អាល្លឺម៉ង់បង្កើនធ្យូងថ្មជំនួសថាមពលរបស់រុស្ស៊ី!

អាល្លឺម៉ង់បង្ខំចិត្តប្រាសចាកកិច្ចព្រមព្រៀងអាកាសធាតុសកល ដោយបង្កើនការប្រើប្រាស់ធ្យូងថ្មដើម្បីជំនួសការបញ្ជាទិញថាមពលរបស់រុស្ស៊ី


នៅចំពោះមុខការតម្រូវឱ្យកាត់បន្ថយការនាំចូលឧស្ម័នពីរុស្ស៊ី រដ្ឋាភិបាលអាល្លឺម៉ង់បានជ្រើសយកដំណោះស្រាយ ប្រើប្រាស់ឧស្ម័នសម្រាប់ផលិតជាអគ្គិសនីក្នុងកំរិតតិចជាងមុន ប៉ុន្ដែ នឹងជំរុញការប្រើប្រាស់ធ្យូងថ្មកាន់តែច្រើន សម្រាប់ការផលិតអគ្គិសនី។នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
អាល្លឺម៉ង់បង្ខំចិត្តប្រាសចាកកិច្ចព្រមព្រៀងអាកាសធាតុសកល ដោយបង្កើនការប្រើប្រាស់ធ្យូងថ្មដើម្បីជំនួសការបញ្ជាទិញថាមពលរបស់រុស្ស៊ី

តាម​សេចក្តី​ប្រកាស​របស់​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​អា​ល្លឺ​ម៉​ង់​កាលពី​ពេល​ថ្មី​ៗ បងធំ​របស់​អឺរ៉ុប​មួយ​នេះ នឹង​បើកផ្លូវ​ឱ្យ​រោងចក្រ​អគ្គិសនី​ដែល​ដើរ​ដោយ​ថាមពល​ធ្យូងថ្ម ត្រូវ​បង្កើន​សកម្មភាព​ច្រើន​ជាង​មុន ដើម្បី​ប្តូរ​មក​ទាញ​យក​អគ្គិសនី​ពី​ការ​ដុត​ធ្យូងថ្ម​វិញ ទោះបី​ត្រូវ​ប្រាសចាក​ពី​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ស្តី​ពី​អាកាសធាតុ​សកល​ក៏​ដោយ​។

ក្រុមហ៊ុន​ឧស្ម័ន​រដ្ឋ​រុ​ស្ស៊ី Gazprom បាន​ប្រកាស​កាលពី​ស​ប្តា​ហ៍​មុន​ពី​ការ​កាត់​បន្ថយ ការ​បង្ហូរ​ឧស្ម័ន​តាម​បំពង់​បង្ហូរ​ប្រេង និង​ឧស្ម័ន Nord Stream ទៅ​កាន់​បណ្តា​ប្រទេស​អឺរ៉ុប ដោយ​ក្នុង​នោះ​ប្រមាណ ៤០% មក​ឲ្យ​អា​ល្លឺ​ម៉​ង់ ដោយ​យក​ហេតុផល​ថា មក​ពី​បញ្ហា​បច្ចេកទេស តែ​ទីក្រុង​ប៊ែ​រ​ឡាំង​មិន​ជឿ​ដូច្នេះ​ឡើយ​។ ក្រុមហ៊ុន​ឧស្ម័ន​រដ្ឋ​របស់​រុ​ស្ស៊ី Gazprom បាន​អះអាង​ថា ការ​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​តាម​រយៈ​បំពង់​បង្ហូរ Nord Stream គឺ​ដោយសារ​មាន​ជួសជុល បំពង់​បង្ហូរ ប៉ុន្តែ​មន្ត្រី​សហភាព​អឺរ៉ុប​ជឿ​ថា ទីក្រុង​ម៉ូ​ស្គូ​កំពុង​ព្យាយាម​ដាក់​សម្ពាធ​លើ​សម្ព័ន្ធមិត្ត​របស់​អ៊ុយ​ក្រែ​ន ជា​ការ​សងសឹក​នឹង​ការ​បន្ត​ការ​គាំទ្រ និង​ផ្គត់ផ្គង់​សព្វាវុធ​។

ប្រឈម​មុខ​នឹង​បញ្ហា​នេះ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​របស់​ប្រទេស​អា​ល្លឺ​ម៉​ង់​លោក រ៉ូ​បឺត ហា​បេ​ក​(Robert Habeck) និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​កាណ៍​កាលពី​ថ្ងៃ​ទី ១៩​មិថុនា​ថា អា​ល្លឺ​ម៉​ង់​នឹង​ដាក់​កំរិត​លើ​ការ​ប្រើប្រាស់​ឧស្ម័ន​ធម្មជាតិ សម្រាប់​ផលិត​អគ្គិសនី​ឱ្យ​បាន​តិច​ជាង​មុន ដោយ​ជំនួស​មក​វិញ​ដោយ​ការ​ប្រើប្រាស់​ធ្យូងថ្ម ហើយ​ដើម្បី​ធានា​ការ​ផ្គត់ផ្គង់​ថាមពល​ក្នុង​ប្រទេស រោងចក្រ​អគ្គិសនី​ដែល​ដើរ​ដោយ​ថាមពល​ធ្យូងថ្ម នឹង​បង្កើន​សកម្មភាព​ផលិត​ច្រើន​ជាង​មុន​ទ្វេ​ដង​ផង​ដែរ​។

យ៉ាងណា​ក៏​ដោយ ប្រការ​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា គឺ​បាន​ប្រាសចាក​ទាំងស្រុង ពី​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ស្តី​ពី​បញ្ហា​អាកាសធាតុ​សកល​។ កិច្ចព្រមព្រៀង​ស្តី​ពី​អាកាសធាតុ ដែល​បាន​ចុះហត្ថលេខា​នៅ​ខែធ្នូ ឆ្នាំ​២០១៥ នៅ​ទី​ក្រុងប៉ារីស បាន​កំណត់​ទិស​ដៅ​ពិភពលោក ឲ្យ​រួម​គ្នា​ទប់ស្កាត់​ការ​កើនឡើង​នូវ​កំ​ដៅ​ផែនដី មិន​ឲ្យ​លើស​ពី​១,៥​អង្សា​សេ​។ ទន្ទឹម​នឹង​នេះ សម្រាប់​រដ្ឋាភិបាល​ក្រុង​ប៊ែ​រ​ឡាំង ធ្លាប់​បាន​សន្យា​ថា​នឹង​ដកខ្លួន ឈប់​ប្រើ​ថាមពល​ធ្យូងថ្ម​យ៉ាង​យូរ​បំផុត​នៅ​ឆ្នាំ​២០៣០ ក្នុង​គោលដៅ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។ ប៉ុន្ដែ ក្រោយ​ប្រឈម​មុខ​នឹង​ភាព​តានតឹង​ជាមួយ​រុ​ស្ស៊ី វា​ក៏​បាន​ធ្វើ​ឲ្យ​អា​ល្លឺ​ម៉​ង់ ទុក​ការ​សន្យា​នេះ​មួយអន្លើ​សិន ដោយ​ត្រូវ​បង្ខំចិត្ត​បន្ដ​បង្កើន​ការ​ប្រើប្រាស់​ធ្យូងថ្ម​ឡើង​វិញ ដើម្បី​ជំនួស​ឧស្ម័ន​នាំ​ចូល​ពី​ប្រទេស​រុ​ស្ស៊ី​។

ទោះ​យ៉ាងណា ក្រសួង​សេដ្ឋកិច្ច​អា​ល្លឺ​ម៉​ង់​បាន​អះអាង​ហើយ​ថា វិធានការ​បង្កើន​ការ​ប្រើប្រាស់​ធ្យូងថ្ម សម្រាប់​ជំនួស​ឧស្ម័ន​រុ​ស្ស៊ី គឺ​បណ្តោះអាសន្ន​ប៉ុណ្ណោះ ពោល​គឺ​សម្រាប់​ដោះស្រាយ​បញ្ហា​ក្នុង​ពេល​ដែល​ទីផ្សារ​ឧស្ម័ន​កំពុង​ជួប​ស្ថានភាព​អាក្រក់​បំផុត​។

សូម​ជម្រាប​ថា អា​ល្លឺ​ម៉​ង់​ជា​ប្រទេស​នៅ​អឺរ៉ុប​ដែល​ត្រូវការ​ឧស្ម័ន និង​ប្រេង​រុ​ស្ស៊ី ច្រើន​ជាងគេ បង្អស់​ដល់​ទៅ ៤០%​នៃ​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក​សរុប​។ ប៉ុន្តែ ដើម្បី​តែ​ការ​ដាក់​ទណ្ឌកម្ម​លើ​ម៉ូ​ស្គូ​ដែល​ឈ្លានពាន​អ៊ុយ​ក្រែ​ន ក្រុង​ប៊ែ​រ​ឡាំង បាន​ព្យាយាម​កាត់​បន្ថយ​ការ​នាំ​ចូល​ឧស្ម័ន​ពី​រុ​ស្ស៊ី ពី ៥៥% មក​នៅ​ត្រឹម​៣៥%​ប៉ុណ្ណោះ​។ យ៉ាងណាមិញ ការ​ដែល​អា​ល្លឺ​ម៉​ង់​អាច​ធ្វើ​ដូចនេះ​បាន​ក៏​ដោយសារ​តែ​គេ​បាន បង្កើន​ការ​ទិញ​ឧស្ម័ន​បន្ថែម​ពី​អ្នក​ជិតខាង ដូច​ជា​ន័​រ​វែ​ស និង​ហូ​ឡង់​ជាដើម​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះធ្វើឲ្យតម្លៃរថយន្តដំឡើងនៅកម្ពុជា នៅតែថ្លៃជាងរថយន្តដំឡើងនៅប្រទេសក្បែរខាង?

ព័ត៌មាន
យើងសង្កេតឃើញថានៅមួយឆ្នាំចុងក្រោយនេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានអនុម័តលើគម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តថ្មីចំនួន៣ជាបន្តបន្ទា…

អាមេរិកគ្រោងបន្ថយពន្ធគយលើទំនិញចិន ដើម្បីបន្ធូរសម្ពាធអតិផរណា ខណៈពន្ធលើឧស្ម័នត្រូវបានលើកយកមក

ព័ត៌មាន
ប្រធានាធិបតីអាមេរិកលោកចូ បៃឌិន កាលពីពេលថ្មីៗនេះបានបង្ហើបឱ្យដឹងថាលោកនឹងជួបពិភាក្សាជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងពេលឆាប់ៗនេះ ដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ