រោងចក្រកាត់ដេរ

សមាគមរោងចក្រកាត់ដេរ រំពឹងកំណើនរោងចក្រកាបូប ទ្វេដង នៅពីរឆ្នាំខាងមុខ


ទោះបីជាវិស័យកាត់ដេររបស់កម្ពុជា កំពុងស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់ទាក់ទងនឹងការព្យួរ ប្រព័ន្ធ អនុគ្រោះពន្ធ EBA ក៏ពិតមែន ប៉ុន្ដែ ប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជាបានអះអាងថា ចំនួនកម្មករក្នុងវិស័យនេះ នឹងកើនឡើងច្រើនថែមទៀត ដោយសារតែមានរោងចក្រកាបូបថ្មីៗ កាន់តែច្រើននឹងចូលមកទីផ្សារកម្ពុជា ពោលគឺ នៅ២ឆ្នាំទៅមុខនេះ រោងចក្រកាបូប អាចនឹងកើនឡើងដង។
លោកឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធាន​សមាគមរោងចក្រ កាត់ដេរ កម្ពុជា
ដោយ

ប្រធាន​សមាគម​រោងចក្រ​កាត់ដេរកម្ពុជា លោក ឧកញ៉ា វ៉ាន់ ស៊ូអៀង ដែលទើបតែបាន​បន្ត​ជាប់ឆ្នោត​អណាត្តិថ្មី ឆ្នាំ​ ២០១៩-២០២១ បាន​លើកឡើងថា រយៈពេល​២ឆ្នាំ​ទៅមុខនេះ លោកជឿ​ជាក់ថា ចំនួន​រោងចក្រ​ផលិតកាបូប នឹង​កើនឡើង​ទ្វេដងថែមទៀត ខណៈដែល បច្ចុប្បន្ន រោងចក្រ​ផលិតកាបូប ដែលជាសមាជិក​របស់សមាគម​រោងចក្រ​កាត់ដេរ កម្ពុជា មាន​ជិត​ ២០​រោងចក្រ និងមានការ​នាំចេញ​ រហូតដល់ ៥៥០ លាន​ដុល្លារ​អាមេរិក។ ​
អ្នកជំនាញ សេដ្ឋកិច្ច ធ្លាប់បាន​អះអាងថា កំណើននៃចំនួន​​រោងចក្រ​ផលិត​កាបូប​ កំពុង​មាន​និន្នាការ​កើនឡើង​នៅកម្ពុជានេះ គឺដោយសារតែ​ កាបូប គឺជាផលិតផល​មួយ​ក្នុងចំណោម​ផលិតផល​សម្រាប់​ការធ្វើដំណើរ​ផ្សេងទៀត ដែល​អាចនាំចេញ​ទៅកាន់​ទីផ្សារ​អាមេរិក ដោយ​មានការ​អនុគ្រោះពន្ធ​តាមប្រព័ន្ធ អនុគ្រោះពន្ធ GSP។ 

លោក ឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បាន​លើកឡើងទៀត​ថា បច្ចុប្បន្ន​កម្មករ​ក្នុងវិស័យកាត់ដេរ ដែលមាន​ឈ្មោះ​ចុះ​ក្នុងបញ្ជីរបស់ បេឡាជាតិ​របប​សន្តិសង្គម (បសស) គឺមាន​រហូតដល់ ៩០ម៉ឺនាក់ ហើយចំនួន​កម្មករ​នឹងកើនឡើង​ថែមទៀត នៅឆ្នាំនេះ ដោយសារតែ​មានរោងចក្រ​កាបូប​ថ្មីៗ​នឹង​ចូលមក​បើកដំណើរ​ការ​នៅកម្ពុជា​កាន់តែច្រើន ដែល​ពោលគឺ​នឹងកើនឡើងទ្វេដង ​នៅឆ្នាំនេះ និងឆ្នាំក្រោយ បើទោះបីជា បច្ចុប្បន្ន​កម្ពុជា កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មិនច្បាស់លាស់​ទាក់ទង​នឹង​ការ​ឈានទៅ​របូត​បាត់​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA ពីសំណាក់​សហគម​អឺរ៉ុប​ក៏ដោយ។

ទាក់ទងនឹង​បច្ចុប្បន្ន​ភាពនៃដំណើរការ​ព្យូរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហគម​អឺរ៉ុបវិញ លោកឧកញ៉ា វ៉ាន់ ស៊ូអៀង បាន​គូសបញ្ជាក់ថា ពិតណាស់ វានៅតែជាបញ្ហា​ប្រឈម និងជា​ការគំរាម​កំហែង​ធំមួយ​របស់​​វិស័យ​កាត់ដេរ​នៅកម្ពុជា ប៉ុន្ដែ លោកជឿងជាក់ថា តាមរយៈ​កិច្ចសហការ​យ៉ាងជិតស្និទ្ធ​ជាមួយនឹង​អង្គការ​ILO ជាង​២០ ឆ្នាំក្នុង​ការ​អភិវឌ្ឍ​វិស័យកាត់ដេរ កម្ពុជា ​ជាមួយសិទ្ធិការងារ និងលក្ខខណ្ឌការងារ​ល្អ នាពេលកន្លងមក ព្រមជាមួយនឹង ការកែប្រែច្បាប់​សហជីព​ឲ្យកាន់តែ​ប្រសើរឡើង ពីសំណាក់​រាជរដ្ឋាភិបាល នាពេលថ្មីៗនេះ វានឹងធ្វើ​ឲ្យ​សហភាព​អឺរ៉ុប​នឹង​ពិចារណា​ឡើងវិញ​ពីការ​សម្រេច​ព្យូរ​ប្រព័ន្ធ​អនុគ្រោះពន្ធ EBAនេះ ជាក់ជា​ពុំខាន។

លោកឧកញ៉ា វ៉ាន់ ស៊ូអៀង បានមាន​ប្រសាសន៍​យ៉ាងដូច្នេះថា «បើថា គាត់ (EU) លើក អា EBA ហ្នឹង ឲ្យគាត់​ពិចារណា​ឲ្យច្បាស់ ពីព្រោះ Effect ប៉ះពាល់​រោងចក្រ កម្មករ​យើង​ខ្លាំងណាស់។ អា Trade EBA (ពាណិជ្ជកម្ម​ដែលមាន​ការអនុគ្រោះពន្ធ អ្វីគ្រប់យ៉ាង លើកលែង​តែអាវុធ) ហ្នឹង ជួយបាន​មែនទែន​កម្មករយើង! ... បើថា លុបចោលទៅ វា Effect Contribution That European has helped Cambodia (ប៉ះពាល់​ដល់​អ្វីដែល​អឺរ៉ុប​បាន​ខំ​ជួយ​កម្ពុជា​នាពេលកន្លងមក) ហើយខ្ញុំសង្ឃឹមថា គេនឹង​ Consider (ពិចារណា) អាហ្នឹង​ខ្លាំងណាស់»។ 

ជុំវិញនឹង​រឿង EBA នេះដែរ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បញ្ជាក់ដែរថា កន្លង​មក​ខាងរាជរដ្ឋាភិបាល ដោយមាន​ការសហការ​ជាមួយ​អង្គការ​ ILO ដែលជាដៃគូ បាននិងកំពុង​ធ្វើការងារ​រួមគ្នា​ច្រើន ដើម្បី​ដោះស្រាយ នូវអ្វីដែលជាក្ដី កង្វល់​របស់​សហគមអឺរ៉ុប។ ជាក់ស្ដែងនាពេលថ្មីៗនេះ​ ក្រសួង​ការងារ បាន​ធ្វើវិសោធនកម្ម​ច្បាប់សហជីព​១០ ចំណុច​សំខាន់ ដើម្បី​ជំរុញ​ឲ្យមាន​ភាពប្រសើរឡើង​ដល់​ច្បាប់ការងារ​កម្ពុជា​ ហើយ​ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួង​ការងារ អះអាងថា វឹងនឹង​ផ្ដល់ជាសារ​មួយ​ដល់ សហភាពអឺរ៉ុប ក្នុងការ​ពិចារណា​ទាក់ទង​នឹង​សម្រេច​ដក ឬមិនដក​ EBA ពីកម្ពុជា។

គួរបញ្ជាក់ថា តាមប្រសាសន៍​របស់ ឯកឧត្តម អ៊ិត សំហេង បច្ចុប្បន្ន នៅកម្ពុជា មាន​រោងចក្រ​កាតដេរ​សម្លៀកបំពាក់ និងស្បែកជើង ដែលបាន​ចុះបញ្ជី ប្រមាណជិត ១.២០០ រោងចក្រ ដែលបាន​ផ្ដល់​ការងារ​ដល់​កម្មករ​ប្រមាណ ៨០ម៉ឺននាក់ ក្នុងនោះ មានប្រមាណជាង ៨០% គឺជាស្ត្រី។ ជាមួយគ្នានេះ ការចំណាយ​លើ​ប្រាក់ឈ្នួល​កម្មករ​ក្នុងវិស័យ​នេះ មានប្រមាណ ជាង ២ពាន់លាន​ដុល្លារ​អាមេរិក ក្នុងមួយឆ្នាំៗ ​ខណៈដែល​ប្រាក់ឈ្នួល​អប្បបរមា​កម្មករ​ម្នាក់ មាន​១៨២ ដុល្លារ​អាមេរិក ក្នុងមួយខែ។ តម្លៃប្រាក់ឈ្នួល​អប្បបរមា របស់​កម្មករ​ក្នុងវិស័យ​កាត់ដេរ​កម្ពុជា នាពេលបច្ចុប្បន្ន​ធៀបនឹង​ប្រទេស​នៅ​អាស៊ានទាំង១០  គឺកម្ពុជា​ឈរ​ក្នុង​លំដាប់​លេខរៀង ទី៥ហើយ៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លិខិតពីប្រិយមិត្ត៖ បញ្ហា​អគ្គិសនី មិនគួរប្រៀបធៀបទៅនឹង​របបខ្មែរក្រហមទេ!

ព័ត៌មាន
កាលពី​ប៉ុន្មានថ្ងៃ​មុន លោក ទិត សុធា ដែលជា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានចោទសួរលើហ្វេសប៊ុករបស់គាត់ ហើយត្រូវបានប្រព័ន្ធផ្សព្វផ្សាយយក…

ស្ករត្នោតកំពង់ស្ពឺ កំពុងត្រូវប៉ាន់ បន្ទាប់ពីចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រពីអ៊ឺរ៉ុប

ព័ត៌មាន
សមាគមផលិតស្ករត្នោត ក្នុងខេត្តកំពង់ស្ពឺ ឱ្យដឹងថា ការបញ្ជាទិញស្ករត្នោតកំពង់ស្ពឺបានកើនឡើងខ្ពស់បន្ទាប់ពីការចុះបញ្ជីសម្គាល់ភូមិសាស្ត្រពីសហគមន៍អ៊ឺ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ