក់ សណ្ឋាគារ និងបឹងកាឡូនៅតាមខេត្តគោ…

តៃវ៉ាន់បង្កើនពេលវេលាដល់១ឆ្នាំសម្រាប់ការបំពេញកាតព្វកិច្ចយោធា ក្រោយមើលឃើញពីការគំរាមកំហែងរបស់ចិនកាន់តែខ្លាំង

ព័ត៌មាន
បើប្រភពពីខាងអាជ្ញាធរកោះតៃវ៉ាន់បានឲ្យដឹងថា ទីក្រុងតៃប៉ិនឹងប្រកាសអំពីផែនការពង្រីករយៈពេលនៃការបំពេញកាតព្វកិច្ចយោធាពីរយៈពេល៤ខែនាពេលបច្ចុប្ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ