ជុំវិញ​ការដក​ភាពអនុគ្រោះពន្ធ EBA ពីកម្ពុជា ដោយសហភាពអឺរ៉ុប

GMAC ស្នើឲ្យ EU លើកពេល​ការ​ដកប្រព័ន្ធអនុគ្រោះពន្ធ EBA ទៅខែសីហា ឆ្នាំ២០២១វិញ


ជាថ្មីម្ដងទៀត នៅថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២០នេះ សមាគមរោងចក្រកាត់ដេរកម្ពុជា បានដាក់លិខិតមួយ ស្នើទៅដល់សហភាពអឺរ៉ុប ឲ្យពិចារណាពន្យារពេលក្នុងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ផ្នែកខ្លះ ពីកម្ពុជា ដែលតាមផែនការរបស់ EU គឺគ្រោងនឹងចាប់ផ្ដើមអនុវត្តដកប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២០ ប៉ុន្ដែ សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានស្នើឲ្យ ពន្យារពេលការដកប្រព័ន្ធអនុគ្រោះពន្ធ EBAនេះ ទៅថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២១វិញ។
សំណុំ​រឿង​ EBA រវាង​ អឺរ៉ុប និង​ កម្ពជា។
ដោយ

ការស្នើ​ទៅកាន់ EU ឲ្យ​ពន្យារពេល​ដក​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA ពីកម្ពុជា​របស់ GMAC នាពេលនេះ គឺក្រោមហេតុផលថា វិស័យ​កាត់ដេរសម្លៀក​បំពាក់ និងស្បែកជើង​របស់​កម្ពុជា កំពុង​រងផលប៉ះពាល់យ៉ាងដំណំ​ ​ព្រោះតែ​​ការរីករាលដាល​នៃមេរោគ​កូវីដ-១៩។

ជាក់ស្ដែង តាំងពី​ចាប់ផ្ដើម​មាន​ការឆ្លងរីករាលដាល​នៃមេរោគ​កូវីដ-១៩ មក យ៉ាងហោចណាស់​មាន​រោងចក្រ​ប្រមាណ ២៥០ រោងចក្រ​ហើយ​នៅកម្ពុជា ក្នុងវិស័យ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​សម្ភារសម្រាប់​ការធ្វើដំណើរ ត្រូវបាន​ព្យួរប្រតិបត្តិការ ហើយ​មាន​រោងចក្រ​កំពុង​ប្រតិបត្តិការ​ផ្សេងទៀត បាន​កាត់បន្ថយ​សមត្ថភាពផលិត​របស់ខ្លួន។ ក្នុងនោះដែរ ក៏មាន​កម្មករ​ប្រមាណ ជាង ១៣ម៉ឺននាក់ នៅក្នុង​វិស័យនេះ ដែលភាគច្រើន​ជា​ស្ត្រី គឺបានបាត់បង់ការងារធ្វើ ហើយចំនួននេះ ក៏ទំនង​ជាងនឹងកើនឡើង​ថែមទៀតដែរ។ នេះបើតាមការគូសបញ្ជាក់​របស់​ GMAC។

លោកឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធាន​សមាគម​រោងចក្រ​​កាត់ដេរ​កម្ពុជា បានព្រមានថា ប្រសិនបើ​ការដក​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA នឹងបន្ដនៅពេលខាងមុខ មាន​ការបញ្ជាទិញ និង​ការងារ​កាន់តែច្រើននឹង​បាត់បង់ ឬ​នឹងមិនអាចមាន​​ត្រឡប់មកវិញនោះទេ។ សហភាពអឺរ៉ុប មិនត្រូវ​ព្រងើយកន្ដើយនឹង​ស្ថានភាព​ធ្ងន់ធ្ងរ​ និង​ផលប៉ះពាល់​បំផ្លិចបំផ្លាញ នៃការដកអត្ថប្រយោជន៍ នៃប្រព័ន្ធ​អនុគ្រោះ​ EBA នៅក្នុងខែសីហា ខាងមុខនោះទេ ដោយសារតែ​ផលប៉ះពាល់​នៃ​ការរីករាលដាល​នៃមេរោគ នៅតែ​មាន​ចំពោះ​វិស័យ​កាត់ដេរ​របស់​កម្ពុជា។  

សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បានស្នើ​ដល់​សហភាពអឺរ៉ុប ឲ្យធ្វើការ​វាយតម្លៃ​ម្ដងទៀត អំពី​ផលប៉ះពាល់​​នៃការ​សម្រេចចិត្ត​របស់ខ្លួន នៅក្នុង​វិបត្តិ​ដែលកំពុង​កើតមាននេះ ហើយ​ស្នើ​ឲ្យមានការ​ពន្យារ​ពេល​ការ​ដក​ផ្នែកខ្លះ​នៃ​អត្ថប្រយោជន៍​ពីភាពអនុគ្រោះពន្ធ EBA ពីកម្ពុជា យ៉ាងហោចណាស់ត្រូវពន្យា​រ​រយៈពេល ១២ខែទៀត ដែលអាច​រហូតដល់ ខែសីហា ឆ្នាំ២០២១។

លោក Ben Kao អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បាន​លើកឡើងថា «រាប់រយពាន់​គ្រួសារ​កម្ពុជា ស្ថិត​នៅក្នុង​ហានិភ័យ​បាត់បង់ការងារ និង​មាន​ពលរដ្ឋ​កម្ពុជា​រាប់លាន​នាក់ អាចនឹង​ត្រឡប់​ទៅកាន់​ភាពក្រីក្រឡើងវិញ ប្រសិនបើ​គ្មានអ្វីត្រូវបាន​ធ្វើទេនោះ»។

បើតាម​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា មាន​ក្រុមហ៊ុន​ម៉ាក និង​អ្នកលក់រាយ​ជាច្រើន​នៅអឺរ៉ុប និអាមេរិក​ខាងជើង ត្រូវបាន​បង្ខំចិត្ត លុបចោល​​ការបញ្ជាទិញ ឬ​មាន​អ្នកខ្លះ​រហូតដល់​ក្ស័យធន ដោយសារតែ​ផលប៉ះពាល់​នៃមេរោគកូវីដ-១៩។

តាមការប៉ាន់ប្រមាណ​របស់ GMAC នៅត្រីមាសទី ២ ឆ្នាំ២០២០ ការលក់​ផលិតផល​សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ នឹង​មានការ​ធ្លាក់ចុះ​ដល់ទៅ ៥០ ទៅ៦០ភាគរយ ធៀបនឹង​ឆ្នាំ២០១៩ ហើយ​វាអាចនឹង​មានការ​ប្រសើរឡើងតិចតួច​ប៉ុណ្ណោះ នៅមុនឆ្នាំ២០២១។

លោក Amaud Darc ប្រធាន​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា បានលើកឡើងថា ការរីករាលដាល​នៃមេរោគកូវីដ-១៩ បាននិងកំពុង​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សេដ្ឋកិច្ចពិភពលោក ហើយស្ថានភាពនេះ ក៏មិនខុសពី​ប្រទេស​កម្ពុជាដែរ ដែល​ការអភិវឌ្ឍ​របស់​កម្ពុជា​គឺពឹងផ្អែក​ខ្លាំង​ទៅលើ​ពាណិជ្ជកម្ម​ជាមួយ​សហភាពអឺរ៉ុប៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារអេស៊ីលីដា សម្រួចបន្ថែមការអភិវឌ្ឍសេវាកម្មធនាគារឌីជីថលរបស់ខ្លួន​កាន់តែប្រសើរ​

ព័ត៌មាន
ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន និងសាធារណជន ស្របតាមយុទ្ធសាស្រ្តឌីជីថល ព្រមទាំងពង្រីកនូវវិសាលភាពការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាលើសេវាហ…

សមាគមម្រេចកំពត រំពឹងថាអាចនឹងចាប់ផ្ដើមនាំចេញឡើងវិញឆាប់ៗនេះ!

ព័ត៌មាន
ប្រធានសមាគមម្រេចកំពត បានអះអាងថា សម្រេចកំពតរំពឹងអាចចាប់ផ្ដើមនាំចេញឡើងវិញក្នុងពេលឆាប់ៗនេះ ខណៈដែលថ្មីៗនេះ មានក្រុមហ៊ុននាំចេញម្រេចកំពតមួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ