អតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ

អតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ ទទួលមរណភាពហើយ ក្រោយខ្មាន់កាំបាញ់ប្រហារ


អតីតនាយករដ្ឋមន្ត្រីជប៉ុន វ័យ៦៧ឆ្នាំ លោក ហ៊ីនហ្សូអាបេ (Shinzo Abe) បានទទួលមរណភាពហើយនៅរសៀលថ្ងៃទី ៨ខែកក្កដានេះ បន្ទាប់ពីលោកត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្រោយហេតុការណ៍ខ្មាន់កាំភ្លើងបានបាញ់ប្រហារទៅលើរូបលោកនាវេលាម៉ោងប្រមាណ ១១និង៣០នាទីព្រឹកថ្ងៃសុក្រទី០៨ ខែកក្កនានេះ ខណៈពេលដែលលោក កំពុងថ្លែងសុន្ទរកថា ឃោសនាការបោះឆ្នោត តាមដងផ្លូវក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន។ ក្រោយពីហេតុការណ៍បាញ់ប្រហារភ្លាមៗនៅព្រឹកមិញនេះ ក៏មានការចាប់ឃាត់ខ្លួនជនសង្ស័យបុរសវ័យជាង៤០ឆ្នាំម្នាក់ផងដែរ។
អតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ ទទួលមរណភាពហើយ

នៅព្រឹកថ្ងៃទី ៨ ខែកក្កដា មានកើតមានការបាញ់ប្រហារ​យ៉ាងរន្ធត់​មួយ ទៅលើ​អតីតនាយករដ្ឋមន្ត្រីជប៉ុន​ លោក ស៊ីនហ្ស៊ូអាបេ នៅអំឡុងពេលដែលលោកកំពុងថ្លែង​សារ ឃោសនា​ការបោះឆ្នោត​។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ក្នុងអំឡុងពេលលោក អាបេ កំពុងថ្លែងសារ ស្រាប់តែគេលឺសំឡេងស្នូរផ្ទុះកាំភ្លើង​ចំនួន​២គ្រាប់ ដ៏គួរឲ្យភ្ញាក់ផ្អើល ហើយស្រាប់តែលោក អាបេក៏បាន​ដួលសន្លប់ស្ដូកស្ដឹងតែម្ដង បន្ទាប់មក​គេក៏បានដឹងថា វាគឺជាករណីឃាតកម្មបាញ់ប្រហារ​ មកលើរូបលោក។ ភ្លាមៗក្រុមសង្គ្រោះ ក៏បាន​ដឹកបញ្ជូនលោក អាបេតាមយន្ដហោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ ប៉ុន្ដែ នៅរសៀល​ថ្ងៃទី ៨ ខែកក្កដា គឺថ្ងៃកើតហេតុដដែលនោះ ក៏មានការរាយការណ៍ថា ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេក លោកបានទទួលមរណៈភាពបាត់ទៅហើយ។

មន្ត្រីមកពីគណបក្សសេរីប្រជាធិបតេយ្យរបស់លោកអាបេ បាននិយាយថា អតីតនាយករដ្ឋមន្ត្រីរូបនេះ​ ត្រូវបានបាញ់ប្រហារពីខាងក្រោយខ្នង ហើយអាវុធដែលខ្មាន់កាំភ្លើងប្រើនោះជាកាំភ្លើងខ្លី។ ភ្លាមៗក្រោយកើតហេតុ មន្ត្រីប៉ូលីសនៃ​ក្រុង​ណា​រ៉ា បាន​ចាប់ខ្លួនបុរសជនសង្ស័យវ័យ​៤១​ឆ្នាំមួយរូប មាន​ទីលំនៅ​ក្នុងទី​ក្រុងដដែល ពី​បទ​ប៉ុនប៉ង​មនុស្សឃាត។ ទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo បានរាយការណ៍ថា ជនសង្ស័យម្នាក់នោះ គឺជាអតីតសមាជិកនៃកងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ប្រទេសជប៉ុន។

ទោះជាយ៉ាងណា គេមិនទាន់​បាន​ដឹងលម្អិតនៅឡើយទេថា តើមូលហេតុអ្វី បានជាជនសង្ស័យឈានដល់​ការបាញ់ប្រហារយ៉ាងសាហាវ​ឃោឃៅ ទៅលើអតីតនាយករដ្ឋមន្ត្រីជប៉ុន​លោក ស៊ីនហ្សូ អាបេយ៉ាងដូច្នេះ។

គួរបញ្ជាក់ថា ហេតុការលើអតីត​មេ​ដឹកនាំជប៉ុន​រូប​នេះ បានកើតឡើង​អំឡុងពេលដែល លោកកំពុង​ឈរថ្លែងសារ ដើម្បីឃោសនា​សម្រាប់គណបក្សសេរីប្រជាធិបតេយ្យ(LDP) នៅ​មុន​ការ​បោះឆ្នោត​សភា​ជាន់​ខ្ពស់​នៅ​ថ្ងៃ​អាទិត្យខាងមុខ។ យោងតាមទីស្នាក់ការកណ្តាលគណបក្ស លោក Abe គ្រោងនឹងធ្វើទស្សនកិច្ចនៅខេត្ត Nara នេះ រួចបន្តដំណើរទៅក្រុង ក្យូតូ(Kyoto) និង សៃតាម៉ា(Saitama) ដើម្បីជាការគាំទ្រដល់បេក្ខជនសភាជាន់ខ្ពស់របស់គណបក្ស។

សូមរំឭកថា លោក Abe កើតនៅឆ្នាំ ១៩៥៤ ក្នុងគ្រួសារត្រូលអ្នកនយោបាយ។ ក្នុងឆ្នាំ ២០០៦ លោក Abe បានក្លាយជានាយករដ្ឋមន្ត្រីក្មេងជាងគេបង្អស់ ក្នុងប្រវត្តិសាស្ត្រក្រោយសម័យសង្គ្រាមរបស់ប្រទេសជប៉ុន ក្នុងអាយុ ៥២ឆ្នាំ។ បើទោះបីជាគាត់បានលាលែងពីតំណែងនៅមួយឆ្នាំក្រោយមកក៏ដោយ លោក Abe បានត្រលប់មកកាន់អំណាច​វិញ​កាលពីឆ្នាំ ២០១២ និងបន្តដឹកនាំប្រទេស​ជប៉ុនរហូតដល់ឆ្នាំ​២០២០ ជាគ្រាដែលលោកបានសម្រេចចុះចេញពីដំណែងម្តងទៀតដោយសារតែបញ្ហាសុខភាព។ ការកាន់តំណែងលើកទីពីររបស់លោក Abe មានរយៈពេល ២៨២២ថ្ងៃជាប់គ្នា ដែលជារយៈពេលវែងបំផុតក្នុងប្រវត្តិសាស្ត្ររបស់មេដឹកនាំជប៉ុន។

នៅពេលដែលព័ត៌មានបាញ់ប្រហារលោកអាបេ បានផ្សព្វផ្សាយពាសពេញពិភពលោក មេដឹកនាំប្រទេសជាច្រើនបានចេញមកសម្តែងការសោកស្តាយជាខ្លាំង ចំពោះហេតុការណ៍នេះ។ ការណ៍នេះ ក៏ដោយសារតែលោកអាបេ ជាមេដឹកនាំគំរូម្នាក់របស់ជប៉ុន និងពិភពលោក ពិសេសក្នុងវិស័យការបរទេស។​

លោកអាបេ ​ជា​អ្នក​មាន​គោលនយោបាយ​ការបរទេស​តឹងរ៉ឹង មាន​គំនិត​ជាតិនិយម​ខ្លាំង។ លោកគឺ​ជា​អ្នក​មាន​គោលនយោបាយ​បែបប្រាកដ​និយម ដែល​ចង់ពង្រឹងជំហរ​របស់​ជប៉ុន​នៅលើ​ឆាក​អន្តរជាតិ ពិសេសក្នុងនាមជប៉ុន​​ដែល​ជា​មហាអំណាច​​សេដ្ឋកិច្ច​​​ពិភពលោក​លំដាប់ទី៣ពិភពលោក។

សមិទ្ធផល​ជាក់ស្តែងរបស់លោក អាបេ នោះគឺលោកបាន​ដើរតួនាទី​យ៉ាងសំខាន់ ហើយ​ក៏​បាន​ទទួល​ជោគជ័យ​ច្រើន​ផងដែរ នៅ​ក្នុងវិស័យ​ពាណិជ្ជកម្ម​សេរី​អន្តរជាតិ ជាពិសេស គឺ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អន្តរប៉ាស៊ីហ្វិក ដែលបច្ចុប្បន្នត្រូវបានគេស្គាល់ថា CP TPP។ កន្លងមក ជប៉ុន​មិនមែន​ជា​ប្រទេស​ដែលសកម្មខ្លាំង​ប៉ុន្មានទេ នៅ​ក្នុងការ​ចរចា​​លើ​កិច្ចព្រមព្រៀង​​ពាណិជ្ជកម្ម​សេរី​​ពហុភាគី ប៉ុន្តែ ក្រោម​ការដឹកនាំ​របស់​លោក​ អាបេ ជប៉ុន​បាន​ក្លាយ​ជាជើងឯកមួយ​ ដែល​ចេញមុខ​យ៉ាង​សកម្ម ក្នុង​ការ​ការពារ​វិស័យ​ពាណិជ្ជកម្ម​សេរី។

ក្រៅតែពិវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម លោកអាបេ ក៏យកចិត្តទុកដាក់ខ្លាំង​ទាក់ទង​នឹង​វិស័យ​សន្តិសុខ​ជាតិ។ យើងសង្កេតឃើញ​ថា ចក្ខុវិស័យ​របស់​លោក​អាបេ នៅ​ក្នុង​វិស័យ​សន្តិសុខជាតិ​នេះ គឺ​ផ្តោត​សំខាន់​លើការ​ពង្រឹង​កម្លាំង​ការពារជាតិ​ផ្ទាល់​ខ្លួនឯង។ មានការបង្កើន​ថវិកា​ការពារជាតិ​ ដែល​គិត​ជា​សរុប​កើនឡើងប្រមាណ​ជា ១៣% ក្នុង​អំឡុង​ពេល​លោកអាបេ​កាន់តំណែង រួមជាមួយ​នឹង​ការ​ទិញសព្វាវុធ​ទំនើបៗ ដូចជា កិច្ចសន្យាទិញ​យន្តហោះចម្បាំង​ធុន F-35 ជាដើម។

លើសពីនេះទៀត លោក ស៊ីនហ្សូ អាបេ បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងយន្តការសន្តិសុខអន្តរជាតិដ៏សំខាន់ចំនួនពីរ។ ទីមួយគឺការពង្រឹងវេទិកាសន្តិសុខចតុភាគី ជប៉ុន-អាមេរិក-ឥណ្ឌា-អូស្រ្តាលី ដែលគេស្គាល់ថា QUAD និងការផ្តួចផ្តើមគំនិតបង្កើតយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិក។

សព្វថ្ងៃគេប្រហែលជាគិតថា សហរដ្ឋអាមេរិកជាអ្នកចេញមុខចេញមាត់ច្រើនជាងគេ នៅក្នុងយុទ្ធសាស្រ្តដែលគេស្គាល់ជាទូទៅថា ឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហ តែតាមការពិតទៅ គោលគំនិតបង្កើតយុទ្ធសាស្ត្រដ៏ល្អនេះ ត្រូវបានលោកអាបេ ផ្តួចផ្តើមគំនិតឡើង តាំងពីពេលដែលលោកកាន់តំណែងអាណត្តិទី១ កាលពីឆ្នាំ២០០៧មកម៉្លេះ។ ហើយយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិកនេះ ក៏ដូចជា វេទិកាសន្តិសុខចតុភាគីដែរ គឺសុទ្ធសឹងជាគន្លឹះសំខាន់ សម្រាប់សន្តិសុខជាតិរបស់ជប៉ុន និងសម្រាប់តំបន់ ក៏ដូចជាពិភពលោក។

សម្រាប់ទំនាក់ទំនងជាមួយ​កម្ពុជា ក្នុងអំឡុងពេល​លោក ស៊ីនហ្សូអាបេកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន លោកក៏មានការប្តេជ្ញាចិត្ត​ខ្ពស់ ក្នុងការជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគជាមួយ​កម្ពុជា​ផងដែរ ដែលប្រទេសទាំងពីរ គឺជាមិត្តដ៏ជិតស្និទ្ធនឹងគ្នា​ជាយូរមកហើយ។ លោក ស៊ីនហ្សូ អាបេ​ក៏ធ្លាប់បាន​មកទស្សនកិច្ច​នៅកម្ពុជាផងដែរ កាលពីឆ្នាំ២០១៣ ដោយបានជួបពិភាក្សាការងារជាច្រើនជាមួយនឹង​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយ​នៅឆ្នាំ២០១៩ សម្តេចតេជោ ក៏បានអញ្ជើញ​ទៅទស្សនកិច្ច​នៅប្រទេសជប៉ុន និងបានជួបពិភាក្សា​ជាមួយនឹងលោកស៊ីហ្ស៊ូអាបេ​នៅទីក្រុងតូក្យូផងដែរ៕




អត្ថបទបន្ទាប់


ប្រធានមូលនិធិ IMF៖ លទ្ធភាពនៃការឈានទៅរកការដាំក្បាលចុះនៃសេដ្ឋកិច្ចសកលនៅតែមាន

ព័ត៌មាន
ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃពុធបាននិយាយថា ទស្សនវិស័យសម្រាប់សេដ្ឋកិច្ចពិភពលោក«មានភាពងងឹតសូន្យសុង»នៅឡើយទេ ចាប់តាំងព…

ព្រឹត្តិការណ៍សង្គ្រាមនៅអ៊ុយក្រែនបានធ្វើឲ្យមានភាពអាប់អួរក្នុងកិច្ចជំនួប G20 ខណៈប្រទេសមួយចំនួនចោមគ្នាប្រលះរុស្សីនៅក្នុងអាហារពេលល្ងាច

ព័ត៌មាន
ដូចការរំពឹកទុកមុនមែន នៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G20 កាលពីថ្ងៃសុក្រនេះ តំណាងនៃប្រទេសមួយចំនួនបានលើកឡើងពីបញ្ហាសង្គ្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ