បញ្ហា Covid-19 អង្រួន​វិស័យកាត់ដេរ​កម្ពុជា​ឲ្យរង្គោះរង្គើ

GMAC៖ រោងចក្រអាចនឹងខ្វះសាច់ប្រាក់បើកប្រាក់ខែកម្មករ បើអ្នកបញ្ជាទិញមិនព្រមទូទាត់ប្រាក់តាមកិច្ចសន្យា


ក្រោយពីអ្នកបញ្ជាទិញពីអឺរ៉ុប និងអាមេរិក បានស្នើឲ្យរោងចក្រកាត់ដេរនៅកម្ពុជា ការពន្យារពេលផ្គត់ផ្គង់ទំនិញ និងបានលុបចោលការកម្ម៉ង់ទិញរយៈពេល ២ ទៅ៣ខែខាងមុខ បានជំរុញឲ្យសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ GMAC បានចេញមុខ អំពាវនាវឲ្យអ្នកបញ្ជាទិញទាំងនោះ គោរពតាមកិច្ចសន្យា និងទូទាត់ការកម្ម៉ង់ចាស់ជាមួយរោងចក្រកាត់ដេរនៅកម្ពុជា បើមិនដូច្នេះទេ រោងចក្រ អាចនឹងត្រូវប្រឈមនឹងបញ្ហាលំហូរសាច់ប្រាក់ ក្នុងការបើកប្រាក់ខែជូនដល់កម្មករជាក់ជាមិនខាន។ នេះបើតាមការអះអាង ពីមន្ត្រីជាន់ខ្ពស់នៃ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា។
កម្មករ​ចេញ​ពី​រោងចក្រ​មួយ​កន្លែង នៅក្នុងរាជធានីភ្នំពេញ ប្រទេស​កម្ពុជា។ រូបភាព​ឯកសារ
ដោយ

បើទោះបីជា ថ្មីៗនេះ កម្ពុជាទើបតែ​ទទួល​បាន​វត្ថុធាតុដើមពី​ប្រទេសចិន ​រាប់រយ​កុងតឺន័រ​សម្រាប់​បំពេញ​តម្រូវការ​ផលិតកម្ម​​របស់រោងចក្រ​កាត់ដេរ​ក៏ដោយ ប៉ុន្ដែ មកទល់ពេលនេះ ស្ថានភាព​របស់វិស័យ​កាត់ដេរ​នៅកម្ពុជា ត្រូវបានអ្នកជំនាញ​អះអាងថា នៅតែស្ថិតក្នុង​ភាព​លំបាកលំបិន​កាន់តែខ្លាំង។ លំបាក​លំបិន គឺព្រោះតែ ក្រុមហ៊ុនអ្នកបញ្ជាទិញ​ធំៗ​ ដូចជាពីអាមេរិក និងអឺរ៉ុបជាដើម បាន​ប្រាប់​ឲ្យ​រោងចក្រ​នៅកម្ពុជា​ពន្យារពេលផ្គត់ផ្គង់ ព្រមទាំង​បាន​លុបចោល​នូវការកម៉្មង់ទិញ​សម្រាប់​រយៈពេល ២​ ទៅ៣ខែ ខាងមុខថែមទៀតផង។

លោកកាំង ម៉ូនីកា អគ្គលេខាធិការ​រង​នៃសមាគមរោងចក្រ​កាត់ដេរ​នៅកម្ពុជា បាន​បញ្ជាក់ថា ​បច្ចុប្បន្ន មាន​អ្នកបញ្ជាទិញ​​ប្រមាណ ៧០ ទៅ៨០% ទៅហើយ ​បានប្រាប់​​​ឲ្យ​រោងចក្រ​ផ្អាក​ការផ្គត់ផ្គង់​ និងការផលិត​​បណ្ដោះអាសន្ន ព្រោះតែនៅប្រទេស​ទាំងនោះ កំពុង​ជួបបញ្ហា​រីករាលដាលនៃមេរោគ​ Covid-19​ កាន់តែខ្លាំង ហើយគេ​ក៏ទាន់​មិនដឹង​ពីពេលវេលា​ជាក់លាក់ថា បញ្ហានេះ នឹង​ធូរស្បើយមកវិញ​នៅពេលណានោះដែរ។

លោក កាំង ម៉ូនីកា បន្ថែមថា បើទោះបី​ជា​ក្រុម​ហ៊ុន​បញ្ជាទិញ​ពីអាមេរិក និងអឺរ៉ុប ទាំងនោះ លុបចោល​ការកម្ម៉ង់​ថ្មី ២ទៅ ៣ខែ ខាងមុខក៏ដោយចុះ ប៉ុន្ដែ សមាគម​បានចេញសេចក្ដីអំពាវនាវ​កាលពី​ថ្ងៃទី ២៥ ខែមីនា​កន្លងទៅនេះ គឺស្នើ​ឲ្យក្រុមហ៊ុន​បញ្ជាទិញទាំងនោះ ​ទទួល​យក​ទំនិញ​ដែល​រោងចក្រ​នៅកម្ពុជា បាន​ផលិតរួចហើយ និងកំពុងផលិត ព្រោះថា ទំនិញទាំងនោះ គឺជា​ការកម្ម៉ង់​ចាស់​ របស់ពួកគេ ដែល​មានចុះ​កិច្ចសន្យា​ទិញ​ពីរោងចក្រនៅកម្ពុជា។ ​ទំនិញ​ដែលកម្ម៉ង់ចាស់ទាំងនោះ គឺត្រូវបាន​ក្រុមហ៊ុន​​បញ្ជាទិញ បាន​ប្រាប់​ឲ្យរោងចក្រ​ព្យារពេល​ផ្គង់ផ្គង់។

លោក កាំង​ ម៉ូនីកា សង្ងត់ធ្ងន់ទៀតថា «ទោះបីជាឲ្យយើង​ពន្យារពេល​ ឬយ៉ាងណាក៏ដោយចុះ តែយើង​ស្នើឲ្យគាត់​គិតគូ​ អំពីការទូទាត់​… ស្របទៅតាម​កិច្ចសន្យា ដើម្បីធ្វើយ៉ាងណាឲ្យ​​រោងចក្រ​ទទួលបាន​ប្រាក់ចំណូល​​សម្រាប់​បើក​ប្រាក់បៀវត្សរ៍​ជូនកម្មករ​។ យើងដឹងហើយ​នៅក្នុងការធ្វើជំនួញ លំហូរសាច់ប្រាក់​មានសារសំខាន់​ខ្លាំងណាស់ ក្រុមហ៊ុនណា​ក៏ដូច​ក្រុមហ៊ុន​ណាដែរ គឺផ្ដោតខ្លាំង​បំផុត​ទៅលើ​លំហូរសាច់ប្រាក់​នេះឯង។ អញ្ចឹងហើយ​បើគ្មានលំហូរ​សាច់ប្រាក់ទេ​ គឺរោងចក្រ​ក៏ដូចជា​ក្រុមហ៊ុន​ផ្សេងៗដែរ គឺមិនអាច​បន្ត​ប្រតិបត្តិការបានទេ។»

នៅពេលដែលត្រូវបានសួរថា ​បើសិន​ជា​អ្នកបញ្ជាទិញ មិនព្រមទូទាត់​តាមកិច្ចសន្យា​ ស្របទៅតាម​ការអំពាវនាវ តើរោងចក្រ​កាត់ដេរ​នៅកម្ពុជា ពិតជា​ប្រឈម​នឹងបញ្ហា​ខ្វះសាច់ប្រាក់​បើក​ប្រាក់ខែ​ជូនកម្មករ​ពិតមែនទេ? លោក កាំង ម៉ូនីកា ឆ្លើយតបថា «ពិតប្រាកហើយ!»។​

សមាគម​រោងចក្រ​កាត់ដេរ​នៅកម្ពុជា ធ្លាប់បាន​លើកឡើងថា យ៉ាងហោចណាស់​ កម្ពុជា​មានតម្រូវការ​សាច់ប្រាក់ ក្នុងការ​​បើកប្រាក់ខែជូនដល់កម្មករ ក្នុងមួយខែប្រមាណជាង ២០០ លាន​ដុល្លារអាមេរិក។ ​​

បើតាម​ការបញ្ជាក់​របស់​ លោក កាំង ម៉ូនីកា គិតត្រឹមថ្ងៃទី ២៦ មីនា រោងចក្រ​ដែលបាន​ផ្អាក​ប្រតិបត្តិការ​ផលិត​ជាបណ្ដោះអាសន្នមានចំនួន ៥៥ រោងចក្រ ដែលប៉ះពាល់ដល់​ការងារ​កម្មករ​ប្រមាណ ៣ម៉ឺននាក់។ យ៉ាងណាមិញ សម្រាប់​ឆ្នាំ២០២០នេះដែរ សមាគម​រោងចក្រ​កាត់ដេរ អះអាងថា នឹង​មិនមាន​រោងចក្រ​កាត់ដេរ​​ណាមួយ​​មានប្រាក់ចំណេញនោះទេ ខណៈដែល​ប៉ុន្មានខែមកនេះ វិស័យនេះត្រូវបាន​រងការប៉ះទង្គិច​ដោយសារ​​បញ្ហា​មេរោគ Covid-19 ហើយវា​ក៏មិនទាន់​ដឹងច្បាស់ថា បញ្ហានេះ នឹងត្រូវបាន​ដោះស្រាយ​ធូរស្បើយមកវិញ​នៅពេលណានោះដែរ៕​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេវារថយន្តក្រុងនិងកាណូតសាធារណៈ ត្រូវផ្អាកបណ្តោះអាសន្នសិន ដើម្បីទប់ស្កាត់កូវីដ១៩

ព័ត៌មាន
សាលារាជធានីភ្នំពេញបានប្រកាសផ្អាកដំណើរការសេវារថយន្តក្រុងសាធារណៈនិងសេវាដឹកជញ្ជូនតាមកាណូតចាប់ពីថ្ងៃ២៦មីនានេះទៅ រហូតដល់ស្ថានការណ៍នៃការរី…

បារាំង និងម៉ាឡេស៊ី បញ្ជូនយន្ដហោះពិសេសមកដឹកជនជាតិខ្លួន ចេញពីកម្ពុជា

ព័ត៌មាន
ប្រទេសបារាំង និងប្រទេសម៉ាឡេស៊ី បានបញ្ជូនយន្តហោះ ពិសេសដើម្បីមកដឹកជញ្ជូនជនជាតិខ្លួនរាប់រយនាក់ចេញពីប្រទេសកម្ពុជា បន្ទាប់ពីមានការលុបជើងហោះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ