អតីត​ប្រធានាធិបតីបារាំង​ចូលសវនាការ​សំណុំរឿង​ពុករលួយ

អតីត​ប្រធានាធិបតី​បារាំង នីកូឡាស់ សាកូហ្ស៊ី ឡើងតុលាការ​ពីបទ​ចោទប្រកាន់ពុករលួយ


នៅថ្ងៃចន្ទ (ទី២៣ វិច្ឆិកា)នេះ អតីត​ប្រធានាធិបតី​បារាំង លោក នីកូឡាស់ សាកូហ្ស៊ី (Nicolas Sarkozy) ត្រូវចូលសវនាការជំនុំជម្រះក្ដី ពីបទចោទប្រកាន់​ប៉ុនប៉ង​សូកប៉ាន់​ចៅក្រម និងជ្រៀតជ្រែក​​ដោយ​ប្រើ​ឥទ្ធិពល​របស់​ខ្លួន ។ នេះ​បើ​តាម​ការផ្សាយរបស់ រ៉យទ័រ ។
អតីត​ប្រធានាធិបតី​បារាំង នីកូឡាស់ សាកូហ្ស៊ី ឡើងតុលាការ​ពីបទ​ចោទប្រកាន់ពុករលួយ
ដោយ

រដ្ឋ​អាជ្ញា​បារាំង​ចោទប្រកាន់លោក សាកូហ្ស៊ី ថា​បាន​សន្យា​ផ្ដល់​ការងារ​ដែល​មានប្រាក់ខែ​ច្រើន​មួយ ទៅ​ឲ្យ​ចៅក្រម​មួយរូប ឈ្មោះ Gilbert Azibert ជាថ្នូរ​នឹង​ការរក្សា​ការសម្ងាត់​អំពី​ការស៊ើបអង្កេតទៅលើ​បណ្ដឹង​មួយដែលចោទថា លោក សាកូហ្ស៊ី ទទួលយក​លុយ​ខុស​ច្បាប់​សម្រាប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី កាលពីឆ្នាំ​២០០៧ ។ 

លោក សាកូហ្ស៊ី ដែលបានដឹកនាំប្រទេសបារាំង​ពីឆ្នាំ២០០៧ ដល់ឆ្នាំ​២០១២ នៅតែមានឥទ្ធិពល​ក្នុងចំណោម​អ្នក​នយោបាយ​អភិរក្ស​និយម​នៅបារាំង បានបដិសេធ​នូវរាល់​ការចោទប្រកាន់​មកលើ​រូបលោក និង​បាន​តវ៉ា​យ៉ាងខ្លាំងក្លា ដើម្បី​ឲ្យតុលាការច្រានចោលសំណុំរឿង​ទាំងនេះ ។

ចាប់ពីឆ្នាំ​២០១៣​មក អ្នកស៊ើបអង្កេត​បានលួចស្ដាប់​ការ​សន្ទនា​រវាង​លោក សាកូហ្ស៊ី និង​មេធាវីរបស់​លោក ឈ្មោះ Thierry Herzog ខណៈដែលពួកគេ​បើក​ការស៊ើបអង្កេត​ទៅ​លើ​ការចោទប្រកាន់អំពីការ​ទទួល​​ហិរញ្ញប្បទានពី​ប្រទេស​លីបី​សម្រាប់​យុទ្ធនាការ​បោះឆ្នោត​ឆ្នាំ​២០០៧ របស់​លោក សាកូហ្ស៊ី ។

នៅពេលស៊ើបអង្កេត អ្នកស៊ើបអង្កេត​បាន​រកឃើញថា លោក សាកូហ្ស៊ី និង​មេធាវីរបស់​លោក បាន​ប្រាស្រ័យទាក់ទង​គ្នា​ដោយ​ប្រើប្រាស់​ទូរសព្ទ​ដៃ​ដែលចុះ​បញ្ជី​ដោយប្រើ​ឈ្មោះ​ក្លែងក្លាយ ។ ទូរសព្ទ​ដៃ​របស់​លោក សាកូហ្ស៊ី ចុះបញ្ជីឈ្មោះថា Paul Bismuth ។

រដ្ឋអាជ្ញា​បាន​និយាយថា ការលួចស្ដាប់​សន្ទនា​តាមទូរសព្ទ​បាន​បង្ហាញថា លោក សាកូហ្ស៊ី និងមេធាវី Herzog ជាច្រើន​លើក​ច្រើនសា បានពិភាក្សាគ្នា​អំពីការទាក់ទងទៅលោកចៅក្រម Azibert ដែលជាចៅក្រមនៃ​សាលាឧទ្ធរណ៍ជាន់ខ្ពស់សម្រាប់​សំណុំរឿង​ព្រហ្មទណ្ឌ និង​បានដឹង​ច្បាស់អំពី​ករណីស៊ើបអង្កេត​ ដែលពាក់ព័ន្ធនឹង​លោក សាកូហ្ស៊ី ។ 

រដ្ឋអាជ្ញា​ចោទថា លោក សាកូហ្ស៊ី បានសន្យា​ជួយ​លោក​ចៅក្រម​ Azibert ទទួលបានការងារ​នៅប្រទេស​ម៉ូណាកូ ជាថ្នូរនឹងការជួយ​ពី​ចៅក្រមរូបនេះ ។ 

ទាំង​លោក Herzog និង​លោក Azibert ត្រូវ​ឡើងតុលាការ​ជាមួយនឹងលោក សាកូហ្ស៊ី ដែរ ពីបទចោទប្រកាន់ថា​ពុករលួយ និង​ជ្រៀតជ្រែក​ដោយ​ប្រើ​ឥទ្ធិពល ។

ក្នុងសំណុំរឿងដាច់ដោយឡែក រដ្ឋអាជ្ញា​ក៏កំពុងស៊ើបអង្កេត​ករណី​ប្ដឹង​ដែល​ចោទថា អតីតមេដឹកនាំប្រទេសលីប៊ី លោក ម៉ូម៉ា ហ្គាដាហ្វ៊ី បាន​ផ្ដល់​លុយ​រាប់​លាន​អឺរ៉ូ​ឲ្យ​យុទ្ធនាការ​បោះឆ្នោត​ឆ្នាំ​២០០៧ របស់​លោក សាកូហ្ស៊ី ដោយ​ដឹក​ជញ្ជូន​ទៅកាន់​ទីក្រុង​ប៉ារីស​ដាក់​ក្នុង​វ៉ាលីស​ខោ​អាវ ដែលការចោទប្រកាន់នេះ ត្រូវបាន​លោកអតីត​ប្រធានាធិបតីបារាំង បដិសេធ៕




អត្ថបទបន្ទាប់


កម្ពុជា សាងសង់វិមានមិត្តភាពកម្ពុជា-វៀតណាម លើផ្ទៃដី ៤ហិកតា នៅខេត្តត្បូងឃ្មុំ

ព័ត៌មាន
សំណង់វិមានមិត្តភាព កម្ពុជា-វៀតណាម ថ្មីមួយបន្ថែមទៀត ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្ដើមសាងសង់ឡើង កាលពីថ្ងៃទី ២០ ខែវិច្ឆិកាកន្លងទៅនេះ …

ក្រុមហ៊ុន CP ALL ផ្អាកផែនការពង្រីកសាខាហាង 7-Eleven នៅកម្ពុជា និងឡាវ ព្រោះតែកូវីដ-១៩

ព័ត៌មាន
ក្រុមហ៊ុន CP All ដែលជាប្រតិបត្តិករក្នុងស្រុក របស់ហាងលក់ទំនិញ 7-Eleven បានសម្រេចផ្អាកផែនការពង្រីកសាខានៅក្នុងប្រទេសកម្ពុជា និងឡាវនៅឆ្នាំក្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ