បញ្ហា Covid-19 នៅកម្ពុជា

GMAC៖ ការលើកលែងពន្ធលើប្រាក់ចំណូលរោងចក្រកាត់ដេរ​ ទំនងជាមិនអាចជួយបានច្រើនឡើយ


មន្ត្រីជាន់ខ្ពស់នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានអះអាងថា វិធានការលើកលែងពន្ធលើប្រាក់ចំណូលសម្រាប់រោងចក្រកាត់ដេរ ដែលរាជរដ្ឋាភិបាលបានដាក់ចេញឲ្យអនុវត្ត ក្នុងគោលដៅជួយសម្រួលបន្ទុករោងចក្រដែលរងប៉ះពាល់ ដោយសារការដកប្រព័ន្ធអនុគ្រោះពន្ធ EBA នោះ ប្រហែលជាមិនអាចជួយបានច្រើននោះឡើយ ព្រោះបច្ចុប្បន្ន បញ្ហាធំក្នុងវិស័យកាត់ដេរ មិនមែន EBA ទេ តែជាបញ្ហា Covid-19 ដែលវាបានធ្វើឲ្យរាំងស្ទះដល់ច្រវាក់ផលិតកម្មក្នុងវិស័យនេះគួរឲ្យកត់សម្គាល់។
កម្មការិនី​នៅ​រោងចក្រ​កាត់ដេរ​មួយកន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ រូបភាព៖ betterwork.org
ដោយ

លោក កាំង ម៉ូនីកា អគ្គលេខាធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លើកឡើងថា វិធានការណ៍​លើកលែងពន្ធដែលរាជរដ្ឋាភិបាលបានដាកចេញនេះ ហាក់​មិនសូវ​ជាជួយបានច្រើន​នោះទេ សម្រាប់​រោងចក្រកាត់ដេរ​នៅកម្ពុជា ព្រោះថា បញ្ហា​ធំរបស់​វិស័យកាត់ដេរ​នៅពេលនេះ វាមិនមែន​​រឿងការព្យួរ​ EBA នោះទេ ប៉ុន្ដែ វាគឺពាក់ព័ន្ធ​នឹងបញ្ហា Covid-19 ដែលវា​បានធ្វើឲ្យ​ផលិតកម្ម​នៅក្នុងវិស័យនេះ ត្រូវបានអូសបន្លាយក្នុងរយៈពេល​កាន់តែយូរ។

លោក ម៉ូនីកា បញ្ជាក់ថា ​បច្ចុប្បន្ន រោងចក្រ​កាត់ដេរ​ប្រមាណ ៧០ ទៅ៨០% ត្រូវបាន​អ្នកបញ្ជាទិញ ពីអឺរ៉ុប និអាមេរិក បានប្រាប់​ឲ្យផ្អាកការផលិត​បណ្ដោះអាសន្ន ព្រោះតែនៅប្រទេស​ទាំងនោះ កំពុងជួបបញ្ហា Covid-19​ ខ្លាំង។ ដូច្នេះហើយ ការលើកលែង​ពន្ធលើប្រាក់ចំណូល ឬប្រាក់ចំណេញនេះ គឺទំនងជា​មិនអាច​ជួយបានច្រើន ព្រោះថា នៅឆ្នាំនេះ សមាគម​រោងចក្រកាត់ដេរ​ មិនរំពឹង​ថានឹងមាន​ក្រុមហ៊ុន រោងចក្រកាត់ដេរណាមួយ អាច​រក​ប្រាក់ចំណេញបាននោះទេ។ 

លោក កាំង ម៉ូនីកា លើកឡើងយ៉ាងដូច្នេះ «សម្រាប់ឆ្នាំនេះ អាចថា នឹង​មិនមែន​បញ្ហា​ EBA តទៅទៀតទេ គឺបញ្ហា​ជំងឺ​កូរ៉ូណា Covid-19 ដែលវា​ធ្វើឲ្យការ​ផលិត​ផ្គត់ផ្គង់​របស់យើង​ត្រូវបានជាប់​គាំង​ ហើយការជាប់គាំងនេះទៀត យើងគិតថា វានឹង​មិនមាន​​រយៈពេលខ្លីទេ គឺរយៈពេល​យូរ។ អញ្ចឹងហើយ យើងមិនរំពឹងថា ក្រុមហ៊ុន​នីមួយៗ​មានប្រាក់ចំណេញទេ​ឆ្នាំនេះ។ អញ្ចឹង​នៅពេល​ដែលក្រុមហ៊ុន​អត់មានប្រាក់​ចំណេញ អញ្ចឹង​ការលើកលែងពន្ធលើប្រាក់​ចំណេញ​ឲ្យគាត់ ក៏មិនសូវជាបានជួយប៉ុន្មានដែរ។»​

ទោះយ៉ាងណា លោក កាំង ម៉ូនីកា បញ្ជាក់ថា សមាគមរោងចក្រ​កាត់ដេរនៅកម្ពុជា​ ក៏​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល ​ដែលបាន​ខិតខំ​ជួយ​ដល់​វិស័យនេះ​នាពេលកន្លងមក។

ជាមួយគ្នានេះ ខាងសមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ ក៏បាន​ដាក់សំណើរ​ជាផ្លូវការ​រួចរាល់ហើយ ដើម្បី​ស្នើសុំ​ការអនុគ្រោះមួយចំនួន​ពី​សំណាក់​រាជរដ្ឋាភិបាល។ ប៉ុន្ដែ មកទល់ពេលនេះ ខាងក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ និង​សមាគមរោងចក្រ​កាត់ដេរ​នៅកម្ពុជា នៅមិនទាន់​បានជួប​ប្រជុំ​​ពិភាក្សាគ្នា​លើសំណើ​នេះនៅឡើយទេ ហើយក៏មិនទាន់ដឹងថា ខាងក្រសួង​នឹង​មាន​ពេលវេលា​ជួប​ជាមួយថ្នាក់ដឹកនាំ​សមាគ​ម​ ដើម្បីពិភាក្សា​ស្វែងរកដំណោះស្រាយ​នេះ នៅពេលណានោះដែរ។ នេះបើតាមការគូសបញ្ជាក់​របស់​អគ្គលេខាធិការរង នៃសមាគម​រោងចក្រ​កាត់ដេរ​នៅកម្ពុជា។

រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្មីៗនេះ បាន​ដាក់ឲ្យអនុវត្ត​នូវ​ប្រកាស​មួយស្ដីអំពី វិធានការ​ផ្នែកពន្ធដារ ដើម្បីកាត់បន្ថយ​ផល​ប៉ះពាល់​នៃបញ្ហា​ប្រឈម​លើ​សហគ្រាស​ឧស្សាហកម្ម ផ្នែក​វាយនភណ្ឌ​កាត់ដេរ​នៅកម្ពុជា។

បើតាម​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសនេះ មានគោលដៅ កំណត់​នូវ​វិធានការពន្ធដារ ក្នុងការ​ផ្ដល់នូវ​ការអនុគ្រោះពន្ធ​លើប្រាក់ចំណូល ចំពោះ​សហគ្រាស​វាយនភណ្ឌ ផលិតផល​សម្លៀកបំពាក់ ស្បែកជើង កាបូបយួរ និងកាបូបដៃ និងមួក ជាដើម ដែលសហគ្រាស​ផលិតផល​ផលិតផលទាំងនេះ រងផលប៉ះពាល់​បណ្ដាលលមកពី​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA ដោយសភាពអឺរ៉ុប។

បើតាម​ខ្លឹមសារ​របស់​ប្រកាសនេះ សហគ្រាសវាយនភណ្ឌ ផលិតសម្លៀកបំពាក់ ស្បែកជើង កាបូបយួរ កាបូបដៃ និងមួក នឹងត្រូវទទួលបាន​ការអនុគ្រោះពន្ធ​លើប្រាក់ចំណូល​សម្រាប់​ឆ្នាំជាប់ពន្ធ ២០២០នេះ ដោយផ្អែកលើ​កម្រិត​នៃផលប៉ះពាល់ដូចខាងក្រោម៖

ទី១, លើកលែងពន្ធ​លើប្រាក់ចំណូល​រយៈពេល ៦ខែ សម្រាប់​រោងចក្រ​សហគ្រាស ដែល​រងផលប៉ះពាល់​កម្រិត​ពី ២០% ទៅ ៣៩% ដោយលើកលែង​ពន្ធលើប្រាក់​ចំណូល​ប្រចាំឆ្នាំ​ចំនួន ៥០% នៃប្រាក់ពន្ធ​ត្រូវបង់សរុប។

និងទី២, លើកលែងពន្ធ​លើប្រាក់ចំណូល​រយៈពេល ១ឆ្នាំ សម្រាប់រោងចក្រ​សហគ្រាស​ដែលរងផល​ប៉ះពាល់​កម្រិត​ពី៤០% ទៅ១០០% ដោយ​លើកលែង​ការបង់ពន្ធ​លើប្រាក់ចំណូល​ ១០០% នៃប្រាក់ពន្ធ​ត្រូវបង់សរុប។

យ៉ាងណាក៏ដោយ ដើម្បីទទួលបាន​ការលើកលែងពន្ធដូចដែល​បានរាប់រៀបខាងលើនេះ សហគ្រាស​វាយនភណ្ឌ ត្រូវតែ​ដាក់ជូនរដ្ឋបាលសារពើពន្ធ​នូវឯកសារ​បញ្ជាក់ពីទំហំផលប៉ះពាល់ជាក់ស្ដែង ពីការព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA ក្នុងអំឡុងពេលប្រកាសពន្ធ​លើប្រាក់ចំណូលប្រចាំឆ្នាំ ខណៈ​ប្រកាសនេះ ត្រូវ​បានសម្រេច​ដាក់​ឲ្យ​ត្រូវអនុវត្ត​ចាប់ពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២០ តទៅ។

យ៉ាងណាក៏ដោយចុះ បើតាម​ការបញ្ជាក់របស់លោក កាំង ម៉ូនីកា គិតមកទល់ពេលនេះ មានរោងចក្រ​ចំនួន ៥៥​ រោងចក្រហើយ ដែលបាន​ផ្អាក​ដំណើរការ​ផលិតកម្មបណ្ដោះអាសន្ន ក៏ដូចជា​ស្នើព្យួរ​ការងារកម្មករ ដែលបាន​ប៉ះពាល់​ដល់​​កម្មករនិយោជិត​​​ប្រហែល​ ៣ម៉ឺននាក់។ ប៉ុន្ដែ អ្វីដែល គួរឲ្យបារម្ភខ្លាំង​ជាងនេះទៀត​នោះ គឺថ្មីៗនេះទៀតសោត​ ក្រុមហ៊ុន​អ្នកបញ្ជាទិញ​ពីក្រៅប្រទេស​ ក៏បាន​សម្រេច​លុបចោល​ការកម្ម៉ង់​ទិញ​សម្រាប់រយៈពេល ២ ទៅ៣ខែ​ខាងមុខទៀត ដែលធ្វើឲ្យ​រោងចក្រ​កាត់ដេរកម្ពុជា​ កាន់តែប្រឈម​នឹងបញ្ហាខ្លាំងឡើង ពិសេស គឺបញ្ហា​លំហូរសាច់ប្រាក់តែម្ដង ដែលវា​អាចនឹងធ្វើថៅកែ​ឲ្យរោងចក្រ នឹងត្រូវ​ប្រឈម​មុខ​បញ្ហា​​កង្វះសាច់ប្រាក់​បើក​ប្រាក់ខែ​ឲ្យកម្មករ​នាពេល​ខាងមុខផងដែរ៕​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ភាគីជប៉ុនប្រាប់កម្ពុជាថា កំពុងខ្វះកម្លាំងពលកម្មជំនាញថែទាំអគារជាង ៣ម៉ឺននាក់

ព័ត៌មាន
ប្រទេសជប៉ុនកំពុងសម្លឹងកម្លាំងពលកម្មពីប្រទេសកម្ពុជា ក៏ដូចជាកម្លាំងពលកម្មពីប្រទេសផ្សេងទៀត ដើម្បីទទួលយកឲ្យធ្វើការងារនៅជប៉ុន ខណៈដែលប្រទេសជាមិត្…

រដ្ឋ​សភា​អនុម័ត​គម្រោង​សាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូង​ថ្ម​ ​តម្លៃ​​ជាង​១​ពាន់​លាន​ដុល្លារ

ព័ត៌មាន
រដ្ឋសភា​កម្ពុជា នៅថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ២០២០​នេះ បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ចំនួន៣ ដែល​ធានា​ដល់​ការទូទាត់​របស់​រាជ​រដ្ឋាភិបាល​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ