បច្ចុប្បន្នភាព ទីផ្សារ​អចលនទ្រព្យ​ខេត្តព្រះសីហនុ!

ទស្សនៈអ្នកជំនាញ ជុំវិញនឹងភាពមិនច្បាស់លាស់នៃទីផ្សារអចលនទ្រព្យក្នុងក្រុងព្រះសីហនុ


ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឈប់ផ្ដល់អាជ្ញាបណ្ណ ដល់អាជីវកម្មល្បែងភ្នាល់តាម​អនឡាញ ឬហៅថា កាស៊ីណូអនឡាញ រួចមក គេសង្កេតឃើញថា វាបានបណ្ដាលឲ្យមានជិះឥទ្ធិពលអវិជ្ជមាន ដល់វិស័យអចលនទ្រព្យ​​នៅតាម​តំបន់មួយចំនួន ពិសេស គឺនៅខេត្តព្រះសីហនុ តែម្ដង ដោយសារតែមានការលើកឡើងថា ជនជាតិចិន​ជាច្រើនបានចាកចេញ ពីខេត្តព្រះសីហនុ ដែលវាបាននិងកំពុងធ្វើឲ្យទីផ្សារ​អចលនទ្រព្យ​ក្នុងខេត្តជាប់មាត់​សមុទ្រ​មួយនេះ កំពុង​ស្ថិតក្នុងភាព​មិនច្បាស់លាស់។
លោកឧកញ់ា ចេង ខេង (រូបឆ្វេង) និងលោក ច្រឹក សុខនីម (រូបកណ្ដាល) និងលោក គីម ហ៊ាង (រូបស្ដាំ)

អ្នកជំនាញ អចលនទ្រព្យ មួយចំនួន បានះអាងថា ក្រោយពីមាន​ការឈប់ផ្ដល់​អាជ្ញាបណ្ណ​ដល់​អាជីវកម្ម ​ល្បែងភ្នាល់​តាមអនឡាញ រួចមក វា​បាននិងកំពុង​ធ្វើឲ្យ​ស្ថានភាព​វិស័យដីធ្លី នៅខេត្ត​ព្រះសីហនុ ដែលជា​ខេត្តមាត់សមុទ្រ​​ពោរពេញ​ទៅដោយ​ការវិនិយោគ​យ៉ាងសន្ធឹកសន្ធាប់ ពីសំណាក់​វិនិយោគិន​ចិននោះ កំពុង​ស្ថិតនៅ​ក្នុងស្ថានភាព​មិនច្បាស់លាស់ ដោយ​សារតែ​បច្ចុប្បន្ន​តម្លៃ​អចលនទ្រព្យ​ហាក់​មានការ​ធ្លាក់ចុះគួរឲ្យកត់សម្គាល់។

លោកគីម ហ៊ាង ប្រធាន​ក្រុមហ៊ុន​ខ្មែររៀលអេស្ទេត​បានបញ្ជាក់ ថា ទីផ្សារអចលនទ្រព្យ នៅខេត្តព្រះសីហនុ​បច្ចុប្បន្ន​ ចាប់ផ្តើមធ្លាក់ចុះជា​​បណ្តើរៗហើយ ចាប់តាំង​ពី​អំឡុងពាក់កណ្តាល​ឆ្នាំ២០១៩ នេះ បន្ទាប់ពី​មានការចាកចេញ​របស់​ជនជាតិចិន។ លោកបន្តថា ការដែលរដ្ឋាភិបាល​សម្រេចថា​បិទអាជីវកម្ម​អនឡាញ​នៅកម្ពុជា​ក៏នឹងជះឥទ្ធិពល​មិនត្រឹមតែ​ទីផ្សារអចលនទ្រព្យ​នៅខេត្ត​ព្រះសីហនុប៉ុណ្ណោះទេ នៅតាមបណ្តាខេត្ត​ជាប់ព្រំដែន​ផ្សេងទៀត​ដូចជា​នៅព្រំដែនបាវិត ប៉ោយប៉ែត និងរួមទាំង​ភ្នំពេញផងនោះ តម្លៃអចលនទ្រព្យ​ក៏នឹងធ្លាក់ថ្លៃ​ទៅតាមគ្នាដែរ ដែលនេះ​គឺជារឿងពិត។

ជាមួយគ្នានេះ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា​តែងតែបើកចំហរ​ជើងមេឃ​ដើម្បីស្វាគមន៍​វិនិយោគិន​បរទេស មិនថា​ជនជាតិ ចិន ឬប្រជាជន​អឺរ៉ុប ឬក៏ប្រទេស​ណាមួយផ្សេង​ទៀតនោះទេ។

លោកបញ្ជាក់ថា ការប្រកាសបិទ​អាជីវកម្មល្បែង​អនឡាញ​ពិតណាស់វា​នឹងមាន​ផលរំខាន​ខ្លះៗ​ចំពោះវិនិយោគ​ចិន ប៉ុន្តែនេះជាការ​បង្ការ​ការពារ​ទុកជាមុន ដើម្បីទប់ទាល់​ទៅនឹងការ​រងឥទ្ធិពល​ធំនៅថ្ងៃ​ខាងមុខ។

យ៉ាងណា​ក៏ដោយចុះ លោកឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុនអចលនទ្រព្យ CPL បាន​លើកឡើងថា ការធ្វើឲ្យប្រទេសមានស្ថិរភាព និងការវិនិយោគ វាមិនស្ថិត​នៅលើ​វិស័យល្បែងនោះទេ។ 

លោកឧកញ៉ា ចេង ខេង បាន​គូសបញ្ជាក់ទៀតថា ទោះបីជា​មាន​ការធ្លាក់ បន្តិចបន្ដួច​ចំពោះ ទីផ្សារ​វិស័យអចលនទ្រព្យ​នៅខេត្តព្រះសីហនុ​ក៏ដោយចុះ ប៉ុន្ដែ វា​មិន​បានចោទ​ជាបញ្ហា​ដែលអាចធ្វើឲ្យ​វិស័យ​អចលនទ្រព្យ​កម្ពុជា​មានភាព​ផុយស្រួយនោះទេ ដូច្នេះ អ្នកវិនិយោគ និងសាធារណជន​ទូទៅ សូមកុំ​មានការបារម្ភ​ខ្លាំងពេក។

ជាការពិតណាស់ ក្រុងព្រះសីហនុ មានការ​វិនិយោគកើនឡើង​យ៉ាងគំហុក​នៅមួយរយៈ​ចុងក្រោយនេះ ខណៈដែល​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជាផ្លូវ​ថ្នល់​បញ្ហាសន្ដិសុខសវុត្ថិភាព និងការ​អភិវឌ្ឍផ្ទះតម្លៃទាប​សម្រាប់​ប្រជាពលរដ្ឋ​ស្នាក់នៅ ហាក់បីដូចជា នៅមិនទាន់​អាច​ឆ្លើយតប​គ្រប់គ្រាន់​ទៅនឹង​កំណើន​អភិវឌ្ឍន៍នៅឡើយទេ។ ដូច្នេះ វា​នៅមាន​បញ្ហាជាច្រើន​សម្រាប់​រាជរដ្ឋាភិបាល​ត្រូវ​រៀបចំដោះស្រាយ។ ទីក្រុង​ព្រះសីហនុ គឺជាទីក្រុង​ដ៏មានសក្ដានុពល ដូច្នេះ រាជរដ្ឋាភិបាល​មិនចង់​ឲ្យ​ទីក្រុង​នេះ ទៅជាទីក្រុង​ខ្មោច​នៅពេលអនាគត​នោះទេ។ នេះបើតាម​ការបញ្ជាក់ របស់លោកឧកញ៉ា ចេង ខេង។ 

របាយការណ៍​ពីក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឲ្យដឹងថា បើគិត​ចាប់ពីឆ្នាំ២០១៦ មកទល់នឹង​ខែសីហា ឆ្នាំ២០១៩ ខេត្តព្រះសីហនុ ទទួលបាន​ទុនវិនិយោគ​ពីប្រទេសចិន​ ២ពាន់លាន​ដុល្លារអាមេរិក ស្មើនឹង​៨,៩% នៃទុនវិនិយោគសរុប។

បើតាម​របាយការណ៍ ស្នងការខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ ដែលបាន​ផ្សព្វផ្សាយ កាល​ពី​ខែកក្កដា ឆ្នាំ២០១៩ ថា អាជីវកម្មស្ទើរ ៩០ភាគរយ នៅក្នុង ខេត្តព្រះសីហនុ រាប់ចាប់តាំងពីផ្ទះសំណាក់ សណ្ឋាគារ ហាងម៉ាស្សា ភោជនីយដ្ឋាន និងកាស៊ីណូជាដើម ត្រូវគ្រប់គ្រង​ដោយ​ជនជាតិចិន។

របាយការណ៍ របស់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុនេះ បានបញ្ជាក់ទៀតថា សណ្ឋាគារ និងផ្ទះសំណាក់​នៅខេត្តព្រះសីហនុ មានចំនួនជាង ១៥០ កន្លែង ក្នុងនោះ គ្រប់គ្រង​ដោយចិន មាន​ជាង​៩០% ខណៈដែល​កាស៊ីណូវិញ មាន​៦២ កន្លែង គ្រប់គ្រងដោយចិន មាន​៧៧%។ 

កំណើន​នៃវិស័យ​ល្បែង​កាស៊ីណូ នៅកម្ពុជា ត្រូវបាន​គេមើលឃើញថា គឺដើរស្របគ្នា​ទៅនឹង​កំណើន​នៃលំហូរ​ទេសចរជនជាតិ​ចិន​មកកម្ពុជា។ តួយ៉ាង នៅ​៨ខែឆ្នាំ២០១៩ កម្ពុជាទទួលបាន​ទេសចរអន្តរជាតិ ជាង​៤លាន ៣សែននាក់ កើនឡើង​១០,៤% ធៀបនឹង​រយៈពេលដូចគ្នា​កាលពីឆ្នាំមុន។ ក្នុងនោះ ទេសចរជនជាតិ​ចិន មាន​១លាន​៧សែននាក់ កើនឡើង​៣៣% និងមានចំណែកប្រមាណ ៣៩% នៃចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​សរុប។

យោង​តាមរបាយការណ៍​ពីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាន​បង្ហាញថា នៅក្នុងឆ្នាំ២០១៨ កន្លង​មកកម្ពុជា​បានប្រមូល​ប្រាក់​ចំណូល​ពីវិស័យ​កាស៊ីណូ​ប្រមាណ ៤៦ លានដុល្លារអាមេរិក និង សម្រាប់ផែន​ការឆ្នាំ​២០១៩ រំពឹងថា នឹងអាច​ប្រមូល​បាន​រហូតដល់ ៥៦ លាន​ដុល្លារ​អាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Grab បោះទុនវិនិយោគបន្ថែមលើការពង្រីកមហិច្ឆតាអភិវឌ្ឍន៍ខ្លួនទៅ Super App ផ្តល់សេវាកម្មលើគ្រប់វិស័យ

ព័ត៌មាន
បើនិយាយពីការវិនិយោគរបស់ក្រុមហ៊ុន Grab នៅកម្ពុជា គឺមានតែ សេវាកម្មដឹកជញ្ជូនប៉ុណ្ណោះទេ ក៏ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ បាននឹងកំពុងប…

សេដ្ឋកិច្ចម៉ាកាវ រំពឹងថានឹងងើបឡើងវិញនៅចុងឆ្នាំនេះ

ព័ត៌មាន
សេដ្ឋកិច្ចតំបន់រដ្ឋបាលពិសេសនៃប្រទេសចិន ម៉ាកាវ ត្រូវបានគេរំពឹងថា នឹងងើបកើនឡើងវិញនៅឆមាសទី២នៃឆ្នាំ២០១៩នេះ ខណៈដែលនៅពេញមួយឆ្នាំ២០១៩នេះ រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ