វិស័យ​ធានារ៉ាប់រង

លោក យក់ ចំរើនប្ញទ្ធិ៖ Forte ត្រៀម២​ជំហាន​រួច​ស្រេច​ដើម្បី​ប្រកួត​ប្រជែង​ក្នុង​វិស័យ​ធានា​រ៉ាប់រង


ទោះ​បី​ជា​វិស័យ​ធានា​រ៉ាបរង ទើបតែ​មាន​វត្តមាន​នៅ​ក្នុង​ទីផ្សារ​កម្ពុជា រយៈពេល​ប្រមាណ​៥​ឆ្នាំ​ក៏​ដោយ ប៉ុន្ដែ​វិស័យ​នេះ​កំពុង​មាន​ការ​រីក​លូតលាស់​ក្នុង​គួរ​ឲ្យ​កត់​សម្គាល់ ពោល​គឺ​មាន​កំណើន​ប្រមាណ​ជាង​២០% សម្រាប់​ឆមាស​ទី១​ឆ្នាំ​២០១៧។ នេះ​បើ​តាម​ការ​លើក​ឡើង​ពី​អ្នក​ជំនាញ​ក្នុង​វិស័យ​ធានា​រ៉ាប់រង។
លោក យក់ ចំរើន​ឫទ្ធិ អគ្គនាយក​ក្រុមហ៊ុន​ធានា​រ៉ាប់រង ហ្វតតេ (កម្ពុជា) ភីអិលស៊ី។ រូបភាព៖ ហេង ភារម្យ
ដោយ

តួយ៉ាង គិត​មក​ទល់​ពេល​នេះ ក្រុមហ៊ុន​ធានា​រ៉ាប់រង​នៅ​កម្ពុជា​មាន​ចំនួន​១៣​ក្រុមហ៊ុន ក្នុង​នោះ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ទូទៅ​មាន​ចំនួន​៧​ក្រុមហ៊ុន និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​មាន​ចំនួន​៦​ក្រុមហ៊ុន។ ក្នុង​នោះ​ដែរ ក៏​មាន​វត្តមាន​របស់​ក្រុមហ៊ុន​ធានា​រ៉ាប់រង​លំដាប់​អន្តរជាតិ​ធំៗ​មួយ​ចំនួន ក៏​បាន​ឈាន​ជើង​ចូល​មក​ក្នុង​ទីផ្សារ​កម្ពុជា​ផង​ដែរ ដែល​វា​បាន​បង្ហាញ​កាន់​តែ​ច្បាស់​ពី​ស្ថិរភាព​សេដ្ឋកិច្ច បរិយាកាស​វិនិយោគ​ល្អ​នៅ​កម្ពុជា។

លោក យក់ ចំរើនឫទ្ធិ អគ្គនាយក​ក្រុមហ៊ុន​ធានា​រ៉ាប់រង Forte បាន​លើក​ឡើង​ថា នៅ​ឆ្នាំ​២០១៧​នេះ វិស័យ​ធានា​រ៉ាប់រង​នៅ​កម្ពុជា​បាន​វិវឌ្ឍ​ខ្លួន​កាន់​តែ​ប្រសើរ​ឡើង ដោយ​ក្នុ​​ង​នោះ តម្រូវការ​នៃ​សេវា​ធានា​រ៉ាប់រង​​សម្រាប់​អតិថិជន ជា​ប្រជាជន​ទូទៅ ឬ​ហៅ​ថា សេវា​ធានា​រ៉ាប់រង​អាយុ​ជីវិត​ ហាក់​មាន​សន្ទុះ​កើន​ឡើង​ខ្លាំង​គួរ​ឲ្យ​កត់​សម្គាល់ បើ​ធៀប​នឹង​សេវា​ធានា​រ៉ាប់រង​សម្រាប់​អាជីវកម្ម ក្រុមហ៊ុន អង្គការ និង​សហគ្រាស។ 

ការ​កើន​ឡើង​នៃ​អ្នក​ប្រើប្រាស់​សេវា​កម្ម​ធានា​រ៉ាប់រង​អាយុ​ជីវិត​នេះ គឺ​បាន​ស​បញ្ជាក់​ឲ្យ​ឃើញ​ពី​កំណើន​នៃ​ប្រជាជន​ដែល​មាន​ចំណូល​មធ្យម​មាន​ការ​កើន​ឡើង គួបផ្សំ​នឹង​ការ​យល់​ដឹង​ពី​អត្ថ​ប្រយោជន៍​នៃ​សេវា​ធានា​​រ៉ាប់រង​សម្រាប់​អនាគត។

បើ​និយាយ​ពី​វិស័យ​ធានា​រ៉ាប់រង​ទូទៅ ក្រុមហ៊ុន ហ្វតតេ គឺ​ជា​ក្រុមហ៊ុន​ធំ​ជាង​គេ​លំដាប់​ទី​មួយ​នៅ​កម្ពុជា ដោយ​គ្រប​ដណ្ដប់​ចំណែក​ទីផ្សារ ៤៩ភាគរយ។

លើស​ពី​នេះ កន្លង​មក ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​អំពាវនាវ​ឲ្យ​ម្ចាស់​យានយន្ដ​ទាំងអស់​ត្រូវ​មាន​ទិញ​សេវា​ធានា​រ៉ាប់រង ដើម្បី​សម្រួល​ដល់​ពេល​មាន​បញ្ហា​គ្រោះថ្នាក់ ដែល​អាច​កើត​មាន​ជាយថា​ហេតុ​ផង​ដែរ។ 

លោក យក់ ចំរើនឫទ្ធិ បាន​មាន​ប្រសាសន៍​ថា វា​ជា​រឿង​ល្អ​មួយ ដែល​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​គិតគូរ​ដល់​ចំណុច​នេះ ព្រោះ​នៅ​បណ្ដា​ប្រទេស​ជា​ច្រើន​ប្រមាណ ៩៥%​ហើយ ដែល​បាន​ប្រើប្រាស់​សេវា​ធានា​រ៉ាប់រង​យានយន្ដ។ យ៉ាង​ណា​ក៏​ដោយ លោក​ថា សេវា​ធានា​រ៉ាប់រង​លើ​យានយន្ដ​នេះ ក្រុមហ៊ុន​ធានា​រ៉ាប់រង​ភាគ​ច្រើន មិន​សូវ​ជា​ចង់​ផ្ដល់​សេវាកម្ម​នោះ​ឡើយ ព្រោះ​វា​ជា​ប្រភេទ​សេវាកម្ម​មួយ​ដែល​មាន​ហានិភ័យ​ខ្ពស់ បើ​ធៀប​នឹង​សេវា​ធានា​រ៉ាប់រង​ផ្សេង​ទៀត។ ប៉ុន្ដែ​យ៉ាង​ណា វា​ក៏​ជា​ផ្នែក​មួយ​ជួយ​សម្រួល​ដល់​អ្នក​ប្រើប្រាស់​យានយន្ដ និង​អាច​បង្កើន​ទំហំ​ទឹក​ប្រាក់​ក្នុង​វិស័យ​ធានា​រ៉ាប់រង​កាន់​តែ​ច្រើន​ដែរ។ 

ក្រោយ​ពី​ត្រូវ​បាន​ ខេមបូណូមីស សាក​សួរ​ថា តើ​អ្វី​ជា​ជំហាន​របស់​ក្រុមហ៊ុន Forte ក្នុង​ការ​ប្រកួត​ប្រជែង​ទីផ្សារ ក្នុង​វិស័យ​ធានា​រ៉ាប់រង​នេះ ខណៈ​ដែល​វិស័យ​នេះ​កំពុង​មាន​ការ​រីក​លូត​លាស់​ខ្លាំង? 

លោក យក់ ចំរើនឫទ្ធិ អគ្គនាយក​ក្រុមហ៊ុន​ធានា​រ៉ាប់រង Forte ដែល​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ធំ​មួយ​នៅ​កម្ពុជា បាន​លើក​ឡើង​ថា ក្រុមហ៊ុន​លោក​បាន​ត្រៀម​នូវ​២​ជំហាន​រួច​ជា​ស្រេច​សម្រាប់​ការ​ប្រកួត​ប្រជែង​ទីផ្សារ​នា​​ពេល​អនាគត​ក្នុង​វិស័យ​ធានា​រ៉ាប់រង។ ក្នុងនោះ ជំហាន​ទី​មួយ គឺ​លោក​ត្រៀម​សម្រាប់​ប្រតិបត្តិការ​សម្រាប់​រយៈពេល ៥​ឆ្នាំ​បន្ទាប់​ទៀត ដោយ​ក្រុមហ៊ុន​លោក​បាន​ត្រៀម​លក្ខណៈ​សម្បត្តិ​ឲ្យ​បាន​គ្រប់គ្រាន់ ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ ក៏​ដូចជា​អ្វី​ដែល​អតិថិជន​ត្រូវការ ស្រប​ទៅ​តាម​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ដែល​បាន​ផ្ដល់​ជូន​ប្រជាជន​ទូទៅ។ 

ថ្មីៗ​នេះ ហ្វតតេ បាន​ចេញ​ផលិត​ផល​ធានារ៉ាប់រង​ថ្មី​មួយ​ទៀត គឺ​ធានា​រ៉ាប់រង​គាំពារ​​មហារីក។

ជាមួយ​គ្នា​នេះ ក្រុមហ៊ុន Forte ក៏​បាន​ត្រៀម​ខ្លួន​បាន​៩០%​ហើយ សម្រាប់​ការ​ពង្រីក​ខ្លួន​នៅ​ក្នុង​តំបន់​ឥណ្ឌូចិន ដោយ​ក្នុង​នោះ លោក ចំរើនឫទ្ធិ បាន​គូស​បញ្ជាក់​ថា ក្រុមហ៊ុន​លោក​កំពុង​សម្លឹង​មើល​ក្នុង​ទីផ្សារ​ប្រទេស​ជិត​ខាង​ចំនួន​៤ គឺ​ប្រទេស​វៀតណាម ឡាវ ភូមា និង​ថៃ។ 

ដោយ​ឡែក សម្រាប់​ជំហាន​ទី២ គឺ​​​ក្រុមហ៊ុន Forte បាន​និង​កំពុង​ត្រៀម​ខ្លួន​សម្រាប់​រយៈពេល​១០​​ឆ្នាំ​​ទៅ​​មុខ​​ទៀត ឬ​នៅ​ឆ្នាំ​២០៣០ ដោយ​លោក ចំរើនឫទ្ធិ បាន​អះអាង​ថា លោក​បាន​និង​កំពុង​គិត​អំពី​បដិវត្តន៍​ឧស្សាហកម្ម​ដំណាក់​កាល​ទី៤ ឬ​ហៅ​ថា Digitization ដែលពិភពលោកកំពុងផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង ហើយ​ក្នុង​នោះ កម្ពុជា​យើង​ក៏​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​បដិវត្តន៍​នេះ​ដែរ។ ក្នុង​នោះ គឺ​ផ្ដោត​លើ​ការ​វិនិយោគ​លើ​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា ដែល​ជា​ដំណោះស្រាយ​ដ៏​សំខាន់​សម្រាប់​អាជីវកម្ម​នៅ​ពេល​អនាគត។ ដូច្នេះ ក្នុង​នាម​ក្រុមហ៊ុន​លោក ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ធានា​រ៉ាប់រង ក៏​ត្រូវ​គិតគូរ​ពី​ការ​វិវឌ្ឍ​ខ្លួន​ឲ្យ​ស្រប​ទៅ​តាម​និន្នាការ​សេដ្ឋកិច្ច​សកល​ផង​ដែរ។

គួរ​រំលេច​ដែរ​ថា បើ​តាម​របាយការណ៍​ពី​សមាគម​ធានា​រ៉ាប់រង​កម្ពុជា នៅ​ក្នុង​ឆមាស​ទី១ ឆ្នាំ​២០១៧​នេះ​ បុព្វលាភ​ធានា​រ៉ាប់រង​អាយុ​ជីវិត និង​បុព្វលាភ​ធានា​រ៉ាប់រង​ទូទៅ​មាន​ការ​កើន​ឡើង​ចំនួន​៦៨​លាន​ដុល្លារ ពោល​គឺ​​មាន​កំណើន​២១​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

ប្រធាន​សមាគម​ធានា​រ៉ាប់រង​កម្ពុជា លោក ហ៊ុយ វ៉ាថារ៉ូ ធា្លប់​បាន​គូស​បញ្ជាក់​ថា ការ​រីក​ចម្រើន​នៃ​វិស័យ​នេះ បាន​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​យល់​ដឹង​កាន់​តែ​ខ្ពស់​របស់​ប្រជា​ពលរដ្ឋ និង​ស្ថាប័ន​ធុរកិច្ច អំពី​សារ​សំខាន់​នៃ​ការ​​ធានា​រ៉ាប់រង ខណៈ​ដែល​ចំណូល​របស់​ប្រជាជន​ក៏​មាន​កំណើន​កាន់​តែ​ខ្ពស់​ជាង​មុន​ផង​ដែរ តួយ៉ាង​នៅ​ឆ្នាំ​២០១៦ ផលិត​ផល​ក្នុង​ស្រុក​សរុប​សម្រាប់​ប្រជាជន​ម្នាក់ៗ បាន​កើន​ដល់​១៣០២​ដុល្លារ​អាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


និស្សិត​ខ្មែរ​មួយ​ក្រុម​បង្ហាញ​គម្រោង​«​​ចំណត​ស្វ័យ​ប្រវត្តិ ដោយ​មិន​ប្រើ​មនុស្ស»

ព័ត៌មាន
និស្សិត​ខ្មែរ​មួយ​ក្រុម​នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា (NPIC) បាន​រួម​គ្នា​បង្កើត​ចំណត​ស្វ័យ​ប្រវត្តិ​ដោយ​មិន​ចាំបាច់​ប្រើ​សន្ត…

កម្ពុជា​ត្រៀម​ប្រយុទ្ធ​ដណ្តើម​ភ្ញៀវ​ទេសចរ​ចិន​ពី​អាស៊ី​និង​អឺរ៉ុប

ព័ត៌មាន
រយៈពេល​ពីរ-​បី​ឆ្នាំ​ចុង​ក្រោយ​នេះ ចលនា​នៃ​ការ​បំលាស់​ទី​ភ្ញៀវ​ទេសចរ​ចិន​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ពិភពលោក ហាក់​បី​ដូច​ជា​មា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ