គ្រោះទឹកជំនន់

អាជ្ញាធរខេត្តស្ទឹងត្រែង បានជម្លៀសពលរដ្ឋជាង ២ពាន់គ្រួសារ ពីគ្រោះ​ទឹក​ជំនន់


គិតមកត្រឹមម៉ោង៩ព្រឹកថ្ងៃទី២៦ ខែកក្កដា អាជ្ញាធរខេត្តស្ទឹងត្រែង និងកងកម្លាំងប្រដាប់អាវុធ បានជម្លៀសពលរដ្ឋនៅស្រុកសៀមប៉ាង បានចំនួនជាង ២ពាន់​គ្រួសារ​ហើយ បន្ទាប់ពីទឹកបានលិចផ្ទះរបស់ពួកគេ ដែលបណ្តាលមកពី​ការបាក់ទំនប់វារីអគ្គិសនីមួយនៅប្រទេសឡាវ។ នេះបើតាមលោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានប្រាប់សារព័ត៌មានខេមបូណូមីសនៅមុននេះបន្តិច។
នេះជាពលរដ្ឋនៅស្រុកសៀមប៉ាង ដែលអាជ្ញាធរខេត្តស្ទឹងត្រែងបានជម្លៀសពីគ្រោះទឹកជំនន់(រូបថត៖ រដ្ឋបាលខេត្តស្ទឹងត្រែង)
ដោយ

លោក កែវ វី បញ្ជាក់យ៉ាងដូច្នេះថា៖ «តាមគម្រោង អាជ្ញាធរគ្រោងជម្លៀសពលរដ្ឋនៅស្រុកសៀមប៉ាងជាង ៥ពាន់គ្រួសារ តែបច្ចុប្បន្នបានជម្លៀសបានជាង ២ពាន់២រយគ្រួសារ ដោយរួមទាំងគោក្របី និងសត្វចិញ្ចឹមរបស់ពួកគាត់។ ការជម្លៀសគឺសម្រាប់ពលរដ្ឋរស់នៅផ្ទះទាបៗ​ដែលទឹកលិចច្រើន តែសម្រាប់ពលរដ្ឋរស់នៅផ្ទះខ្ពស់ៗ គឺមិនទាន់ជម្លៀសនោះទេ ព្រោះពលរដ្ឋអត់ទាន់ឲ្យជម្លៀសនោះទេ ដោយគាត់រង់ចាំមើលកម្ពស់ទឹកសិន»។

បើតាមលោក កែវ វី ទឹកទន្លេមេគង្គនៅមានកម្ពស់ទាបនៅឡើយ (៩,៨២ម៉ែត្រ) ទាល់តែដល់ ១០,៧០ ម៉ែត្រ ទើបជាកម្រិតប្រុងប្រយ័ត្ន។ ដូច្នេះ ទឹកទន្លេសេកុង ដែលហូរចូលទន្លេមេគង្គ អាចទទួលបានទឹកច្រើនណាស់។ ដ្បិតទឹកតែហូរមកដល់ខេត្តស្ទឹងត្រែងមានចំនួនច្រើន តែទឹកឡើងសន្សឹមៗ មិនឡើងលឿននោះទេ។ លើសពីនេះ ការប៉ះពាល់អាចរយៈពេលមួយសប្តាហ៍ ទឹកនឹងហូរចូលទន្លេមេគង្គអស់ហើយ ហើយពលរដ្ឋអាចត្រឡប់មកលំនៅដ្ឋាន​វិញនៅពេលទឹកស្រក។ ​​

តាមពិតទៅ ការហក់ឡើងយ៉ាងគំហុករបស់ទឹកទន្លេសេកុងនៅពេលនេះ គឺដោយសារ​ការហូរ​ចូល​ទឹកជំនន់​ពីការ​បាក់​ទំនប់​វារីអគ្គសនី​ សេពាន​សេណាម​ណយ ស្ថិតនៅ​ខេត្ត​អត្តពី ប្រទេស​ឡាវ ដែលមាន​ចម្ងាយ​ប្រហែល​៧០​គីឡូម៉ែត្រ​ពីព្រំដែន​កម្ពុជា-ឡាវ។   

ព្រឹត្តិការណ៍បាក់ទំនប់វារីអគ្គិសនីនៅប្រទេសឡាវ បានកើតឡើងកាលពីយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ដែលបានធ្វើពលរដ្ឋឡាវរាប់សិបនាក់ស្លាប់ និងជាច្រើននាក់បាត់ខ្លួន ខណៈផ្ទះ និងភូមិឋានជាច្រើនត្រូវបាន​លិចលង់ និងខូចខាតយ៉ាងខ្លាំង។

បន្ទាប់ពីគ្រោះមហន្តរាយនេះ សាលាខេត្តអត្តពីប្រទេសឡាវ បានសរសេរលិខិតមួយមកសាលាខេត្តស្ទឹងត្រែងរបស់កម្ពុជាកាលពីថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០១៨ ដើម្បីត្រៀមខ្លួនជម្លៀសពលរដ្ឋដែលរស់នៅតាមដងទន្លេសេសាន​ និងទន្លេផ្សេងទៀតរបស់កម្ពុជាទៅកាន់ទីទួលសុវត្ថិភាព។ 

សូមបញ្ជាក់ថា គម្រោងទំនប់វារីអគ្គិសនី  Xe Pian Xe Namnoy ​ដែលមានផលិតថាមពលអគ្គិសនីបាន ៤១០​មេ​ហ្គា​វ៉ា​ត់​ និងវិនិយោគក្នុងទឹកប្រាក់ជាងមួយពាន់លានដុល្លារអាមេរិក គឺជាការ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ថៃ កូរ៉េខាងត្បូង និង​ឡាវ ហើយ​គ្រោង​នឹង​ចាប់ផ្ដើម​ដំណើរការ​នៅ​ឆ្នាំ​២០១៩ តែជាអកុសលទំនប់មិនទាន់ប្រើប្រាស់ផង ស្រាប់តែនៅយប់ថ្ងៃទី២៣ ខែកក្កដា បានបាក់បណ្តាលឲ្យទឹកក្នុងអាងស្តុក បានហូរយ៉ាងគំហុកបណ្តាលឲ្យផ្ទះលិច និងអណ្តែត និងបានលិចភូមិឋាននៅផ្នែកខាងក្រោម ព្រមទាំងបានធ្វើមនុស្សរាប់សិបនាក់ស្លាប់ និងជាច្រើននាក់បាត់ខ្លួន៕ 

នេះជាសកម្មភាពនៃការជម្លៀសពលរដ្ឋនៅស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងពីគ្រោះទឹកជំនន់ (រូបភាព៖​រដ្ឋបាលខេត្តស្ទឹងត្រែង)
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាជ្ញាធរខេត្តស្ទឹងត្រែងជម្លៀសពលរដ្ឋទៅទីទួលសុវត្ថិភាព ខណៈទឹកបានបន្តហក់ឡើង

ព័ត៌មាន
នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ អាជ្ញាធរខេត្តស្ទឹងត្រែង បាននឹងកំពុងជម្លៀសពលរដ្ឋនៅខេត្តស្ទឹងត្រែង ទៅកាន់ទីទួលសុវត្ថិភាព ខណៈទឹកទន្លេសេកុង ប…

ជប៉ុន នឹងពិចារណាទទួល ពលករកម្ពុជា សម្រាប់មើលថែទាំចាស់ជរា

ព័ត៌មាន
ប្រទេសជប៉ុន នឹងមានតម្រូវការការងារ ជាអ្នកថែទាំចាស់ជរា ប្រមាណ ៥៥ម៉ឺននាក់ នៅត្រឹមឆ្នាំ សារពើពន្ធ ២០២៥។ ដើម្បីបំពេញតម្រូវការនេះ រដ្ឋាភិបាល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ