ចំណូលពន្ធដារ

ទោះបីមានកូវីដ-១៩ តែចំណូលពន្ធដារនៅតែប្រមូលបានជិត២ពាន់លានដុល្លារ កើនជិត១០% នៅ៧ខែឆ្នាំនេះ


បើទោះបីជាបញ្ហាកូវីដ-១៩បាននិងកំពុងធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជាយ៉ាងក្ដី ប៉ុន្ដែ នៅរយៈពេល៧ខែ ដំបូងនៃឆ្នាំ២០២០ ចំណូលពន្ធដារដែលប្រមូលបានគឺមិនមានការស្រុតចុះនោះទេ ពោលគឺនៅតែកើនដោយប្រមូលបានដល់ទៅជាង១.៨៧៧លានដុល្លារអាមេរិក ស្មើនឹងប្រមាណជិត៦៦% នៃផែនការប្រចាំឆ្នាំ ហើយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ គឺមានការកើនឡើងប្រមាណ ១៦៥លានដុល្លារអាមេរិក ស្មើនឹងកំណើន៩,៦០%។ នេះបើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានពន្ធដារ។
អគ្គនាយកដ្ឋានពន្ធដារ
ដោយ

តាមរបាយការណ៍​ដដែលនេះ បាន​ឲ្យដឹងទៀតថា សម្រាប់ខែកក្កដា​កន្លងទៅនេះ ចំណូលពន្ធ-អាករ គ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូលបាន​មានជាង​១៩៤លាន​ដុល្លារអាមេរិក ស្មើនឹង​៦,៨១% នៃផែនការ​ប្រចាំឆ្នាំ ធៀបនឹង​ខែកក្កដា​ឆ្នាំ២០១៩ មានការថយចុះ​ប្រមាណ៧,៧១%។

នៅរយៈពេល​៧ខែមកនេះ ប្រភពចំណូលពី​ប្រភេទ​ពន្ធ ២ ប្រភេទ​នៅតែរក្សាបាន​កំណើន​ក្នុងនោះ គឺអាករ​លើតម្លៃបន្ថែម​កើនឡើង​៣,១៧% និងពន្ធលើ​ប្រាក់ចំណូល​កើនឡើង​២២,៧១% ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំ២០១៩។

បើតាម​អគ្គនាយដ្ឋានពន្ធដារ នៅឆ្នាំ២០២០នេះ ស្ថាប័ន​ប្រមូលចំណូល​ជាតិមួយនេះ មាន​កាតព្វកិច្ច​ក្នុងការ​អនុវត្ត​ការប្រមូលចំណូលពន្ធ ឲ្យបាន​គ្រប់តាម​ផែនការ​ក្នុងចំនួន​ប្រមាណជាង​២.៨៨៥ លាន​ដុល្លារអាមេរិក។ 

គួរបញ្ជាក់ដែរថា ក្នុងកាលៈទេសៈ​កូវីដ-១៩ បាននិងកំពុង​បន្ដ​រាតត្បាតនេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​នូវវិធានការ​ជាបន្ដបន្ទាប់​ដល់ជុំទី ៥ហើយ ដោយក្នុងនោះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​លើកលែង​ការបង់ពន្ធ​ជាច្រើន​សម្រាប់​អាជីវកម្ម​ដែលរង​គ្រោះ​ដោយសារតែបញ្ហា​កូវីដ-១៩នេះ ពិសេស​រោងចក្រ​កាត់ដេរ និងអាជីវកម្ម​ក្នុងវិស័យទេសចរណ៍ជាដើម។ លើសពីនេះទៀត រាជរដ្ឋាភិបាល​ក៏បាន​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​​ប្រចាំខែ​ដល់​កម្មករនិយោជិត​នៅក្នុង​វិស័យទាំងនេះ ដែល​រង​ផលប៉ះពាល់​ការងារ​ព្រោះតែ​កូវីដ-១៩ផងដែរ។ 

សូមបញ្ជាក់ដែរថា បើទោះបីជា​មានព្យុះ​ភ្លៀងកូវីដ-១៩ បាននិង​កំពុង​បោកបក់ខ្លាំង​មក​សេដ្ឋកិច្ច​កម្ពុជា រួមទាំង​សកលលោក​អស់រយៈពេល​ជាងកន្លះ​ឆ្នាំ​ទៅហើយ​ក៏ដោយចុះ ប៉ុន្ដែបើមើល​ទៅលើប្រាក់​ចំណូល​ដែលរាជរដ្ឋាភិបាល​កម្ពុជា​ប្រមូល​បានតាម​រយៈអគ្គនាយកដ្ឋាន​ពន្ធដារ និង​អគ្គនាយកដ្ឋាន​គយ និងរដ្ឋាករ នៅឆមាស​ទី១ នៃឆ្នាំ២០២០នេះ គឺមានរហូតដល់​ទៅជិត៣​ពាន់លាន​ដុល្លារអាមេរិក។ ក្នុងនោះ ចំណូលពន្ធដារ នៅ៦ខែ​ដំបូង​នៅឆ្នាំនេះ ប្រមូលបាន​ដល់ទៅជិត ១.៧០០ លាន​ដុល្លារ​អាមេរិក កើនឡើង ១២% ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំ២០១៩ ប៉ុន្ដែ​ចំណូល​គយវិញ ប្រមូលបាន​តែ​ជិត ១.៣០០ លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ធ្លាក់ចុះជាង​១៦%។​នេះបើតាម​របាយការណ៍​ប្រចាំ​ឆមាសទី១ របស់ស្ថាប័ន​ទាំងពីរ​នេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូវីដ-១៩ ធ្វើឲ្យការលក់រថយន្តនៅវៀតណាមធ្លាក់ចុះខ្លាំងដល់ទៅ ២៨%

ព័ត៌មាន
វិបត្តិមេរោគកូវីដ១៩ នៅក្នុងប្រទេសវៀតណាម បានសាយភាយឥទ្ធិពលអាក្រក់ដល់ សកម្មភាព ទិញលក់រថយន្តផងដែរ ដោយក្នុងរយៈពេល ៧ខែដំបូង ឆ្នាំ២០២០នេះ កា…

ក្រុមហ៊ុនធំមួយ គ្រោងបោះទុនវិនិយោគជិត២៥ លានដុល្លារ នៅខេត្តកំពត សាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម ខុនដូរ និងសេវាទេសចរណ៍

ព័ត៌មាន
ក្រុមហ៊ុន Gold Coast International Development Co.,Ltd បានស្នើសុំអាជ្ញាធរខេត្តកំពតវិនិយោគលើផ្ទៃដីទំហំ ៤២ហិកតានៅតំបន់មាត់សមុទ្រ ដែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ