Advertisement
Advertisement
វិស័យការងារ

GMAC ថាការពន្យារពេលបើកប្រាក់អតីតភាពជួយដល់និយោជកបានច្រើន ខណៈតំណាងកម្មករថា វានឹងប៉ះពាល់កាន់តែធ្ងន់ធ្ងរចំពោះកម្មករដែលបានព្យួរការងារ


បន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងមួយស្តីពីការពន្យារពេលបើករំលឹកប្រាក់បំណាច់អតីតភាពការងារទៅឆ្នាំ២០២១រួចមក សមាគមរោងចក្រកាត់ដេរកម្ពុជា(GMAC) បានសាទរចំពោះការពន្យារនេះ នៅគ្រាដែលតំណាងសហជីពថា កម្មករនឹងជួបការលំបាកកាន់តែខ្លាំង ព្រោះប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលដែលផ្តល់ឲ្យមានចំនួនតិចតួច។
GMAC ថាការពន្យារពេលបើកប្រាក់អតីតភាពជួយដល់និយោជកបានច្រើន ខណៈតំណាងកម្មករថា វានឹងប៉ះពាល់កាន់តែធ្ងន់ធ្ងរចំពោះកម្មករដែលបានព្យួរការងារ (រូបភាព ហេង ភារម្យ)
Advertisement

លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការ​រង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC) បាន​ឲ្យ​ដឹង​ថា ការ​ពន្យារពេល​បើក​រំលឹក​ប្រាក់​អតីតភាព​នេះ មាន​សារៈសំខាន់​ណាស់​ចំពោះ​ភាគី​និយោជក​នៅ​ក្នុងអំឡុងពេល​វិបត្តិ​នេះ​។

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​« យើង​គិត​ថា វា​មាន​សារៈសំខាន់​ណាស់ ដោយ​ជួយ​សម្រួល​បាន​មួយ​ផ្នែក​ដល់​និយោជក ដើម្បី​តស៊ូ​ក្នុង​គ្រា​ដ៏​លំបាក​នេះ ដែល​ជា​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​មួយ មិន​ធ្លាប់​មាន​ឡើយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា​»​។

លោក​បាន​បន្ត​ថា នៅ​ក្នុង​កាលៈទេសៈ​នៃ​វិបត្តិ​នេះ ក្រុមហ៊ុន​ភាគច្រើន​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​ហិរញ្ញវត្ថុ ដូច្នេះ ការ​ពន្យារពេល​នៃ​ការ​បើកប្រាក់​អតីតភាព​នេះ ពិតជា​ចាំបាច់​ក្នុង​ការ​សង្គ្រោះ​រោងចក្រ​សហគ្រាស​ទាំងនោះ នា​ពេល​នេះ​។

ដោយឡែក​ខាង​តំណាង​សហជីព​កម្មករ​វិញ​យល់​ឃើញ​ថា ការ​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ​នេះ គឺ​ធ្វើ​ឡើង​ដោយ​មិន​មានការ​ជជែក​ជាមួយ​សហជីព ឬ​កម្មករ​នោះ​ទេ ដែល​វា​អាច​នឹង​ប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ​ដល់​ជីវភាព​របស់​កម្មករនិយោជិត ដែល​បាន​ព្យួរការងារ​។

លោក អាត់ ធន ប្រធាន​សហភាព​ការងារ​បាន​លើក​ឡើង​ថា «​យើង​អត់​ចង់​ឲ្យ​ពន្យារ​ទេ ព្រោះ​លុយ​នេះ ក៏​មិន​ច្រើន​ប៉ុន្មាន​ដែរ តែ​អាច​ជួយ​ដល់​កម្មករ​ខ្លះ​ដែរ អ​ញ្ចឹ​ង​យើង​ស្នើ​ដល់​រដ្ឋាភិបាល​ពិចារណា​លើ​ការ​ចេញ​សេចក្តីសម្រេច​ផ្សេង​ៗ ពិសេស​ការ​ពន្យារ​ការ​បើក​លុយ​ឲ្យ​កម្មករ​ហ្នឹង មិន​គួរ​ពន្យារ​នោះ​ទេ​»​។

ចំណែក​លោក ប៉ាវ ស៊ី​ណា ប្រធាន​សហជីព​ចលនា​កម្មករ​វិញ បាន​ឲ្យ​ដឹង​ដែរ​ថា «​ក្នុង​ស្ថានភាព​នេះ បងប្អូន​កម្មករនិយោជិត ដែល​កំពុង​តែ​ព្យួរការងារ​ជាង​១០​ម៉ឺន​នាក់​ហ្នឹង ប្រាកដជា​រង​ផល​ប៉ះពាល់​កាន់តែ​ធ្ងន់ ដោយសារ​តែ​ការ​ព្យួរការងារ គាត់​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​តិចតួច ហើយ​ប្រសិនបើ​ពន្យារ​បើកប្រាក់​អតីតភាព​ហ្នឹង​ទៀត វា​នឹង​ធ្វើ​ឲ្យ​កម្មករ​នឹង​កាន់តែ​ពិបាក​»​។

សហជីព​កម្មករ​ទាំង​២​នាក់​នេះ នៅ​តែ​ទទូច​ដល់​ក្រសួង​ការងារ សូម​ពិចារណា​លើ​ការ​ពន្យារពេល​នេះ ដើម្បី​ជៀសវាង​ផល​ប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​កម្មករ នៅ​អំឡុង​ពេល​មាន​វិបត្តិ​កូ​វី​ដ​-១៩​នេះ​។

សូម​ជម្រាប​ថា ក្រសួង​ការងារ បាន​ជូនដំណឹង​ដល់​រោងចក្រ​សហគ្រាស និង​កម្មករនិយោជិត ដែល​ប្រើប្រាស់​កិច្ចសន្យាការងារ​មាន​ថេរវេលា​កំណត់ អំពី​ការ​បើក​រំលឹក​ប្រាក់​បំណាច់​អតីតភាព​ដែល​មាន​មុន​ឆ្នាំ​២០១៩ (​សម្រាប់​ផ្នែក​វាយភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​) និង​ប្រាក់​បំណាច់​អតីតភាព​ការងារ​ថ្មី​ក្នុង​ឆ្នាំ​២០២០ (​សម្រាប់​គ្រប់​វិស័យ​) ត្រូវ​ពន្យា​ពេល​ក្នុង​ការ​អនុវត្ត​នៅ​ឆ្នាំ​២០២១​វិញ​។

គួរ​បញ្ជាក់​ដែរ​ថា បើ​តាម​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា មក​ទល់​ពេល​នេះ មាន​រោងចក្រ​ដែល​ព្យួរការងារ​ប្រមាណ ២៥០ រោងចក្រ​ហើយ ដោយ​ក្នុង​នោះ មាន​កម្មករ​ប្រមាណ​ជាង ១៣ ម៉ឺ​នាក់ ដែល​ភាគច្រើន​ជា​ស្ត្រី បាត់បង់​ការងារ​ធ្វើ ហើយ​ចំនួន​នេះ ទំនងជា​អាច​នឹង​បន្ដ​កើនឡើង​ថែម​ទៀត​នៅ​ពេល​ខាង​មុខ​នេះ​៕
Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃម្រេចនៅកម្ពុជា ហក់ឡើងខ្ពស់ដល់ជាង ១ម៉ឺនរៀលក្នុងមួយគីឡូក្រាម នៅរយៈពេល ២សប្ដាហ៍មកនេះ

ព័ត៌មាន
តម្លៃម្រេច ដែលបានដាំដុះ នៅតាមបណ្ដាខេត្តមួយចំនួន ដូចជាកំពង់ចាម ត្បូងឃ្មុំ រតនគិរី ជាដើម ហាក់មានការឡើងថ្លៃខ្ពស់ជាងមុន គួរឲ្យកត់សម្គាល់...

ខេត្តសៀមរាប៖ កូវីដ១៩ បង្ខំ​​ផ្ទះ​សំណាក់​និង​សណ្ឋាគារ​ប្រមាណ ១០០ បិទទ្វារ និង​ប៉ះពាល់​ការងារ​ចំនួន​៨៥០០នាក់

ព័ត៌មាន
វីរុសឆ្លងរាតត្បាត​កូវីដ១៩ បាន​បង្ក​ការប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប​យ៉ាង​ធ្ងន់ធ្ងរ ដោយ​បង្ខំ​ឲ្យ​ផ្ទះ​សំណាក់​និង​សណ្ឋាគា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ