ហុងដា បិទរោងចក្រ​ផលិតរថយន្ដ

ក្រុមហ៊ុនយក្សជប៉ុន ហុងដា នឹងបិទរោងចក្រដំឡើងរថយន្ដរបស់ខ្លួន នៅអង់គ្លេស និងតួកគី នៅឆ្នាំ២០២១


ក្រុមហ៊ុនផលិតរថយន្ដម៉ាក ហុងដា របស់ជប៉ុន កាលពីពេលកន្លងទៅថ្មីៗនេះ បានសម្រេចចិត្ត ប្រកាសពីផែនការបិទរោងចក្រដំឡើងរថយន្ដ ធំៗ២ កន្លែង នៅប្រទេស អង់គ្លេស និងតួកគី នៅក្នុងឆ្នាំ២០២១ខាងមុខនេះ។ ការសម្រេចចិត្តឈានទៅបិទរោងចក្រធំៗទាំងពីរកន្លែងនេះ ត្រូវបានក្រុមហ៊ុន ហុងដា បញ្ជាក់ថា គឺដោយសារក្រុមហ៊ុននេះ ងាកទៅផ្ដោតទៅលើទុនវិនិយោគ សម្រាប់ការផលិតម៉ាស៊ីនដែលប្រើប្រាស់អគ្គិសនីវិញម្ដង។ ហើយក្រុមហ៊ុននេះ បានប្រកែកយ៉ាងដាច់ណាត់ថា មិនមែនបណ្ដាលមកពីការដកខ្លួនរបស់អង់គ្លេសចេញពីសហភាពអឺរ៉ុប (Brexit) នោះឡើយ។
ក្រុមហ៊ុនយក្សជប៉ុន ហុងដា នឹងបិទរោងចក្រដំឡើងរថយន្ដរបស់ខ្លួន នៅអង់គ្លេស និងតួកគី នៅឆ្នាំ២០២១ (https://www.theguardian.com)
ដោយ

តាម​ការ​ប្រកាស​ព័ត៌មាន របស់ក្រុមហ៊ុន​ហុងដា កាលពីថ្ងៃទី ១៩ កុម្ភៈនេះ បានឲ្យដឹងដែរថា ការបោះបង់​រោងចក្រ​ដំឡើង​រថយន្ដ​នៅ អង់គ្លេសនេះ គឺដោយសារតែ​ក្រុមហ៊ុន​ផ្ដោត​ទៅលើទុន​វិនិយោគ ​សម្រាប់​ការផលិត​ម៉ាស៊ីន​ដែលប្រើប្រាស់​អគ្គិសនី​វិញម្ដង ហើយវា​មិនពាក់ព័ន្ធ​ទៅនឹង​រឿង​ការដកខ្លួន​របស់អង់គ្លេស​ពី​សហភាពអឺរ៉ុប (Brexit) នោះឡើយ។  ​​​

នាយករដ្ឋមន្ត្រី​អង់គ្លេស លោកស្រី ធារេ សាមេ បាននិយាយថា ការប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុនជប៉ុន ហុងដា អំពី​ការឈាន​ទៅបិទ​រោងចក្រ​ដំឡើង​រថយន្ដ​របស់ខ្លួន​នៅអង់គ្លេស​ នៅត្រឹម​ឆ្នាំ​២០២១ខាងមុខ​នោះ គឺជារឿង​មួយដែល​គួរឲ្យ​សោកស្ដាយ​ជាពន់ពេក ប៉ុន្ដែ លោកស្រីថា សូមកុំ​មក​បន្ទោស​ថា ការបិទ​រោងចក្រ ផលិត​រថយន្ដ​ហុងដានេះ គឺបណ្ដាល​មកពីការ​ចាកចេញ​របស់អង់គ្លេស ពីសហភាព​អឺរ៉ុប​ឲ្យសោះ។ 

សារព័ត៌មាន Reuters បាន​ស្រង់សម្ដី លោកស្រី ធារេសា មេ ដែលបាន​និយាយ​ថា ការសម្រេចចិត្ត​របស់​ក្រុមហ៊ុន​ហុងដា​នៅសប្ដាហ៍នេះ គឺជារឿង​មួយ ដែល​គួរឲ្យខកចិត្ត​មែនទែន។ ហើយក្រុមហ៊ុន ហុងដា បាន​បញ្ជាក់យ៉ាង​ច្បាស់​ហើយថា ការបិទ​រោងចក្រ​របស់ខ្លួននេះ គឺមិនជាប់ទាក់ទង​នឹង​ការ​ដកខ្លួន​របស់អង់គ្លេស​ពី​សហភាពអឺរ៉ុ​បនោះឡើយ។ តែ​ការសម្រេចចិត្តនេះ គឺ​ដោយសារតែ​មានការប្រែប្រួល​ទាក់ទង​ទៅនឹង​និន្នាការ​ទីផ្សារ​រថយន្ដ​សកល​តែប៉ុណ្ណោះ។

តាម​សារព័ត៌មាន Automotive news បាន​វិភាគដែរថា ហេតុផល​មួយទៀត ដែល​ជំរុញឲ្យ​ក្រុមហ៊ុន ហុងដា ដករោង​ចក្រផលិត​ពីអឺរ៉ុប គឺដោយ​សារតែ នាពេលថ្មីៗនេះ ជប៉ុន​ និងអឺរ៉ុប ទើបតែមាន​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​ជាមួយគ្នា ដែលបាន​កិច្ចព្រមព្រៀង​នេះ បានចូលជា​ធរមាន​កាលពីថ្ងៃទី ១​ខែកុម្ភៈ មកម្លេះ​ ដែលវា​បាន​ធ្វើឲ្យ​ការនាំចូល​រថយន្ដ​ពីជប៉ុន​ទៅអឺរ៉ុប ដែលធ្លាប់​តែ​តម្រូវ​ឲ្យបង់ពន្ធ​១០% ត្រូវបាន​កាត់ចោល​មកនូវ​ពន្ធស្មើ​សូន្រ រហូតដល់​១០ឆ្នាំឯណោះ។ ដូច្នេះហើយ វាបានធ្វើឲ្យ​ក្រុមហ៊ុន​ផលិត​រថយន្ដ​ក្នុងស្រុក​នៅប្រទេស​ជប៉ុន មានឱកាស​ កាន់តែ​ងាយស្រួល​ក្នុងការ​នាំចូល​រថយន្ដ ចូល​ទៅអឺរ៉ុប​រួចពន្ធ។ 

បើតាម​ប្រធាន​ក្រុមហ៊ុន​ ហុងដា ប្រចាំ​សហភាពអឺរ៉ុប​​ លោក Ian Howells បាន​និយាយ​នៅក្នុង​វិទ្យុ​BBC​ថា ក្រោយពី​ដក​ខ្លួន​ពីអឺរ៉ុប ក្រុមហ៊ុន​ហុងដា នឹង​ផ្ដោត​ការ​វិនិយោគ​បន្ថែមទៀត នៅក្នុងប្រទេសចិន អាមេរិក និងជប៉ុន។

ទោះយ៉ាងណា​ តាមសេចក្ដី​ថ្លៃងការណ៍​មួយ​របស់ក្រុមហ៊ុន​ហុងដា បានឲ្យដឹងថា ការសម្រេច​ចិត្ត នឹងបិទ​រោងចក្រ​ដំឡើង​រថយន្ដ នៅក្នុងទីក្រុង ​ស្វីនដុន នៃចក្រភព​អង់គ្លេស​នៅក្នុង​រយៈពេល ២ឆ្នាំខាងមុខទៀតនេះ អាចនឹង​ធ្វើឲ្យ​កម្មករ​និយោជិត​ប្រមាណ ៣.៥០០ នាក់ ប្រឈម​មុខនឹង​ការបាត់បង់​ការងារធ្វើ ខណៈដែល​ក្នុង​មួយឆ្នាំៗ ក្រុមហ៊ុននេះ មានសមត្ថភាព​ផលិត​រថយន្ដ​ប្រមាណ ១៥ម៉ឺន​គ្រឿង។

អង់គ្លេស ត្រូវបានគេដឹងថា គឺជា​ទីតាំងមួយ ដែលបណ្ដុះទៅដោយ​រោងចក្រផលិត​រថយន្ដ​របស់ក្រុមហ៊ុនជប៉ុនធំៗ ដូចជា ហុងដា នីសាន់ និងតូយ៉ូតាជាដើម ដោយ​ក្រុមហ៊ុនទាំង៣នេះ គឺឈរក្នុងចំណោម​រោងចក្រ​ផលិតរថយន្ដ​ធំបំផុត​ទាំ​៦នៅក្នុងប្រទេសអង់គ្លេស​​។ 

មិនត្រឹមតែ បិទរោងចក្រ​នៅ​អង់គ្លេស​ប៉ុណ្ណោះទេ បើតាមផែនការ ក្រុមហ៊ុន ហុងដា ក៏នឹង​បិទ​រោងចក្រ​របស់ខ្លួន​ នៅប្រទេស​តួកគី​ផងដែរ នៅឆ្នាំ​២០២១ខាង​មុខនេះ ខណៈដែល​នៅតួកគី ក្រុមហ៊ុន​ហុងដា ផលិត​រថយន្ដ​បាន​ប្រមាណ ៣ម៉ឺន ៨ពាន់គ្រឿង​ក្នុងមួយឆ្នាំៗ។ ដ្បិតតែរោងចក្រ​នៅតួកគី នឹងត្រូវបិទក្ដី តែ ក្រុមហ៊ុន​ហុងដា អះអាងថា នឹងនៅ​តែចូល​រួម បន្ត​ប្រតិបត្តិការ​លក់ និងផ្សព្វផ្សាយ​នៅក្នុង​ប្រទេសនេះ​ដដែល៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិស័យ​កសិកម្ម​មិន​គ្រប់គ្រាន់​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជា​អ្នក​មាន​នោះ​ទេ?

ព័ត៌មាន
បើ​រាប់​ចាប់​តាំង​ពី​ជាង​៣០​ឆ្នាំ​មុន គេ​អាច​និយាយ​បាន​ថា កសិកម្ម​គឺ​ជា​វិស័យ​ស្នូល​ក្នុង​ការ​​ទ្រទ្រង់​កំណើន​ជីវភាព​ប្រជាជន​ខ្មែរ​ល្…

លោកបណ្ឌិត អ៊ិន ចាន់នី៖ ឆ្នាំ២០៣០ កម្ពុជាពិតជាអាចសម្រេចគោលដៅ ក្លាយជា ប្រទេស​ចំណូលមធ្យមកម្រិតខ្ពស់តាមផែនការ

ព័ត៌មាន
នៅក្នុងរបាយការណ៍នោះដែរ ធនាគារពិភពលោក បានលើកឡើងអំពី ដំណើរការឈានទៅសម្រេចគោលដៅ របស់កម្ពុជា ក្នុងឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ