វិស័យអាកាសចរណ៍​ហុងកុង

ក្រុមហ៊ុនអាកាសចរណ៍ហុងកុង នឹងរៀបចំបើកប្រាក់ខែជូនបុគ្គលិក ក្រោយពីខកខានបើកតាមការកំណត់


ក្រុមហ៊ុនអាកាសចរណ៍ហុងកុង បានខកខានក្នុងការបើកប្រាក់ខែជូនបុគ្គលិករបស់ខ្លួន ទាន់ពេលវេលា សម្រាប់ខែវិច្ឆិកាកន្លងទៅនេះ។ ក្នុងនោះ មានបុគ្គលិករបស់ក្រុមហ៊ុនជិតពាក់កណ្ដាលមិនបានទទួលប្រាក់ខែទាន់ពេលវេលាកំណត់នោះទេ។ បញ្ហាដែលកើតឡើងចំពោះអាជីវកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ហុងកុងនេះ ត្រូវបានគេមើលឃើញថា គឺកើតឡើងដោយសារតែបញ្ហាបាតុកម្ម ក្នុងទីក្រុងហុងកុង និងតម្រូវការធ្វើដំណើរថយចុះ។
ក្រុមហ៊ុនអាកាសចរណ៍ហុងកុង នឹងរៀបចំបើកប្រាក់ខែជូនបុគ្គលិក ក្រោយពីខកខានបើកតាមការកំណត់ (រូបភាព៖ Bloomberg)
ដោយ

យ៉ាងណាក៏ដោយចុះ ដោយសារតែមាន​សម្ពាធ​ពីអាជ្ញាធរ​ជានិយ័តករ ក្រុមហ៊ុន​អាកាសចរណ៍​ហុងកុង បាន​បញ្ជាក់ថា ខ្លួន​បាន​ត្រៀម​ផែនការ​ថវិកា ដែលអាច​នឹង​ឆ្លើយតប​ទៅនឹង​ការតម្រូវ​របស់​អាជ្ញាធរជា​និយ័តករ និងអាចបើក​ប្រាក់ខែ​ដល់បុគ្គលិក​របស់ខ្លួនបាន។

ក្រុមហ៊ុន​បាន​បញ្ជាក់ថា សម្រាប់បុគ្គលិក​ដែលបម្រើការ​នៅ​ក្រៅប្រទេស​អាច​បើកប្រាក់ខែ​ទាន់កាលកំណត់ ប៉ុន្ដែ​សម្រាប់​បុគ្គលិកផ្សេងពីនេះ គឺអាច​ពន្យារពេល​បន្តិច។ មាន​បុគ្គលិក​ប្រមាណ​១៦០០ នាក់​នឹង​ត្រូវខកខាន​បើកប្រាក់ខែនេះ ឬស្មើនឹងជិត​៤៥% នៃ បុគ្គលិកសរុប​៣៥៦០ នាក់របស់ក្រុមហ៊ុន។

ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​អាកាសចរណ៍​ហុងកុង លោក Hou Wei បាន​ផ្ញើសារតាមអ៊ិម៉ែល​ថា ផែនការ​កញ្ចប់ថវិកានេះ គឺ បាន​ត្រៀមរួលរាល់ហើយ​ បន្ទាប់ពីមាន​ការពិគ្រោះយោបល់បន្ទាន់​រួចមក ហើយ​បុគ្គលិក​ដែលក្រុមហ៊ុន​បានជំពាក់ប្រាក់ខែ​ទាំងអស់ នឹងបានបើក​ប្រាក់ខែ​នៅថ្ងៃទី ព្រហស្សតិ៍ទី៥ ធ្នូនេះ។ 

ក្រុមហ៊ុនអាកាសចរណ៍នេះ បាន​ឲ្យដឹងដែរថា សេវាកម្មនឹងចាប់ផ្ដើម​ដំណើរការឡើងវិញជាបណ្ដើរៗ នៅពេល​ដែលថវិកាមកដល់។ ទោះយ៉ាងណា​ក្រុមហ៊ុន​អាកាសចរណ៍ហុងកុង នៅតែ​បន្ត​ប្រឈម​នឹង​តម្រូវការធ្វើដំណើរ​ថយចុះ និងការធ្លាក់ចុះប្រាក់ចំណូល។

នាពេល​ថ្មីៗនេះ អាជ្ញាធរផ្តល់អាជ្ញាប័ណ្ណដឹកជញ្ជូនតាមផ្លូវអាកាស បាន​ចេញលក្ខខណ្ឌ​ថ្មី​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​ហុងកុង ដោយ​ក្នុងនោះ មានតម្រូវ​ឲ្យ​ក្រុមហ៊ុន​បង្កើន​សាច់ប្រាក់ និង​រក្សាកម្រិតសាច់ប្រាក់ មុនពេល​សម្រេចចិត្ត​ថា តើ​ត្រូវផ្អាក ឬក៏ដកអាជ្ញាបណ្ណ​ពីក្រុមហ៊ុននេះ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុនអាកាសចរណ៍​នេះ បានសង្កត់ធ្ងន់ថា ក្រុមហ៊ុន​នឹង​បន្ត​ពង្រឹង​រចនាសម្ព័ន្ធ​ផ្ទៃក្នុងរបស់ខ្លួន​ដើម្បីកែលំអ​ប្រាក់ចំណូលឡើងវិញ។ 

ក្រុមហ៊ុន​អាកាសចរណ៍​ហុងកុង នាពេល​ថ្មីៗនេះ ក៏ទើបតែ​ប្រកាស​ផ្អាក​ជើងហោះហើរ​ទៅកាន់​ទិសដៅ​មួយចំនួន​ដូចជា​ Vancouver, ទីក្រុង​ហូជីមិញ និងថៃជៀន។ នៅសប្ដាហ៍នេះ ក្រុមហ៊ុន HNA Group ដែលជាក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន​អាកាសចរណ៍នេះ ក៏បាន​និយាយដែរថា ខ្លួន​បាន​ទទួលប្រាក់កម្ចី​៤ពាន់លាន​យ័ន ប៉ុន្ដែ​គេមិនទាន់ច្បាស់ថា តើ​ប្រាក់នោះ នឹង​ត្រូវប្រើប្រាស់​ដោយ​របៀបណា​នោះទេ។

បញ្ហា​ផ្ទុះការតវ៉ា និងបាតុកម្មជាហូរហែ នាប៉ុន្មានខែ មកនេះ គឺជា​បញ្ហាចម្បងមួយ​ធ្វើឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ហុងកុង ជួបវិបត្តិ។ តួយ៉ាង ក្នុងខែតុលាកន្លងទៅនេះ ជនជាតិចិនដីគោក​ដែលធ្វើដំណើរ​ទៅហុងកុង​បាន​ធ្លាក់ចុះ ដល់ទៅ ៤៦% ខណៈដែលទេសចរ​សរុប​ដែលបាន​ធ្វើដំណើរទៅហុងកុង​បាន​ធ្លាក់ចុះ ដល់ទៅ ៤៤% ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម សម្រេចបានអតិរេកពាណិជ្ជកម្មជាង ៩ពាន់លានដុល្លារ ក្នុងរយៈពេល ១១ខែ

ព័ត៌មាន
គិតចាប់ពីខែមករា ដល់ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ ប្រទេសវៀតណាម សម្រេចបាននូវ អតិរេកពាណិជ្ជកម្មជាង ៩ពាន់លានដុល្លារអាមេរិក ដោយសារតែ វិនិយោគ…

ថៃ បានអនុម័តផែនការ២០ឆ្នាំ ដើម្បីកាត់បន្ថយការដាំដុះកៅស៊ូឲ្យបាន២១% នៅទូទាំប្រទេស ក្រោយពីទីផ្សារកៅស៊ូបន្ដដាំក្បាលចុះ

ព័ត៌មាន
គណៈរដ្ឋមន្ត្រីថៃ កាលពីពេលថ្មីៗនេះ បានសម្រេចអនុម័តផែនការរយៈពេល ២០ឆ្នាំ ដើម្បីកាត់បន្ថយការដាំដុះដំណាំកៅស៊ូឲ្យបាន២១% នៅទូទាំប្រទេស ដើម្បីជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ