សហគ្រិន-សុខភាព

សហគ្រិនស្រ្តីខ្មែរម្នាក់នេះ ទទួលបានជោគជ័យក្នុងមុខជំនួញថែទាំសុខភាពចល័ត


បច្ចុប្បន្ន សេវាថែទាំមនុស្សចាស់ អ្នកជំងឺ និង កុមារ កំពុងមានតម្រូវការ និង មានភាពវិជ្ជមានខ្លាំង នៅក្នុងទីផ្សារកម្ពុជា ដ្បិត និន្នាការរបស់យុវជនខ្មែរសព្វថ្ងៃនេះ មានភាពមមាញឹកការងារខ្លាំង ដែលស្ទើរគ្មានពេលវេលាគ្រប់គ្រាន់ និង គ្មានជំនាញក្នុងការមើលថែអ្នកជំងឺ ដែលជាសាច់ញាតិរបស់ខ្លួន។
អ្នកស្រី ឌី ផនភិរម្យ ស្ថាបនិកសេវាថែទាំសុខភាពចល័ត MUCHs (រូបថត៖ រ៉ឹម ភារី)
ដោយ

អ្នកស្រី ឌី ផនភិរម្យ ស្ថាបនិកសេវាថែទាំសុខភាពចល័ត MUCHs ដែលជាក្រុមហ៊ុនថ្មីថ្មោង Startup មួយក្នុងចំណោមក្រុមហ៊ុន Startup ចំនួន​៣ ដែលទទួលបានជ័យលាភី សហគិ្រន វ័យក្មេងប្រចាំឆ្នាំ២០១៧ បានផ្តល់បទសម្ភាសជាមួយសារព័ត៌មាន ខេមបូណូមីស ថា ក្រុមហ៊ុនរបស់ខ្លួន ដែលបានបង្កើតជិត២ឆ្នាំមកនេះ បានទទួលអតិថិជនច្រើនគួរសម និង មានការឆ្លើយតបជាវិជ្ជមានពីអតិថិជនទាំងជនជាតិខ្មែរ និង បរទេស។

សេវាថែទាំសុខភាពចល័តរបស់ក្រុមហ៊ុន Home Health Care Cambodia (MUCHs) មានដូចជា៖ សេវាថែទាំចាស់ជរា អ្នកជំងឺរ៉ាំរ៉ៃ អ្នកជំងឺដែលសម្រាកនៅមន្ទីរពេទ្យ និង ថែទាំក្រោយចេញពីមន្ទីរពេទ្យ ថែទាំមាតុភាពដល់គេហដ្ឋាន និង ពិគ្រោះព្យាបាលជំងឺ ដោយវេជ្ជបណ្ឌិតជំនាញជាដើម។

បើតាម អ្នកស្រី ឌី ផនភិរម្យ អគ្គនាយកក្រុមហ៊ុន MUCHs ដែលជាគិលានុបដ្ឋាយិកា និង មានបុគ្គលិក ២៨នាក់សុទ្ធតែជាគិលានុបដ្ឋាយិកា និង ឆ្មប បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «តាមពិត ខ្ញុំចង់ធ្វើការងារនេះតាំងពី២០០៧ ប៉ុន្តែ កាលនោះនៅស្ទើរជំនាញផ្នែកជំនួញ។ បន្ទាប់ពីបានចូលរួមក្នុងសិក្ខាសាលាមួយស្តីពី៖ «ការថែទាំអ្នកជំងឺមហារីក» ក៏ប៉ះចិត្តរបស់ខ្ញុំ ដែលធ្លាប់មានឪពុកមានជំងឺមហារីក ហើយខ្ញុំមិនបានថែទាំគាត់ឲ្យបានដិតដល់។ ដូច្នេះ ក៏សម្រេចបង្កើតសេវាថែទាំនេះ ដើម្បីសម្រួលដល់អ្នកជំងឺ និង សមាជិកគ្រួសាររបស់អ្នកជំងឺ»។

អតិថិជនរបស់សេវាថែទាំសុខភាពចល័ត MUCHs (រូបថត៖ ក្រុមហ៊ុន MUCHs)

ទន្ទឹមគ្នានេះ MUCHs មានក្រុមវេជ្ជបណ្ឌិតជំនាញ ដើម្បីទៅព្យាបាល និង ប្រឹក្សាយោបល់ដល់អ្នកជំងឺនៅគេហដ្ឋាន និង មានកិច្ចសហប្រតិបត្តិការ ជាមួយមន្ទីរពេទ្យនៅសិង្ហបុរី ព្រមទាំងមានសេវាយន្តហោះពេទ្យ សម្រាប់ដឹកអ្នកជំងឺសង្គ្រោះបន្ទាន់ទៅក្រៅប្រទេសផងដែរ។

តាមពិតទៅ សេវាទាំសុខភាពចល័ត ហាក់បានក្លាយជាជំនួញថ្មីមួយនៅកម្ពុជា និង មិនទាន់មានការប្រកួតប្រជែងខ្ពស់នៅឡើយ ខណៈនៅបរទេស ជំនួញប្រភេទនេះ បានធ្វើប្រតិបត្តិការបោះជំហានវែងរួចបាត់ទៅហើយ។

រូបថត៖ ក្រុមហ៊ុន MUCHs

បើតាមស្ថាបិកខាងលើ ចាប់តាំងពីបានបង្កើតសេវាថែទាំនេះមក MUCHs ទទួលបានអតិថិជនជាច្រើនទាំងក្នុងស្រុក និង ក្រៅប្រទេស ព្រមទាំងមានអតិថិជនមានឋានៈខ្ពង់ខ្ពស់ ដូចជា៖ សាច់ញាតិរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និង សែរាជវង្សនៅកម្ពុជាទៀតផង។

អ្នកស្រី ឌី ផនភិរម្យ ថ្លែងទាំងរីករាយថា៖ «យើងមានជោគជ័យជាជំហានៗ ដែលមានការពេញចិត្ត និង គាំទ្រពីអតិថិជនខ្មែរ និង អន្តរជាតិ។ ហើយយើងក៏មានមោទនភាព ដែលយើងបានបង្កើតការងារដល់បុគ្គលិក និងផ្តល់ប្រាក់ខែឲ្យពួកគេបានខ្ពស់ ដោយម្នាក់ៗទទួលបានប្រាក់ខែចន្លោះពី ១២០០ ទៅ១៥០០ដុល្លារសហរដ្ឋអាមេរិក»។

អ្នកស្រី ឌី ផនភិរម្យ ស្ថាបនិកសេវាថែទាំសុខភាពចល័ត MUCHs (រូបថត៖ រ៉ឹម ភារី)

យ៉ាងណាទម្រាំមានពន្លឺមកដល់សព្វថ្ងៃ ការប្រឈម និង ឧបសគ្គ ក៏បានចោទឡើងខ្លះៗផងដែរ សម្រាប់អ្នកជំនួញជើងថ្មីរូបនេះ។ ការប្រឈមទាំងឡាយ ដោយសារជំនួញនេះ ជាប្រភេទគំនិតជំនួញថ្មី ដែលពលរដ្ឋខ្មែរមិនសូវបានស្គាល់ និង មិនទាន់ជឿទុកចិត្ត ការប្រៀបធៀបបុគ្គលិកដែលជាគិលាននុបដ្ឋាយិកាទៅនឹងអ្នកបម្រើធម្មតា អ្នកជំងឺមិនចង់មានអ្នកមើលថែក្រៅពីកូនចៅសាច់ញាតិរបស់ខ្លួន  និងផ្នត់គំនិតបុគ្គលិកដែលភ័យខ្លាចក្នុងការធ្វើការថែទាំនៅផ្ទះអ្នកជំងឺជាដើម។

ស្រ្តីខ្មែរវ័យ៣៧ឆ្នាំរូបនេះ បញ្ជាក់យ៉ាងដូច្នេះថា៖ «កូនចៅអ្នកជំងឺ គេចង់បានយើងមកមើលថែ តែអ្នកជំងឺខ្លះ គាត់យកលេសថា គាត់អត់អីទេ គាត់អាចមើលថែខ្លួនឯងបាន តែគាត់ត្រូវការអ្នកមើលថែក្រោយចេញពីមន្ទីរពេទ្យ។ តាមពិតទៅ គាត់មិនចង់បានអ្នកផ្សេងក្រៅតែពីកូនចៅគាត់។ មួយទៀត បុគ្គលិក គាត់ភ័យខ្លាចថា ទៅមើលថែអ្នកជំងឺដល់ផ្ទះ គឺតែម្នាក់ឯង ដែលខុសពីនៅពេទ្យ មានក្រុមជួយគ្នា។ គាត់ខ្លាចផ្ទះម្ចាស់ធ្វើបាប។ បុគ្គលិកធ្វើការងារនេះ ត្រូវមានភាពម្ចាស់ការលើខ្លួនឯងខ្ពស់ណាស់ ទើបធ្វើការងារនេះបាន ព្រោះ យើងបម្រើតាំងពីការហូបអាហារ ណាត់គ្រូពេទ្យ ហាត់ប្រាណ អនាម័យខ្លួនប្រាណ ធ្វើឲ្យគាត់សប្បាយចិត្ត កាត់ក្រចកដៃក្រចកជើងឲ្យគាត់ និយាយរួមទៅ មើលថែគាត់ដូចមើលថែកូនក្មេងអ៊ីចឹង»។

បើតាមស្ថាបនិកខាងលើ ការបង្កើតសេវានេះ បានជួយសម្រួលយ៉ាងច្រើន ដល់អ្នកជំងឺ និង សមាជិកគ្រួសារ ពីព្រោះ ការមើលថែអ្នកជំងឺដោយកូនចៅ មិនដូចអ្នកជំនាញឡើយ។ អ្នកជំនាញ មានចំណេះដឹងសង្គ្រោះបឋម ដឹងចិត្តសាស្រ្តនៃការថ្នាក់ថ្នមអ្នកជំងឺ និង អាចបម្រើអ្នកជំងឺប្រកបដោយប្រសិទ្ធភាព។ ក្នុងនោះ ក៏មានសេវាថែទាំសម្រន់ ដែលមានន័យថា ថែទាំអ្នកជំងឺដែលពេទ្យមើលលែងជា ដោយផ្តល់ទាំងវេជ្ជសាស្រ្ត ចិត្តសាស្រ្ត មានគ្រូពេទ្យជួយប្រឹក្សា ព្រមទាំងមានការណែនាំតាមផ្លូវសាសនាជាដើម ដើម្បីឲ្យអ្នកជំងឺរីករាយ និង មានក្តីសង្ឃឹមក្នុងការរស់នៅ។

ដោយឡែក តម្លៃនៃសេវាថែទាំវិញ ត្រូវបាននាយិការូបនេះ បញ្ជាក់ថា មានតម្លៃចន្លោះពី ២៦០ ដុល្លារ ទៅជាង៣ពាន់ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ(សម្រាប់អ្នកជំងឺដែលថែទាំរយៈពេលវែង) ហើយក្រុមហ៊ុនសហការជាមួយមន្ទីរពេទ្យឯកជនភាគច្រើន និង កំពុងសហការជាមួយ មន្ទីរពេទ្យកាល់ម៉ែតផងដែរ។

បើតាមគម្រោងនៅថ្ងៃអនាគត អ្នកស្រី ឌី ផនភិរម្យ គ្រោងពង្រីកសេវាកម្មនេះ ឲ្យបានកាន់តែធំជាងនេះ ទាំងនៅក្នុងស្រុក និង នៅថ្នាក់តំបន់។

អ្នកស្រីអត្ថាធិប្បាយថា៖ «ខ្ញុំមានគម្រោងពង្រីកសក្តានុពលឲ្យបានកាន់តែធំ ជាពិសេស ខ្ញុំចង់ បើកមជ្ឈមណ្ឌលថែទាំចាស់ជរា និង អ្នកជំងឺ ដោយឲ្យអតិថិជនមកស្នាក់នៅកន្លែងយើងតែម្តង ដើម្បីងាយស្រួលថែទាំ។ បើនៅសិង្ហបុរីវិញ គេមានមជ្ឈមណ្ឌលបែបនេះ រហូតដល់ប្រើប្រាស់ Robot (មនុស្សយន្ត) ដើម្បីមើលថែទាំមនុស្សចាស់ និង អ្នកជំងឺទៀតផង»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖ វិស័យ​ SME នៅតែ​ខ្វះការ​លើក​ទឹកចិត្តពី​រដ្ឋ

ព័ត៌មាន
វិស័យ​សហគ្រាស​ធុនតូច និងមធ្យម (SME) ត្រូវ​បានទទួល​ស្គាល់ថា ជាកម្លាំង​ស្នូល​ដ៏សំខាន់មួយ​ក្នុងការ​ជួយទ្រទ្រង់​ដល់ការ​លូតលាស់​ម៉ាក្រូសេដ្ឋ…

ឆ្នាំ២០១៧ អគ្គនាយក​ដ្ឋាន​​ពន្ធដារ​ប្រមូល​ពន្ធ​បានជិត​២ពាន់​លានដុល្លារ​អាមេរិក

ព័ត៌មាន
គិតត្រឹម​រយៈពេល​៥ឆ្នាំចុង​ក្រោយ​នេះ អគ្គនាយក​ដ្ឋាន​ពន្ធដារ បាន​សម្រេច​គោលដៅ​ប្រមូលពន្ធ​លើសផែនការ​ច្បាប់​បាន​កំណត់ ជាពិសេស គិតពេញ១​ឆ្នាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ