ធនាគាររដ្ឋថៃ

ធនាគាររដ្ឋថៃចាប់ផ្តើមផ្តល់ប្រាក់កម្ចីដែលមានការប្រាក់ទាបសម្រាប់ជនក្រីក្រ


ប្រធានធនាគារប្រាក់សន្សំរាជរដ្ឋាភិបាលថៃ (GSB) លោក វីតៃ រតនាខន (Vitai Ratanakorn) បានបញ្ជាក់ថា ធនាគាររដ្ឋមួយនេះ កំពុងដាក់ឱ្យដំណើរការការផ្ដល់ប្រាក់កម្ចីដែលមានការប្រាក់ទាប និងមិនទាមទារវត្ថុបញ្ចាំឡើយ សម្រាប់ផ្ដល់ជូនប្រជាជនក្រីក្រ មានប្រាក់ចំណូលទាប ដើម្បីជួយឲ្យពួកគេអាចទទួលបានសាច់ប្រាក់ងាយស្រួលយកទៅប្រើប្រាស់ក្នុងជីវភាព ស្របពេលដែលស្ថានភាពរីករាលដាលកូវីដ១៩ និងតម្លៃប្រេងឥន្ធនៈឡើងថ្លៃ កំពុងចោទជាបញ្ហាជាច្រើនទៅលើសេដ្ឋកិច្ចថៃ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍។
ធនាគាររដ្ឋថៃផ្តល់ប្រាក់កម្ចី ក្នុងការប្រាក់ទាបដល់ប្រជាជនជនក្រីក្រ
ដោយ

លោក វី​តៃ រតនា​ខណ បាន​មាន​ប្រសាសន៍​ថា វិធានការ​នេះ គឺ​ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​ដ៏​យូរ​នៃ​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ ទៅ​លើ​បុគ្គល​ដែល​មាន​ចំណូល​ទាប​។

ជាមួយ​ការ​ផ្ដល់​កម្ចី​ការ​ប្រាក់​ទាប​ពី​ធនាគារ​រដ្ឋ GSB របស់​ថៃ នឹង​ជួយ​ឲ្យ​អតិថិជន​អាច​ខ្ចីប្រាក់​រហូត​ដល់​ជិត ៣០០​ដុល្លារ ជាមួយនឹង​អត្រា​ការ​ប្រាក់​ប្រចាំខែ ០,៣៥% ។ កន្លង​មក ធនាគារ​ក៏​បាន​ផ្តល់​កញ្ចប់​កម្ចី​ស្រ​ដៀង​គ្នា​នេះ​ក្នុង​ឆ្នាំ ២០២០-២០២១ អំឡុង​ពេល​បិទ​ខ្ទប់​ប្រទេស​ផង​ដែរ​។

ក្រៅ​តែ​ពី​ការ​ប្រាក់​ទាប​ហើយ អ្នក​ខ្ចីប្រាក់​មិន​តម្រូវ​ឱ្យ​មាន​អ្នក​ធានា ឬ​វត្ថុ​បញ្ចាំ​ទេ​អ្វី​ឡើយ ហើយ​វា​ក៏​ផ្តល់​នូវ​រយៈពេល​អនុគ្រោះ​លើ​ការ​ទូទាត់​ប្រាក់​ដើម និង​ការ​ប្រាក់​សម្រាប់​រយៈពេល​ប្រាំមួយ​ខែ​ផង​ដែរ​។ តែ​រយៈពេល​សង​ត្រលប់​មក​វិញ គឺ​មាន​រយៈពេល​ពីរ​ឆ្នាំ​។

កាលពី​ឆ្នាំ​មុន ធនាគារ​រដ្ឋ​ថៃ GSB បាន​ដាក់​ចេញ​នូវ​វិធានការ​ហិរញ្ញវត្ថុ​ចំនួន ៣៦ លើក​ដែល​មាន​តម្លៃ​សរុប​ជិត ៣៥៧​លាន​ដុល្លារ ដើម្បី​ជួយ​អតិថិជន​ដែល​កំពុង​ជួប​ការ​លំបាក​ពី​ផល​ប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩​។ គំនិត​ផ្តួចផ្តើម​នេះ បាន​គ្របដណ្តប់​លើ​អ្នក​ខ្ចី​ចំនួន ១១​លាន ៦​សែន​នាក់​។

គិត​ត្រឹម​ខែធ្នូ ឆ្នាំ ២០២១ ធនាគារ GSB មានទ្រព្យ​សកម្ម​សរុប​ចំនួន ៩០ ពាន់​លាន​ដុល្លារ ខណៈ​ប្រាក់​បញ្ញើ​មាន​ចំនួន​ជាង ៧៦​ពាន់​លាន​ដុល្លារ និង​ប្រាក់​កម្ចី​ដែល​អតិថិជន​ត្រូវ​សង​វិញ​មាន​ចំនួន​ជាង ៦៧​ពាន់​លាន​ដុល្លារ​។ កាលពី​ឆ្នាំ​មុន ប្រាក់​កម្ចី​ថ្មី​របស់​ធនាគារ​នេះ​មាន​ចំនួន​ជាង ១៧​ពាន់​លាន​ដុល្លារ ហើយ​ប្រាក់​កម្ចី​មិន​ដំណើរការ​មាន​ចំនួន ២,៥% នៃ​ចំនួន​សរុប​។

គួរ​ជម្រាប​ថា ការិយាល័យ​គោលនយោបាយ​សារពើពន្ធ​ប្រទេស​ថៃ​បាន​ព្យាករ​ថា កំណើនសេដ្ឋកិច្ច​ថៃ​មាន​ក្នុង​រង្វង់​ពី ៣,៥% ទៅ ៤,៥% នៅ​ឆ្នាំ​២០២២​នេះ ខណៈ​កំណើន​ជា​មធ្យម​នឹង​មាន​ក្នុង​រង្វង់ ៤%៕

អត្ថបទ ស៊ើ​ង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការស្ទង់មតិ៖ ពលរដ្ឋតៃវ៉ាន់ជឿលើជប៉ុនច្រើនជាងជឿអាមេរិក ថានឹងលើកទ័ពជួយកោះតៃវ៉ាន់ ប្រសិនបើចិនវាយប្រហារ

ព័ត៌មាន
ការស្ទង់មតិមួយថ្មីមួយចុងក្រោយបានបង្ហាញថា ប្រជាជនកោះតៃវ៉ាន់ហាក់មានភាពជឿជាក់លើប្រទេសជប៉ុន ច្រើនជាងជឿលើអាមេរិក ក្នុងករណីថា បើបោះតៃវ៉ាន់…

សម្តេចតេជោ ហ៊ុន សែនរំពឹងទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េនឹងកើនខ្ពស់នៅឆ្នាំនេះ

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយនឹងកូរ៉េខាងត្បូងនឹងបន្ដកើនឡើងកាន់តែខ្ពស់ថែមទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ