ជីវិត​កសិករ

កសិករ​ខ្មែរ​ធ្វើ​កសិកម្ម ដាំខ្លួន​ឯង រក​ទីផ្សារ​លក់​ក៏​ខ្លួន​ឯង?


ក្នុង​មួយ​ឆ្នាំ​ ប្រជា​កសិករ​តែងតែ​ជួប​បញ្ហា​ប្រឈម រអ៊ូ​រទាំ និង​ការ​ត្អូញត្អែរ​ពី​តម្លៃ​កសិផល​របស់​ខ្លួន​លក់​មិន​ចេញ ឬ​ធ្លាក់​ថ្លៃ។ បញ្ហា​ទាំង​អស់​នេះ​បាន​កើត​ឡើង​ស្ទើរ​តែ​គ្រប់​ខេត្ត ពិសេស​​កសិករ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ជាប់​ព្រំដែន​ថៃ ដែល​តែងតែ​ជួប​រឿងរ៉ាវ​ត្រដាប​ត្រដួស​យ៉ាង​ខ្លាំង​ពី​ការ​លក់​កសិផល​របស់​ពួកគេ​មិន​ដាច់ ឬ​តម្លៃ​ថោក ធ្លាក់ថ្លៃ​លើស​ពី​ការ​រំពឹង​ទុក មិន​រួច​ថ្លៃ​ដើម មិន​រួច​ថ្លៃ​កម្លាំង​ពលកម្ម និង​មិន​សក្ដិសម​ទៅ​នឹង​វេលា​ដែល​ពួកគាត់​ខំ​ដាំ​ដុះ​ថែ​រក្សា​នោះ​ទេ។
កម្ពុជាជា​ប្រទេស​កសិកម្ម ប៉ុន្តែ ជា​រឿយៗ កសិករ​ត្អូញត្អែរ​អំពី​ការខ្វះ​ទីផ្សារ​សម្រាប់​កសិផលរបស់​ពួកគាត់។
ដោយ

ជា​រៀង​រាល់​ឆ្នាំ កសិផល​មួយ​ចំនួន ដូចជា ផ្លែ​ល្ពៅ ដំឡូងមី ពោត និង​កសិផល​កសិកម្ម​ផ្សេងៗ​ទៀត ត្រូវ​បាន​ចាក់​ធារ គរ​ទុក​ចោល​តាម​ផ្លូវ ក្នុង​ចម្ការ តាម​ផ្សារ​រង់ចាំ​ឈ្មួញ​មក​ប្រមូល​ទិញ ជាមួយ​នឹង​ក្តី​រំពឹង​ថា តម្លៃនឹង​សមរម្យ។ 

ផ្ទុយ​ទៅ​វិញ ការ​រំពឹង​ទុក​អស់​ទាំង​នេះ តែងតែ​មិន​សម​តាម​បំណង​របស់​កសិករ​ខ្មែរ។ ផលិតផល​កសិកម្ម​ខ្មែរ​ភាគ​ច្រើន ពឹងផ្អែក​តែ​លើ​ឈ្មួញ​ពី​ប្រទេស​ថៃ​និង​វៀតណាម មក​ទិញ។

កសិករខែ្មរ​សំណូម​ពរ​ដល់​រដ្ឋាភិបាល​​ឲ្យ​ជួយ​ផ្តល់​ព័ត៌មាន​ទីផ្សារ​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ដល់​ប្រជាកសិករ ដោយ​ប្រាប់​ថា ផលិត​ផល​ណា ដំណាំ​ណា មាន​ទីផ្សារ មាន​តម្រូវការ និង ជួយ​ផ្តល់​បច្ចេកទេស​ដាំ​ដំណាំ​វិល​ជុំ និង​បែងចែក​ពេល​វេលា​ដាំ​ដុះ ដើម្បី​កុំ​ឲ្យ​មាន​តម្រូវការ​លើស និង​កុំ​ឲ្យ​ឈ្មួញ​ដើរ​ក្រឡុក​ទីផ្សារ។ បញ្ជូន​​អ្នក​​បច្ចេក​ឲ្យ​មាន​តាម​ឃុំ ផ្តល់​បច្ចេក​ទេស​ពិត​ប្រាកដ​ដល់​កសិករ កុំ​ឲ្យ​គិត​តែ​បង្រៀន​ប្រជាពលរដ្ឋ​ពី​ការ​ប្រើប្រាស់​ជី​របស់​ក្រុមហ៊ុន។


👉 គួរអាន ! បញ្ហា​ខ្វះ​ទីផ្សារ​បង្ខំ​ឲ្យ​កសិករ​ខ្មែរ​បោះបង់​ចោល​កសិកម្ម ចាក​ចោល​ស្រុក​កំណើត?


កន្លង​មក មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​ទទួល​ស្គាល់​ថា កសិករ​កំពុង​ខ្វះខាត​នូវ​ព័ត៌មាន​ពិត​អំពី​ទីផ្សារ។ ពួកគាត់​តែងតែ​ជឿ​ឈ្មួញ​កណ្តាល​ថា ដាំ​ដំណាំ​នេះ​មាន​ទីផ្សារ​ល្អ មាន​តម្លៃ​ថ្លៃ ប៉ុន្តែ ធាតុ​ពិត នៅ​រដូវ​ប្រមូល​ផល​ម្តងៗ ឈ្មួញ​បាន​បន្ទាប​តម្លៃ ដោយ​អះអាង​ថា គ្មាន​ទីផ្សារ​ទៅ​វិញ។ បញ្ហា​ត្រង់​នេះ ក្រសួង​ពាណិជ្ជកម្ម​ខ្លួនឯង​ក៏​ទទួល​ស្គាល់​ថា ក្រសួង​មាន​ចំណុច​ខ្វះខាត​នូវ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ស្តីពី​ទីផ្សារ​កសិផល​នេះ​ដែរ។

មន្ត្រី​អង្គការ​សេដាក បាន​លើក​ឡើង​ថា ប្រជាកសិករ​នាំ​គ្នា​ដាំ​ច្រើន ដោយ​ភ្លេច​គិត​អំពី​ទីផ្សារ លក់​មិន​ចេញ ធ្លាក់​ថ្លៃ ជំពាក់គេ ដែល​ធ្វើ​ឲ្យ​ពួកគាត់​ឈាន​ទៅ​រក​ការ​ធ្វើចំណាក​ស្រុក និង​ធ្ងន់ធ្ងរ​មែនទែន អាច​នឹង​លក់​ដី​របស់​ពួកគាត់​តែ​ម្តង។ ដូច្នេះ ព័ត៌មាន​អំពី​ទីផ្សារ​គឺ​សំខាន់​និង​ចាំបាច់​បំផុត ដែល​ពួកគាត់​ត្រូវ​តែ​ដឹង។ 

ក្រសួង​កសិកម្ម និង​ក្រសួង​ពាណិជ្ជកម្ម​គួរ​បង្កើន​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​អំពី​ទីផ្សារ និង​ផែនការ​ ដល់​ប្រជា​កសិករ​ឲ្យ​បាន​ច្រើន​ជាង​នេះ។

ក្រុម​អ្នកជំនាញ​នៅ​ក្នុង​វិស័យ​កសិកម្ម បាន​អះអាង​ថា បញ្ហា​ដែល​ដាំ​បាន​ផល​ហើយ មិន​ដឹង​ជា​ទៅ​លក់​នៅ​ឯណា​ ឬ​គ្មាន​ទីផ្សារ ឬ​លក់​ថោក ឬ​ដាំ​មិន​បាន​ផល ដោយសារ​ខ្វះ​បច្ចេក​ទេស ខ្វះ​ប្រព័ន្ធ​ធារា​សាស្រ្ត​ស្រោច​ស្រព​ទាំង​អស់​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ប្រជា​កសិករ​មួយ​ចំនួន លះ​បង់​ការងារ​ជា​កសិករ ដាំដុះ​បន្លែ​បង្ការ ទៅ​ធ្វើ​អ្វី​ផ្សេងៗ រួមទាំង​ជា​កម្មករ​ចំណាក​ស្រុក។ ចំណុច​ទាំង​​អស់​​នេះ​​ហើយ ដែល​បើក​ឱកាស​ពេញ​ដៃ​ក្នុង​ការ​នាំចូល​បន្លែ ផ្លែ​ឈើ​មក​ពី​ប្រទេស​ជិត​ខាង​ មួយ​ថ្ងៃៗ​រាប់​រយ​តោន។

តាម​ការ​សិក្សា​ពី​ក្រុម​អ្នក​ជំនាញ​មក​ពី​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ​បាន​បង្ហាញថា កម្ពុជា​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​ជាង ២០០​​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ លើ​ការ​នាំ​ចូល​បន្លែ​ពី​ប្រទេស​ជិត​ខាង ភាគ​ច្រើន នាំ​ចូល​ពី​ប្រទេស​វៀតណាម​និង​ថៃ។ ប្រទេស​កសិកម្ម​មួយ​នេះ ត្រូវការ​នាំ​ចូល​បន្លែ​ដល់​ទៅ​ជិត ៤០០​តោន​ក្នុង​មួយ​ថ្ងៃ ស្មើ​នឹង​ជាង ១៤​​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុង​ស្រុក។

ជុំវិញនឹង​ការ​នាំ​ចូល​បន្លែ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​​បែប​នេះ ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ ទទួល​ស្គាល់​ថា វា​ជា​ការ​ពិត។ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​ទេសាទ តែងតែ​លើក​ឡើង​បា្រប់​អ្នក​សារព័ត៌មាន​យ៉ាង​ច្បាស់​ថា លំហូរ​នៃ​ការ​នាំចូល​បន្លែ​ច្រើន​បែប​នេះ មិន​មាន​ន័យ​ថា កម្ពុជា​គ្មាន​សមត្ថភាព​ដាំ​បន្លែ​ដោយ​ខ្លួន​ឯង​បាន​នោះ​ទេ ប៉ុន្តែ អ្វី​ដែល​សំខាន់​គឺ​កត្តា​តម្លៃ​អគ្គិសនី​ខ្ពស់ ដែល​ធ្វើ​ឲ្យ​ថ្លៃ​ដើម​នៃ​ការ​ផលិត​មាន​តម្លៃ​ថ្លៃ រហូត​មិន​អាច​ផលិត​ខ្លួន​ឯង​បាន ត្រូវ​បង្ខំ​ចិត្ត​ធ្វើការ​នាំ​ចូល​ច្រើន​បែប​នេះ។

ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ខាង​លើ​នេះ​ដែរ រដ្ឋាភិបាល​បាន​ចាយ​​ថវិកា ២០​លាន​ដុល្លារ​​ក្នុង​កម្មវិធី​ជំរុញ​ផលិតកម្ម​ស្បៀង​ឆ្នាំ​២០១៦–២០១៨ ដំណាក់កាល​ទី​១ ដែល​ក្នុង​នោះ ថវិកា​មួយ​ចំនួន​នឹង​ផ្ដោត​ទៅ​លើ​ការ​ពង្រឹង​ផលិតកម្ម​បន្លែ​ក្នុង​ប្រទេស​កម្ពុជា​តែ​ម្តង។  នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ (CPS)៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លា​ហើយ ...លា​រហូត​ហើយ​«ប្រដឹស»​​កោះ​ប៉ែន !

ព័ត៌មាន
កោះប៉ែន កោះ​សូទិន ថ្វី​ត្បិត​ជា​កូនកោះតូច តែ​មាន​គេ​ស្គាល់​ច្រើន ដោយសារ​បទ​ចម្រៀង​រៀបរាប់​ពី​ទឹក​ដី​នេះ របស់​អ្នក​ចម្រៀង​អធិរាជ​សំឡ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ