ការងារក្នុងវិស័យសំណង់

មន្ត្រីជាន់ខ្ពស់កម្ពុជា៖ កម្ពុជាមិនទាន់បានទទួលសំណើជាផ្លូវការក្នុងការបញ្ជូនកម្មករសំណង់ពីបង់ក្លាដេសមកកាន់កម្ពុជានៅឡើយទេ


ស្របពេលដែលវិស័យសំណង់នៅកម្ពុជា បាននឹងកំពុងមានសន្ទុះរីកចម្រើនទៅមុខយ៉ាងឆាប់រហ័សនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយកន្លងនេះ កម្ពុជាត្រូវបានប្រទេសបង់ក្លាដេសបង្ហាញពីការចំណាប់អារម្មណ៍ចង់ជ្រើសរើសកម្មករសំណង់មួយចំនួនធំមកពីប្រទេសបង់ក្លាដេស ដើម្បីមកបំពេញតម្រូវការកម្លាំងពលកម្មក្នុងវិស័យសំណង់នៅកម្ពុជា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានបង់ក្លាដេសថ្មីៗនេះ ។
មន្ត្រីជាន់ខ្ពស់កម្ពុជា៖ កម្ពុជាមិនទាន់បានទទួលសំណើជាផ្លូវការក្នុងការបញ្ជូនកម្មករសំណង់ពីបង់ក្លាដេសមកកាន់កម្ពុជានៅឡើយទេ (រូបភាព៖ .theprint.in)
ដោយ

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល​កម្ពុជា​បានឆ្លើយ​តបភ្លាមៗថា កម្ពុជាមិនទាន់​មានតម្រូវការ​កម្លាំង​ពលកម្ម​ពីក្រៅប្រទេស​នៅក្នុងវិស័យ​សំណង់​នោះឡើយ។ ហើយមកទល់​នឹងពេលនេះដែរ ក៏មិនទាន់​បានទទួល​សំណើជាផ្លូវការ​ក្នុងការ​បញ្ជូន​កម្លាំង​ពលកម្ម​នៅក្នុង​វិស័យ​សំណង់​ពីប្រទេស​បង់ក្លាដេស​មកកាន់កម្ពុជា​នោះដែរ។

ពាក់ពន្ធ័ទៅនឹងបញ្ហានេះ ត្រូវបានឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យ​ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានធ្វើការឆ្លើយ​តបយ៉ាងខ្លី​នៅក្នុង​សារអេឡិចត្រូនិចដូច្នេះថា៖ “យើងមិនទាន់​បានទទួល​សំណើផ្លូវការ​ណាមួយ​ពីភាគី​បង់ក្លាដេស​នៅឡើយ”។ 

ជុំវិញនឹងបញ្ហានេះដែរ មន្រ្តីជាន់ខ្ពស់​ក្រសួងរៀប​ចំដែនដី​នគរូបនីយកម្ម និងសំណង់​កម្ពុជាបានអះអាងថា  ក្នុងអំឡុងពេលនេះ កម្ពុជាមិនទាន់​មានតម្រូវ​ការកម្លាំង​ពលកម្ម​ការងារ​នៅក្នុង​វិស័យសំណង់​ពីក្រៅប្រទេស​នោះឡើយ ពោលគឺកម្លាំង​ពលកម្មក្នុង​ស្រុកពេលនេះគឺអាចធានារ៉ាប់​រង ដើម្បីការអភិវឌ្ឍ​វិស័យ​សំណង់​ដោយខ្លួនឯងបាន។ 

ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការ​ក្រសួងរៀប​ចំដែនដី នគរូបនីយកម្ម និងសំណង់​កម្ពុជា​បានគូសបញ្ជាក់​យ៉ាងដូច្នេះថា៖ “កម្ពុជាគឺមិនមាន​ការខ្វះខាតទេ​នូវកម្លាំង​ពលកកម្ម​ការងារ​នៅក្នុង​វិស័យសំណង់ ហើយកាលៈទេសៈនេះដែរ កម្ពុជាក៏មិន​ចាំបាច់​ត្រូវការ​កម្លាំងពលកម្ម​ការងារ​ពីបរទេស​នោះដែរ”។

ឯកឧត្តមបន្តថា ជារួមគិតជាមធ្យម​កម្លាំងពលកម្ម​ដែលបំពេញ​ការងារ​នៅក្នុង​វិស័យ​សំណង់​មានចន្លោះ​ពី១៨ម៉ឺននាក់ ទៅ២០ម៉ឺននាក់ក្នុង​មួយថ្ងៃ ក្នុងនោះ​ក៏មានអ្នក​បច្ចេកទេស វិស្វករ​ក្នុងរង្វង់​ជាង ៣ម៉ឺននាក់ និងស្ថាបត្យករ​ជាង ២,៥ ម៉ឺននាក់ ពោលគឺកម្លាំង​ពលកម្ម​ការងារ​ក្នុងស្រុក​អាចធានា​រ៉ាប់រងលើ​ការអភិវឌ្ឍ​លើវីស័យ​សំណង់បាន។ ប៉ុន្តែទន្ទឹមនឹងនេះ យើងក៏ត្រូវ​ការចាំបាច់​នូវ​អ្នកជំនាញ​ដែលមាន​បទពិសោធន៍ខ្ពស់​ពីបណ្តាប្រទេស​មួយចំនួន​មកចូលរួម​អភិវឌ្ឍ​វិស័យ​សំណង់​នៅកម្ពុជា​ដែរ។

យ៉ាណាងក៏ដោយ​ចុះកាលពីពេលថ្មីៗ​នេះបើតាម​សារព័ត៌មាន New Age ​របស់ប្រទេស​បង់ក្លាដេស ចុះផ្សាយថា លោក Salim Reza លេខាធិការក្រសួង​សុខុមាលភាព​ជនបរទេស និងការងារ​ក្រៅប្រទេស​របស់ប្រទេស​បង់ក្លាដេស បាននិយាយថា ថ្មីៗនេះ មន្ត្រីស្ថានទូត​បង់ក្លាដេស​ប្រចាំទីក្រុង​បាងកក ប្រទេសថៃ បានបំពេញ​ទស្សនកិច្ច​មកប្រទេស​កម្ពុជា ដើម្បីពិនិត្យ​មើលតម្រូវការ​កម្មករ​សំណង់​បង់ក្លាដេស ។ 

លោក Salim Reza បានបន្តថា ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​បង់ក្លាដេស Sheikh Hasina មកកម្ពុជា កាលពីឆ្នាំ២០១៧ បានជួយត្រួសត្រាយ​ផ្លូវសម្រាប់ការ​ជ្រើសរើស​ពលករ​ពីប្រទេស​បង់ក្លាដេស។

យោងតាមសារព័ត៌មាន New Age ដដែល ក្រុមមន្ត្រី​បាននិយាយថា បច្ចុប្បន្ន គេកំពុង​ធ្វើការរៀបចំ​សម្រាប់​ការបញ្ជូន​កម្មករសំណង់​បង់ក្លាដេស​មកកាន់​ប្រទេស​កម្ពុជា។ 

គួររំឭកថា កាលពីឆ្នាំ២០១៧ ក្នុងអំឡុង​នៃដំណើរទស្សនកិច្ច​របស់នាយករដ្ឋមន្ត្រី​បង់ក្លាដេស​នៅកម្ពុជា ប្រទេសបង់ក្លាដេស និងកម្ពុជា បានចុះហត្ថលេខា​លើអនុស្សរណៈនៃការយោគ យល់គ្នា សម្រាប់ការផ្លាស់​ប្ដូរជំនាញ និងការជ្រើស​រើស​ពលករ មកពីប្រទេស​បង់ក្លាដេស មកធ្វើការ​នៅកម្ពុជា។ 

ជាការអះអាងរបស់ ឯកឧត្តម ឡៅ ទិព្វសីហា នៅតែបញ្ជាក់ថា កម្ពុជាគឺត្រូវការ​តែបរទេស​ណាដែលមាន​ជំនាញ និងបទពិសោធន៍ខ្ពស់​មកជួយ​អភិវឌ្ឍ​វិស័យសំណង់​នៅកម្ពុជា​តែប៉ុណ្ណោះ ដើម្បីជាការផ្តល់​ចំណេះផង និងការដកស្រង់​បទពិសោធន៍​គ្នាទៅវិញ​ទៅមកផង ប៉ុន្តែឲ្យជាតម្រូវការ​គឺកម្ពុជា​មិនមាន​តម្រូវការទេ។

សូមជម្រាបផង​ដែរថា ប្រទេសកម្ពុជា ត្រូវគេមើលឃើញថា ជាប្រទេសដែល​បញ្ជូន​ពលករ​ជាច្រើន​លាននាក់ ទៅធ្វើការនៅក្រៅ​ប្រទេស ដូចជា ប្រទេសថៃ កូរ៉េខាងត្បូង និងម៉ាឡេស៊ី ជាដើម ប៉ុន្តែ ដំណឹងដែលថា កម្ពុជា​នឹងជ្រើសរើស​ពលករមកពី​បង់ក្លាដេស ដើម្បីឲ្យធ្វើការ​ជាកម្មករ​សំណង់នៅ​កម្ពុជា គឺអាចជារឿង​ថ្មីដែលមិនធ្លាប់​មាន​ពីមុនមក៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពលរដ្ឋសាទរ នឹងការដកហូតសិទ្ធិប្រមូលសំរាម ពីក្រុមហ៊ុនស៊ិនទ្រី និងសង្ឃឹមថា ក្រុមហ៊ុនថ្មីមានសមត្ថភាព និងទំនួលខុសត្រូវជាងមុន

ព័ត៌មាន
ប្រជាពលរដ្ឋ បានបង្ហាញពី ការគាំទ្រ និងចំណាត់ការរបស់រាជរដ្ឋាភិបាល ដែលបានសម្រេចដកហូតសិទ្ធិប្រតិបត្តិការប្រមូលសំរាមពីក្រុមហ៊ុន ស៊ិនទ្រី និងផ្…

វៀតណាម ដាក់គោលដៅ ខ្ចីបំណុល ២១ ពាន់លានដុល្លារអាមេរិក នៅឆ្នាំក្រោយ

ព័ត៌មាន
ដើម្បីធ្វើការសងបំណុលដែលកំពុងមានស្រាប់ និងដើម្បីគ្រប់គ្រងទៅលើឱនភាពកញ្ចប់ថវិកា ប្រទេសវៀតណាម បានដាក់គោលដៅ នឹងខ្ចីបំណុលប្រមាណ ជាង ២១ ពាន់ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ