Advertisement
ស្ពាន​ឫស្សី​ខេត្ត​កំពង់ចាម

លា​ហើយ ...លា​រហូត​ហើយ​«ប្រដឹស»​​កោះ​ប៉ែន !


កោះប៉ែន កោះ​សូទិន ថ្វី​ត្បិត​ជា​កូនកោះតូច តែ​មាន​គេ​ស្គាល់​ច្រើន ដោយសារ​បទ​ចម្រៀង​រៀបរាប់​ពី​ទឹក​ដី​នេះ របស់​អ្នក​ចម្រៀង​អធិរាជ​សំឡេងមាស ស៊ិន ស៊ីសាមុត។ តភ្ជាប់​ពី​កោះប៉ែន កោះសូទិន ទៅ​ទីប្រជុំជន​សំខាន់​នៃ​ក្រុង​កំពង់ចាម ជា​ច្រើន​ទសវត្ស​មក​ហើយ គឺ​ប្រដឹស ឬ​អ្នក​ខ្លះ​ហៅ ស្ពាន​ឫស្សី។
ប្រដឹស ឬ​ស្ពាន​ឫស្សី កោះប៉ែន ខេត្ត​កំពង់ចាម។ រូបភាព៖ komitu.blogspot.com
ដោយ
Advertisement

ស្ពាន​ឫស្សី ឬ​ប្រដឹង​កោះប៉ែន (អ្នក​ស្រុក​និយម​ហៅ) គេ​សង់​នៅ​រដូវ​ប្រាំង​ពេល​ដែល​ទឹក​ទន្លេ​មេគង្គ​ស្រក​ចុះ​ជិត​ដល់​បាត​ទន្លេ ជា​ផ្លូវ​តភ្ជាប់​ការធ្វើ​ដំណើរ​របស់​ប្រជាជន​​ជា​ច្រើន​ពាន់​គ្រួសារ​នៅ​លើ​កោះ​ប៉ែន កោះ​សូទិន និង​កោះតូចៗ​​ចំនួន​ទៀត ទៅ​នឹង​ទីប្រជុំជន​ខេត្ត​កំពង់ចាម។ 

នៅ​រដូវ​វស្សា​ ទឹកទន្លេមេគង្គ​ឡើង​ខ្ពស់​ខ្លាំង ប្រដឹស​នេះ​ត្រូវ​រុះ​រើ​ចេញ​វិញ ហើយ​ការ​ធ្វើ​ដំណើរ​ត្រូវ​ធ្វើ​ដោយ​ទូក​ចម្លង សម្រាប់​អ្នក​នៅ​កោះប៉ែន និង​តាម​កាណូត​ម៉ាស៊ីន សម្រាប់​អ្នករស់នៅ​បណ្ដា​កោះ​ក្បែរ​ខាង​ដទៃ​ទៀត។

ប្រដឹស​កោះប៉ែន មាន​អនុស្សាវរីយ៍​ជាមួយ​អ្នក​ស្រុកច្រើន​ជំនាន់​មនុស្ស​មក​ហើយ ហើយ​ថ្មីៗ​ចុងក្រោយនេះ ប្រដឹង​កោះប៉ែន ឬ​ស្ពាន​ឫស្សី​កោះប៉ែន ក៏​បាន​កសាង​អនុស្សាវរីយ៍​ជាមួយ​ភ្ញៀវ​ទេសចរ​បរទេស​ជា​ច្រើន​ផង​ដែរ។ 

ស្ពាន​ឫស្សី​ដ៏​វែងនេះ ទំនង​ជា​នឹង​លែង​មាន​ទៀតហើយ បន្ទាប់​ពី​អ្នក​ស្រុក​ងាក​ទៅ​ធ្វើ​ដំណើរ​តាម​ស្ពាន​ថ្មថ្មី។ (រូបភាពពី​ហ្វេសប៊ុក)

ប៉ុន្តែ អំណេះ​តទៅ ប្រហែល​ជា​អ្នក​ស្រុកនិង​អ្នក​ទេសចរ​ត្រូវ​និយាយ​លា​គ្នា​​ជាមួយ​ប្រដឹស​​កោះ​ប៉ែន ជា​រៀង​រហូត​ហើយ ! 

នេះ​ក៏​ព្រោះ​តែ​ស្ពាន​ថ្ម​ថ្មីដែល​សាងសង់ដោយ​រដ្ឋាភិបាល​ ដែល​សង់​ជិត​រួចរាល់​ជា​ស្ថាពរ​ នឹង​ចូល​ខ្លួន​មក​ជំនួស​ម្ដង។ ស្ពាន​ថ្ម​ថ្មីនេះ បាន​បើក​ឲ្យ​អ្នកធ្វើ​ដំណើរ​ឆ្លង​កាត់​បណ្ដោះ​អាសន្ន​ជា​បណ្ដើរ​ហើយ ហើយ​គ្រោង​នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ជា​ផ្លូវការ​ក្នុង​ពេល​ដ៏ខ្លី​ខាង​មុខ​នេះ។ 

ការទំនង​ជា​នឹង​បាត់​ខ្លួន​ជា​រៀងរហូត​នៃ​ស្ពាន​ឫស្សី​នេះ និង​ការ​ចូល​ខ្លួន​មក​ជំនួស​នូវ​ស្ពាន​ថ្ម​ថ្មី ដែល​មាន​គុណភាព​រឹងមាំ​ជាង ធន់នឹង​ទម្ងន់​ធ្ងន់​ជាង​នេះ ទទួល​បាន​ទាំង​ការ​សាទរ និង​ទាំង​ការ​សោក​ស្ដាយ​អាលោះ​អាល័យ។ សាទរ ត្រង់​ថា ស្ពាន​ថ្មថ្មី​នេះ នឹង​សម្រួល​ការដឹក​ជញ្ជូន និង​ការ​ធ្វើ​ដំណើរកាន់​តែ​ប្រសើរ​ឡើង លឿន​រហ័ស​ជាង​មុន និង​ឥត​អស់​ការ​ចំណាយ។

ស្ពាន​ថ្ម​ថ្មី​នេះ​នឹង​ជំនួស​ប្រដឹស ឬ​ស្ពាន​ឫស្សី​កោះប៉ែន ដែល​មាន​អត្ថិភាព​ជា​ច្រើន​ទសវត្ស​មក​ហើយ។
Advertisement

អ្នក​ដែល​អាលោះអាល័យ​មិន​ចង់​បាត់​បង់​ស្ពាន​ឫស្សី ភាគច្រើន​ជា​អ្នក​លក់​ដូរ​ និង​ប្រជាជន​ដែល​ទទួល​ផល​ពី​វិស័យ​ទេសចរណ៍​ពាក់ព័ន្ធ​នឹង​ស្ពាន​ឫស្សី​នេះ ទោះ​បី​ផល​នោះ​មិន​ច្រើន​ក្ដី។ មួយ​រយៈ​ចុង​ក្រោយ ស្ពាន​ឫស្សី​បាន​ទាក់ទាញ​ទេសចរ​បរទេស​ជិះ​កង់​កម្សាន្ត​ឆ្លង​ពី​កំពង់ចាម ទៅ​កោះ​នានា​ ដើម្បី​គយគន់​ទេសភាព​ចម្ការថ្នាំ​ជក់ ចម្ការ​ពោត ។ល។ និង​ស្វែងយល់​ពី​ជីវភាព​អ្នកស្រុក ហើយ​ទេសចរ​ទាំង​នេះ​បាន​បង្កើត​ជា​ចំណូល​បន្ថែម​ដល់​អ្នក​ស្រុក តាមរយៈ​ការ​ទិញ​ផ្លែឈើ និង​ចំណី​អាហារ​ ជាដើម។ 

ប៉ុន្តែ ទោះយ៉ាងណា តាម​ការសង្កេត​និងសាកសួរ ផល​ប្រយោជន៍​ដែល​បាន​មក​ពី​ស្ពាន​ថ្ម​ថ្មី​គឺ​ច្រើន​ជាង​លើស​លប់ និង​មាន​ភាព​ស្ថិតស្ថិរ​យូរ​អង្វែង​ជាង​​ស្ពាន​ឫស្សី ដូច្នេះ​ប្រជាជន​ភាគច្រើន​គឺ​សាទរ​ចំពោះ​វត្តមាន​ស្ពាន​ថ្ម ហើយ​មួយ​ចំនួន​តូច​ពោល​សម្ដែង​ភាព​អាលោះអាល័យ​ចំពោះ​ប្រដឹស ឬ​ស្ពាន​ឫស្សី៕




អត្ថបទបន្ទាប់


ចំនួន​ក្មេង​ស្រី​ជំទង់​​មាន​ផ្ទៃ​ពោះ​នៅ​កម្ពុជា កើន​ឡើង​គួរ​ឲ្យ​បារម្ភ

ព័ត៌មាន
អង្គការ សង្គ្រោះកុមារ (Save the Children) សម្ដែង​ការ​បារម្ភ​​ចំពោះ​កំណើន​ដ៏​គំហុក​នៃ​ចំនួន​ក្មេងស្រី​ជំទង់​ដែល​ឆាប់​រៀបការ​និង​ក្ល...

កសិករ​ខ្មែរ​ធ្វើ​កសិកម្ម ដាំខ្លួន​ឯង រក​ទីផ្សារ​លក់​ក៏​ខ្លួន​ឯង?

ព័ត៌មាន
ក្នុង​មួយ​ឆ្នាំ​ ប្រជា​កសិករ​តែងតែ​ជួប​បញ្ហា​ប្រឈម រអ៊ូ​រទាំ និង​ការ​ត្អូញត្អែរ​ពី​តម្លៃ​កសិផល​របស់​ខ្លួន​លក់​មិន​ចេញ ឬ​ធ្លាក់​ថ្លៃ។ ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ