ករណី​ក្រពើរួចចេញពីអាង​នៅព្រែកំពឹស

ប្រទះឃើញក្រពើដែលរួចពីអាងនៅព្រែកកំពឹសហើយ គឺស្ថិតនៅក្នុងសំណាញ់ការពារខាងក្រៅអាង តែមិនទាន់អាចចាប់បាននៅឡើយទេ!


ក្រោយពីចំណាយពេលចេញស្វែងរកពេញមួយយប់ ក្រុមការងាររបស់កសិដ្ឋានចិញ្ចឹមក្រពើនៅក្នុងសង្កាត់ព្រែកកំពឹសបានប្រទះឃើញសត្វក្រពើមួយក្បាលដែលបានរួចចេញពីអាងនោះហើយ គឺវាកំពុងស្ថិតនៅក្នុងសំណាញ់ការពារខាងក្រៅអាងក្នុងកសិដ្ឋាននៅឡើយទេ ពោលគឺមិនបានចេញទៅតាមទឹកខាងក្រៅកសិដ្ឋាននោះឡើយ។ ទោះយ៉ាងណា មកទល់នឹងព្រឹកថ្ងៃទី ១៦ ខែតុលានេះ សត្វក្រពើនោះ មិនទាន់អាចចាប់បញ្ចូលអាងវិញបានទេ ដោយសារតែយប់មិញ មានភ្លៀងធ្លាក់ច្រើន ខណៈទឹកជ្រៅពេកពិបាកក្នុងការចាប់។ នេះបើតាមការអះអាងរបស់ម្ចាស់កសិដ្ឋានដែលបានបញ្ជាក់ប្រាប់ខេមបូណូមីសនៅព្រឹកថ្ងៃទី ១៦ ខែតុលានេះ។
ប្រទះឃើញក្រពើដែលរួចពីអាងនៅព្រែកកំពឹសហើយ គឺស្ថិតនៅក្នុងសំណាញ់ការពារខាងក្រៅអាង តែមិនទាន់អាចចាប់បាននៅឡើយទេ!
ដោយ

លោកកាំង សារិន ម្ចាស់កសិដ្ឋាន​ចិញ្ចឹមក្រពើ​នៅក្នុង​សង្កាត់​ព្រែកកំពឹស​បាន​បញ្ជាក់​ថា សត្វក្រពើ​នោះ ដ្បិត​តែរួច​ចេញពីអាងមែន ប៉ុន្ដែ វាមិនទាន់ទៅណា​ឆ្ងាយទេ គឺស្ថិត​នៅក្នុង​សំណាញ់​ការពារ​ខាងក្រៅ​អាង​ក្នុង​កសិដ្ឋាន​ដដែលទេ ដោយកាលពីយប់មិញនេះ ក្រុមការងារ​របស់​លោក​បាន​ចេញស្វែងរក​​ហើយ​បាន​ប្រទះឃើញវា បណ្ដែតខ្លួន​នៅលើផ្ទៃទឹក​នៅក្នុង​សំណាញ់​ការពារ​ក្នុង​កសិដ្ឋាន​នៅឡើយ។

លោក កាំង សារិន មាន​ប្រសាសន៍​យ៉ាងដូច្នេះថា «យប់មិញ​ខ្ញុំចុច (បញ្ចាំងពិល) ឃើញវា​ហែល បណ្ដែតខ្លួនតើ! ... បាទនៅក្នុងហ្នឹង (ក្នុងសំណាញ់​ការពារ​របស់​កសិដ្ឋាន) បណ្ដែតខ្លួនតើ​ល្ងាចមិញ​ ខ្ញុំនៅមើល ចុចមើល (បញ្ចាំងពិល)»។

ទោះយ៉ាងណា ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមក្រពើ​រូបនេះ បាន​គូសបញ្ជាក់ថា ដោយសារតែ​មានភ្លៀងធ្លាក់ច្រើន និង​ទឹកមានជម្រៅ​ជ្រៅពេក លោកមិនទាន់​អាច​ចាប់​ក្រពើ​នេះ ចូលមក​ក្នុង​អាង​ចិញ្ចឹមវិញបាន​នៅឡើយទេ ដោយរង់ចាំ​មើលទឹកស្រកបន្ដិច និងភ្លៀងលែង​ធ្លាក់សិន។ បន្ថែមពីនេះ លោក​ក៏នឹង​ទិញ​សំណាញ់ ដើម្បីយក​មកព័ទ្ធ​បន្ថែមទៀត ដើម្បីការងារ​ហានិភ័យ ក្រែង​ទឹក​ឡើងទៀត។

លោក កាំង​ សារិន លើកឡើងយ៉ាងដូច្នេះ «យប់មិញ​វាភ្លៀង​ទៀតនោះ ហើយយើង​ចេះ​តែតាមដាន តាមដាន​ទឹកដែរហ្នឹង ទឹកហ្នឹងដូចនៅនឹង​...ទឹកអត់ឡើង​ទេ! ទឹក​នៅនឹង​តើ! មើលៗបើថា​នេះ មានតែ​ទិញ​សំណាញ់​អី យកមក​ព័ទ្ធថែម​មួយជាន់​ទៀត»។

ទោះយ៉ាងណា លោក កាំង សារិន បានអះអាងថា លោក​និងក្រុមការងារ​កសិដ្ឋាន នឹង​នៅតែបន្ដ​ធ្វើការ​ចាប់​សត្វក្រពើមួយក្បាលនោះ បញ្ចូល​ក្នុង​អាង​វិញឲ្យបាន ហើយលោក​ក៏បាន​សំណូមពរ​ឲ្យ​ប្រជា​ពលរដ្ឋ​ពិសេស​អ្នករស់នៅ​តំបន់នោះ​កុំឲ្យមាន​ការ​ភ័យខ្លាច​ខ្លាំងជ្រុលពេក ព្រោះសត្វក្រពើនេះ មិនទាន់បាន​ចេញ​ទៅណាឡើយ ហើយបើវា​រួចទៅ​ណាមែននោះ វាក៏ខ្លាច​មនុស្ស​យើងដែរ។ ទោះជាបែបនេះក្ដី លោកថា ក្នុង​ស្ថានភាព​ទឹកជំនន់នេះ ការប្រុងប្រយ័ត្ន​ គឺត្រូវតែមាន​មិនមែន​តែ​រឿង​ខ្លាចក្រពើនោះទេ ​ចំពោះ​សត្វសាហាវ​ផ្សេងៗទៀត​ក៏​ត្រូវមានការ​ប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់ដែរ។

សូមបញ្ជាក់ថា សត្វក្រពើ​មួយក្បាល​នៅក្នុង​កសិដ្ឋាន​ព្រែកកំពឹសនេះ គឺបានរួច​ចេញពីអាង ទៅជាប់​នៅក្នុង​សំណាញ់​ខាងក្រៅអាង​របស់​កសិដ្ឋាន​កាលពីព្រឹក​ថ្ងៃទី ១៥ ខែតុលា ដោយវា​ត្រូវបានគេដឹងថា មានទម្ងន់​ប្រហែល ៣០ ទៅ៤០ គីឡូក្រាម។ ក្រោយពី សត្វក្រពើនេះ បានរួច​ចេញពី អាង​ខាង​ម្ចាស់​កសិដ្ឋាន​ក៏បាន​រាយការណ៍​ទៅកាន់​អាជ្ញាធរ​មូលដ្ឋាន​បាន​ដឹងឭ​រួចរាល់​អស់ហើយដែរ។ 

កសិដ្ឋាន​មួយនេះ មានចិញ្ចឹមក្រពើ​រាប់សិបឆ្នាំ​មកហើយ ដែលបច្ចុប្បន្ន​មាន​ក្រពើរ​រាប់ពាន់ក្បាល។ បើតាម​ម្ចាស់កសិដ្ឋាននេះ បានអះអាងដែរថា បញ្ហា​គ្រោះទឹក​ជំនន់​លិច​មកដល់​អាងក្រពើនេះ មិនមែនជាលើក​ទី១នោះទេ គឺមាន​ជន់លិច​ជាច្រើន​ឆ្នាំមកហើយ ក៏ប៉ុន្ដែ ការជន់លិច​ខ្លាំងបែបនេះ គឺវាជាលើកទី១ហើយ។ ទោះយ៉ាងណា ម្ចាស់កសិដ្ឋាន​បាន​គូសបញ្ជាក់ថា លោកបានត្រៀម​នូវ​ការពារ​រួចរាល់ហើយ ដូចជាការដាក់សំណាញ់ការពារ​បន្ថែមនៅ​ខាងក្រៅអាង​ក្រពើ។ ដូច្នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំមាន​ការបារម្ភ​ហួសហេតុ​ពេក អំពី​បញ្ហា​ក្រពើរួចនេះ៕

ខាងក្រោមនេះ ជាវីដេអូ ដែល​ក្រុមការ​ងារ​ខេមបូណូមីស បាន​ចុះទៅរាយការណ៍​ព័ត៌មាន​ Live ផ្ទាល់ កាលពីថ្ងៃទី ១៥ ខែតុលា ជុំវិញករណីរួចក្រពើ​ចេញ​ពីអាងចញ្ចឹម​នៅ​សង្កាត់​ព្រែក​កំពឹស។ សូមតាមដា​នទស្សនា!​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេចតេជោ៖ មកដល់ម៉ោងនេះ សប្បុរសជនបរិច្ចាគបានជាង ៦លានដុល្លារហើយ ដើម្បីជួយដល់ពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង

ព័ត៌មាន
គិតត្រឹមម៉ោងជិត០៨យប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ តាមរយៈប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានទទួលថវិកាទទួលបានជិត៦លានដុល្លារហើយ…

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មគ្រោងប្រើប្រាស់កញ្ចប់ថវិកា ៣០លានដុល្លារបន្ថែមចុងក្រោយសម្រាប់ដោះស្រាយបញ្ហាគ្រោះទឹកជំនន់

ព័ត៌មាន
ធនាគារ​អភិវឌ្ឍន៍​ជនបទ និងកសិកម្ម​អះអាងថា ខ្លួន​នឹង​ប្រើប្រាស់​កញ្ចប់​ថវិកា​ ដែលបាន​ត្រៀម​បន្ថែម​ចុងក្រោយ ៣០លាន​ដុល្លារ​នៅក្នុង​វិស័យ​ស្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ