បារាំងថា EU ត្រូវការពេលដើម្បីពិចារណាសំណើអ៊ុយក្រែន

រដ្ឋមន្ត្រីបារាំងនិយាយថា ការស្នើសុំរបស់អ៊ុយក្រែនចូលជាសមាជិកសហភាពអឺរ៉ុបគឺត្រូវការពេលវេលាបន្ថែមទៀត


ដូចយើងដឹងស្រាប់ហើយថា កាលពីពេលថ្មីៗនេះ អ៊ុយក្រែនទើបតែបានដាក់ពាក្យស្នើសុំចូលជាសមាជិកសហភាពអឺរ៉ុបឲ្យបានឆាប់បំផុត ក្រោយពេលដែលមេដឹកនាំអឺរ៉ុបបង្ហាញពីសញ្ញាភ្លើងខៀវទទួលយកអ៊ុយក្រែន។ ក៏ប៉ុន្ដែ ប្រមាណ ១០ថ្ងៃមកហើយ នៅមិនទាន់មានលទ្ធផលពីសហភាពអឺរ៉ុបត្រឡប់មកវិញនៅឡើយទេ។
ទង់ជាតិប្រទេសអ៊ុយក្រែន និង ទង់ជាតិសហភាពអឺរ៉ុប
ដោយ

យ៉ាងណាមិញ នៅ​ថ្ងៃស្អែក​នេះ ក្រុម​មេដឹកនាំ​អឺរ៉ុប​នឹង​ជួប​ប្រជុំ​ពិភាក្សា​គ្នា​នៅ​ប្រទេស​បារាំង អំពី​វិបត្តិ ដែល​បង្ក​ឡើង​ពី​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ប៉ុន្ដែ នៅ​ក្នុង​កិច្ចប្រជុំ​នោះ មិន​មានការ​ពិភាក្សា​លើ​សំណើ របស់​អ៊ុយ​ក្រែ​ន​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​នោះ​ទេ​។ នេះ​បើ​តាម​ការ​អះអាង​របស់​រដ្ឋមន្ត្រី​កិច្ចការ​អឺរ៉ុប​របស់​បារាំង​។

លោក Clement Beaune រដ្ឋមន្ត្រី​កិច្ចការ​អឺរ៉ុប​របស់​បារាំង បាន​ឲ្យ​ដឹង​ថា សំណើសុំ​របស់​អ៊ុយ​ក្រែ​ន​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប គឺ​ត្រូវការ​ពេលវេលា ដែល​ពេលវេលា​នេះ លោក​ស​ម្ដៅ​ដល់​ការ​ជជែក​ដេញដោល​នៅ​ក្នុង​រង្វង់​កិច្ចការ​ន​យោ​យ​បាយ​អន្តរជាតិ ថា​តើ​គួរ ឬ​មិន​គួរ​ឲ្យ​អ៊ុយ​ក្រែ​ន​ចូល​សមាជិក​សហភាព​អឺរ៉ុប​ក្នុង​ពេលវេលា​ដ៏​ឆាប់រហ័ស​នោះ​។

នៅ​ក្នុង​កិច្ចប្រជុំ​នៅ​ប្រទេស​បារាំង មេដឹកនាំ​អឺរ៉ុប នឹង​សម្រេច​លើ​យន្ដការ លែង​ពឹងផ្អែក​ខ្លាំង​ទៅ​លើ​ការ​ទិញ​ប្រេង ឧស្ម័ន និង​ធ្យូងថ្ម​ពី​រុ​ស្ស៊ី​តទៅ​ទៀត ដោយសារ​តែ​សង្គ្រាម​របស់​រុ​ស្ស៊ី ដែល​បាន​បង្ក​ឡើង​នៅ​អ៊ុយ​ក្រែ​ន បាន​ធ្វើ​ឲ្យ​អឺរ៉ុប​បានដឹង​ថា ពួក​គេ​ត្រូវ​តែ​ពឹងផ្អែក​លើ​រុ​ស្ស៊ី​កាន់តែ​តិច​ទើប​ជា​រឿង​ល្អ ក៏​ប៉ុន្ដែ អឺរ៉ុប​មិន​ទំនងជា​នឹង​ផ្ដល់​ឲ្យ​អ៊ុយ​ក្រែ​ន​បាន​ចូល​ជា​សមាជិក​អឺរ៉ុប​បាន​លឿន​រហ័ស​តាម​ដែល​អ៊ុយ​ក្រែ​ន​ចង់បាន​នោះ​ទេ​។  នេះ​បើ​តាម​សេចក្ដី​ព្រាង​ប្រកាស​ព័ត៌មាន​មួយ​នៃ​កិច្ចប្រជុំ​នេះ ដែល​បាន​ត្រូវ​បាន​ផ្សាយ​ដោយ​រ៉​យ​ទ័​រ​។

កន្លង​មក​ក្រៅពី​ស្នើ​សុំ​ចូល​សហភាព​អឺរ៉ុប ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ក៏​បាន​ខ្នះខ្នែង​ខ្លាំង​ណាស់​ដែរ ក្នុង​ជំរុញ​ឲ្យ​អង្គការ​ណា​តូ​ទទួលយក​ខ្លួន​ជា​សមាជិក ប៉ុន្ដែ ណា​តូ​ហាក់​មិន​មានការ​ផ្ដល់​ភ្លើង​ខៀវ​បន្ដិច​ណា​ឡើយ​សម្រាប់​អ៊ុយ​ក្រែ​ន ព្រោះតែ​ខ្លាច​រុ​ស្ស៊ី បង្ក​សង្គ្រាម​កាន់តែ​ធំ ពិសេស​ទៅ​លើ​ប្រទេស​សមាជិក​ណា​តូ​។ ថ្មី​ៗ​នេះ លោក Zenlenskky ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ក៏​បាន​បង្ហាញ​ពី​ការ​អាក់អន់ចិត្ត និង​ថា​លែង​មែន​ចំណង់​ចង់​ស្នើ​សុំ​ឲ្យ​ណា​តូ​ទទួលយក​ខ្លួន​តទៅ​ទៀត​ហើយ​។

ក្រោយ​ពី​ការ​ប្រកាស​បែប​នេះ អ៊ុយ​ក្រែ​ន​ហាក់​បន្ទន់ឥរិយាបថ​ជាង​មុន​ជាមួយ​រុ​ស្ស៊ី ដោយនៅ​ថ្ងៃ​ព្រហស្បតិ៍​ស​ប្ដា​ហ៍​នេះ រដ្ឋមន្ត្រីក្រសួង​កាបរទេស​អ៊ុយ​ក្រែ​ន បាន​ព្រម​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី នៅ​ក្នុង​ប្រទេស​ទួ​ក​គី​។ នេះ​ជា​ជំនួប​ការទូត​កម្រិត​ខ្ពស់​ជា​លើក​ដំបូង​រវាង​ប្រទេស​ទាំង​ពី គិត​ចាប់តាំងពី​សង្គ្រាម​បាន​ចាប់ផ្ដើម​មក​។

ទោះ​យ៉ាងណា រដ្ឋមន្ត្រី​ការ​ប្រទេស​អ៊ុយ​ក្រែ​ន លោក Dmytro Kuleb បាន​និយាយ​នៅ​មុន​ជំនួប​ចាប់ផ្ដើម​ថា លោក​មានការ​រំពឹង​ទុក​ថា ទាប​ណាស់​ចំពោះ​ការ​ចរចា​នេះ ខណៈ​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ មិន​ទាន់​មានការ​ប្រកាស​ពី​លទ្ធផល​យ៉ាងណា​នោះ​ទេ​។

បើ​ក្រឡេក​ទៅ​មើល​ការ​គាំទ្រ​ពី​សហរដ្ឋអាមេរិក​សម្រាប់​អ៊ុយ​ក្រែ​ន​វិញ ឃើញ​ថា អា​មេ​រិ​ក នៅ​តែ​បន្ដ​ជួយ​អ៊ុយ​ក្រែ​ន ដោយ​ថ្មី​ៗ​នេះ អា​មេ​រិ​កបាន​បើកដៃ​ឲ្យ​ប្រទេស​ជា​សមាជិក​ណា​តូ​ផ្ដល់​សព្វាវុធ និង​យន្ដហោះ​ចម្បាំង​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន ហើយ​អា​មេ​រិ​ក​ក៏​បន្ដ​ដាក់​ទណ្ឌកម្ម​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​ទៅ​លើ​រុ​ស្ស៊ី ដូច​ជា​ការ​ឈប់​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី​ផង​ដែរ ខណៈ​ដែល​សម្ព័ន្ធមិត្ត​អា​មេ​រិ​ក អង់គ្លេស និង​កា​ណា​ដា ក៏​នឹង​ឈប់​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី​ដូច​គ្នា​។

យ៉ាងណាមិញ នៅ​ថ្ងៃ ពុធ​ស​ប្ដា​ហ៍​នេះ សភាតំណាងរាស្ត្រ​អា​មេ​រិ​ក​ភាគច្រើន ក៏​ទើបតែ​បាន​បោះ​ឆ្នោត​អនុម័ត​កញ្ចប់​ថវិកា ១,៥​ទ្រី​លាន​ដុល្លារ ដោយ​ក្នុង​នោះ មាន​ជាង ១៣​ពាន់​៦​រយ​លាន​ដុល្លារ នឹង​ផ្ដល់​ជា​ជំនួយ​ទៅ​ឲ្យ​ប្រទេស​អ៊ុយ​ក្រែ​ន និង​ផ្ដល់​មូលនិធិ​ដល់​រដ្ឋាភិបាល​សហព័ន្ធ​រហូត​ដល់​ខែ​ទី ៣០ ខែកញ្ញា​ផង​ដែរ​។

សូម​បញ្ជាក់​ថា មក​ទល់​ពេល​នេះ ការ​ប្រយុទ្ធ​វាយប្រហារ​រវាង​កងទ័ព​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន នៅ​តែ​បន្ដ​ធ្វើ​ឡើង បើ​ទោះបីជា មានការ​ចរចា​ជា​ច្រើន​ជុំ​ទៅ​ហើយ​ក្ដី​។

ស្ថានការណ៍​ក៏​នៅ​តែ​តានតឹង​នៅឡើយ ជាក់ស្ដែង បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​របស់​រុ​ស្ស៊ី TASS បាន​ស្រង់​សម្ដី​ក្រសួងការបរទេស​រុ​ស្ស៊ី​បាន​ឲ្យ​ដឹង​ថា រុ​ស្ស៊ី នឹង​មិន​ចូលរួម​នៅ​ក្នុង​ក្រុមប្រឹក្សា​អឺរ៉ុប​ទៀត​នោះ​ទេ ដោយ​រុ​ស្ស៊ី​ចាត់​ទុក​ថា អង្គការ​ណា​តូ និង​សហភាព​អឺរ៉ុប កំពុង​ធ្វើ​ឲ្យ​ខូច​ដល់​ស្ថាប័ន​អឺរ៉ុប ដែល​បង្កើត​ឡើង​ដើម្បី​លើ​កម្ពស់​សិទ្ធិ​មនុស្ស នីតិរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញថា កម្ពុជាកាន់តែមានសក្ដានុពលលើការដាំដុះដំណាំកាកាវ ខណៈតម្លៃទីផ្សារខ្ពស់រហូត២ពាន់ដុល្លារក្នុង១តោន

ព័ត៌មាន
ទោះបី កាកាវជាដំណាំថ្មីសម្រាប់កម្ពុជា តែបច្ចុប្បន្ន គេសង្កេតឃើញថា ប្រជាកសិករ ចាប់ផ្ដើមមានការពេញនិយមលើការដាំដុះដំណាំមួយនេះ ស្ទើរតែគ្រប់បណ្…

កូរ៉េខាងជើងថាផ្កាយរណបចារកម្មដែលខ្លួនទើបបាញ់បង្ហោះ គឺទុកតាមដានសកម្មភាពរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត

ព័ត៌មាន
របបកុម្មុយនីសព្យុងយ៉ាងបានប្រកាសថា ខ្លួនបានសាកល្បង បង្ហោះផ្កាយរណបដ៏សំខាន់ថ្មីមួយទៅក្នុងគន្លងតារាវិថី ប៉ុន្តែអ្នកជំនាញមួយចំនួនមិនជឿលើការអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ