វត្តមានក្រពើភ្នំក្នុងដែនជម្រកស្រែពក

ក្រសួងបរិស្ថាន និងអង្គការ WWF ប្រទះឃើញហ្វូងកូនក្រពើភ្នំ៨ក្បាលលើកដំបូងបង្អស់ក្នុងដែនជម្រកស្រែពក


ក្រុមអ្នកវិទ្យាសាស្ត្រផ្នែកស្រាវជ្រាវសត្វព្រៃនៃក្រសួងបរិស្ថាន និងអង្គការ WWF បានប្រទះឃើញហ្វូងកូនសត្វក្រពើភ្នំ សរុបចំនួន ៨ក្បាល ក្នុងតំបន់ជម្រកសត្វព្រៃស្រែពក នៃខេត្តមណ្ឌលគីរី។
វត្តមានកូនក្រពើភ្នំទើបញាស់មួយក្បាលក្នុងចំណោមផ្សេងទៀតក្នុងជម្រកសត្វព្រៃស្រែពក

វត្តមានរបស់ហ្វូងកូនក្រពើភ្នំ ក្នុងដែនជម្រកសត្វព្រៃស្រែពក ដែលជាតំបន់ការពារធម្មជាតិនៃតំបន់ព្រៃទេសភាពភាគខាងកើត របស់កម្ពុជានេះ គឺជាកំណត់ត្រាលើកដំបូងបង្អស់ និងដ៏កម្រមួយ នារយៈពេលជាងមួយទសវត្សមកនេះ។ បច្ចុប្បន្ន ហ្វូងកូនក្រពើទាំងនេះ កំពុងរស់នៅ​ដោយសុវត្ថិភាព ក្នុងទីជម្រកធម្មជាតិរបស់ពួកវា ក្រោមការការពារយ៉ាងតឹងរ៉ឹង ពីសំណាក់មន្ត្រីឧទ្យានុរក្សដែនជម្រកស្រែពក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង និងអង្គការខាងលើ ចេញថ្ងៃទី២១ កញ្ញា ២០២១​នេះ។

កញ្ញា Milou Groeneberg ប្រធានផ្នែកស្រាវជ្រាវ និងតាមដានជីវចម្រុះនៃអង្គការ WWF បានលើកឡើងថា របកគំហើញមួយនេះ ត្រូវបានអ្នកវិទ្យាសាស្ត្រ ចាត់ទុកថា ជាការវិវឌ្ឍដ៏វិជ្ជមានមួយ នៃការសិក្សាអំពីសត្វក្រពើភ្នំ ក្នុងតំបន់ជម្រកសត្វព្រៃស្រែពក។ កញ្ញាបន្ថែមថា វត្តមានរបស់ពួកវា ក្នុងតំបន់ស្រែពកនេះ មិនត្រូវបានគេបញ្ជាក់ជាផ្លូវការនោះទេ បើផ្អែកតាមការស្រាវជ្រាវនានាកន្លងមក ក៏ដូចជាការកត់ត្រាតាមរយៈរូបភាព ក៏គ្មានដែរ ក្នុងទសវត្សចុងក្រោយមកនេះ។

កញ្ញា Milou បន្តយ៉ាងដូច្នេះថា៖ «ការរកឃើញ នៃសត្វកម្រប្រភេទនេះ នៅតំបន់នេះ គឺពិតជាផ្តល់នូវក្ដីសង្ឃឹម សម្រាប់កិច្ចការងារអភិរក្ស ​និងការពារការរស់រាន ក្នុងទីជម្រកធម្មជាតិរបស់ពួកវា ដែលមានសារសំខាន់ខ្លាំងណាស់ សម្រាប់ប្រទេសកម្ពុជា និងពិភពលោក»។

សត្វក្រពើភ្នំ គឺជាប្រភេទសត្វកម្រ និងត្រូវបានគេចាត់ទុកជាប្រភេទសត្វ កំពុងរងគ្រោះថ្នាក់​ ជិតដាច់ពូជ។ កត្ដាគំរាមកំហែង ចំពោះការរស់រានរបស់ពួកវា មានដូចជា ការរេចរិល និងការបាត់បង់ទីជម្រក ការបរបាញ់ខុសច្បាស់ ដែលបណ្ដាលមកពីតម្រូវការ នៃការជួញដូរសត្វព្រៃខុសច្បាប់ ការចាប់ដោយខុសច្បាប់ ដើម្បីផ្គត់ផ្គង់កសិដ្ឋានចិញ្ចឹមក្រពើ ការចាប់យកទៅបង្កាត់ពូជជាមួយក្រពើផ្សេង ការសាងសង់ទំបន់វារីអគ្កិសនី និងការនេសាទដោយប្រើឧបករណ៍ខុសច្បាប់ជាដើម។

គួរឱ្យដឹងថា សត្វក្រពើភ្នំ ធ្លាប់មានរស់នៅ ពាសពេញតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្ដែចាប់ពីដើមទសវត្សឆ្នាំ១៩៩០ មក វត្តមានរបស់សត្វប្រភេទជិតផុតពូជមួយនេះ ត្រូវបាត់បង់បន្តបន្ទាប់ គួរឱ្យបារម្ភ ពីដែនជម្រកធម្មជាតិរបស់ពួកវា។ 

ប្រទេសកម្ពុជា គឺជាទីជម្រកសំខាន់ជាសកលមួយ សម្រាប់ការរស់រាន នៃសត្វក្រពើភ្នំ ដែលត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនសរុប ចម្លោះពី ២០០ ទៅ ៤០០ក្បាល​ កំពុងរស់នៅក្នុងទីជម្រកធម្មជាតិនានាក្នុងប្រទេស។ ចំណែកនៅលើពិភពលោក ចំនួនសត្វក្រពើភ្នំ ដែលស្ថិតក្នុងវ័យអាចបន្តពូជបាន មានប្រមាណមិនលើសពី ១.០០០ក្បាលនោះឡើយ៕

អត្ថបទដោយ៖ រ៉ាត់ ទី

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កោះតៃវ៉ាន់គំរាមនឹង តតាំង ជាមួយចិន នៅអង្គការពាណិជ្ជកម្មពិភពលោកក្នុងជម្លោះការនាំចេញផ្លែឈើ

ព័ត៌មាន
កោះតៃវ៉ាន់ថ្មីៗនេះ បានគំរាមនឹងតតាំងជាមួយចិននៅអង្គការពាណិជ្ជកម្មពិភពលោក បន្ទាប់ពីទីក្រុងប៉េកាំងបានផ្អាកការនាំចូលផ្លែទៀប និងផ្លែជម្ពូពីក…

ករណីអូស្ត្រាលីទិញនាវាមុជទឹកពីសម្ព័ន្ធ AUKUS កំពុងបង្កភាពចម្រូងចម្រាស់ការទូតកើនឡើងកាន់តែខ្លាំងជាមួយបារាំង

ព័ត៌មាន
ភាពចម្រូងចម្រាស់ការទូតកើនឡើងកាន់តែខ្លាំង ក្រោយអូស្ត្រាលីបញ្ចប់កិច្ចសន្យាទិញនាវាពីបារាំង ប៉ុន្ដែបែរជាទៅទិញនាវាមុជទឹកពីប្រទេសសម្ព័ន្ធមិត្ត A…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ