រោងចក្រ​ផលិតម៉ាស់

GMAC ៖ ការបើកឲ្យមានការនាំចេញម៉ាស់ អាចនឹងស្រូបទាញអ្នកវិនិយោគថ្មីៗបង្កើតរោងចក្រផលិតម៉ាស់នៅកម្ពុជា


សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានលើកឡើងថា ការដកបម្រាមបណ្ដោះអាសន្ននៃការតម្រូវឲ្យមានការអនុញ្ញាតពីក្រសួងសុខាភិបាលលើការនាំចេញមុខទំនិញម៉ាស់គ្រប់ប្រភេទ ពីសំណាក់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នឹងជួយទាក់ទាញវិនិយោគិនថ្មីៗបន្ថែមទៀត ឲ្យមើលឃើញពីឱកាសក្នុងការវិនិយោគបង្កើតរោងចក្រផលិតម៉ាស់នៅកម្ពុជា ខណៈដែលរោងចក្រក្នុងស្រុកមួយចំនួនក៏អាចនឹងពិចារណាងាកមកផលិតម៉ាស់ផងដែរ។
ថៃ ចាត់វិធានការជនណាដំឡើងថ្លៃម៉ាស់ ត្រូវជាប់ពន្ធនាគារ៥ឆ្នាំ ពិន័យប្រាក់ ៣ពាន់ដុល្លារ (រូបភាព៖ https://forum.thaivisa.com)
ដោយ

នៅក្នុង​លិខិត​មួយរបស់​អគ្គនាយកដ្ឋាន​គយ និងរដ្ឋាករ ដែលបាន​ធ្វើឡើង​នៅថ្ងៃទី ០៤ ខែឧសភា បានលើកឡើងថា «ដោយសារតែបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​អាច​គ្រប់គ្រង និងធានា​បាននូវ​ស្ដុក​បម្រុង​គ្រប់គ្រាន់​នូវមុខទំនិញម៉ាស់ ដែលបម្រើ​ដល់​ការ​ទប់ស្កាត់​ការឆ្លង​រីករាលដាល​នៃ​វីរុស​កូវីដ-១៩ នៅក្នុងប្រទេស​ អគ្គនាយកដ្ឋាន​គយ និងរដ្ឋាករ បានសម្រេច​ដក​បម្រាម​បណ្ដោះអាសន្ន​នៃការ​តម្រូវ​ឲ្យ​មានការ​អនុញ្ញាតពី​ក្រសួងសុខាភិបាល​លើការ​នាំចេញ​មុខទំនិញ​ម៉ាស់​គ្រប់ប្រភេទ។ មានន័យថា រោងចក្រ​ដែល​ផលិតម៉ាស់​ទាំងអស់​អាចនាំចេញ​ ដោយមិនចាំបាច់​ស្នើសុំ​ការអនុញ្ញាត​ពីក្រសួង​សុខាភិបាលនោះទេ»។

ជុំវិញទៅនឹង​រឿងនេះ លោក គេន លូ អគ្គលេខាធិការសមាគម​រោងចក្រ​​កាត់ដេរ​​នៅកម្ពុជា បានគូសបញ្ជាក់ថា ការផលិតម៉ាស់នេះ មិនអាច​ចេះតែ​ផលិត​បានងាយ​នោះទេ វាទាមទារ​ឲ្យ​មានប្រើប្រាស់​នូវ​​វត្ថុធាតុដើម​ខុសគ្នា ម៉ាស៊ីនដេរ​ក៏ខុសគ្នាដែរ។ ហេតុដូច្នេះហើយ ទើបបានជា​សមាគម​ស្នើទៅដល់​រាជរដ្ឋាភិបាល ដក​បម្រាម​​​នាំចេញម៉ាស់បណ្ដោះអាសន្ន​នោះចេញវិញ ដើម្បីបង្ហាញ​ទៅកាន់​អ្នកវិនិយោគថ្មីៗ ឲ្យសម្លឹង​ឃើញពី​ឱកាស​វិនិយោគ​រោងចក្រ​ផលិតម៉ាស់​នៅកម្ពុជា ហើយវា​ក៏ជាការលើក​ទឹកចិត្ត​ឲ្យ​រោងចក្រ​ក្នុងស្រុក​ ឲ្យប្ដូរ​ការផលិត​សម្លៀកបំពាក់ មកជា​ការ​ផលិត​ម៉ាស់​ជំនួស​វិញផងដែរ។

ទោះយ៉ាងណា លោក គេន លូន គូសបញ្ជាក់ថា មាន​រោងចក្រ​ក្នុងស្រុក​តិចតួច​ប៉ុណ្ណោះ ដែល​បច្ចុប្បន្ននេះ បាន​ចាប់អារម្មណ៍​ងាកមករក​ការ​ផលិតម៉ាស់នេះ​ ​​ព្រោះពួកគេ​ចាំបាច់​ត្រូវ​ចំណាយលើការទិញម៉ាស៊ីនថ្មី និងនាំចូល​វត្ថុធាតុដើមថ្មី។

បើតាម​លោក គេន លូ អ្វីដែល​អ្នកវិនិយោគតែងតែ​គិតគូនោះ គឺនៅត្រង់ថា ​បើមានរោងចក្រ​ ផលិតម៉ាស់​ច្រើននោះ ម៉ាស់ដែលផលិតបាន​នឹង​ត្រូវ​លក់ទៅឯណា? ហើយការផលិត​បានយូរអង្វែងដែរ ឬក៏អត់?

យ៉ាងណាក៏ដោយចុះ បើទោះបីជា​មាន​រោងចក្រ​ផលិតម៉ាស់​ច្រើន​បង្កើតឡើងក៏ដោយ ប៉ុន្ដែ​បើតាម​ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​បាន​អះអាង ជាទូទៅ​រោងចក្រ​ផលិតម៉ាស់​មិនសូវ​ត្រូវការ​កម្លាំង​ពលកម្ម​ច្រើននោះទេ ព្រោះ​ការផលិត​ធ្វើឡើង​តាមម៉ាស៊ីន​ស្វ័យប្រវត្តិ។

បើតាម​សមាគមរោងចក្រ​កាត់ដេរ​កម្ពុជា មកទល់ពេលនេះ មានរោងចក្រ​ចំនួនជាង ១៨០ រោងចក្រ​ហើយ ដែល​ព្យួរប្រតិបត្តិការ និងមាន​៦០រោងចក្រ​ទៀត​បានដាក់ពាក្យ​ស្នើសុំព្យួរ ប៉ុន្ដែ​កំពុង​រង់ចាំ​ការអនុញ្ញាត​ពីក្រសួងការងារ។

បើតាម​សមាគមរោងចក្រ​កាត់ដេរ​បាន​បញ្ជាក់ទៀតថា ដោយសារតែ​រោងចក្រ​ព្យួរប្រតិបត្តិការនេះ នៅពេលឆាប់​នេះ ​នឹងមានកម្មករ​និយោជិត​​ប្រមាណជិត​ ២០ម៉ឺននាក់ នឹង​​ត្រូវព្យួរការងារ ដែលនឹង​ប៉ះពាល់​មិនត្រឹមតែ​កម្មករ​នោះទេ ប៉ុន្ដែ ថែមទាំងសមាជិក​គ្រួសារ​ប្រមាណ ២លាន​នាក់​ ដែល​ពឹងផ្អែក​លើពួកគេផងដែរ។

ស្ថិត​ក្នុងកាលៈទេសៈ​ដ៏លំបាកនេះ សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ក៏នៅតែ​ទទូច​អំពាវនាវ​ជាថ្មីទៀត ទៅកាន់អ្នកបញ្ជាទិញ​ទាំងអស់ ឲ្យ​គោរព​តាមលក្ខខណ្ឌ​ទូទាត់​ប្រាក់​សម្រាប់​ទំនិញ​ដែលបាន​ទទួលរួចហើយ និង​ទំនិញដែលកំពុង​ដឹក​ទៅឲ្យ​អ្នកបញ្ជាទិញទាំងនោះ។

បើតាម​លោក គេន លូ មកទល់ពេលនេះ មាន​អ្នកបញ្ជាទិញ​តិចតួច​ប៉ុណ្ណោះ ដែលបាន​ទូទាត់​ប្រាក់ជាមួយ​​រោងចក្រ​នៅកម្ពុជា ខណៈដែលនៅដល់​ភាគច្រើន​មិនព្រម​គោរព​តាមកិច្ចសន្យា​ទូទាត់នោះទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងឧស្សាហកម្ម៖ អំបិល៨,៨ម៉ឺនតោនត្រូវបានផលិតនៅ៤ខែឆ្នាំនេះ និងអាចប្រើគ្រប់គ្រាន់ដោយមិនចាំបាច់នាំចូល

ព័ត៌មាន
យោងតាមរបាយការណ៍ ដែលសារព័ត៌មានខេមបូណូមីស ទទួលបានពីនាយកដ្ឋានកិច្ចការសិប្បកម្ម នៃក្រសួងឧស្សាហកម្មបានឲ្យដឹងថា ចាប់ពីខែមករា ដល់ខែមេសា ឆ្នា…

ប្រាសាក់បោះផ្សាយលក់បណ្ណបំណុលជាផ្លូវការហើយ ក្នុងតម្លៃជាង ៣១លានដុល្លារ

ព័ត៌មាន
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុប្រាសាក់ នៅថ្ងៃទី ០៥ ខែឧសភានេះ បានបោះផ្សាយលក់បណ្ណបំណុលរបស់ខ្លួនជាផ្លូវការនៅក្នុងផ្សារមូលបត្រកម្ពុជា នៅក្នុងតម្លៃជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ